ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលទៅ​មើល ទាំង​៣​ករណី​ឱ្យ​សុទ្ធតែ​ចិន

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ក្រុងព្រះសីហនុ​កាលពី​យប់​ថ្ងៃ​ទី​១០ សីហា បាន​ធ្វើការ​ឃាត់ខ្លួន​ជនជាតិ​ចិន​៣​នាក់​ពាក់ព័ន្ធ​ករណី​បើកបរ​បង្ក​គ្រោះ​ចរាចរ​បណ្តាល​ឲ្យ​ស្លាប់ និង​រង​របួស​អ្នក​ដទៃ ដែល​បាន​កើតឡើង​ចំនួន​៣​ករណី ។​ ​ ករណី​ទី​១-​កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ជំនាញ​នគរបាល​ចរាចរណ៍​ផ្លូវគោក​បាន​ឃាត់ខ្លួន…

ខេត្ត​ព្រះ​សីហ​នុ ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ក្រុងព្រះសីហនុ​កាលពី​យប់​ថ្ងៃ​ទី​១០ សីហា បាន​ធ្វើការ​ឃាត់ខ្លួន​ជនជាតិ​ចិន​៣​នាក់​ពាក់ព័ន្ធ​ករណី​បើកបរ​បង្ក​គ្រោះ​ចរាចរ​បណ្តាល​ឲ្យ​ស្លាប់ និង​រង​របួស​អ្នក​ដទៃ ដែល​បាន​កើតឡើង​ចំនួន​៣​ករណី ។​

ករណី​ទី​១-​កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ជំនាញ​នគរបាល​ចរាចរណ៍​ផ្លូវគោក​បាន​ឃាត់ខ្លួន និង​បញ្ជូន​អ្នកបើកបរ​រថយន្ត ជនជាតិ​ចិន​ម្នាក់​ឈ្មោះ WANG HUAN ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ E89930490 មុខរបរ​បុគ្គលិក​កា​សីុ​ណូ ស្នាក់​នៅ​ភូមិ​១ សង្កាត់​២ ក្រុងព្រះសីហនុ ទៅ​កាន់​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ចាត់ចែង​តាម​នីតិវិធី​ច្បាប់ ។​

​ដោយសារ​ជនជាតិ​ចិន​រូប​នោះ​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០១៨ ត្រង់​ចំណុច​កាស៊ីណូ ហ្គោ​ល​ឌែ​ន ស្ថិត​នៅ​ក្នុងភូមិ​៤ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ដោយ​បើករថយន្ត​ថយក្រោយ​បុក​ទ្វារ​កញ្ចក់ និង​បុក​អ្នក​ថ្មើរជើង​ឈ្មោះ ហ៊ុន សុផល ភេទ​ប្រុស អាយុ​៥១​ឆ្នាំ បណ្ដាល​ឲ្យ​រង​របួស​ជើង​ធ្ងន់ធ្ងរ ។​

​ករណី​ទី​២-​កាល​វេលា​ម៉ោង​៧​និង​១០​នាទី​យប់​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០១៨ នៅ​លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​១៤៨-១៤៩ ស្ថិត​នៅ​ក្នុងភូមិ​គី​រី​វ័ន ឃុំ​ស្ទឹង​ឆាយ ស្រុក​កំពង់​សិលា ខេត្ត​ព្រះ​សីហ​នុ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង បង្ក​ដោយ​រថយន្ត​១​គ្រឿង​ម៉ាក​HIGHLANDER ពណ៌​ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2P-2033 បើកបរ​ដោយ​ឈ្មោះ FANG GUANG FENG ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជា​ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ EC3926985 មុខរបរ​លក់ដូរ ស្នាក់​នៅ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​

​ជន​បង្ក​បាន​បើកបរ​ក្នុង​ទិស​ដៅ​ពី​ភ្នំពេញ ឆ្ពោះទៅ​ក្រុងព្រះសីហនុ លុះដល់​ចំណុច​ខាងលើ​ក៏​បាន​បុក​នឹង​ម៉ូតូ​១​គ្រឿង​ម៉ាក HONDA C125 ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ តាកែវ 1F-1868 បណ្តាល​ឲ្យ​ស្លាប់​ជន​រង​គ្រោះ​ឈ្មោះ ទិ​ត សុ​ជា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​លក់​តា​ប៉ែ មាន​ទីលំនៅ​ភូមិ​ត្រពាំង ឃុំ​ស្រែអំបិល ស្រុកស្រែ​អំបិល ខេត្តកោះកុង ។​

​ភ្លាម​នោះ​អ្នកបើកបរ​ម៉ូតូ​បាន​ខ្ទាត​ទៅ​លើ​ផ្លូវ ហើយ​ក៏​មាន​រថយន្ត​១​គ្រឿង​ទៀត​ម៉ាក TOYOTA  ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2AB-3073  អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ បើក​មក​ពីក្រោយ​បាន​កិន​ពីលើ​អ្នក​ជិះ​ម៉ូតូ​បណ្តាល​ឲ្យ​ស្លាប់​តែ​ម្តង ។ រីឯ​អ្នកបើកបរ​រថយន្ត TOYOTA រត់គេច​ខ្លួន​បាត់​ស្រមោល ក្រោយ​ពេល​កើតហេតុ ។​

​ចំណែក​រថយន្ត​ម៉ាក HIGHLANDER រត់គេច រហូត​ដល់​ចំណុច​មុខរោ​ចក្រ​តំបន់​សេដ្ឋកិច្ច​ពិសេស ស្ថិត​នៅ​ក្នុងភូមិ​បិត​ត្រាង ឃុំ​បិត​ត្រាង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​បិត​ត្រាង ស្ទាក់​ចាប់​បាន​ទាំង​រថយន្ត និង​អ្នកបើកបរ ។​

​អ្នកបើកបរ​រថយន្ត​ឈ្មោះ FANG GUANG FENG ត្រូវ​បាន​កម្លាំង​សមត្ថ​ច្ច​ជំនាញ​នាំ​ខ្លួន​ទៅ​កាន់​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​តាម​នីតិវិធី ។​

​ករណី​ទី​៣-​កាលពី​វេលា​ម៉ោង​១​និង​១០​រំលង​អធ្រាត្រ​ឈាន​ចូល ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០១៨ នៅ​លើ​ផ្លូវ​ឯករាជ្យ ត្រង់​ចំណុច​ស្តុ​ប​៣៣៣ ស្ថិត​ក្នុងភូមិ​៤ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​បង្ក ដោយ​រថយន្ត​១​គ្រឿង​ម៉ាក LEXUS RX-300 ពណ៌​ស ពាក់​ផ្លា​ក​លេខ ព្រះ​សីហ​នុ 2B-3687 បើកបរ​ដោយ​ឈ្មោះ CHENG GIMAN ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ E00498881 (​គ្មាន​ប័ណ្ណបើកបរ និង មិន​សហការ​ជាមួយ​សមត្ថកិច្ច ក្នុង​ការ​ពិនិត្យ​ជាតិ​អាកុល ) មុខរបរ​លក់ដូរ ស្នាក់​នៅ​ភូមិ​២ សង្កាត់​លេខ​២ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ មាន​ទិស​ដៅ​ពី​លិច​ឆ្កោះ​ទៅ​កើត ។​

​លុះ​មក​ដល់​ចំណុច​កើតហេតុ បាន​បុក​ពីក្រោយ​រថយន្ត​១​គ្រឿង​ម៉ាក PORSCHE ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2AK-3336 អ្នកបើកបរ​ដោយ​ឈ្មោះ PERERA WPATABENDEGE S.N ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ស្រី​លង្កា សញ្ជាតិ​ស្រី​លង្កា កាន់​លិខិតឆ្លងដែន​លេខ N6652131 មុខរបរ​អគ្គនាយក​ក្រុមហ៊ុន ស្នាក់​នៅ​ភូមិ​១ សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ដែល​បើកបរ​មាន​ទិស​ដៅ​ស្របគ្នា ។​

​ករណី​គ្រោះថ្នាក់​នេះ​មិន​បណ្តាល​ឲ្យ​មាន​មនុស្ស​រង​របួស​ទេ គ្រាន់តែ​ខូចខាត​រថយន្ត​ទាំង​២​គ្រឿងក្នុង​កម្រិត​ធ្ងន់ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ដើម្បី​ធ្វើការ​ដោះស្រាយ ដោយសារ​អ្នកបើកបរ​បង្កហេតុ​ជា​ជនជាតិ​ចិន​ដូច​មានឈ្មោះ​ខាងលើ មិន​ព្រម​សារភាព និង បាន​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​គេ​មិនមែន​ជា​អ្នកបើកបរ​ទេ អ្នកបើកបរ​គឺជា​នារី​ខ្មែរ​ម្នាក់ ដែល​រូបគេ​ស្គាល់​នៅ​ហាង​ផឹក​សី​ុ (​មិន​ស្គាល់ឈ្មោះ​) ជា​អ្នក​ជូន​រូបគេ​ទៅ​រក​កន្លែង​ស្នាក់ ។

​ក្រោយ​ពី​បាន​ធ្វើការ​ស្រាវជ្រាវ និង​មាន​សាក្សី​បញ្ជាក់ កម្លាំង​ជំនាញ​បាន​សន្និដ្ឋាន​ថា អ្នកបើកបរ​រថយន្ត​ម៉ាក LEXUS RX-300 បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ជា​ជនជាតិ​ចិន​ឈ្មោះ CHENG GIMAN នេះ​ពិតប្រាកដ​មែន ដូច្នោះ​កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន និង​កំពុង​រៀបចំ​សំណុំរឿង ប​ញ្ចូ​ន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ចាត់ការ​តាម​នីតិវិធី ។​

​អ្នក​តាមដាន​សភាពការណ៍​បាន​ពិនិត្យ​ឃើញ​ថា ជនជាតិ​ចិន​មួយ​ចំនួន​រស់នៅ​លើ​ទឹកដី​ក្រុងព្រះសីហនុ​រាល់ថ្ងៃ​កំពុង​បង្កើត​ហានិភ័យ​បញ្ហា​គ្រោះ​ចរាចរណ៍​ច្រើន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ