កសិករ​ដាំដំឡូង​ជ្វា​ត្អូញត្អែ​ឆ្នាំ​នេះ​ដំឡូង​បាន​ធ្លាក់​ចុះថោក


ខេត្តកំពង់ឆ្នាំង ៖ ប្រជា​កសិករ​រស់នៅ​ភូមិ​ឬ​ស្សី​ដួច ឃុំ​បន្ទាយ​ព្រាល ស្រុក​រលាប្អៀរ​ភាគច្រើន​ដែល​ប្រកប​មុខរបរ​ដាំ​ដំណាំ បន្ទាប់​ពី​ការងារ​ស្រែ​ចម្ការ បាន​ត្អូញត្អែ​ពី​ដំឡូង​ឆ្នាំ​ជ្វា​ឆ្នាំ​នេះ​បាន​ធ្លាក់​ចុះថោក​យ៉ាង​ខ្លាំង ធ្វើ ឲ្យ​ពួក​គាត់​មានការ​ព្រួយបារម្ភ​ក្នុង​មុខរបរ​ចិញ្ចឹមជីវិត ហេតុនេះ​ហើយ​ពួក​គាត់​សំណូមពរ​ដល់​ក្រសួង​ពាក់ព័ន្ធ និង​ប្រមុខ​រាជរដ្ឋាភិបាល​សូម​មេត្តា​ជួយ​រក​ទីផ្សារ​ឱ្យ​ពួក​គាត់​ផង ។

លោក ថន ម៉ា​និ​ត ជា​កសិករ​រស់នៅ​ភូមិ​ឃុំ​ខាងលើ​បាន​និយាយ​ឲ្យ​ដឹង​ថា គាត់​បាន​ប្រកប​មុខរបរ ដាំដំឡូង​ជ្វា​នេះ​ជាង​១០​ឆ្នាំ​មក​ហើយ ដោយ​បាន​ពង្រីក​លើ​មុខរបរ​ដាំដំឡូង​នេះ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ធំ​ឡើង​ម្តង​បន្តិច​ៗ ។ ពី​ដំបូង​ឡើង​គាត់​ដាំ​ដោយ​ដៃ​ប្រើ​ចប តែ​បច្ចុប្បន្ន​គាត់​ឈាន​ដល់​ប្រើគោ​យន្ត​ជំនួស​វិញ ។

ចំពោះ​ពូជ​ដំឡូងជ្វា​មាន​ច្រើន​ប្រភេទ​មាន​ដូច​ជា ក្រញាំ​មាន់ ពូជ​ពោធិសាត់ បាត់ដំបង និង​ពូជ​ចាម​ជាដើម តែ​ពូជ​ដែល​គាត់​ជ្រើសរើស​មក​ដាំ គឺ​ពូជ​ក្រញាំ​មាន់ វា​ស្រាល (​រយៈពេល​ខ្លី​តែ​២​ខែ​កន្លះ​ប្រមូល​ផល​) ហើយ​បាន​ផល​ខ្ពស់​ជាង​ពូជ​ដទៃ​ទៀត ។ លោក​បាន​បញ្ជាក់​ថា ឆ្នាំ​នេះ​មិន​ដូច​ឆ្នាំ​ណា​ៗ​ទាំងអស់ គឺ​ដំឡូងជ្វា​បាន​ធ្លាក់​ថ្លៃ​យ៉ាង​ខ្លាំង​១​តោន ថ្លៃ​ត្រឹមតែ​៨០​ម៉ឺន​រៀល​ស្មើនឹង​១​គីឡូក្រាម​៨០០​រៀល តែ​ប៉ុណ្ណោះ ។ គាត់​មិនដឹង​ពី​មូលហេតុ​នៃ​តម្លៃ​ធ្លាក់​ចុះ​នេះ​ទេ ដោយ​ឈ្មួញ​ដែល​បាន​មក​ទិញ​គ្រាន់ ប្រាប់​ថា ទីផ្សារ​ធ្លាក់​ចុះ ។ លោក​បាន​បន្ត​ថា លើក​មុន​ដំឡូងជ្វា​១​គីឡូក្រាម​ថ្លៃ​១២០០​រៀល​ទៅ​១៥០០​រៀល ប៉ុន្តែ​ឆ្នាំ​នេះ​គាត់​លក់​បាន​ត្រឹមតែ ៨០០​រៀល​តែ​ប៉ុណ្ណោះ ។

ជាក់ស្តែង​កាលពី​៣​ថ្ងៃមុន​គាត់​គាស់​ដំឡូង​លក់​បាន​ទម្ងន់​ជាង​២​តោន​លក់​បាន​តែ​១​លាន​៦០​ម៉ឺន​រៀល តែ​ប៉ុណ្ណោះ​ធ្វើ​ឱ្យ​គាត់​ខាតបង់​ថវិកា​ជា​ច្រើន ។ គាត់​បាន​បញ្ជាក់​មុន​ពេល​គាស់​ដំឡូង​លក់​គាត់​បាន​ទិញ​ដៃ​ដំឡូង (​ពូជ​) មក​ក្នុង​គោលបំណង​គាស់​ហើយ​ដាំ​ថ្មី​បន្ត ប៉ុន្តែ​ពេល​គាស់​លក់​បាន​ថោក​បែប​នេះ​គាត់​មានការ​ខកចិត្ត មិន​ចង់​ដាំ​ទៀត​ឡើយ ។

ចំណែក​បងស្រី​ឈ្មោះ ស្រី ឡាប ក៏​បាន​និយាយ​ដែរ​ថា គាត់​ត្រូវ​ចំណាយ​ថ្លៃ​ប្រេង ថ្លៃ​ជី ថ្លៃ​ស្រោច​ទឹក និង​ពលកម្ម​ជាដើម គឺ​មិន​រួច​ថ្លៃ​ចំណាយ​ឡើយ ហេតុនេះ​ហើយ​គាត់​សូម​អំពាវនាវ​ដល់​មន្ទីរ​ពាក់ព័ន្ធ ឬ​ក្រសួង​ក៏​ដូច​ជា រាជរដ្ឋាភិបាល​សូម​មេត្តា​ជួយ​រក​ទីផ្សារ​ឲ្យ​ពួក​គាត់​បាន​ថ្លៃ​ជាង​នេះផង ។

សូម​បញ្ជាក់​ដែរ​ថា កសិករ​រស់នៅ​ភូមិ​ឬ​ស្សី​ដួច​ឃុំ​បន្ទាយ​ព្រាល ក្រៅពី​ការងារ​ធ្វើស្រែ​ផ្ទះ​ណា​ក៏​ដូច​ផ្ទះ​ណា គឺ​ដាំ​ដំណាំ​ចម្ការ ក្នុង​នោះ​មានការ ដាំ​សណ្ដែកដី ចេក ដំឡូង សណ្ដែកកួរ ល្ហុង ត្រសក់ និង​មាន​ខ្លះ​ចិញ្ចឹម​ត្រី​ជាដើម ដែល​ធ្វើ​ឲ្យ​ពួក​គាត់​មាន​ជីវភាព​សមរម្យ​គ្រប់​ៗ​គ្នា ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កសិកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ