ខេត្តឧត្តរមានជ័យ ៖ ព័ត៌មានដែលត្រូវលាតត្រដាងនេះ មិនមានបំណងធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់នារីខ្មែរណាម្នាក់ឡើយ ហើយនេះគឺគ្រាន់តែមានចរិតជាការផ្សាយនូវព័ត៌មានមួយប៉ុណ្ណោះ ដែលចៀសមិនផុតពីខ្លឹមសារអវិជ្ជមានឡើយ ។ ទោះបីជាបែបណា ការផិតក្បត់នេះមិនថា បុរសឬនារីទេ វាតែងតែកើតមានឡើងជារឿយៗ ។
រឿងរ៉ាវថ្មីនេះ ត្រូវបានរាយការណ៍ថា នៅផ្ទះសំណាក់២៣តុលា ដែលមានទីតាំងស្ថិតនៅក្នុងភូមិអូរចិញ្ចៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង មានការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី២៤ មីនា កន្លងទៅនេះ ដោយសារតែស្ត្រីម្នាក់មានប្តីមានកូនហើយ បែរជាលបលួចមានសហាយស្មន់ ។ ស្ត្រីដែលជាប់ចោទនាំសហាយរបស់ខ្លួនចូលផ្ទះសំណាក់នេះឈ្មោះផន ផៃ អាយុ៣៣ឆ្នាំ មានកូន២នាក់ កូនច្បងប្រុស អាយុ១១ឆ្នាំ និងកូនស្រីអាយុ៦ឆ្នាំ មានប្តីឈ្មោះមាន សូភក្ខិ អាយុ៣២ឆ្នាំ ជាទាហាននៅអង្គភាពវរៈលេខ៤១១ កងពលតូចថ្មើរជើង លេខ៤១ ។ រីឯប្រុសសហាយឈ្មោះប៉ាន់ សាម អាយុ៤១ឆ្នាំ ធ្វើជាអង្គរក្ស មានទីលំនៅភូមិជ័យ ឃុំសាន់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
បើតាមការរៀបរាប់របស់ឈ្មោះមាន សូភក្ខិ ដែលជាប្តីបានឱ្យដឹងថា រូបលោកជាទាហានឈរជើងនៅទល់ដែនកម្ពុជា-សៀម ហើយប្រពន្ធឈ្មោះផន ផៃនេះមិនមែនរូបលោករើសបាននៅតាមផ្លូវទេ គឺមានឪពុកម្តាយទាំងសងខាងរៀបចំទុកដាក់ជាប្តី-ប្រពន្ធតាមផ្លូវច្បាប់ និងរៀបការទៅតាមប្រពៃណីកាលពីឆ្នាំ១៩៩៩ រហូតមានកូនប្រុស-ស្រីចំនួន២នាក់ ។ លោកបញ្ជាក់ថា កន្លងមករូបលោកតែងសុំច្បាប់ទៅលេងប្រពន្ធកូនជាញឹកញាប់ និងយកលុយទៅឱ្យប្រពន្ធដើម្បីចិញ្ចឹមកូនប្រុស-ស្រីមិនដែលខ្វះខាតឡើយហើយជីវិតប្តីប្រពន្ធក៏មានតែការស្រឡាញ់គ្នាពុំដែលឈ្លោះប្រកែកគ្នាម្តងណាទេ ។
លោកសូ ភក្ខិ បន្តថា នៅថ្ងៃទី១៥ មិថុនា ឆ្នាំ២០១០ ស្រាប់តែប្រពន្ធរូបនេះបានចុះចោលផ្ទះ ចោលប្តីនិងកូន ថែមទាំងលក់ទ្រព្យសម្បត្តិនៅក្នុងផ្ទះអស់ជាច្រើនទៀតផង ។ ទោះបីជាប្រពន្ធចុះចោលក៏ដោយ ក៏រូបលោកជាប្តីពុំទាន់បានទៅទាក់ទងស្រឡាញ់ស្រីផ្សេងណាម្នាក់ឡើយ និងខិតខំរកស៊ីចិញ្ចឹមកូនរង់ចាំពេលដែលជួបប្រពន្ធ នឹងធ្វើការសាកសួរឱ្យច្បាស់ថា បើឈប់ស្រឡាញ់ប្តីនិងកូននោះ យើងនឹងនាំគ្នាទៅសាលាដំបូងដើម្បីដោះស្រាយតាមផ្លូវច្បាប់។ ប៉ុន្តែមិនទាន់បានជជែកគ្នាក្នុងរង្វង់គ្រួសារនៅឡើយទេ ក៏ចេះតែអូសបន្លាយពេលវេលា រហូតដល់បានទទួលព័ត៌មានថា ប្រពន្ធលោកបានបណ្តើរប្រុសសហាយចូលបន្ទប់ផ្ទះសំណាក់ ទើបលោកត្រូវតែរកស-ខ្មៅឱ្យឃើញនាពេលនេះ ក៏បានជួបពិតប្រាកដមែន ។ ការព្យាយាមតាមនេះព្រោះចង់ដឹងច្បាស់ថា តើបុរសដែលលួចបេះដូងរបស់ខ្លួននោះជានរណា លុះតាមទាន់ជាន់កែងទើបដឹងថា បុរសនោះជាមនុស្សធ្លាប់ស្គាល់គ្នា ។
មិនមានការបំភ្លឺណាមួយពីស្ត្រីជាប្រពន្ធជាប់ចោទមានសហាយស្មន់នេះទេ ។ តាមប្រភពព័ត៌មានថា បុរសជាសហាយនោះក៏មានប្រពន្ធនិងកូនដែរ ដែលមិនដឹងថា មានការដោះស្រាយបែបណាទេ ជុំវិញការធ្វើចោរលួចប្រពន្ធគេនេះ ។ រីឯបុរសជាប្តីនិយាយថា រូបលោកនឹងដាក់ពាក្យបណ្តឹងដើម្បីធ្វើការលែងលះតាមផ្លូវច្បាប់ទៅតុលាការ ៕




ចែករំលែកព័តមាននេះ