រាជធានីភ្នំពេញ ៖ រថយន្តម៉ាកមែរសឺដេស ពណ៌ខ្មៅ មួយគ្រឿង ដែលគេអះអាងថា ម្ចាស់ស្រវឹងបានបើកបោះពួយបុកក្បាលរបាំងថ្មពេញទំហឹង ហើយក្រឡាប់ផ្ងារកង់ ពោះទ្រមេឃកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី៣ មីនា លើមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក បណ្តាលឱ្យក្បាលរបាំងថ្ម២កំណាត់បានបាក់របេះចេញពីជួរ…ចំណែកម្ចាស់រថយន្តមិនមានរងរបួសអ្វីធ្ងន់ធ្ងរទេ ។
រថយន្តបង្កគ្រោះថ្នាក់នេះត្រូវសមត្ថកិច្ចឱ្យដឹងថា ម៉ាកមែរសឺដេស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2E-3168 ហើយពុំត្រូវគេស្គាល់អ្នកបើកបរឡើយ ពេលរថយន្តក្រឡាប់បានបើកទ្វារចុះពីលើរថយន្តគេចខ្លួនបាត់ ។ តាមសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាកមែរសឺដេសខាងលើបានធ្វើដំណើរតាមមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត ។
ពេលធ្វើដំណើរហួសវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) បានបន្តិច រថយន្តក៏ជ្រុលចង្កូតទៅបុកក្បាលរបាំងថ្ម ពេញទំហឹង បណ្តាលឱ្យក្រឡាប់ទៅខាងស្តាំ ដេកផ្ងារកង់ឡើងលើ ពោះទ្រមេឃ។ ភ្លាមៗនោះអ្នកបើកបរបានលូនចេញពីក្នុងរថយន្តរួចហើយគេចខ្លួនបាត់ ដោយពុំមានរងរបួសអ្វីធ្ងន់ធ្ងរឡើយ ។ រថយន្តត្រូវបានសមត្ថកិច្ចចុះទៅស្ទូចបញ្ជូនទៅកាន់សាលារាជធានីភ្នំពេញដោះស្រាយតាមច្បាប់ ៕
ចែករំលែកព័តមាននេះ