ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណា​ក់ ស្រី​ណា ប្រកាស​រឿង​ជំពាក់​ប្រាក់ លោក​អ៊ិ​ន សុ​ភិន សប្បាយចិត្ត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ចាងហ្វាង​ផលិតកម្ម​មហាហង្ស​លោក​អ៊ីន សុ​ភិន ត្រូវ​តារា​សម្តែង​កញ្ញា​ណា​ក់ ស្រី លាតត្រដាង​ពី​ការ​ជំពាក់​មិន​ព្រម​ទូទាត់​ថ្លៃ​សម្តែង​ឲ្យ​នាង ។ ទាំង​លោក​អ៊ិន សុ​ភិន…

រាជធានី​ភ្នំពេញ​ ៖ ​ចាងហ្វាង​ផលិតកម្ម​មហាហង្ស​លោក​អ៊ីន សុ​ភិន ត្រូវ​តារា​សម្តែង​កញ្ញា​ណា​ក់ ស្រី លាតត្រដាង​ពី​ការ​ជំពាក់​មិន​ព្រម​ទូទាត់​ថ្លៃ​សម្តែង​ឲ្យ​នាង ។ ទាំង​លោក​អ៊ិន សុ​ភិន ទាំង​ណា​ក់ ស្រី​ណា ហាក់​ខ្វែងគំនិត​គ្នា​ចំពោះ​បញ្ហា​នេះ ក្នុង​ពេល​ភាគី​ផលិតកម្ម​មហា​ហង្ស​របស់​លោក​សុ​ភិន កំពុង​តែ​ទន្ទឹងរង់ចាំ​ការ​ទូទាត់​ប្រាក់​ពី​ដៃគូ​របស់​ខ្លួន​ដែរ ។

ចាងហ្វាង​ផលិតកម្ម​មហាហង្ស​លោក​អ៊ី​ន សុ​ភិន បាន​ប្រាប់​កោះសន្តិភាព​តាម​សារ​អេឡិច​ត្រូ​និក​នៅ​ថ្ងៃ​ទី​៨ ខែសីហា ថា ពី​ដំបូង​ផលិតកម្ម​របស់​លោក​មិន​មាន​បំណង​យក​តួអង្គ​ណា​ក់ ស្រី​ណា សម្តែង​រឿង​ «​មរតក​ចុង​ឈាម​»​ទេ ប៉ុន្តែ​អតិថិជន​ជា​ដៃគូ​តម្រូវ​ឲ្យ​យក​​នាង​សម្តែង ព្រោះ​តួ​ម្នាក់​នេះ​ធ្វើការ​នៅ​ក្នុង​ក្រុមហ៊ុន​របស់​គេ ។ លុះ​ពេល​ថត​ចប់ ខាង​ក្រុមហ៊ុន​ជា​ដៃគូ​នៅ​មិន​ទាន់​បង់លុយ​មក​ឲ្យ​ក្រុមហ៊ុន​របស់​លោក​នៅឡើយ​ទេ ទើប​បាន​ជា​ខាង​ផលិតកម្ម​យឺតយូរ​ចំពោះ​ការ​ទូទាត់​ទៅ​ដល់ ណា​ក់ ស្រី​ណា ។

ប្រសិនបើ​ក្រុមហ៊ុន​បាន​ទូទាត់​មក​ឲ្យ​ផលិតកម្ម​មហាហង្ស​ហើយ​នោះ លោក​អ៊ិន សុ​ភិន ថា ​ក៏​នឹង​ទូទាត់​ជូន​ណា​ក់ ស្រី​ណា ដែរ ដោយ​ផលិតកម្ម​គ្មាន​បំណង​យក​តួ​សម្តែង​ណា​មួយ​ធ្វើ​ជា​ចំណាប់ខ្មាំង​ទេ ។

បើ​តាម​លោក​អ៊ិន សុ​ភិន និយាយ​ថា​ «​យើង​មិន​អាច​ហាមឃាត់​តារា​សម្តែង​ណា​ម្នាក់​ក្នុង​ការ​បើក​កកាយ​រឿង​នេះ​ឡើយ ប្រសិនបើ​គេ​មិន​មានការ​អត់ទ្រាំ ប៉ុន្តែ​យើង​ក៏​សប្បាយ​ចិត្ត​ផង​ដែរ​នៅ​ពេល​ដែល​ពួក​គេ​ធ្វើ​ដូច្នេះ ។ ប្រសិនបើ​ពួក​គេ​បាន​ប្រកាស​រឿងរ៉ាវ​នេះ​ជា​សាធារណៈ ហើយ​អតិថិជន​ដែល​ជា​ដៃគូ​រកស៊ី​ជាមួយ​យើង​បានដឹង ហើយ​គេ​ប្រញាប់​ទូទាត់​មក​ឲ្យ​ផលិតកម្ម​នោះ យើង​នឹង​ឆាប់​បាន​ទូទាត់​ឲ្យ​ខាង​តួ​ដូច​គ្នា ។

បច្ចុប្បន្ន​ស្ថានភាព​ផលិតករ​ក៏​មិនល្អ​ដូច​ជា​តួ​សម្តែង​ផង​ដែរ ដោយសារ​តែ​យើង​បាន​ផលិត​​រឿង​ឲ្យ​គេ​ហើយ តែ​ការ​ទូទាត់​លុយ​មាន​ភាព​យឺតយ៉ាវ​ដូច​គ្នា ។ តួ​ខ្លះ​ពេល​សម្តែង​មក​យឺត ខ្លះ​ទៀត​មិន​មក​តែ​ម្តង​(​បោក​គ្រាប់បែក​) តែ​ដល់​ពេល​យើង​ទូទាត់​លុយ​យឺត​យ៉ាវ​បាន​នាំ​គ្នា​និយាយ ឬ​បរិហារ​ដល់​ផលិតកម្ម ដែល​រឿងរ៉ាវ​នេះ​ខ្ញុំ​តែងតែ​ជួប​ប្រទះ​នៅ​ក្នុង​សង្គម​សិល្បៈ​ខ្មែរ​។ ទោះជា​យ៉ាងណា​សម្រាប់​ផលិតកម្ម​មហាហង្ស​តែងតែមាន​ភាព​អត់ធ្មត់​ច្រើន បើ​ទោះបីជា​ខាង​អតិថិជន​ដែល​ជា​ដៃគូ​របស់​យើង​មាន​ភាព​យឺតយ៉ាវ​ក្នុង​ការ​ទូទាត់​លុយកាក់ ព្រោះថា យើង​ជា​ដៃគូ​រកស៊ី​ជាមួយ​គ្នា​យូរអង្វែង​ទៀត »​។

មុន​ពេល​បកស្រាយ​ចំពោះ​បញ្ហា​នោះ​ពី​លោក​អ៊ិន សុ​ភិន តារា​សម្តែង​កញ្ញា​ណា​ក់ ស្រី​ណា បាន​បង្ហោះ​សារ​ជា​ធារ​ណៈ​ថា «​សូមកុំ​បំបាក់ទឹកចិត្ត​សិល្បករ​ខ្មែរ ហើយ​បង្វែរ​ទៅ​លើក​ស្ទួយ ។ «​មរតក​ចុក​ឈាម​»​គឺជា​រឿង​ដំបូង​ដែល​ខ្ញុំ​ថត​ឲ្យ​ផលិតកម្ម​មហាហង្ស​ដែល​ជា​ផលិតកម្ម​ដ៏​ល្បី​នៅ​កម្ពុជា ។ ពេល​នោះ​ពួក​យើង​បាន​បំពេញការងារ​ដោយ​កម្លាំង​ញើស​​ឈាម និង​ក៏​បាន​ថត​ចប់​រួចរាល់​តាម​ការ​សន្យា​ជិត​មួយ​ឆ្នាំ​ហើយ ប៉ុន្តែ​មក​ដល់​ពេល​​នេះ​ស្ថានភាព​លុយកាក់​របស់ខ្ញុំ​គឺ​ស្ងប់ស្ងាត់​ខ្លាំង​ណាស់​ហាក់​គ្មាន​អ្នក​អើពើ​សោះ។

ជា​ចុង​ក្រោយ​ខ្ញុំ​សង្ឃឹមថា​ក្រុមហ៊ុន​ហ្នឹង​មាន​ដំណោះស្រាយ​ល្អ​សម្រាប់​ខ្ញុំ និង​មិន​ឲ្យ​ខ្ញុំ​រង់ចាំ​យូរ​បន្ត​ទៀត​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ