ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ទូទាត់ប្រាក់​តាម​ប្រព័ន្ធ ​QR Code កាន់តែ​ពេញ​និយម​នៅ​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖​ ​ក្នុង​រយៈពេល​១​​ឆ្នាំ ឬ២​ឆ្នាំ​ចុង​ក្រោយ​នេះ ការ​​ទូទាត់​​តាម​​ប្រព័ន្ធ​បច្ចេកវិទ្យា​នៅ​កម្ពុជា​ កាន់តែ​​ពេញ​​និយម​ និង​មាន​សន្ទុះ​​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​ ដែល​ធ្វើ​​ឲ្យ​កម្ពុជា​​កំពុង​ផ្លាស់​ប្តូរ​ទៅ​រក​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​ម្ដង​បន្តិច​ៗ​​ទៅ​តាម​ការ​ចង់បាន​របស់​រាជរដ្ឋាភិបាល​ផង​ដែរ ។ ការ​ទូទាត់​តាម​ប្រព័ន្ធ​…

រាជធានីភ្នំពេញ ៖​ ​ក្នុង​រយៈពេល​១​​ឆ្នាំ ឬ២​ឆ្នាំ​ចុង​ក្រោយ​នេះ ការ​​ទូទាត់​​តាម​​ប្រព័ន្ធ​បច្ចេកវិទ្យា​នៅ​កម្ពុជា​ កាន់តែ​​ពេញ​​និយម​ និង​មាន​សន្ទុះ​​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​ ដែល​ធ្វើ​​ឲ្យ​កម្ពុជា​​កំពុង​ផ្លាស់​ប្តូរ​ទៅ​រក​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​ម្ដង​បន្តិច​ៗ​​ទៅ​តាម​ការ​ចង់បាន​របស់​រាជរដ្ឋាភិបាល​ផង​ដែរ ។

ការ​ទូទាត់​តាម​ប្រព័ន្ធ​ QR Code​ ​ជាផ្នែក​មួយ​នៃ​សេវា​ទូទាត់​តាម​អេឡិច​ត្រូនិក ​​ដែល​​កំពុង​​​ចាប់ផ្ដើម​រីក​ចម្រើន​​បន្តិច​ម្ដង​ៗនៅកម្ពុជា ​ដោយ​សង្កេត​​ឃើញស្ទើរ​គ្រប់​អាជីវកម្ម​ខ្នាត​តូចៗ​ឡើង​ទៅ​​ កំពុង​ចាប់​យក​វិធី​ទូទាត់​តាម​រយៈ​បច្ចេក​វិទ្យា​​​មួយ​នេះ ដែល​ខុស​ពី​ការ​ចាយវាយ​តាម​​វី​សា​កាត ម៉ា​ស្ទ័​រកា​ត និង​កាត​អេ​ឡិច​ត្រូ​និក​​ផ្សេង​​​​ទៀត ។

​​លោក ​លូ ម៉េ​ង អគ្គនាយក​ក្រុមហ៊ុន​អាល់មិន​​គ្រុប ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​អាហារ​និង​ភេសជ្ជៈ​នៅ​កម្ពុជា បានឲ្យ​ដឹង​ថា កាល​​ពីមុន រាល់​សេវាកម្ម​របស់​អាល់​មិន​​គ្រុប គឺ​ទូទាត់​ជា​សាច់ប្រាក់​សុទ្ធ ហើយ​​ក្រោយមក ​ក៏​បាន​ប្រើ​ជា​ការ​ទូទាត់​តាម​អេ​ឡិច​ត្រូ​និកវិញ ។

លោក​ថ្លែងថា ៖« ដោយ​សារ​តែ​អតិថិជន​ជា​ច្រើន​ដែល​មក​រក​សេវារបស់យើង​​​ តែងតែ​សួរ​រក​ការ​ទូទាត់​តាម​ប្រ​ព័ន្ធQR Code ។ ដូចនេះ​ហើយ​ទើប​​យើង​បន្ថែម​សេវាកម្ម​ទូទាត់​តាម​​បច្ចេក​វិទ្យា​នេះ ដើម្បី​សម្រួល​ដល់​អតិថិជន​ »​ ។

លោក​បណ្ឌិត​​ អុិន ចាន់​នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេ​ស៊ី​លី​ដា ​ភី​អិ​ល​ស៊ី បាន​មាន​ប្រសាសន៍​ថា ការ​ទូទាត់​តាម​ប្រ​ព័​ន្ធ QR Code គឺ​មាន​ភាព​ងាយស្រួល​ខ្លាំង ព្រោះ​វា​មិនបាច់​ត្រូវការ​ដាក់​លុយ​តាម​​ខ្លួន នាំ​តែ​ពិបាក​ ឬ​បារម្ភ​ពី​សុវត្ថិភាព​ប្រាក់​នៅ​ក្នុង​ខ្លួន​ទៀត​នោះ​ទេ ។

លោក​ថា ៖« ការ​​ទូទាត់​តាម​ប្រព័ន្ធ QR Code មាន​តែ​​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​មួយ​ជា​ការ​ស្រេច ហើយ​អាច​ទូទាត់​បាន​​តាម​ចិត្ត ដោយ​គ្រាន់តែ​ស្កេន QR Code ​​ហាងឬ​ម្ចាស់​សេវាកម្ម​បំពាក់​នៅ​កន្លែង​របស់​គេ ។ ម្យ៉ាងទៀត ​ការ​ទូទាត់​តាម​ប្រព័ន្ធ​នេះ​ដែរ គឺ​មិន​ប្រើ​ពេល​យូរ​ដូច​ការ​ទូទាត់​សាច់ប្រាក់​សុទ្ធ ដែល​​ត្រូវ​ការ​​រាប់​ប្រាក់​ម្ដង​មួយៗ​ និង​ពិនិត្យ​ខ្លាច​មានការ​ក្លែងបន្លំ​ប្រាក់​ទៀត​ផង ។ ការ​ទូទាត់​តាម QR Code គឺ​ប្រើ​ពេល​តែ​ប្រមាណ​២​ទៅ​៣​នាទី​ប៉ុណ្ណោះ​សម្រាប់​មួយ​ប្រតិបត្តិការ ដែល​ទូទាត់​បាន​ប្រាក់​ច្រើន » ។

លោក​បន្ត​ថា បច្ចុប្បន្ន​នេះ​ ការ​ទូទាត់​ប្រាក់​តាម​​ប្រ​ព័​ន្ធ QR Code ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ កំពុង​តែ​មាន​វិសាលភាពកាន់តែ​ទូលំ​ទូលាយ ព្រោះ​វា​ជា​ការ​ទូទាត់​ដែល​មិន​ចាំ​បាច់​ប្រើ​ប្រាស់ប្រាក់​សុទ្ធ​​ និង​​មាន​សុវត្ថិភាព​ខ្ពស់។ មិន​តែប៉ុណ្ណោះ បច្ចេក​វិទ្យា​ថ្មី​របស់​អេ​ស៊ី​លី​ដា ដែល​​មានឈ្មោះ​ថា អេ​ស៊ី​លី​ដា​ទាន់ចិត្ត មិនមែន​ប្រើ​ប្រាស់​បាន​តែ​ស្កេន ​QR Code នោះ​ទេ តែ​វា​អាច​​ទូទាត់​បាន​នៅ​តាម​​ទូរ​ស័ព្ទដៃ និង​កន្លែង​ណា​ក៏​បាន ឲ្យ​តែ​មាន​អុីន​ធើរ​ណេ​ត ។

បើ​តាម​បុគ្គលិក​ផ្នែក​គិតលុយ​ម្នាក់​នៅ​ហាង​លក់​កុំព្យូទ័រ​មួយ​កន្លែង​នៅ​មុខ​វត្ត​មហាមន្ត្រី បាន​ឲ្យ​ដឹង​ថា អតិថិជន​ដែល​ទិញ​​កុំព្យូទ័រ​ និង​សម្ភារ​ផ្សេង​ៗ​នៅ​ក្នុង​ហាង​មួយ​ចំនួន​បាន​ប្រើប្រាស់​ការ​ទូទាត​់​តាម​រយៈ​QR Code ដែល​មាន​លក្ខណៈ​លឿន ហើយ​បុគ្គលិក​ក៏​មិន​ចាំបាច់​ពិនិត្យ​សាច់​ប្រាក់​​ខ្លាច​ក្លែងក្លាយ​នោះ​ទេ ។

គួរ​បញ្ជាក់​ថា បច្ចេកវិទ្យា​ទូទាត់​ប្រាក់​តាម QR Code នេះ​​ ក្រៅពី​មាន​បំពាក់​នៅ​តាម​​ហាង​តូច​ធំ គេ​ឃើញ​មាននៅ​តាម​សេវាកម្ម​ដឹក​​អ្នកដំណើរ ដូច​ជា​ តាម​តាក់ស៊ី ​និង​​រ៉ឺ​ម៉ក​កង់​បី ជាដើម ។ ដូចនេះ​ មាន​ន័យ​ថា​ ពលរដ្ឋ​កម្ពុជា​កាន់តែ​​យល់​ដឹង​ច្រើន​ពី​ការ​ចាយវាយ​ប្រាក់​តាម​​​​​​បច្ចេកវិទ្យា ​មិន មែន​សាច់ប្រាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ