ប្រាសាទអង្គរវត្ត​ជា​សំណង់​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​បំផុត​លើ​ពិភពលោក​ឆ្នាំ​២០១៨

Sponsored

ខេត្តសៀមរាប ៖ ស្ថាប័ន​ពាក់ព័ន្ធ​នា​ថ្ងៃ​ទី​0៩ ខែសីហា ឆ្នាំ​២០១៨​នេះ​បាន​រៀបចំ​ពិធី​អបអរ ប្រាសាទអង្គរវត្ត​ជា​សំណង់​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​បំផុត​លើ​ពិភពលោក​ឆ្នាំ​២០១៨ ខណៈ​ដែល​ពិធី​នេះ​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​នៅ​មុខ​ប្រសាទ​អង្គរវត្ត ក្រុង​សៀមរាប ក្រោម​វត្តមាន​លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោកស្រី Sara Mathews ប្រធាន Trip Advision ប្រចាំ​តំបន់​អាស៊ី និង​លោក​ឃឹម ប៊ុ​ន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ។

ថ្លែង​នា​ឱកាស​នោះ​លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​សម្តែង​ការ​អរគុណ ចំពោះ​ភ្នាក់ងារ​ប្រឹក្សា​យោបល់​ក្នុង​ការ​ធ្វើ​ដំណើរ (TripAdvisor) ដែល​តែងតែ​ជួយ​ផ្សព្វផ្សាយ គោលដៅ​ទេសចរណ៍​កម្ពុជា​តាម​រយៈ​ការ​ស្ទង់​មតិ​លើ​ចំណាប់អារម្មណ៍ និង​ទស្សនៈ​របស់​ភ្ញៀវ ទេសចរ​រាប់​លាន​នាក់​នៅ​ជុំវិញ​ពិភពលោក​បាន​សម្រេច​ជ្រើសរើស​ប្រាសាទអង្គរវត្ត​កម្ពុជា​ឈ្នះ​ចំណាត់ថ្នាក់​លេខ​០១ ក្នុង​ចំណោម​ទី​សំណង់​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​បំផុត​ទាំង​២៥​លើ​ពិភពលោក​សម្រាប់​ឆ្នាំ​២០១៨​នេះ ។

លោក ថោ​ង ខុន បាន​បញ្ជាក់​ថា នេះ​ជា​ឆ្នាំ​ទី​៥ ហើយ​ដែល​ប្រាសាទអង្គរវត្ត​ត្រូវ​បាន​ភ្ញៀវ​ទេសចរ​ជុំវិញ​ពិភពលោក​បោះ​ឆ្នោត​គាំទ្រ ហើយ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១​ជាប់​ៗ​គ្នា​តាំងពី​ឆ្នាំ​២០១៤​មក​ម្ល៉េះ រួម​មាន​តាម​រយៈ​គេហទំព័រ ArchaeoMadness, គេហទំព័រ Lonely Planet និង​គេហទំព័រ TripAdvisor ជាដើម ។ លទ្ធផល​នេះ​ពិតជា​ស័ក្ដិសម​ណាស់​សម្រាប់​កម្ពុជា ហើយ​ការ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១ ជា​បន្តបន្ទាប់​នេះ​ពិតជា​បាន​ឆ្លុះ​បញ្ចាំង​ពី​ជោគជ័យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ម្លប់​នៃ​សន្តិភាព និង​ការ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ជា​ស្ថាបនិក​នយោបាយ​ឈ្នះ​ៗ​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយជា​ប្រទេស​មាន​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​រីក​ចម្រើន​លើ​គ្រប់​វិស័យ ពិសេស​វិស័យ​ទេសចរណ៍ ។

លោក​រដ្ឋមន្ត្រី​ក៏​បាន​ថ្លែង​ឲ្យ​ដឹង​ថា កម្ពុជា​ក៏​ធ្លាប់​បាន​រៀបចំ​ពិធី​អបអរសាទរ​នេះ​ម្ដង​រួច​មក​ហើយ កាលពី​ឆ្នាំ​២០១៥ ក្រោយ​ពី​ប្រាសាទអង្គរវត្ត​ត្រូវ​បាន​ជាប់​ជា​គោលដៅ​ទេសចរណ៍វប្បធម៌​ដ៏​ទាក់ទាញ​បំផុត​លើ​ពិភពលោក ដែល​នេះ​ពិតជា​សបញ្ជាក់​ឲ្យ​ឃើញ​ថា គោលដៅ​ទេសចរណ៍​ក៏​ដូច​ជា វិស័យ​ទេសចរណ៍​កម្ពុជា​ទាំងមូល​កំពុង​ត្រូវ​បាន​ពិភពលោក​ទទួលស្គាល់​ថា កម្ពុជា​ជា​គោលដៅ​ទេសចរ​ដ៏​ល្អ​ប្រណិត​ក្នុង​ពិភពលោក ដោយ​មាន​សក្ដានុពល​នៃ​វប្បធម៌ ធម្មជាតិ​ភាព​រាក់ទាក់​ស្វាគមន៍​ភ្ញៀវ​យ៉ាង​កក់ក្ដៅ​គ្រប់​ទីកន្លែង​ដែល​ធ្វើ​ឲ្យ​ភ្ញៀវ​មក​ទស្សនា​ម្ដង​ហើយ​ម្ដងទៀត និង​ជា​គោលដៅ​ទស្សនា​ដែល​គ្មាន​ដែន​កំណត់​ឡើយ ។

លោក​ក៏​បាន​រម្លឹក​ឡើង​វិញ​ថា ចំនួន​ទេសចរ​អន្តរជាតិ​ដែល​មក​ទស្សនា​កម្ពុជា​មានការ​កើន ឡើងជា​លំដាប់​ចាប់តាំងពី​ឆ្នាំ​១៩៩៣​មក​ដល់​បច្ចុប្បន្ន ដោយ​បាន​នាំ​មក​នូវ​ផលប្រយោជន៍ ដោយ​ផ្ទាល់ និង​ផ្ដល់​ឱកាស​ការងារ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ។ កាលពី​ឆ្នាំ​២០១៧​កម្ពុជា​ទទួល​បាន​ទេសចរ​អន្តរជាតិ​ចំនួន​៥.៦​លាន​នាក់​កើន​១១.៨% ដែល​បាន​នាំ​មក​ចំណូល​ដោយ​ផ្ទាល់​៣,៦៣៨​លាន​ដុល្លារ​អា​មេ​រិ​ក​ចាក់​បញ្ចូល​ក្នុង​សេដ្ឋកិច្ចជាតិ រួមចំណែក​១៣% នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) តំណាង​ឲ្យ​៣០% នៃ​វិស័យ​សេវាកម្ម និង​បង្កើត​ការងារ​ដោយ​ផ្ទាល់​ប្រមាណ​៦២​ម៉ឺន​នាក់ ។

ដោយឡែក​រយៈពេល​៥​ខែ​ដើមឆ្នាំ​២០១៨ កម្ពុជា​ទទួល​បាន​ទេសចរ​អន្តរជាតិ​ចំនួន​ជាង​២.៦​លាន​នាក់ កើនឡើង​១៣.៥% ។ តាម​ការ​ព្យាករណ៍​កម្ពុជា​នឹង​ទទួល​បាន​ទេសចរ​អន្តរជាតិ​ចំនួន​៦.២​លាន​នាក់ នៅ​ឆ្នាំ​២០១៨ និង​៧​លាន​នាក់ នៅ​ឆ្នាំ​២០២០ ដែល​នឹង​នាំ​មក​នូវ​ចំណូល​ប្រមាណ​៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​បង្កើត​ការងារ​ដោយ​ផ្ទាល់​ជិត​១​លាន​នាក់ ។ នៅ​ឆ្នាំ​២០២៥ កម្ពុជា​អាច​នឹង​ទទួល​បាន​ទេសចរ​អន្តរជាតិ​ចំនួន​១០​លាន​នាក់ និង​ប្រមាណ​១៥​លាន​នាក់​ក្នុង​ឆ្នាំ​២០៣០ នាំ​មក​ចំណូល​ជាតិប្រមាណ​១០​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក និង​បង្កើត​ការងារ​ប្រមាណ​២​លាន​នាក់ ។

យ៉ាងណា​ក៏​ដោយ​លោក​រដ្ឋមន្ត្រី​អះអាង​ថា ការ​ទទួល​បាន​ជោគជ័យ​ដ៏​ធំធេង​ខាងលើ​សម្រាប់​វិស័យ​ទេសចរ​កម្ពុជា​ក៏​ដោយសារ មានការ​ចូលរួម​ពី​បងប្អូន​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​ស្ថាប័ន​ពាក់ព័ន្ធ​រដ្ឋ និង​ឯកជន​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​រាជធានី​ខេត្ត​ទាំងអស់​ដែល​បាន​យកចិត្ត​ទុក ដាក់​ប្រឹងប្រែង​ក្នុង​ការ​ធានា​ឲ្យ​កម្ពុជា​ជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​គុណភាព​មាន​បរិស្ថាន​ស្អាត និង​ជា​គោលដៅ​ប្រកបដោយ​ស្នាមញញឹម ស្និត​ស្នាល កក់ក្ដៅ ស្រលាញ់​រាប់អាន និង​ការ​ទទួល​បាន​បទ​ពិសោធន៍​ល្អ​ៗ​ពិត​ៗ​ក្នុង​ការ​ស្វែង​យល់​ពី​ប្រពៃណី​ទំនៀមទំលាប់​នៃ​ជាតិ​សាសន៍​ខ្មែរ ។ លោក​ក៏​បាន​ប្រកាស​ផ្សព្វផ្សាយ​ពី​មោទនភាព​ខាងលើ​នេះ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទូ​ទាំង​ប្រទេស ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ទាំងអស់​សូម​ចូលរួម​អបអរ​ទាំងអស់​គ្នា​ព្រោះ ជ័យ​លា​ភី សម្រាប់​ប្រាសាទអង្គរវត្ត​យើង គឺជា​ជ័យ​លា​ភី​សម្រាប់​យើង​គ្រប់​គ្នា  ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ