ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រុកខ្មែរ ! សំណង់​អគារ​ខ្ពស់​ចាប់ពី​5​ជាន់ឡើង​ទៅ​កើន​ដល់​ជាង​1​ពាន់​អគារ

5 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សំណង់​អគារ​ខ្ពស់​ៗ​ចាប់ពី​៥​ជាន់ឡើង​ទៅ​បាន​កើនឡើង​ដល់​ជាង​១​ពាន់​អគារ​ហើយ គិត​ត្រឹម​រយៈពេល​៦​ខែ​ដើមឆ្នាំ នេះដែល​ធ្វើ​ឲ្យ​អ្នកជំនាញ​អចលនទ្រព្យ​មើលឃើញ​ថា វិស័យ​មួយ​នេះ​កំពុង​រីក​ចម្រើន និង​ផ្តល់​ទំនុកចិត្ត​ដល់​វិនិយោគិន​ទាំង​ក្នុង និង​ក្រៅ​ស្រុក​កាន់តែ​ខ្លាំង ព្រមទាំង​ផ្តល់​ផលប្រយោជន៍​ដល់​កម្មករ និង​អ្នកបច្ចេកទេស​របស់​កម្ពុជា​ជា​ច្រើន…

រាជធានី​ភ្នំពេញ ៖ សំណង់​អគារ​ខ្ពស់​ៗ​ចាប់ពី​៥​ជាន់ឡើង​ទៅ​បាន​កើនឡើង​ដល់​ជាង​១​ពាន់​អគារ​ហើយ គិត​ត្រឹម​រយៈពេល​៦​ខែ​ដើមឆ្នាំ នេះដែល​ធ្វើ​ឲ្យ​អ្នកជំនាញ​អចលនទ្រព្យ​មើលឃើញ​ថា វិស័យ​មួយ​នេះ​កំពុង​រីក​ចម្រើន និង​ផ្តល់​ទំនុកចិត្ត​ដល់​វិនិយោគិន​ទាំង​ក្នុង និង​ក្រៅ​ស្រុក​កាន់តែ​ខ្លាំង ព្រមទាំង​ផ្តល់​ផលប្រយោជន៍​ដល់​កម្មករ និង​អ្នកបច្ចេកទេស​របស់​កម្ពុជា​ជា​ច្រើន ។

តាម​របាយការណ៍​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បង្ហាញ​ថា គិត​ត្រឹម​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០១៨​នេះ សំណង់​អគារ​ខ្ពស់​ៗ​ចាប់ពី​៥​ជាន់ឡើង បាន​កើន​ដល់​ចំនួន​១.០៥៨​អគារ បើ​ធៀប​នឹង​ដំណាច់ឆ្នាំ​២០១៧ សំណង់​អគារ​ខ្ពស់​មាន​ប្រមាណ​៩៩៦​អគារ កើនឡើង​ជាង​៦% ឬ​ស្មើ​ប្រមាណ​៦២​អគារ ។

លោក វ៉ា វី​រៈ នាយក​ក្រុមហ៊ុន Century 21 មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​១០ សីហា ថា អគារ​ខ្ពស់​ៗ​ច្រើន​នៅ​ក្នុង​ទីក្រុង​ដូច​ជា បាងកក​, សិង្ហ​បុរី​, ម៉ា​ឡេ​ស៊ី ក៏​ដូច​ជា​ប្រទេស​ផ្សេង​ទៀត គេ​បាន​ដើរទៅ​មុន​កម្ពុជា​អស់ហើយ ទើប​ឈាន​មក​ដល់​កម្ពុជា ។ អីចឹង នៅ​កម្ពុជា ជា​ពិសេស នៅ​ក្រុងភ្នំពេញ​មាន​អគារ​ខ្ពស់​ៗ​ច្រើន គឺ​បាន​បង្ហាញ​ប្រាប់​ទៅ​មនុស្ស​ទូទៅ​ថា ប្រទេស​នេះ​កំពុង​អភិវឌ្ឍន៍​ខ្លាំង ព្រមទាំង​បាន​បង្ហាញ​ពី​ទំនុកចិត្ត​អ្នក​វិនិយោគ ក៏​ដូច​ជា​ពី​អ្នកទិញ​ផង​ដែរ ព្រោះ​តាម​ធម្មតា មាន​អ្នកទិញ​និង​ជួល ទើប​មាន​អ្នក​វិនិយោគ ។

លោក​បន្ត​ថា ៖« ពេល​មាន​ទំនុកចិត្ត គឺ​បង្ហាញ​ពី​កំណើន​ផ្នែក​សេដ្ឋកិច្ច​, មនុស្ស​មាន​សមត្ថភាព​ច្រើន​ក្នុង​ការ​ទិញ​-​ជួល​អគារ និង​មានការ​វិនិយោគ​ពី​ខាងក្រៅ​ច្រើន ។ លើស​ពី​នេះ គឺ​បង្ហាញ​ពី​និន្នាការ​ផ្លាស់​ប្តូរ​របៀប​រស់នៅ​របស់​យុវវ័យ​ជំនាន់​ថ្មី​, ការ​ហូរ​ចូល​ទាំង​ជនបរទេស ក៏​ដូច​វិនិយោគិន​បរទេស​មក​កាន់​ប្រទេស​កម្ពុជា​» ។

ស្រ​ដៀង​គ្នា​នេះ​ដែរ លោក សន សៀ​ប នាយក​ក្រុមហ៊ុន Key Real Estate គិត​ថា វិស័យ​អចលនទ្រព្យ​រីក​ចម្រើន គឺ​បាន​ចូលរួម​បង្ហាញ​មុខមាត់​ទីក្រុង និង​ប្រទេស​ជាតិ​ថា សេដ្ឋកិច្ច​រីក​ចម្រើន​ច្រើន ជា​ពិសេស វិនិយោគិន​បរទេស​កាន់តែ​ទុកចិត្ត​ខ្លាំង​ថែម​ទៀត នៅ​ពេល​ឃើញ​វិស័យ​អចលនទ្រព្យ​រីក​ចម្រើន ។

លោក​បន្ត​ថា ៖« ប្រទេស​ខ្លះ សេដ្ឋកិច្ច​មាន​លំនឹង តែ​វិស័យ​អចលនទ្រព្យ​មិន​កើនឡើង​ខ្លាំង​ទេ ប៉ុន្តែ​ប្រទេស​កម្ពុជា​យើង មិន​ត្រឹមតែ​មាន​សេដ្ឋកិច្ច​រឹង​មាំ​ទេ វិស័យ​អចលនទ្រព្យ​នៅ​តាម​តំបន់​ផ្សេង​ៗ​បាន​កើនឡើង​ច្រើន ជា​ពិសេស នៅ​ក្នុង​ទីក្រុង​ធំ​ៗ​ដូច​ជា ក្រុងភ្នំពេញ កំពង់សោម និង​សៀមរាប ជាដើម » ។

មន្ត្រីជាន់ខ្ពស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ឡៅ ទិព្វ​សីហា បញ្ជាក់​ថា ៖« កំណើន​អគារ​ខ្ពស់​ៗ​នេះ​បាន​ផ្តល់​ការងារ​ដល់​កម្មករ​យើង​យ៉ាងច្រើន​, ផ្តល់​ចំណេះដឹង និង​ជំនាញ​ក្នុង​វិស័យ​សំណង់​, ផ្តល់​ប្រាក់​ចំណូល​ដល់​អ្នកបច្ចេកទេស កម្មករ​ជំនាញ និង​ផ្តល់​នូវ​បទ​ពិសោធន៍​ថែម​ទៀត​ក្នុង​វិស័យ​សំណង់​ពាក់ព័ន្ធ​នឹង​អគារ​ខ្ពស់​ៗ​នៅ​កម្ពុជា » ។

លោក​បញ្ជាក់​ថា ៖« កំណើន​សំណង់​អគារ​ខ្ពស់​ៗ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​យើង គឺ​ដោយសារ​តែ​ពួក​គេ​មាន​ទំនុកចិត្ត​ខ្ពស់​មក​លើ​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ ។ កម្ពុជា​មាន​សុខ​សន្តិភាព​ពេញលេញ​, មានការ​អភិវឌ្ឍ​ទៅ​មុខ​, មាន​ស្ថិរភាព​នយោបាយ​ល្អ​, ម៉ាក្រូសេដ្ឋកិច្ច​រក្សា​បាន​ល្អ​, កំណើនសេដ្ឋកិច្ច​ក្នុង​រង្វង់​៧%, ច្បាប់​វិនិយោគ​, ច្បាប់​នៃ​ការ​សាងសង់ ជាមួយ​បទដ្ឋាន​គតិយុត្តិ​នៅ​កម្ពុជា មាន​ភាព​អនុគ្រោះ​ដល់​ការ​សាងសង់​អគារ​ខ្ពស់​ៗ ជា​ពិសេស ច្បាប់​ស្តី​ពី​ការ​ផ្តល់​សិទ្ធិ​លើ​ចំណែក​ឯកជន​លើ​អគារ​សហកម្មសិទ្ធិ​សម្រាប់​ជនបរទេស​។ ទាំង​អស់នេះ​ហើយ​បាន​ធ្វើ​ឱ្យ​វិស័យ​សំណង់​អគារ​ខ្ពស់​ៗ​រីក​ដុះដាល​ឡើង » ។

លោក​បន្ថែម​ថា ៖« ការ​រីក​ដុះដាល​នៃ​អគារ​ខ្ពស់​ៗ ក៏​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ភាព​រីក​ចម្រើន ការ​កែប្រែ​មុខមាត់​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​កម្ពុជា​ក្លាយជា​ប្រទេស​មួយ​មានការ​អភិវឌ្ឍ​ដូច​ប្រទេស​នានា ។ លើស​ពី​នេះ គឺ​កែ​លម្អ​រាជធានី​ភ្នំពេញ​ឱ្យ​មាន​សោភ័ណ​ភាព​កាន់តែ​ខ្លាំង​ឡើង ដោយសារ​កម្លាំង​ទិញ ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​របស់​កម្ពុជា ហើយ​អគារ​ខ្ពស់​ទាំង​អស់នេះ​បាន​ផ្តល់​ជា​កន្លែង​ស្នាក់​នៅ -​កន្លែងធ្វើការ​ច្រើន និង​បង្ហាញ​ឱ្យ​ឃើញ​ការ​លូតលាស់​ផ្នែក​នគរូបនីយកម្ម​ផង​ដែរ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ