ការ​ផ្ដល់​ឥណទាន​ក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ​មាន​កំណើន​ល្អ


រាជធានី​ភ្នំពេញ ៖ ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៨​នេះ តម្រូវការ​ឥណទាន​ពី​ប្រភព​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ សម្រាប់​អភិវឌ្ឍន៍​គម្រោង ឬ​កែ​លម្អ​គេហដ្ឋាន ស្មើ​ប្រមាណ​ជាង​២០%​នៃ​ការ​ផ្ដល់​ឥណទាន​សរុប ។ នេះ​បើ​យោង​តាម​របាយការណ៍​បែងចែក​ឥណទាន​តាម​វិស័យ​របស់​ធនាគារជាតិ​នៃ​កម្ពុជា ។

របាយការណ៍​គូសបញ្ជាក់​ថា ៖« ក្នុង​ឆមាស​ទី​១​ឆ្នាំ​នេះ គ្រឹះស្ថាន​ធនាគារ​បាន​ផ្តល់​ឥណទាន​សម្រាប់​វិស័យ​សំណង់ និង​អចលនទ្រព្យ មាន​ប្រមាណ​១៦,៥% និង​នៅ​តាម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ មាន​ប្រមាណ​៤% ខណៈ​ឥណទាន​របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ បាន​កើន​ដល់​ប្រមាណ​៩០.៨៣៦​ប៊ី​លាន​រៀល ឬ​ប្រមាណ​ជាង​២២,៧​ប៊ី​លាន​ដុល្លារ (​ចាប់ពី​ឆ្នាំ​២០១១ ដល់​ខែមិថុនា ឆ្នាំ​២០១៨) » ។

លោក យុន សុ​វ​ណ្ណា នាយក​ប្រតិបត្តិ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា មាន​ប្រសាសន៍​ថា ៖« ការ​ផ្ដល់​ឥណទាន​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​សម្រាប់​វិស័យ​នេះ មាន​កំណើន​ជា​បន្តបន្ទាប់ ។ នៅ​ក្នុង​ឆ្នាំ​២០១៦ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​បាន​ផ្តល់​ឥណទាន ដែល​មាន​លក្ខណៈ​ជា​ពាណិជ្ជកម្ម​មាន​កំណើន​ប្រហែល​៣% គិត​ជា​ទំហំ​ទឹកប្រាក់​ប្រហែល​១០០​លាន​ដុល្លារ ហើយ​នៅ​ឆ្នាំ​២០១៧ បាន​កើន​ដល់​១៦៨​លាន​ដុល្លារ​នៃ​ទំហំ​ឥណទាន​សរុប » ។ ទាក់ទង​នឹង​កំណើន​នៃ​ការ​ផ្តល់​ឥណទាន​នៅ​ក្នុង​វិស័យ​សំណង់​និង​អចលនទ្រព្យ​នេះ ទីប្រឹក្សា​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន Emerging Markets Consulting យល់​ឃើញ​ថា វា​ជា​ការ​គួរ​ឱ្យ​ព្រួយបារម្ភ​មួយ ដែល​អាច​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ងាយ​រង​គ្រោះ​នៅ​ក្នុង​រយៈពេល​វែង ។

លោក ង៉ែត ជូ ទីប្រឹក្សា​រូប​នេះ​ថ្លែង​ថា ៖«​ជា​ទូទៅ កំណើន​ឥណទាន​នេះ វា​ជា​ការ​ព្រួយបារម្ភ​ធំ​មួយ បើ​យើង​មើលទៅ​កំណើនសេដ្ឋកិច្ច​មាន​តែ​៧% តែ​កំណើន​ឥណទាន​នេះ​វា​កើន​លឿន » ។ លោក​ថា ៖« កំណើន​នេះ​មិន​ចេះ​តែ​កើន​អីចឹង​រហូត​ទេ កើន​កាន់តែ​ខ្លាំង វា​រឹតតែ​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​កាន់តែ​ងាយ​រង​គ្រោះ » ។
លោក​បន្ត​ថា ៖« រាល់​ថ្ងៃនេះ អ្នក​ដែល​ធ្វើការ​នៅ​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​ច្រើន​ព្យាយាម​ឱ្យ​មាន​កំណើន ដើម្បី​បំពេញចិត្ត​ម្ចាស់​ភាគហ៊ុន​របស់​ពួក​គាត់ និង​គាត់​ទទួល​បាន​ផល​ចំណេញ​ពី​ការ​បែងចែក ប៉ុន្តែ​ជា​ស្ថិរភាព​សេដ្ឋកិច្ច​រយៈពេល​វែង ជា​ហានិភ័យ​ធំ » ។

លោក​បញ្ជាក់​ថា ៖« តាម​ខ្ញុំ​ដឹង ពេល​បច្ចុប្បន្ន កម្ចី​នៅ​ក្នុង​វិស័យ​សំណង់​និង​អចលនទ្រព្យ វា​ចូល​ជិត​៤​ពាន់​លាន​ដុល្លារ​ទៅ​ហើយ​ក្នុង​វិស័យ​មីក្រូ​ហិញ្ញ​វត្ថុ ហើយ​បើ​កំណើន​កើន​៥០​ឬ​៦០%​អីចឹង​រាល់​ឆ្នាំ សេដ្ឋកិច្ច​ឯណា​ទៅ​ឡើង​ទាន់ » ។ លោក​បន្ដ​ថា ៖« បើ​និយាយ​ជា​ទ្រឹស្តី មនុស្ស​មាឌធំ​ត្រូវការ​ខ្សែក្រវាត់​វែង ដើម្បី​គាត់​អាច​ពាក់​បាន តែ​ខ្សែក្រវាត់​វែង​មិន​អាច​ធ្វើ​ឱ្យ​មនុស្ស​មាឌធំ​បាន​ទេ ។ សេដ្ឋកិច្ច​ធំ ត្រូវការ​លុយ​ច្រើន​ដើម្បី​យក​ទៅ​ពង្រីក ប៉ុន្តែ​បើ​លុយ​ច្រើន​មិន​អាច​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ធំ​បាន​ទេ ។ អីចឹង វា​ជា​ការ​ព្រួយបារម្ភ » ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ