ដឹង​ទេ តារា​ភាព​យន្ត​ល្បីឈ្មោះ​​អ្នកស្រី​សោម វណ្ណ​សូ​ដា​នី មាន​ប្រវត្តិ​បែប​ណា


អ្នកស្រី​សោម វណ្ណ​សូ​ដា​នី ជា​តារាភាពយន្ត​ល្បីឈ្មោះ​ក្នុង​ប្រទេស​កម្ពុជា កាលពី​អំឡុង​ទសវត្សរ៍​ទី​៦០ និង​ដើម​ទសវត្សរ៍​ទី​៧០ ។ អ្នកស្រី​សូ​ដា​នី មាន​រូប​សម្រស់​ស្រស់​សោភា ចរិត​ទន់ភ្លន់ សុភាព​រាបសា ស្រគត់ស្រគំ និង​ពោរពេញ​ទៅ​ដោយ​ទេព​កោសល្យ​សម្ដែង​ល្អ ។

អ្នកស្រី​សោម វណ្ណ​សូ​ដា​នី មានឈ្មោះ​ដើម​សោម វណ្ណ​ស៊ុ​ក ប្រភព​កំណើត​ភូមិ​ក្នុង​វាំង ឃុំ​វាំង​ចាស់ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ។ ឪពុក​ឈ្មោះ​សោម ផ​ន ជា​ទាហាន​ហ្លួង ម្តាយ​ឈ្មោះ​ព្រាប មុត ជា​មេផ្ទះ ។ ម្ដាយ​អ្នកស្រី​សោម វណ្ណ​សូ​ដា​នី ជា​បងប្អូន​ជីដូនមួយ​នឹង​អ្នក​អង្គ​ម្ចាស់​ស៊ី​សុវត្ថិ ម៉ុង​តា​ណា ។

អ្នកស្រី​សោម វណ្ណ​សូ​ដា​នី ជា​កូន​ទី​២​ក្នុង​ចំណោម​បងប្អូន​៤​នាក់​គឺ​៖ ១-​សោម ស៊ី​ថា​ន់
២-​សោម វណ្ណ​ស៊ុ​ក (​សោម វណ្ណ​សូ​ដា​នី​) ៣-​សោម វណ្ណ​ធិ​ន ៤-​សោម វណ្ណ​សាយ។ ក្នុង​​ចំណោម​បងប្អូន​បង្កើត​ទាំង​៤​នាក់​របស់​អ្នកស្រី​សោម វណ្ណ​សូ​ដា​នី សព្វ​ថ្ងៃនេះ​នៅ​រស់​តែ​ម្នាក់​គត់ គឺ​លោក​សោម វណ្ណ​សាយ ជា​ប្អូនប្រុស​ពៅ​រស់នៅ​ប្រទេស​កា​ណា​ដា ។ មុន​ចូល​ប្រឡូក​វិស័យ​សិល្បៈ​ភាពយន្ត អ្នកស្រី​សូ​ដា​នី​ធ្លាប់​ធ្វើ​ជា​គ្រូបង្រៀន ។

ប្រវត្តិ​ចាប់​អាជីព​ជា​តារាភាពយន្ត និង​ស្នាដៃ​អ្នកស្រី​សោម វណ្ណ​សូ​ដា​នី បាន​ចូល​ប្រឡូក​សិល្បៈ​ភាពយន្ត​នៅ​ពាក់កណ្ដាល​ទសវត្សរ៍​ទី​៦០ ហើយ​បាន​សម្ដែង​ស្ទើរ​គ្រប់​ផលិតកម្ម​ដូច​ជា ផលិតកម្ម​បក្សី​ឋានសួគ៌​ភាពយន្ដ របស់​លោក​អី​ុ វ៉ុ​ង​ហែម​,​ផលិតកម្ម​ឥន្ទ្រ​ទេវី​ភាពយ​ន្ត​របស់​លោក​ប៊ី​វ ឆៃ​លាង​, ផលិតកម្ម​ហេមពាន្ត​ភាពយន្ត របស់​លោក​លី យូ​ស្រ៊ា​ង​, ផលិតកម្ម​ប្រាសាទ​មាស​ភាពយន្ត របស់​លោក​សា​រ៉ា​វុ​ធ​, ផលិតកម្ម​កងចក្រ​ភាពយន្ត របស់​លោក​អ៊ួ​ង កន្ធ​ន់​, ផលិតកម្ម​ពិស្ណុការ​ភាពយន្ត របស់​លោក​វណ្ណ វណ្ណៈ​, ផលិតកម្ម​អប្សរា​ភាពយន្ត​របស់​លោក​លី សុង​ហេង ជាដើម ។

តួឯក​ប្រុស​ដែល​អ្នកស្រី​សោម វណ្ណ​សូ​ដា​នី ធ្លាប់​សម្ដែង​ជាមួយ​មាន​លោក​គង់ សំ​អឿ​ន និង​លោក​ជា យុទ្ធ​ថន ជាដើម ។

ចាប់តាំងពី​ចាប់ផ្តើម​អាជីព​រហូត​ដល់​បញ្ចប់​នៅ​ពេល​របប​ប្រល័យពូជសាសន៍ ចូល​មក​ដល់​អ្នកស្រី​សោម វណ្ណ​សូ​ដា​នី បាន​ចូលរួម​សម្តែង​ក្នុង​ខ្សែភាពយន្ត​ជា​ច្រើន​រឿង ។ ក្នុង​ចំណោម​ខ្សែភាពយន្ត​ទាំងនោះ ខ្សែភាពយន្ត​ដ៏​ល្បី​របស់​អ្នកស្រី​សោម វណ្ណ​សូ​ដា​នី មាន​ដូច​ជា​រឿង «​អា​ប៊ុល​កា​សេ​ម​» , រឿង​«​សុវណ្ណ​ហង្ស​», រឿង​«​អុ​ី​ណា​វ​បុស្បា​», និង​រឿង​«​ថាវ​រី​មាសបង​»​ជាដើម​។ ទស្សនិកជន​តែងតែ​កោតសរសើរ​ចំពោះ​ទេព​កោសល្យ​សម្តែង​ដ៏​ល្អ​របស់​អ្នកស្រី​សូ ដា​នី ។

អ្នកស្រី​សោម វណ្ណ​សូ​ដា​នី គឺជា​តារា​ស្រី​មាន​ប្រជាប្រិយភាព​មួយ​រូប ក្នុង​ចំណោម​តារា​ជា​ច្រើន​រូប​ទៀត ក្នុង​ជំនាន់​ជាមួយ​គ្នា​ដូច​ជា​អ្នកស្រី​គី​ម ណូ​វ៉ា​, អ្នកស្រី​ទិ​ត្យ វិ​ជ្ជ​រ៉ា​ដា​នី​ជាដើម ។

ភស្តុ​តាង​ទេព​កោសល្យ​របស់​អ្នកស្រី​សោម វណ្ណ​សូ​ដា​នី គេ​អាច​មើលឃើញ​តាម​រយៈ​ខ្សែភាពយន្ត​របស់​អ្នកស្រី​ដែល​បន្សល់​ទុក​រហូត​ដល់​បច្ចុប្បន្ន​ដូច​ជា​រឿង «​អា​ប៊ុល​កា​សេ​ម​», «​សុវណ្ណ​ហង្ស​» , និង​រឿង «​ថាវ​រី​មាសបង​» ជាដើម ។ គិត​ពី​ឆ្នាំ​១៩៦៣ ដល់​ឆ្នាំ​១៩៧៥ អ្នកស្រី​សោម វណ្ណ​សូ​ដា​នី សម្តែង​ភាពយន្ត​បាន​ប្រមាណ​៤៨​រឿង ។

ខ្សែភាពយន្ត​ដែល​អ្នកស្រី​សូ​ដា​នី​បាន​ចូលរួម​សម្ដែង​ទាំងនោះ​រួម​មាន ៖ ១-​រឿង​«​ចិត្ត​ម្ដាយ​» ឆ្នាំ​១៩៦៣ ។ ២-​រឿង​«​សូ​ផាត​» ឆ្នាំ​១៩៦៣ ។ ៣-​រឿង​«​ជាតិ​ស្ត្រី​» ឆ្នាំ​១៩៦៤ ។ ៤-​រឿង​«​ភព​ខ្មៅ​ងងឹត​» ឆ្នាំ​១៩៦៤ ។ ៥-​រឿង​«​កាលណា​ផ្កា​រីក​» ឆ្នាំ​១៩៦៥ ។ ៦-​រឿង​«​នឹក​ឃើញ​​ជា​និច្ច​» ឆ្នាំ​១៩៦៥ ។ ៧-​រឿង​«​កំហុស​អ្នក​ណា​» ១៩៦៥ ។ ៨-​រឿង​«​ម្ដាយ​ខ្ញុំ​» ១៩៦៥ ។ ៩-​រឿង​«​សុបិន​ធីតា​» ឆ្នាំ​១៩៦៥ ។ ១០-​រឿង​«​នាង​សក់​ក្រអូប​» ឆ្នាំ​១៩៦៦ ។ ១១-​រឿង​«​នាង​កែវ​ណា​ម៉ា​» ឆ្នាំ​១៩៦៧ ។ ១២-​រឿង​«​សុវណ្ណ​ហង្ស​» ឆ្នាំ​១៩៦៧ ។ ១៣-​រឿង​«​ជ័យ​សូរ​វង្ស​» ឆ្នាំ​១៩៦៧ ។ ១៤-​រឿង​«​ក្នុង​លោក​នេះ​បើ​គ្មាន​បង​»​ឆ្នាំ​១៩៦៧​។ ១៥-​រឿង​«​ព្រះ​ច័ន្ទ​គោរព​» ឆ្នាំ​១៩៦៧ ។

១៦-​រឿង​«​ស្នេហា​ស្រុកស្រែ​» ឆ្នាំ​១៩៦៧ ។ ១៧-​រឿង​«​អី​ុ​ណា​វ​បុស្បា​» ១៩៦៨ ។ ១៨-​រឿង​«​នាង​ពិម្ពា​សរជាតិ​»​ឆ្នាំ​១៩៦៨ ។ ១៩-​រឿង​«​អា​ប៊ុល​កា​សេ​ម​» ឆ្នាំ​១៩៦៩ ។ ២០-​រឿង​«​ច័ន្ទ​គ្រឿ​ហ្វា​» ឆ្នាំ​១៩៦៩ ។ ២១-​រឿង​«​ថាវ​រី​មាសបង​» ឆ្នាំ​១៩៦៩ ។ ២២-​រឿង​«​ភោគ​កុ​ល​កុមារ​» ឆ្នាំ​១៩៦៩ ។ ២៣-​រឿង​«​រតនា​វង្ស​» ឆ្នាំ​១៩៧០។ ២៤-​រឿង​«​ភិន​សុវណ្ណ​» ឆ្នាំ​១៩៧០ ។ ២៥-​រឿង​«​ព្រះ​មហោសថ​» ឆ្នាំ​១៩៧០ ។ ២៦-​រឿង​«​ផ្កា​អង្គា​បុស្ស​» ឆ្នាំ​១៩៧០។ ២៧-​រឿង​«​ព្រះកំចាយ​ទេព​» ឆ្នាំ​១៩៧១ ។ ២៨-​រឿង​«​អ្នក​កាត់សក់​ដៃឯក​»​ឆ្នាំ​១៩៧១​។ ២៩-​រឿង​«​នាង​ព្រាយ​កន្ទោងខៀវ​» ១៩៧១ ។ ៣០-​រឿង​«​សុរិយាល្ងាចថ្ងៃ​» ឆ្នាំ​១៩៧១ ។ ៣១-​រឿង​«​ដំរីចុះប្រេង​» ឆ្នាំ​១៩៧១ ។

៣២-​រឿង​«​លា​អូន​ទៅ​ច្បាំង​» ឆ្នាំ​១៩៧២​។ ៣៣-​រឿង​«​អណ្ដើក​ស៊ី​ត្រកួន​»​ឆ្នាំ​១៩៧២ ។ ៣៤-​រឿង​«​នាង​ផាត់ជាយ​» ឆ្នាំ​១៩៧២ ៣៥-​រឿង​«​បិសាច​ស្រមោល​ខ្មៅ​» ឆ្នាំ​១៩៧៣ ។ ៣៦-​រឿង​«​ជីវិត​ក្នុង​ភ្លើងសង្គ្រាម​» ឆ្នាំ​១៩៧៣ ។ ៣៧-​រឿង​«​ឆ្អែតចិត្ត​» ឆ្នាំ​១៩៧៣ ។ ៣៨-​រឿង​«​ខ្លែង​ស​ខ្លែង​ខ្មៅ​» ឆ្នាំ​១៩៧៣ ។ ៣៩-​រឿង​«​ចន្ទន៍​ក្រស្នា​» ឆ្នាំ​១៩៧៣ ។ ៤០-​រឿង​«​ផ្គរលាន់​ដើមឆ្នាំ​» ឆ្នាំ​១៩៧៣ ។ ៤១-​រឿង​«​សំនៀង​ស្នេហ៍​កម្ម​»​ឆ្នាំ​១៩៧៣ ។ ៤២-​រឿង​«​ស្នាម​ស្នេហ៍​ព្រៃ​គប់​» ឆ្នាំ ១៩៧៣ ។

៤៣-​រឿង​«​ស្នេហ៍​មកពីណា​» ឆ្នាំ​១៩៧៣ ។ ៤៤-​រឿង​«​ឆ្នាំ​អូន​១៦» ឆ្នាំ​១៩៧៤ ។ ៤៥-​រឿង​«​អង្គុលីមា​ល​» ឆ្នាំ​១៩៧៤ ។​ ៤៦-​រឿង​«​ឈាម​ឥន្ទ្រី​ខ្មៅ​» ឆ្នាំ​១៩៧៤ ។ ៤៧-​រឿង​«​ក្រមុំ​ចូល​ម្លប់​» ឆ្នាំ​១៩៧៤ ។ ៤៨-​រឿង​«​អ្នក​ប្រដាល់​១៣​ស្រុក​» ។

ស្នេហា​ ៖ តារាភាពយន្ត​លោក​ជា យុទ្ធ​ថន មាន​ភរិយា​ដំបូង​គឺ​អ្នកស្រី​វណ្ណ ភូមី ។ ក្រោយ​មក​​លោក​ជា យុទ្ធ​ថន បាន​ក្លាយជា​គូ​ស្វាមី​-​ភរិយា​នឹង​អ្នកស្រី​សោម វណ្ណ​សូ​ដា​នី ដែល​ជា​តារាភាពយន្ត​ដូច គ្នា ។ អ្នកស្រី​សោម វណ្ណ​សូ​ដា​នី ជានា​រី​មាន​ចរិត​សុភាព​រាបសា​សក្តិ​សម​នឹង​សម្រស់​ស្រស់​ស្រទន់​របស់​អ្នកស្រី ។  មុន​ពេល​ក្លាយជា​តារាភាពយន្ត​អ្នក​ស្រី​សោម វណ្ណ​សូ​ដា​នី ជា​គ្រូបង្រៀន​នៅ​ខេត្តកំពង់ស្ពឺ ដែល​ជា​ស្រុក​កំណើត​របស់​អ្នកស្រី ។

អ្នក​ស្នង​ត្រកូល ៖ គូ​ស្វាមី​-​ភរិយា​លោក​ជា យុទ្ធ​ថន និង​អ្នកស្រី​សោម វណ្ណ​សូ​ដា​នី នៅ​សល់​កូនប្រុស​ម្នាក់​នា​ពេល​បច្ចុប្បន្ន​គឺ​លោក​ថន ថា​រិ​ទ្ធ ហៅ​សៅ ភី​។ លោក​ថន ថា​រិ​ទ្ធ មាន​ប្រវត្តិ​ជីវិត​កម្សត់​ណាស់ តែ​លោក​បាន​កសាង​ជីវិត​ក្លាយជា​សាស្ត្រាចារ្យ​។ លើស​ពី​នេះ​ទៅ​ទៀត លោក​ថន ថា​រិ​ទ្ធ ជា​ស្លឹកឈើ​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់ គឺ​លោក​បាន​ក្លាយជា​តារា​សម្តែង​ភាពយន្ត​ម្នាក់​ដែរ ស្នង​មរតក​សិល្បៈ​ភាពយន្ត​ពី​ឪពុក​និង​ម្តាយ​របស់​លោក។

ស្នាដៃ​ភាពយន្ត​ដែល​លោក​ថន ថា​រិ​ទ្ធ បាន​សម្តែង​ជា​តួឯក គឺ​រឿង​«​ឈាម​អនាថា​» និង​រឿង​«​កែវភ្នែក​សំណព្វចិត្ត​» ។ ក្នុង​នាម​ជា​កូនកំព្រា លោក​ថន ថា​រិ​ទ្ធ បាន​ប្រមូល​ក្មេង​កំព្រា​ជា​ច្រើន​នាក់​មក​ចិញ្ចឹម និង​គ្រប់គ្រង ។

មរណភាព ៖ របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​របប​ខ្មែរក្រហម​រយៈពេល​៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃ​បាន​បំផ្លិចបំផ្លាញ​សង្គម​កម្ពុជា​ទាំងមូល ហើយ​សូ​ម្បី​តែ​សិល្បករ​ក៏​បង់ជីវិត​ក្នុង​របប​នោះ​ច្រើន​នាក់​ដែរ​។ ចំពោះ​តារាភាពយន្ត​លោក​ជា យុទ្ធ​ថន បាន​ស្លាប់​ក្នុង​របប​ខ្មែរក្រហម នា​ឆ្នាំ​១៩៧៦ នៅ​ខេត្តបាត់ដំបង ។ ចំណែក​ភរិយា​របស់​លោក​ជា យុទ្ធ​ថន គឺ​អ្នកស្រី​សោម វណ្ណ​សូ​ដា​នី បាន​ស្លាប់​ក្នុង​របប​ខ្មែរក្រហម​ដែរ ប៉ុន្តែ​នៅ​កន្លែង​ផ្សេង​គ្នា​ក្នុង​ខេត្តកំពត ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ