ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គាត់​ថា របរ​នេះ​​កាក់កប​គួរសម ទាស់​ត្រង់​​រង​ការ​រិះគន់ (មាន​វីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​ប្រកប​របរ​លក់​កូន​មាន់កូន​ទា​ដែល​ដឹក​តាម​ម៉ូតូ​ម្នាក់​បាន​និយាយ​ថា របរ​មួយ​នេះ​តូចតាច តែ​បាន​ប្រាក់​ចំណេញ​គួរសម ទាស់​ត្រង់​ថា ​មានការ​រិះគន់​បន្ដិច​ពី​បុគ្គល​មួយ​ចំនួន ដោយ​អ្នកខ្លះ​លើក​ឡើង​ថា « មុខរបរ​ឲ្យ​គរគោក…

រាជធានី​ភ្នំពេញ ៖ អ្នក​ប្រកប​របរ​លក់​កូន​មាន់កូន​ទា​ដែល​ដឹក​តាម​ម៉ូតូ​ម្នាក់​បាន​និយាយ​ថា របរ​មួយ​នេះ​តូចតាច តែ​បាន​ប្រាក់​ចំណេញ​គួរសម ទាស់​ត្រង់​ថា ​មានការ​រិះគន់​បន្ដិច​ពី​បុគ្គល​មួយ​ចំនួន ដោយ​អ្នកខ្លះ​លើក​ឡើង​ថា « មុខរបរ​ឲ្យ​គរគោក បែរជា​មក​លក់​ជីវិត​គេ​ទៅ​វិញ »​។

បុរស​មានស្រុក​កំណើន​នៅ​ខេត្តតាកែវ​ឈ្មោះ ធី គឹ​ម​សាន ដែល​កំពុង​ដឹក​កូន​សត្វ​ទាំង​នេះ​តាម​ម៉ូតូ បាន​រៀបរាប់​ថា ជា​រៀងរាល់ថ្ងៃ លោក​ដើរ​លក់​កូន​មាន់កូន​ទា​ដែល​ទើប​ញាស់​បាន​១​អាទិត្យ ឬ​លើស​ពី​នេះ ទៅ​ឲ្យ​កសិករ​តាម​បណ្ដា​ភូមិ​ស្រុក​នានា​ដើម្បី​ចិញ្ចឹម​ជា​លក្ខណៈ​គ្រួសារ ។

លោក​គឹ​ម​សាន និយាយ​ថា ៖« របរ​នេះ​តូចតាច​ទេ តែ​បាន​ប្រាក់​ចំណេញ​គួរសម គ្រាន់តែ​រង​ការ​រិះគន់ និង​សើចចំអក​ខ្លះ​ៗ​ពី​មនុស្ស​មួយ​ចំនួន » ។ លោក​ថា ៖« ពាក្យ​សម្ដី​ដែល​គេ​និយាយ​នោះ​ច្រើន​ថា​ខ្ញុំ​នេះ​បាន​ចំណេញ​លើ​ជីវិត​សត្វ ហើយ​អ្នកខ្លះ​ថា ដូច​ខ្វះ​មុខរបរ​រកស៊ី​ណាស់ បែរជា​យក​ជីវិត​សត្វ​មក​ដើរ​លក់​បែប​នេះ​ទៅ​វិញ ។ យ៉ាងនេះ​ក្ដី ពាក្យ​រិះគន់ និង​ការ​សើចចំអក​នោះ វា​ស៊ាំ​ត្រចៀក​ខ្ញុំ​អស់​ទៅ​ហើយ ប៉ុន្ដែ​មនុស្ស​ម្នាក់​ៗ​មានការ​យល់​ឃើញ​ផ្សេង​ៗ​គ្នា ខ្ញុំ​មិន​ចាប់អារម្មណ៍​ទេ អ្វី​ដែល​សំខាន់​គឺ​ខ្ញុំ​លក់​ទាំង​រស់ មិនមែន​សម្លាប់​ឯណា ហើយ​ក៏​មិនមែន​ជា​របរ​ទុច្ចរិត​ដែរ »​។

កាលពីមុន បន្ទាប់​ពី​ធ្វើស្រែ​ចម្ការ​រួច លោក​គឹ​ម​សាន បាន​រត់​ម៉ូតូឌុប​ដើម្បី​រក​ប្រាក់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ប៉ុន្តែ​របរ​រត់​ម៉ូតូឌុប​នេះ​មិនសូវ​កាក់កប​ទេ ហើយ​ប្រឈម​នឹង​ឧបសគ្គ​ជា​ច្រើន ទើប​សម្រេចចិត្ត​បោះបង់​វា​ចោល និង​ងាក​មក​លក់​កូន​មាន់កូន​ទា​នេះ​វិញ​ដោយ​គិត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​៥​ឆ្នាំ​ហើយ ។ លោក​បន្ត​ថា ការ​ផ្លាស់​ប្ដូរ​មក​លក់​កូន​មាន់កូន​ទា​នេះ ឃើញ​ថា​ទទួល​បាន​ប្រាក់​ចំណូល​ល្អ​ប្រសើរ អាច​ដោះស្រាយ​ជីវភាព​គ្រួ​សារបាន​មួយ​ចំណែក ។

បុរស​អាយុ​៣៨​ឆ្នាំ រូប​នេះ បន្ដ​ថា ៖« ប្រាក់​កម្រៃ​ដែល​បាន​ពីមុខ​របរ​នេះ គឺជា​ការ​បញ្ចេញ​កម្លាំង​ញើស​ឈាម​សុទ្ធសាធ ។ បើ​ទោះជា​តិច​ឬ​ច្រើន​ក្ដី ក៏​ខ្ញុំ​ពេញចិត្ត​ដែរ និង​មិន​ខ្មាស​អៀន​ឡើយ » ។ លោក​បន្ត​ថា ៖« ខ្ញុំ​បាន​ប្រមូល​ទិញ​កូន​ទាកាប និង​កូន​មាន់​ពី​តាម​ផ្ទះ​អ្នក​ភូមិ ដែល​ទិញ​ម្តង​ៗ​បាន​ពី​៥០០​ទៅ​៧០០​ក្បាល ទើប​ដឹក​ដើរ​លក់ ហើយ​ពេល​ខ្លះ​បាន​ទិញ​ពី​កសិដ្ឋាន​ដែល​មាន​ភ្ញាស់​កូន​លក់​ផង​ដែរ » ។

ស្រ​ដៀង​គ្នា​នេះ​ដែរ លោក សុខា វុ​ទ្ធី អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​សាលា ឃុំ​ត្រពាំង​សាលា ស្រុក​បន្ទាយមាស ខេត្តកំពត ឲ្យ​ដឹង​ថា លោក​បាន​ចាប់​យកមុខ​របរ​នេះ​ជិត​៣​ឆ្នាំ​ហើយ ដោយ​ទទួល​ទិញ​កូន​ទា និង​កូន​មាន់​ពី​កសិដ្ឋាន​ធំ​មួយ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ឃុំ​ស្រែ​ននោង ស្រុក​ត្រាំកក់ ខេត្តតាកែវ ។

លោក​បន្ត​ថា កសិដ្ឋាន​នេះ​ភ្ញាស់ពងទា និង​ពងមាន់ សម្រាប់​លក់​ចែកចាយ​គ្រប់​ទីកន្លែង ហើយ​មិនមែន​មាន​តែ​លោក​ទេ ដែល​ទៅ​ទិញ​យក​មក​លក់​បន្ត​នោះ គឺ​មាន​ច្រើន​នាក់​ណាស់​ដែល​ប្រកប​របរ​នេះ ។ ពេល​ខ្លះ បើ​ទៅ​យឺត​ពេល​តែ​បន្តិច គឺ​អស់ហើយ អត់​មានកូន​មាន់ កូន​ទា លក់​ឡើយ ។

លោក​និយាយ​ថា ៖« ខ្ញុំ​ទិញ​ម្ដង​ៗ​ចាប់ពី​៥០០ ទៅ​៦០០​ក្បាល​សម្រាប់​ដឹក​ដើរ​លក់​នៅ​ថ្ងៃ​ធម្មតា ប៉ុន្តែ​មាន​ថ្ងៃ​ខ្លះ អាច​ឡើង​ដល់​១​ពាន់​ក្បាល ឬ​លើស​ពី​នេះ ប្រសិនបើ​មាន​អ្នក​កុម្ម​ង់​ទិញ​យក​ទៅ​ចិញ្ចឹម​ច្រើន ។ ចំណែក​ពេលវេលា​ដែល​ត្រូវ​ដឹក​ដើរ​លក់​វិញ​មិន​ទៀងទាត់​ឡើយ ជួនកាល ២​ឬ​៣​ថ្ងៃ​ទើប​លក់​អស់ និង​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ ប៉ុន្តែ​បើ​ប៉ះ​ចំ​ថ្ងៃ​ហេង​វិញ គ្រាន់តែ​១​ថ្ងៃ គឺ​ដាច់​អស់​គ្មាន​សល់​ក៏​មាន​ដែរ​»​។

លោក​បន្ត​ថា សម្រាប់​ការ​លក់​ចេញ គឺ​កូន​ទា​១​ក្បាល​ថ្លៃ​១.៥០០​រៀល និង​កូន​មាន់​១​ក្បាល​ថ្លៃ​២.៥០០​រៀល ប៉ុន្តែ​ក៏​មាន​អតិថិជន​ខ្លះ​សុំ​ចុះថ្លៃ​ខ្លះ​ដែរ ។ បើ​ទូទាត់​លើ​ការ​ចំណាយ​ផ្សេង​ៗ​ដូច​ជា ការ​ហូប​ចុក និង​ចាក់​សាំង​ម៉ូតូ គឺ​នៅ​សល់​មិន​ច្រើន​ទេ ។ ចំណែក​​តម្លៃ​ទិញ​ចូល លោក​សុំ​លាក់ មិន​ប្រាប់​ឡើយ ។

លោក​បន្ថែម​ថា លោក​បាន​ជិះ​ម៉ូតូ​ដើរ​លក់​កូន​មាន់ និង​កូន​ទា​ឆ្ងាយ​ៗ​ណាស់ ហើយ​ហូប​បាយ​កញ្ចប់ និង​គ្មាន​លទ្ធភាព​ជួល​ផ្ទះសំណាក់​ស្នាក់​នៅទេ គឺ​យប់​ត្រង់​ណា សុំ​សាលា​បុណ្យ​អ្នក​ភូមិ​ស្នាក់​នៅ​ទីនោះ​១​យប់​សិន ។ លុះ​ព្រឹក​ឡើង ទើប​ចេញដំណើរ​លក់​នៅ​កន្លែង​ផ្សេង​បន្ត​ទៀត​។ មិនតែប៉ុណ្ណោះ លោក​ក៏​ធ្លាប់​ទទួល​រង​នូវ​ការ​រិះគន់ និង​ការ​ពេប​ជ្រាយ​ខ្លះ​ៗ​ពី​អ្នក​ដទៃ​ដែរ ប៉ុន្តែ​លោក​មិន​ខ្វល់​ទេ សំខាន់​នេះ​ជា​មុខរបរ​សុចរិត គ្មាន​ការ​ភិតភ័យ និង​ត្រូវ​ខ្មាស​អៀន​អ្នក​ណា​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ