នៅពេលណាទោសៈគ្របសង្កត់ ពេលនោះយើងធ្វើអំពើអាក្រក់ចំពោះខ្លួនឯងផង និងអ្នកដទៃផង។ ភ្លើងទោសៈក្តៅជាងភ្លើងធម្មតាឆ្ងាយណាស់ តែងឆេះក្នុងចិត្ត និងរាងកាយអ្នកណាដែលមិនបានអប់រំចិត្តបានល្អ ហើយនៅពេលភ្លើងទោសៈនេះឆេះឡើងធ្វើឲ្យមុខប្រែពណ៌ជាក្រហម និងបេះដូងដើរខុសធម្មតា ញ័រដៃជើងភ្លាមមួយរំពេច ។
ដើម្បីគ្របសង្កត់ទោសៈនេះកុំស្ទុះឡើងខ្លាំងពេក ដំបូងយើងត្រូវគ្រប់គ្រងខ្លួនឯងឱ្យបានសិនដោយពោលពាក្យថា សូមឲ្យអាត្មាអញកុំបៀតបៀនខ្លួនឯង សូមឲ្យរួចចាកទោសៈឥឡូវនេះ សូមកុំឲ្យអាត្មាអញបៀតបៀនអ្នកដទៃ បុកម្នេញអ្នកដទៃ កុំឲ្យអាត្មាអញខឹងក្រោធអ្នកដទៃ ឬក៏មានវិធីក្រៅពីនេះក៏ជាការល្អ គឺធ្វើយ៉ាងណាដើម្បីពន្លត់ភ្លើងទោសៈនេះឱ្យបាន ។
គួរចំណាំមើល នៅពេលយើងខឹង មុខរបស់យើងអាក្រក់មើលណាស់ និងគួរឱ្យខ្លាចបំផុត។ ទោសៈជាភ្លើងមានកម្តៅរាប់ម៉ឺនអង្សារតែងដុតកម្តៅនូវកោសិកាក្នុងខួរក្បាលនិងចិត្តរបស់យើងឱ្យរួចស្វិត ។ នៅពេលទោសៈឆេះឡើងយើងត្រូវយកមេត្តាធម៌មកពន្លត់ ចាកស្រោចកម្តៅទោសៈនេះឱ្យត្រជាក់វិញ ពេលមានមេត្តានឹងធ្វើឱ្យមុខយើងឡើងភ្លឺថ្លា ស្រស់ញញឹម និងមានសម្រស់ផូរផង់ល្អ ។ មេត្តាប្រៀបដូចទឹកកម្ចាត់ទោសៈយ៉ាងមានប្រសិទ្ធភាព។
ចែករំលែកព័តមាននេះ