ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​ទៀត​ហើយ ទំនិញ​ខូចគុណភាព​នៅ​ផ្សារ​វាល​យន្ត

5 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តស្វាយរៀង សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តស្វាយរៀង នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០១៨​នេះ បាន​ចុះ​ពិនិត្យ​ទំនិញ​បន្លែ​ផ្លែ​ឈើ​នៅ​ទីតាំង​ផ្សារ​វាល​យន្ត ក្នុង​នោះ រក​ឃើញ​ទឹក​តៅហ៊ូ​ចំនួន​២៩​ដប…

ខេត្តស្វាយរៀង ៖ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តស្វាយរៀង សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តស្វាយរៀង នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០១៨​នេះ បាន​ចុះ​ពិនិត្យ​ទំនិញ​បន្លែ​ផ្លែ​ឈើ​នៅ​ទីតាំង​ផ្សារ​វាល​យន្ត ក្នុង​នោះ រក​ឃើញ​ទឹក​តៅហ៊ូ​ចំនួន​២៩​ដប និង​បង្គា​ក្រៀម​រាប់​សិប​គីឡូ​ព្រមទាំង​ទំនិញ​ខូចគុណភាព ជា​ច្រើន មុខ​ទៀត ដែល​ដាក់​តាំង​លក់​នៅ​ផ្សារ​វាល​យន្ត ក្រុង​ស្វាយ​រៀង ខេត្តស្វាយរៀង ហើយ​បាន​ដកហូត​យក ទៅ​ដុត​កម្ទេច​ចោល​។

លោក ផឹង និល បាន​ថ្លែង​ថា ដោយ​មានការ​ណែនាំ​ពី​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក កាំកុងត្រូល ក្នុង​នោះ​កាំកុងត្រូល​ខេត្តស្វាយរៀង តែងតែ​ចុះ​ពិនិត្យ​មុខទំនិញ​បានជា​ច្រើន​លើក ហើយ​ការ​ចុះ​ពិនិត្យ​មុខទំនិញ​នៅ​ថ្ងៃនេះ ក្នុង​គោលបំណង​ធានា​បាន​សុវត្ថិភាព​ម្ហូបអាហារ ជូន​ប្រជាពលរដ្ឋ និង​លើកកម្ពស់​សុខុមាលភាព​ដល់​ពួក​គាត់​ព្រោះ​វា​មាន​សារសំខាន់​ណាស់​ក្នុង​សង្គម និង​ជីវភាព​ប្រចាំ​ថ្ងៃ ហើយ​ការ​ទទួលខុសត្រូវ​លើ​សុវត្ថិភាព​ម្ហូបអាហារ គឺជា​ការ​ទទួលខុសត្រូវ​រួម​គ្នា ទាំង​ស្ថាប័ន​ជំនាញ ទាំង​អ្នក​នាំ​ចូល អ្នក​ផលិត អ្នក​ចែកចាយ និង​អ្នក​ប្រើប្រាស់​ផង​ដែរ ព្រោះ​សុខភាព គឺជា​កត្តា​ចំបង នៃ​ភាព​រស់រាន​នៃ​ជីវិត​។

លោក​បាន​បញ្ជាក់​ទៀត​ថា មន្ត្រី​ជំនាញ បាន​ធ្វើការ​ចុះ​ពិនិត្យ​មុខទំនិញ​ជា​ច្រើន​មុខ ក្នុង​ទីតាំង​ផ្សា​វាល​យន្ត​នា​ពេល​នេះ បាន​រក​ឃើញ​ទឹក​តៅហ៊ូ ចំនួន​២៩​ដប​ខូចគុណភាព និង​ទំនិញ​ហួស​កាលបរិច្ឆេទ​មួយ​ចំនួន​ទៀត​ផង​ដែរ​។ ក្នុង​នោះ​មន្ត្រី​ជំនាញ​បាន​ធ្វើតេស្ត ទៅ​លើ​មុខទំនិញ​ជា​ច្រើន​មុខ​មាន​ដូច​ជា​បន្លែ ផ្លែ​ឈើ ផ្អក ប្រហុក ជ្រក់ សណ្តែកបណ្តុះ​។​ល​។ ចំណែក​អ្នកលក់ ក៏​បាន​យល់ព្រម​បញ្ឈប់​ការ​ដាក់​លក់ទំនិញ​ដែល​ខូចគុណភាព ហួសការ​បរិច្ឆេទ​ប្រើប្រាស់ ព្រោះ​ពួក​គេ​ទាំង​អស់នោះ បាន​យល់​ដឹង​នូវ​ផល​ប៉ះពាល់​ដល់​សុខភាព នៅ​ពេល​ដែល​ប្រើប្រាស់​ទំនិញ​ដែល​ខូចគុណភាព​។

លោក ផឹង និល ក៏​បាន​អំពាវ​ដល់​ប្រជាពលរដ្ឋ ទាំងអស់​នៅ​ខេត្តស្វាយរៀង សូម​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​បរិភោគ​ចំណីអាហារ ត្រូវ​ពិនិត្យ​មើល ស្លាក​សញ្ញា​កាលបរិច្ឆេទ ឲ្យ​បាន​ច្បាស់លាស់​មុន​នឹង​ទិញ​យក​ទៅ​បរិភោគ ដើម្បី​ចូលរួម​លើកកម្ពស់ សុខមាលភាព​ទាំងអស់​គ្នា ហើយ​មន្ត្រី​កាំកុងត្រូល​នឹង​បន្ត​ចុះ​ពិនិត្យ​ទំនិញ​នៅ​តាម​ផ្សារ​នានា នៅ​ក្នុង​ខេត្តស្វាយរៀង ឲ្យ​បាន​ញឹកញាប់​បន្ថែម​ទៀត​។

រីឯ​មហាជន​វិញ​បាន​លើក​ឡើង​ថា ពួក​គាត់​នៅ​មាន​ច​ម្ង​ល់​ដោយ​មន្ត្រី​កាំកុងត្រូល​ចុះ​ត្រួតពិនិត្យ​តាម​ផ្សារ​ក្នុង​មួយ​ខែ​២​ទៅ​៣​ដង​ហើយ​តែងតែ​រក​ឃើញ​ទំនិញ​ខូចគុណភាព​រាល់​លើក ក៏​ប៉ុន្តែ​មិន​ដែល​ឃើញ​ចុះ​ទប់ស្កាត់​ឈ្មួញ​ដឹក​ទំនិញ​នាំ​ចូល ពី​ប្រទេស​វៀតណាម តាម​ច្រករបៀង​ដូច​គេ​ហែ​កឋិន​មាន​បន្លែ​ផ្លែ​ឈើ ពោះគោ​ពោះជ្រូក គ្រឿងក្នុង​មាន់​ទា បេះដូង​ជ្រូក យក​ដាក់​លក់​នៅ​តាម​ផ្សារ​តូច​ៗ​នៅ​ជនបទ និង​អ្នក​ដឹក​តាម​ម៉ូតូ​លក់​តាម​ផ្ទះ មិន​ដែល​ឃើញ​ត្រួតពិនិត្យ​ទេ គួរ​ឲ្យ​ព្រួយបារម្ភ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ