ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ទេសចរណ៍​៖ កម្ពុជាជា​ប្រទេស​ស្ថិត​ក្នុង​តំបន់ ដែល​មាន​កំណើន​ទេសចរខ្ពស់

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​លើក​ឡើង​ថា កម្ពុជា​ជា​ប្រទេស​មួយ​ស្ថិត​ក្នុង​តំបន់​ដែល​មាន​កំណើន​ទេសចរ​ខ្ពស់ និង​ត្រូវ​បាន​ទទួលស្គាល់​ថា ជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​ភាព​ទាក់ទាញ និង​ផ្តល់​ភាព​កក់ក្តៅ លំដាប់​ពិភពលោក ជាមួយនឹង​ឧត្ដមភាព…

ខេត្តកំពត ៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​លើក​ឡើង​ថា កម្ពុជា​ជា​ប្រទេស​មួយ​ស្ថិត​ក្នុង​តំបន់​ដែល​មាន​កំណើន​ទេសចរ​ខ្ពស់ និង​ត្រូវ​បាន​ទទួលស្គាល់​ថា ជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​ភាព​ទាក់ទាញ និង​ផ្តល់​ភាព​កក់ក្តៅ លំដាប់​ពិភពលោក ជាមួយនឹង​ឧត្ដមភាព និង​ការ​ប្រកួតប្រជែង​ខ្ពស់ ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​បេតិកភណ្ឌ​វប្បធម៌ និង​ធនធានធម្មជាតិ​ដ៏​សម្បូរ​បែប​ពេញ​ផ្ទៃ​ប្រទេស ។

លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់ «​កំពង់​ផែ​ទេសចរណ៍​អន្តរជាតិ​ខេត្តកំពត​» កាលពី​ព្រឹក​ថ្ងៃ​ទី​៨ ខែសីហា កន្លង​មក ស្ថិត​ក្នុង​ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ ខេត្តកំពត ។

លោក​បណ្ឌិត ថោ​ង ខុន បាន​លើក​ឡើង​ថា ក្រោម​ការ​ដឹកនាំ​ដ៏​ត្រឹមត្រូវ និង​ប្រកបដោយ​ភាព​ឈ្លាសវៃ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ធ្វើ​ឲ្យ​កម្ពុជា​មាន​សុខ​សន្តិភាព​ពេញលេញ មានការ​អភិវឌ្ឍ និង​រីក​ចម្រើន​លើ​គ្រប់​វិស័យ ក្នុង​នោះ​វិស័យ​ទេសចរណ៍​ដែល​ជា «​ទេសចរណ៍វប្បធម៌ និង​ធម្មជាតិ​» ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​ចាត់ទុកជា «​មាស​បៃតង​» ដែល​រួមចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម បង្កើត​ឱកាស​មុខរបរ និង​បង្កើន​ឱកាស​ការងារ ការ​បង្កើន​ប្រាក់​ចំណូល លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ រួមចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌ និង​ធនធានធម្មជាតិ ជា​ពិសេស រួមចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​សហគមន៍​មូលដ្ឋាន ។
ជាក់ស្តែង នៅ​ឆ្នាំ​២០១៧ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជាង​៥,៦​លាន​នាក់ កើនឡើង​១១,៨% និង​ទទួល​បាន​ចំណូល​ប្រមាណ​ជាង​៣.៦០០​លាន​ដុល្លារ បាន​រួមចំណែក​ប្រមាណ​១២%​នៃ​ផលិតផល​ក្នុងស្រុក​សរុប និង​ផ្តល់​ឱកាស​ការងារ​ដោយ​ផ្ទាល់​ជាង​៦៥​ម៉ឺន​នាក់ និង​ដោយ​ប្រយោល​រាប់​សិប​ម៉ឺន​នាក់​បន្ថែម​ទៀត ។

ដោយឡែក ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០១៨​នេះ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិប្រមាណ​៣​លាន​នាក់ កើនឡើង​១៣% ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៧ និង​សង្ឃឹមថា នៅ​ឆ្នាំ​២០១៨​ទាំងមូល កម្ពុជា​នឹង​ទទួល​បាន​ទេសចរ​៦,២​លាន​នាក់ ។

ដោយឡែក តំបន់ឆ្នេរ​នៅ​ឆ្នាំ​២០១៧ ទទួល​បាន​ភ្ញៀវ​ទេសចរ​ប្រមាណ​៣,២​លាន​នាក់ ក្នុង​នោះ​ទេសចរ​អន្តរ​ជាតិប្រមាណ​៧៤​ម៉ឺន​នាក់ កើនឡើង​២០% ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៦ ហើយ​បើ​តាម​ការ​ព្យាករ​នៅ​ឆ្នាំ​២០២០ កម្ពុជា​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​៧​លាន​នាក់ ជាមួយនឹង​ចំណូល​ប្រមាណ​ជាង​៥​ពាន់​លាន​ដុល្លារ និង​បង្កើត​ការងារ​ដោយ​ផ្ទាល់​ប្រមាណ​១​លាន​នាក់ និង​ការងារ​ដោយ​ប្រយោល​រាប់​លាន​នាក់​បន្ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ