ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​មេដាយមាស​​ខកចិត្ត​មិន​បាន​ទៅ​ប្រកួត​នៅ​ក្រៅប្រទេស

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ម្ចាស់​មេដាយមាសរត់​ម៉ា​រ៉ា​តុង​អន្តរជាតិ​ចក្រភព​ខ្មែរ​ឆ្នាំ​២០១៨ កីឡាករ ម៉ា​ហ្វី​រ៉ូ បាន​សម្ដែង​ការ​ខកចិត្ត​យ៉ាង​ខ្លាំង ខណៈ​រូប​លោក​ខិតខំ​ហ្វឹកហាត់​ជា​រៀងរាល់ថ្ងៃ​ក្នុង​នាម​ជា​អត្ត​ព​លិ​ក​ជម្រើសជាតិ​១​រូប​នឹង​គេ​ដែរ​បែរជា​ថ្នាក់ដឹកនាំ​មើល​មិនឃើញ​ដោយ​ជ្រើស​យក​អ្នក​ផ្សេង​ទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី​អាគ្នេយ៍​ដែល​រៀបចំ​ធ្វើ​នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ទៅ​វិញ ។ ម្ចាស់​មេដាយមាស​រត់​ចម្ងាយ​៤២​គីឡូម៉ែត្រ​ក្នុង​ព្រឹត្តិការណ៍​ម៉ា​រ៉ា​តុង​អន្តរជាតិ​ចក្រភព​ខ្មែរ​ឆ្នាំ​២០១៨​រូប​នេះ​បានឱ្យ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ ម្ចាស់​មេដាយមាសរត់​ម៉ា​រ៉ា​តុង​អន្តរជាតិ​ចក្រភព​ខ្មែរ​ឆ្នាំ​២០១៨ កីឡាករ ម៉ា​ហ្វី​រ៉ូ បាន​សម្ដែង​ការ​ខកចិត្ត​យ៉ាង​ខ្លាំង ខណៈ​រូប​លោក​ខិតខំ​ហ្វឹកហាត់​ជា​រៀងរាល់ថ្ងៃ​ក្នុង​នាម​ជា​អត្ត​ព​លិ​ក​ជម្រើសជាតិ​១​រូប​នឹង​គេ​ដែរ​បែរជា​ថ្នាក់ដឹកនាំ​មើល​មិនឃើញ​ដោយ​ជ្រើស​យក​អ្នក​ផ្សេង​ទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី​អាគ្នេយ៍​ដែល​រៀបចំ​ធ្វើ​នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ទៅ​វិញ ។

ម្ចាស់​មេដាយមាស​រត់​ចម្ងាយ​៤២​គីឡូម៉ែត្រ​ក្នុង​ព្រឹត្តិការណ៍​ម៉ា​រ៉ា​តុង​អន្តរជាតិ​ចក្រភព​ខ្មែរ​ឆ្នាំ​២០១៨​រូប​នេះ​បានឱ្យ​ដឹង​ថា សព្វ​ថ្ងៃនេះ​ទោះបីជា​មិនសូវ​មាន​ទីកន្លែង​ហ្វឹកហាត់​ល្អ​ក៏​លោក​នៅ​តែ​ខិតខំ​យកចិត្តទុកដាក់​ហ្វឹកហាត់​ជា​ប្រចាំ​ដើម្បី​បង្កើន​សមត្ថភាព​បច្ចេក​ទេស និង​បំបែក​កំណត់​ត្រា​ចាស់​ឱ្យ​បាន ។ ការ​ព្យាយាម​រាល់​ថ្ងៃនេះ ដោយសារ​លោក​មាន​បំណង​ចង់ទៅ​ចូលរួម​ប្រកួត​នៅ​ក្រៅប្រទេស​ដើម្បី​វាស់​ស្ទង់​កម្រិត​បច្ចេកទេស​ជាមួយ​កីឡាករ​បរទេស តែ​ទីបំផុត​លោក​មិន​ត្រូវ​បាន​សហព័ន្ធ​ខ្មែរ​កីឡាអត្តពលកម្ម​ផ្ដល់​ឱកាស​ឱ្យទៅ​ចូលរួម​ប្រកួត​ឡើយ ។

លោក​ពិតជា​ដឹង​ច្បាស់​ថា កីឡាករ​ខ្មែរ​យើង​មិន អាច​ប្រៀបផ្ទឹម​ជាមួយ​កីឡាករ​បទេស​បាន​ឡើយ ជា​ពិសេស​លើ​វិញ្ញាសា​រត់​ចម្ងាយ​៤២​គីឡូម៉ែត្រ ដោយ​កីឡាករ​ខ្មែរ​យើង​ធ្វើ​បាន​ក្នុង​ថិរវេលា​២​ម៉ោង​៥៦​នាទី ចំណែក​កីឡាករ​បរ​ទេស​ធ្វើ​បាន​ត្រឹម​ថិរវេលា​២​ម៉ោង​និង​៣០​នាទី​ប៉ុណ្ណោះ ។ ទោះបីជា​យ៉ាងនេះ​ក្ដី នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ពុំ​ទាន់​មាន​កីឡាករ​ណា​ម្នាក់​អាច​បំបែក​កំណត់​ត្រា​របស់​លោក​បាន​នៅឡើយ​ទេ ។

កីឡាករ​អត្តពលកម្ម​រត់ប្រណាំង​វ័យ​៣១​ឆ្នាំ​ម៉ា​ហ្វី​រ៉ូ ទទួលស្គាល់​ថា ការ​អភិវឌ្ឍ​យុវជន​ឬ
អ្នក​ស្រករ​ក្រោយ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​វា​ជារឿង​ត្រឹមត្រូវ​ខ្លាំង​ណាស់ ប៉ុន្តែ​ក៏​មិន​ត្រូវ​មើលរំលង​កីឡាករ​ដែល​មាន​សមត្ថភាព​ស្រាប់​ដូចជា​រូប​លោក​នេះ​តែ​ម្ដង ។ ទោះបីជា​មាន​វ័យចំណាស់​បន្តិច​មែន ប៉ុន្តែ​កម្រិត​បច្ចេកទេស​របស់លោក​នៅ​មិន​ទាន់​មាន​អ្នក​ណា​អាច​បំបែក​បានឡើយ ។

កីឡាករ ម៉ា​ហ្វី​រ៉ូ បញ្ជាក់​ថា លោក​អាចលេង​បាន​ស្ទើរតែ​គ្រប់​វិញ្ញាសា និង​មិន​ទាន់​មាន​អ្នក​ណា​ម្នាក់​អាច​ប្រជែង​យក​តំណែង ឬ​បំបែកឯតទគ្គ​កម្ម​របស់​លោក​បាន​នៅឡើយ​ទេ​គឺ​ចាប់ពី​វិញ្ញាសា​រត់​ចម្ងាយ​៥​គីឡូម៉ែត្រ​រហូត​ដល់​៤២​គីឡូម៉ែត្រ ជាក់ស្ដែង​លោក​តែង​ដណ្ដើម​បាន​ចំណាត់ថ្នាក់​លេខ​១​នៅ​ក្នុង​ការ​ប្រកួត​ជា​រៀង​រាល់​ឆ្នាំ ។

ជាង​នេះ​ទៀត លោក​ក៏​ស្ថិត​នៅ​ក្នុង​ក្រុម​ជម្រើសជាតិ​មិនមែន​ជា​កីឡាករ​ក្រៅ​ក្របខ័ណ្ឌ​ឯណាដូច្នេះ​គួរតែ​ផ្ដល់​ឱកាស​ឱ្យ​លោក​បាន​បង្ហាញសមត្ថភាព​ច្រើន​ជាង​កីឡាករ​ក្មេង​ៗ​ទើបត្រូវ​។ តាម​ដឹង​សម្រាប់​កីឡាករ​អាស៊ី ការ​ប្រកួត​លើវិញ្ញាសា​៤២​គីឡូម៉ែត្រ​គឺ​មិន​អាច​ទៅ​ចូលរួម​ជាមួយ​គេ​បាន​ឡើយ សំខាន់​ឱ្យ​តែ​រត់​បាន​ដល់ទី​គឺ​ប្រសើរ​ណាស់​ទៅ​ហើយ។

ដោយឡែក ចំពោះរូប​លោក​វិញ​មិន​ត្រឹមតែ​អាច​រត់​ដល់ទី​ប៉ុណ្ណោះ​ទេ ផ្ទុយ​ទៅ​វិញ​ថែម​ទាំង​អាច​បង្កើត​បាន​នូវ​កំណត់ត្រា​កាន់តែ​ល្អ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ទៀត​ផង​។ ដូច្នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា ក៏​ដូច​ជា​សហព័ន្ធ​ខ្មែរ​កីឡាអត្តពលកម្ម មិន​គួរ​មើល​រំលង
លោក​ឡើយ​។

ជុំវិញ​ការ​លើក​ឡើង​របស់​កីឡាករ​ម៉ា​ហ្វី​រ៉ូ ខាងលើ​នេះ កោះសន្តិភាព​បាន​ទាក់ទង​សុំ​ការ
បំភ្លឺ​ពី​ថ្នាក់ដឹកនាំ​សហព័ន្ធ​ខ្មែរ​កីឡាអត្តពលកម្មផង​ដែរ ។ លោក ប៉ែន វុ​ទ្ធី អគ្គលេខា​ធិការសហព័ន្ធ​ខ្មែរ​កីឡាអត្តពលកម្ម​បាន​ពន្យល់​ថា កីឡាករ ម៉ា​ហ្វី​រ៉ូ ពិតជា​មាន​ស្នាដៃ​ល្អ​សម្រាប់ការ​ប្រកួត​ក្នុងស្រុក ហើយ​សហព័ន្ធ​ក៏​ធ្លាប់​បញ្ជូន​ឱ្យទៅ​ចូលរួម​ប្រកួត​នៅ​ក្រៅ​ប្រទេស​ប៉ុន្មាន​ដងដែរ ​ប៉ុន្តែ​បច្ចេកទេស​ប្រកួត​ជាមួយ​កីឡាករ​បរទេស​របស់​គាត់​នៅ​មាន​កម្រិត​ដាច់​ឆ្ងាយ​ដដែល​មិន​ឡើង​សោះ ។

ដោយសារ​លទ្ធផល​មិន​សមប្រកប​បែប​នេះ​ហើយ​ទើប​សហព័ន្ធ​ប្ដូរ​យុទ្ធសាស្ត្រ​ងាក​មក​ផ្ដល់​ឱកាស​ដល់​កីឡាករ​វ័យក្មេង​វិញ​ម្ដង ទោះបី​កម្រិត​បច្ចេកទេស​មិន​ដល់​កីឡាករ​ម៉ា​ហ្វី​រ៉ូ​ក៏​ពួក​គេ​បង្ហាញ​តម្រុយ​ឈាន​ឡើង​តាម​រយៈ​ការ​ប្រកួត​នានា​ផង​ដែរ​។ ម្យ៉ាងវិញទៀត កីឡាករ ម៉ា​ហ្វី​រ៉ូ ស្ថិត​ក្នុង​ក្រុម​ជម្រើសជាតិ​ទទួល​ប្រាក់ខែ​ពី​រដ្ឋ ដូច្នេះ​បើ​ការ​ប្រកួត​ជាមួយ​កីឡាករ​បរទេស​ទទួល​បាន​លទ្ធ​ផល​មិនល្អ​ដដែល​ជា​ដដែល សហព័ន្ធ​ចាំបាច់​ត្រូវ​តែ​ប្ដូរ​ដាក់​កីឡាករ​ផ្សេង​ជំនួស​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ