ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហគមន៍​ទេសចរណ៍​ភាគ​ឦសាន​មួយ​ចំនួន​ចាប់ផ្ដើម​រង​ផល​ប៉ះពាល់

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ក្រៅពី​ការ​ជន់​លិច​ភូមិឋាន ផ្លូវលំ ផ្លូវថ្នល់ សាលារៀន វត្ត​អារាម និង​ផលដំណាំ​របស់​ប្រជាពលរដ្ឋ​ហើយ​នោះ នៅ​តាម​បណ្តា​រមណីយដ្ឋាន​មួយ​ចំនួន​មាន​ដូច​ជា តំបន់​អេកូ​ទេសចរណ៍ធម្មជាតិ…

ខេត្តក្រចេះ ៖ ក្រៅពី​ការ​ជន់​លិច​ភូមិឋាន ផ្លូវលំ ផ្លូវថ្នល់ សាលារៀន វត្ត​អារាម និង​ផលដំណាំ​របស់​ប្រជាពលរដ្ឋ​ហើយ​នោះ នៅ​តាម​បណ្តា​រមណីយដ្ឋាន​មួយ​ចំនួន​មាន​ដូច​ជា តំបន់​អេកូ​ទេសចរណ៍ធម្មជាតិ និង​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ជា​ច្រើន​កន្លែង​ទៀត​ក្នុង​ខេត្តក្រចេះ កំពុង​រង​ផល​ប៉ះពាល់​ពី​ទឹកជំនន់​នេះ​ដែរ ដែល​ធ្វើ​ឲ្យ​អ្នក​ពឹង​អាស្រ័យ​លើ​វិស័យ​មួយ​នេះ​កំពុង​ជួប​បញ្ហា ។

រមណីយដ្ឋាន​សំខាន់​ៗ​ដែល​មានឈ្មោះ​ល្បីល្បាញ​នៅ​តាម​ដង​ទន្លេមេគង្គ​ដូច​ជា រមណីយដ្ឋាន​អន្លង់​ផ្សោត​, រមណីយដ្ឋាន​ទឹក​ជួរ​ទន្លេមេគង្គ​កាំ​ពី​, រមណីយដ្ឋាន​វប្បធម៌​ប្រ​វ​តិ្ត​សាស្ត្រ​ព្រះ​វិហារ​ធំ​សសរ​១០០ ជាដើម​នោះ ត្រូវ​បាន​ជន់​លិច និង​ផ្អាក​សកម្មភាព​បណ្ដោះអាសន្ន​ហើយ ។

អាជីវករ​លក់ដូរ​នៅ​តាម​តំបន់​ទាំងនេះ​និយាយ​ថា ជា​រៀង​រាល់​ឆ្នាំ​នា​រដូវវស្សា ស្ថានភាព​ភ្ញៀវ​ត្រូវ​ស្ងប់ស្ងាត់​ទាំង​ភ្ញៀវ​ខ្មែរ និង​ភ្ញៀវ​បរទេស ។ ដោយសារ​តែ​តំបន់​រមណីយដ្ឋាន​ទាំងនោះ​ត្រូវ​លិចលង់ និង​បាត់បង់​សោភ័ណ​ភាព គឺ​មើលឃើញ​តែ​ផ្ទៃ​ទឹកទន្លេ ដែល​មាន​សភាព​ល្អក់​ល្វឹងល្វើយ ដូច្នេះ​ហើយ​បានជា​ត្រូវ​ផ្អាក​សកម្មភាព​ជា​បណ្ដោះអាសន្ន ។

ជាមួយនឹង​ការ​ជន់​លិច​នេះ បាន​ធ្វើ​ឲ្យ​សហគមន៍​ទេសចរណ៍​ព្រួយបារម្ភ​ពី​ការ​បាត់​ចំណូល​រយៈពេល​យូរ​ក្នុង​រដូវវស្សា​ឆ្នាំ​នេះ​ផង​ដែរ ព្រោះតែ​ស្ថានភាព​ទឹកជំនន់​ឆ្នាំ​នេះ​បាន​ជន់​ឡើង​ខ្លាំង​តាំងពី​ដើមឆ្នាំ និង​មាន​រយៈពេល​យូរ​ជាង​រាល់​ឆ្នាំ ។ ក្នុង​នោះ​មាន​ដូច​ជា ក្រុម សហគមន៍​ទូក​ចម្លង​, សហគមន៍​លក់​ឈើ​ចម្លាក់​នៅ​ក្នុង​តំបន់​ទេសចរណ៍​អន្លង់​ផ្សោត និង​ក្រុម​សហគមន៍​លក់​ម្ហូបអាហារ​នៅ​រមណីយដ្ឋាន​ទឹក​ជួរ​ទន្លេមេគង្គ​កាំ​ពី ជាដើម ។

អ្នក​បើកទូក​ចម្លង​ដឹក​ភ្ញៀវ​ទេសចរ​ទៅ​មើល​ផ្សោត​នៅ​រមណីយដ្ឋាន​អន្លង់​ផ្សោត លោក មួ​ង កា​ឡាយ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៩ សីហា ថា ការ​ប្រកប​របរ​ដឹក​ភ្ញៀវ​របស់​ពួក​គាត់​នៅ​រដូវវស្សា​នេះ មិនសូវ​បាន​ចំណូល​នោះ​ទេ ដោយសារ​តែ​មិនសូវ​សម្បូរ​ភ្ញៀវ ។ ម្យ៉ាងទៀត បើ​មាន​ភ្ញៀវ​ជិះទូក​ទៅ​មើល​ផ្សោត ក៏​ត្រូវ​ទៅ​មើល​នៅ​តំបន់​ឆ្ងាយ​ៗ ដោយ​ត្រូវ​ចំណាយ​ប្រេង​ទូក​ច្រើន​ស្ទើរ​មិន​រួច​នឹង​កម្រៃ​ដែល​បាន​មក​វិញ ។ លោក​ថា ៖« ការ​បើកទូក​ជូន​ភ្ញៀវ​ដេញ​តាម​មើល​ផ្សោត​ក៏​ជួប​ការ​លំបាក ដោយសារ​រដូវ​នេះ អាកាសធាតុ​មាន​ភ្លៀង​ធ្លាក់ និង​ខ្យល់​បក់​ខ្លាំង ដូច្នេះ​ហើយ​បានជា​គេ​មិនសូវ​មក » ។

បុរស​រូប​នេះ​បាន​កត់​សម្គាល់ថា ឆ្នាំ​នេះ​ស្ថានភាព​ទឹកជំនន់​បាន​ជន់​ឡើង​ខ្លាំង​តាំងពី​ដើមរដូវ និង​មាន​រយៈពេល​យូរ ដែល​ធ្វើ​ឲ្យ​តាម​បណ្ដា​សហគមន៍​មិនសូវ​រក​ចំណូល​បាន ព្រោះ​ភ្ញៀវ​ទេសចរ​ធ្លាក់​ចុះ ។ បើ​ទោះជា​បែប​ណា មន្ត្រី​នៃ​មន្ទីរ​ទេសចរណ៍​ខេត្តក្រចេះ​បាន​វាយតម្លៃ​ថា ស្ថានភាព​រដូវ វស្សា​ឆ្នាំ​នេះ ចំនួន​ភ្ញៀវ​ទេសចរ​មិនសូវ​ធ្លាក់​ចុះ​ដូច​ឆ្នាំ​រាល់​ដងនោះ​ទេ ។ មន្ត្រី​រូប​នេះ​ថា រដូវ​ទឹក​ឡើង ក៏​ជា​អំណោយផល​ល្អ​មួយ​របស់​ភ្ញៀវ​ក្នុង​គោលដៅ​ទៅ​កាន់​អន្លង់​ផ្សោត​ដែរ គឺ​អាច​ទៅ​ទស្សនា​សត្វ​ផ្សោត​ពីលើ​ច្រាំង​ទន្លេ​បាន គ្រាន់តែ​ឆ្នាំ​នេះ ស្ថានភាព​ទឹកជំនន់​បាន​ជន់​ឡើង​ខ្លាំង​ជាង​ឆ្នាំ​រាល់ដង ។ បើ​តាម​មន្ត្រី​ទេសចរណ៍​រូប​នេះ​ថា ៖«​សព្វថ្ងៃ ពលរដ្ឋ​ជាង​៣០០​គ្រួសារ​រស់នៅ​ក្នុង​ឃុំ​សំបុក បាន​ទទួល​ចំណូល​ពី​សហគមន៍​ទេសចរណ៍​ទាំងនេះ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ