ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ភូមិ​សុរភី​នៅ​តែ​ធ្វើស្រែ​ប្រវាស់ដៃ​គ្នា​តាម​ប្រពៃណី

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ស្រប​ពេល​វិស័យ​កសិកម្ម​កាន់តែ​ធ្វើ​ទំនើប​កម្ម​នោះ ក៏​នៅ​មាន​ប្រជា​កសិករ​តាម​តំបន់​ខ្លះ​នៅ​តែ​ធ្វើស្រែ​តាម​ប្រពៃណី និង​ប្រវាស់ដៃ​គ្នា​ជា​ក្រុម​ៗ​ដែរ ។ ទោះបីជា​យ៉ាងនេះ​ក្ដី ពួក​គាត់​ត្អូញត្អែរ​ថា បច្ចុប្បន្ន​ការ​ធ្វើស្រែ​កាន់តែ​ពិបាកទៅ​ៗ ព្រោះ​ខ្វះ​កម្លាំង​ពលកម្ម​,…

ខេត្តកំពត ៖ ស្រប​ពេល​វិស័យ​កសិកម្ម​កាន់តែ​ធ្វើ​ទំនើប​កម្ម​នោះ ក៏​នៅ​មាន​ប្រជា​កសិករ​តាម​តំបន់​ខ្លះ​នៅ​តែ​ធ្វើស្រែ​តាម​ប្រពៃណី និង​ប្រវាស់ដៃ​គ្នា​ជា​ក្រុម​ៗ​ដែរ ។ ទោះបីជា​យ៉ាងនេះ​ក្ដី ពួក​គាត់​ត្អូញត្អែរ​ថា បច្ចុប្បន្ន​ការ​ធ្វើស្រែ​កាន់តែ​ពិបាកទៅ​ៗ ព្រោះ​ខ្វះ​កម្លាំង​ពលកម្ម​, សេវាកម្ម​ជួល​គ្រឿងយន្ដ​កសិកម្ម​ថ្លៃ និង​តម្លៃ​ទិន្នផល​មិន​ឆ្លើយ​តប​នឹង​ការ​ចំណាយ ។

បើ​តាម​ប្រជា​កសិករ​នៅ​ភូមិ​ដើម​ពោធិ ឃុំ​អង្គ​សុរភី ស្រុក​កំពង់ត្រាច ដែល​នៅ​តែ​ដក​ស្ទូង​ប្រវាស់ដៃ​គ្នា​ជា​ក្រុម​ៗ​តាំងពី​យូរ​មក​ហើយ​នោះ បាន​និយាយ​ថា កសិករ​មួយ​ភូមិ​នេះ​នៅ​តែ​ដក​ស្ទូងស្រូវ​យកដៃ​គ្នា​ម្នាក់​ម្ដង​ៗ​ដដែល ទោះបីជា​តាម​តំបន់​ខ្លះ​មានការ​ប្រើប្រាស់​គ្រឿងយន្ដ​កសិកម្ម​ក្ដី ។ លោក​ថា ៖« នៅ​ក្នុងភូមិ​នេះ ពួក​យើង​ជួប​ការ​ពិបាក​ក្នុង​ការ​ធ្វើស្រែ​ដូច​ជា ខ្វះខាត​កម្លាំង​ដក​ស្ទូង ទោះ​មាន​លុយ​ជួល​ក្តី ប៉ុន្តែ​រក​អ្នក​មក​សុ​ី​ឈ្នួល​មិន​បាន ហើយ​ចំណាយ​លើ​ការ​ទិញ​ជី​ក៏​ថ្លៃ រហូត​ដល់​ពេល​ផល​ស្រូវ បែរជា​លក់​បាន​ថោក​ទៅ​វិញ »​។

ចំណែក​កសិករ​ម្នាក់​ទៀត​ក៏​បាន​និយាយ​ឲ្យ​ដឹង​ដែរ​ថា ការ​ធ្វើស្រែ​ចេះ​តែ​ពិបាកទៅ​ៗ ហើយ​ពួក​គាត់​មិន​ទទួល​បាន​ប្រាក់​ចំណេញ​នោះ​ទេ បើ​កាត់កង​ជាមួយ​ការ​ចំណាយ​លើ​ការ​ជួល​ត្រាក់ទ័រ ។

ប្រធាន​ការិយាល័យ​កសិកម្ម​ស្រុក​កំពង់ត្រាច លោក ម៉េ​ង សា​រិ​ន បាន​ឲ្យ​ដឹង​ថា នៅ​ស្រុក​កំពង់ត្រាច កសិក​បាន​ដក​ស្ទូង​ក្នុង​រដូវវស្សា​នេះ​បាន​៦៩%​ហើយ ។ លោក​មាន​ប្រសាសន៍​ថា ៖« ជំនន់​ទឹកភ្លៀង​បាន​បង្ក​ឲ្យ​ខូចខាត​សន្ទូង​ទាំងស្រុង​មាន​ចំនួន​២២​ហិ​កតា​នៅ​ក្នុង​ឃុំ​កំពង់ត្រាច​ខាងលិច និង​ឃុំ​អង្គ​សុរភី » ។ លោក​ប្រធាន​ការិយាល័យ​រូប​នេះ​បន្ត​ថា កាលពីមុន ពួក​គាត់​ដក​ស្ទូង​តាម​បែប​បុរាណ ប៉ុន្តែ​ឥឡូវនេះ ខ្វះ​តាំងពី​កម្លាំង​អូស​ទាញ មាន​លុយ ហើយ​ពិបាក​រក​អ្នកស៊ីឈ្នួល​ដែល​ត្រង់នេះ​ហើយ​ធ្វើ​កសិករ​ជួប​ការ​ពិបាក ។

ដោយសារ​តែ​ជំនន់​ទឹកភ្លៀង​កំពុង​តែ​បង្ក​ផល​ប៉ះពាល់​ដល់​ផលដំណាំ​រដូវវស្សា​របស់​កសិករ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ណែនាំ​ដល់​អង្គភាព​បច្ចេកទេស និង​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​គ្រប់​រាជធានី​-​ខេត្ត ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​វិធានការ​ចាំបាច់ និង​បន្ទាន់​មួយ​ចំនួន​ផង​ដែរ ដូច​ជា ត្រូវ​តាមដាន​ជា​ប្រចាំ​នូវ​ស្ថានភាព​ទឹកជំនន់​, ត្រៀមលក្ខណៈ​សង្គ្រោះ​បន្ទាន់​, វាយតម្លៃ​ផល​ប៉ះពាល់​និង​ការ​ខូចខាត​ដើម្បី​ទទួល​បាន​តួលេខ​ពិតប្រាកដ ។ ត្រូវ​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច ពិសេស​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ដើម្បី​ចាត់វិធានការ​បញ្ចៀស បង្ការ និង​ទប់ស្កាត់​ការ​ខូចខាត​ដែល​បណ្ដាល​មក​ពី​គ្រោះ​ទឹកជំនន់​តាម​លទ្ធភាព​ជាក់ស្ដែង និង​ត្រូវ​ពិនិត្យ​លទ្ធភាព​ផ្ដល់​ពូជ ព្រមទាំង​ពូជ​ដំណាំ​ផ្សេង​ៗ សម្រាប់​កិច្ច​អន្តរាគមន៍​ស្ដារ​ការ​ខូចខាត​ឡើង​វិញ​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ