ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហព័ន្ធ​បាល់បោះ​បង្ហាញ​ពី​ផលវិបាករបស់​ខ្លួន​ក្នុង​វិស័យ​កីឡា​បច្ចុប្បន្ន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ចំណោម​សហព័ន្ធ​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​គណៈ​កម្មាធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា សហព័ន្ធ​បាល់បោះ ក៏​ស្ថិត​ក្នុង​ចំណោម​សហព័ន្ធ​ភាគច្រើន​ដែល​មិនសូវ​លេចធ្លោ​ក្នុង​វិស័យ​កីឡា​ផង​ដែរ​។ យ៉ាងណាមិញ មន្ត្រី​ពាក់ព័ន្ធ​បាន​អះអាង​ថា ហេតុផល​ដែល​ធ្វើ​ឱ្យ​សហព័ន្ធ​របស់​លោក​មិន​ទទួល​បាន​ភាព​សកម្ម និង​ទទួល​បានការ​ចាប់អារម្មណ៍​នា​ពេល​កន្លង​មក មិនមែន​ដោយសារ​តែ​សហព័ន្ធ​របស់​លោក​មិន​ខំប្រឹង​ប្រែង​នោះ​ទេ…

រាជធានី​ភ្នំពេញ ៖ ក្នុង​ចំណោម​សហព័ន្ធ​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​គណៈ​កម្មាធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា សហព័ន្ធ​បាល់បោះ ក៏​ស្ថិត​ក្នុង​ចំណោម​សហព័ន្ធ​ភាគច្រើន​ដែល​មិនសូវ​លេចធ្លោ​ក្នុង​វិស័យ​កីឡា​ផង​ដែរ​។

យ៉ាងណាមិញ មន្ត្រី​ពាក់ព័ន្ធ​បាន​អះអាង​ថា ហេតុផល​ដែល​ធ្វើ​ឱ្យ​សហព័ន្ធ​របស់​លោក​មិន​ទទួល​បាន​ភាព​សកម្ម និង​ទទួល​បានការ​ចាប់អារម្មណ៍​នា​ពេល​កន្លង​មក មិនមែន​ដោយសារ​តែ​សហព័ន្ធ​របស់​លោក​មិន​ខំប្រឹង​ប្រែង​នោះ​ទេ ប៉ុន្តែ​គឺ​បណ្ដាល​មក​ពី​កត្តា​មួយ​ចំនួន​។

លោក ដូង ឌី​ម អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់បោះ​កម្ពុជា បាន​ថ្លែង​បញ្ជាក់​ថា សហ​ព័ន្ធ​របស់​លោក​ក៏​មាន​សកម្មភាព​ខ្លាំងក្លា​មិន​ខុស​គ្នា​ពី​បណ្ដា​សហព័ន្ធ​ផ្សេង​ៗ​ផង​ដែរ ដោយ​លោក​បាន​ទាំង​ចាត់​ទុក​ថា សកម្មភាព​នា​ពេល​កន្លង​មក គឺ​មាន​ភាព​សកម្ម និង​មានការ​រីក​ចម្រើន​គួរ​ឱ្យ​កត់សម្គាល់​ផង ។

ជាក់ស្ដែង​សហព័ន្ធ​ទាំងមូល​ទើបតែ​បាន​បញ្ជូន​កីឡាករ​កីឡាការិនី​ជា​ក្រុម​ស្នូល​របស់​ខ្លួន​ទៅ​កាន់​ប្រទេស​សិង្ហ​បុរី​ដើម្បី​ហ្វឹកហាត់​រយៈពេល​ខ្លី បង្កើន​សមត្ថភាព​នោះ​ផង ។ ក្នុង​មួយ​ឆ្នាំ​សហព័ន្ធ​ក៏​មានការ​ប្រកួត​ជម្រើស​ជើងឯក ការ​ប្រកួត​មិត្តភាព និង​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​ក្នុងស្រុក​មិនសូវ​ទំនេរ​នោះ​ដែរ ។

ដោយឡែក សម្រាប់​ការ​បញ្ជូន​កីឡាករ​ឱ្យ​ចេញ​ប្រកួត​ក្រៅ​ស្រុក ក៏​មាន​ដូច​គ្នា​នឹង​បណ្ដា​សហព័ន្ធ​ទូទៅ ប៉ុន្តែ​បណ្ដាល​មក​ពី​ខ្វះ​ការ​ចាប់អារម្មណ៍​ពី​ស្រទាប់​មហាជន ទើប​សហ​ព័ន្ធ​មួយ​នេះ ទោះជា​ប្រឹងប្រែង​ពង្រីក​សកម្មភាព​កម្រិត​ណា ក៏​មិនសូវ​លេចធ្លោ ។ លោក​បាន​ពន្យល់​ពី​មូលហេតុ​ដែល​នាំ​ឱ្យ​សហព័ន្ធ​ទាំងមូល​ខ្វះ​ការ​ចាប់អារម្មណ៍​ពី​ស្រទាប់​មហាជន​ថា បណ្ដាល​មក​ពី​ខ្វះ​ការ​ជ្រោមជ្រែង និង​ការ​ជំរុញ​ពី​សំណាក់​អ្នក​ជុំវិញ​ខ្លួន​។

លោក ដូង ឌី​ម បន្ត​ថា សកម្មភាព​របស់​សហព័ន្ធ​មួយ មិន​អាច​ទទួល​បានការ​ចាប់​អារម្មណ៍ ឬ​លេចធ្លោ​ដោយ​ឯកឯង​បាន​ទេ បើ​គ្មាន​ការ​ផ្សព្វផ្សាយ និង​ការ​ជ្រោមជ្រែង ពី​សំណាក់​ក្រុមហ៊ុន​នានា ។ លោក​ថា កីឡាករ​បាល់ទាត់ ក៏​មិន​ដែល​មានឱកាស​លើក​ពាន​​ពី​ក្រៅប្រទេស​ដូច​គ្នា​នឹង​ក្រុម​បាល់បោះ​របស់​លោក​ដែរ ប៉ុន្តែ​បើ​ក្រឡេក​ទៅ​មើល​វិស័យ​នេះ​វិញ​មានការ​រីក​ចម្រើន​យ៉ាង​ខ្លាំង ដោយសារ​តែ​មានការ​ជ្រោមជ្រែង ដែល​អាច​និយាយ​ថា​វិស័យ​បាល់ទាត់​គេ​មាន​ធនធាន​នៅ​ពីក្រោយ​ខ្នង​គ្រប់គ្រាន់​មិន​លំបាក​ដូច​បាល់បោះ ។

លោក​ថ្លែង​ថា នៅ​ក្នុង​សហព័ន្ធ​បាល់បោះ​រាល់ថ្ងៃ មិនមែន​ខ្សត់​តែត្រឹម​កញ្ចប់​ថវិកា​សម្រាប់​គម្រោង​ចង់​ធ្វើ​អ្វីមួយ​នោះ​ទេ ពោល​គឺ​សូ​ម្បី​តែ​តារាង​ប្រកួត​ដើម្បី​ហ្វឹកហាត់​ក៏​មិន​មាន​ខ្លួនឯង​នោះ​ដែរ​។ រាល់ថ្ងៃ សហព័ន្ធ​បាន​ត្រឹមតែ​ខ្ចី​ទីលាន​នៅ​ស្ដា​ត​អូ​ឡាំ​ពិ​ក​ដើម្បី​ហ្វឹកហាត់​ប៉ុណ្ណោះ ខណៈ​ដែល​នៅ​ពេល​ណា​ស្ដា​ត​មាន​ជាប់រវល់​ក៏​ខ្ចាត់ខ្ចាយ​រក​កន្លែង​ហ្វឹកហាត់​មិន​បាន ហើយ​បើ​ទៅ​ហាត់​កន្លែង​ផ្សេង​ជំនួស ក៏​មិន​មាន​សូ​ម្បី​តែ​សម្ភារ​សម្រាប់​ហ្វឹកហាត់​ឱ្យ​បាន​គ្រប់គ្រាន់ ។

លោក​ថា សហព័ន្ធ​បាល់បោះ​មិន​មាន​ក្រុមហ៊ុន​ណាមួយ​បោះទុន​ជួយ​ពីក្រោយ​នៅ​ពេល​ចង់​ធ្វើ​សកម្មភាព​នានា​នោះ​ទេ ខណៈ​ដែល​កញ្ចប់​ថវិកា​សម្រាប់​ធ្វើ​កម្មវិធី​ផ្សេង​ៗ​ក៏​រក​បាន​​ទាំងលំបាក បូក​រួម​ទាំង​កញ្ចប់​ថវិកា​សម្រាប់​ផ្សព្វផ្សាយ និង​បញ្ជូន​កីឡាករ​ឱ្យ​ចេញ​ហ្វឹកហាត់​នៅ​ក្រៅប្រទេស​ជាដើម ។ ក្នុង​នោះ តម្រូវការ​របស់​គ្រូបង្វឹក និង​សិស្ស​ទាំង​អស់​ក៏​មាន​ច្រើន​ផ្នែក ដែល​មិន​អាច​ឱ្យ​សហព័ន្ធ​ចាត់ចែង​បាន​សព្វគ្រប់​ផង​ដែរ ។

យ៉ាងណាមិញ លោក​សរសើរ​ចំពោះ​ទឹកចិត្ត​មន្ត្រី​សហព័ន្ធ និង​កីឡាករ​ជម្រើសជាតិ​ប្រចាំ​​សហព័ន្ធ​ទាំងអស់ ដែល​មាន​ឆន្ទៈ ហើយ​នៅ​តែ​ប្រឹងប្រែង​ជាមួយ​ការងារ ខណៈ​ដែល​យុវវ័យ​ក្មេង​ៗ​ក៏​ចូល​ហ្វឹកហាត់​តាម​គ្នា​ច្រើន​ឡើង បើ​ធៀប​នឹង​មួយ​រយៈពេល​មុន​ដែល​មិនសូវ​មាន​អ្នក​ចាប់អារម្មណ៍​ចង់​ហាត់​នោះ ។ បញ្ហា​មួយទៀត​ដែល​លោក​ប្រកាស​ថា​គឺជា​រឿង​លំបាក​បំផុត​របស់​សហព័ន្ធ គឺ​លទ្ធភាព​ទទួល​បាន​គ្រូបង្វឹក​ពី​បរទេស ដែល​លោក​បាន​ស្វែង​យល់​ថា នេះ​ជា​បញ្ហា​ដែល​មិន​អាច​ឱ្យ​កីឡាករ​របស់​កម្ពុជា ខាង​ផ្នែក​បាល់បោះ ក្លាយជា​ក្រុម​ជោគជ័យ​ក្នុង​ការ​ដណ្ដើម​បាន​មេដាយ ឬ​ពាន​នៅ​ក្រៅប្រទេស​បាន ។

លោក​ថា ជា​ធម្មតា​ក្រុម​បាល់បោះ​ដែល​ខ្លាំង គេ​ត្រូវ​មាន​គ្រូបង្វឹក​ពី​បរទេស​ម្នាក់​ដែល​ល្អ ប៉ុន្តែ​សហព័ន្ធ​មិន​មាន​លទ្ធភាព​ជួល​គ្រូ​ទាំងនោះ​មក​បម្រើ​ការ​បាន​ទេ ដោយសារ​តែ​គ្រូ​បរទេស​យ៉ាង​ហោច​ណាស់​ក៏​មាន​ប្រាក់ខែ​រង្វង់​៥​ពាន់​ដុល្លារ​ឡើង​ទៅ​ដែរ ។ លោក​ថា សហព័ន្ធ​ទាំងមូល​បាន​ត្រឹមតែ​ទទួល​អតីត​កីឡាករ​ចាស់​ៗធ្វើ​ជា​គ្រូបង្វឹក​ប៉ុណ្ណោះ ទើប​លោក​យល់​ថា​បច្ចេកទេស​របស់​កីឡាករ​កម្ពុជា​នៅ​តែ​មាន​កម្រិត ហើយ​ពិបាក​ក្នុង​ការ​ប្រកួតប្រជែង​ទៅបាន ។

លោក​ថា បើ​សហព័ន្ធ​នេះ ទទួល​បានការ​ជ្រោមជ្រែង​ពី​ក្រុមហ៊ុន​ណាមួយ ហើយ​បើ​ឈាន​ដល់​មាន​កញ្ចប់​ថវិកា​ជា​ទ្រង់ទ្រាយ​ធំ​ឱ្យ​សហព័ន្ធ និង​កីឡាករ​បាន​រំលេច​ការ​ប្រកួត និង​ចូលរួម​ព្រឹត្តិការណ៍​នានា​ដោយ​មិន​លំបាក ប្រហែលជា​សហព័ន្ធ​នេះ​នឹង​ទទួល​​បាន​ភាព​លេចធ្លោ​មិន​ចាញ់​បាល់ទាត់​នោះ​ទេ ដោយសារ​តែ​បាល់បោះ ក៏​ជា​ប្រភេទ​​កីឡា​ដែល​មានការ​ពេញ​និយម​សម្រាប់​អ្នកកីឡា​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ