ពុទ្ធបរិស័ទ​អស់ជំនឿ​នឹង​សង្ឃ ក៏​ព្រោះតែ​បុគ្គល​មួយ​ចំនួន​ធ្វើ​បែប​នេះ


ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់​ពី​មាន​បណ្តឹង​ពី​ប្រជាពលរដ្ឋ​ចំនួន​៧៥​គ្រួសារ នៅ​ក្នុងភូមិ​សិរី ឃុំ​ខុន​រ៉​ង ស្រុក​បរិបូរណ៍ បាន​ផ្ដិត​មេដៃ​ប្តឹង​ទៅ​មន្ត្រី​សង្ឃ​ស្រុក​បរិបូរណ៍​ឲ្យ​ជួយ​ដក​ព្រះសង្ឃ​១​អង្គ​ព្រះ​នាម ប៊ូ ចាន់​មុន្នី ហៅ ណេ​ង គង់នៅ​ក្នុង​វត្ត​សិរី ចេញពី​វត្ត ព្រោះតែ​ព្រះសង្ឃ​អង្គ​នោះ​បាន​ប្រព្រឹត្ត​ខុស​វិន័យ​សង្ឃ បំបែកបំបាក់​ប្រជាពលរដ្ឋ និង​បំបែក​សង្ឃ ហើយ​បាន​ប្រព្រឹត្ត​ខុស​គន្លង​ព្រះពុទ្ធ​សាសនា​។ នៅ​ល្ងាច​ថ្ងៃ​ទី​០៦ ខែសីហា​នេះ ព្រះ​វិន័យធរ និង​ជា​អនុគណ​ស្រុក​បរិបូរណ៍ មន្ត្រី​ធម្មការ​ស្រុក និង​លោក​មេ​ភូមិ មេឃុំ បាន​និមន្ត​ព្រះសង្ឃ ព្រះ​នាម ប៊ូ ចាន់​មន្នី មក​ប្រជុំ និង​សាកសួរ​អំពី​ដំណើររឿង​ដែល​សង្ឃ​អង្គ​នោះ​ត្រូវ​ប្រជាពលរដ្ឋ​ប្តឹង​។

ព្រះ​វិន័យធរ និង​ជា​ព្រះ​អនុគណ ស្រុក​រិ​បូ​រណ៍​ព្រះ​នាម ជួប សុផល មាន​ថេរ​ដីកា​ថា បណ្តឹង​របស់​ប្រជាពលរដ្ឋ​ចំនួន​៧៥​គ្រួសារ ចុះ​ថ្ងៃ​ទី​០៤ ខែសីហា ឆ្នាំ​២០១៨ មាន​ចំនួន​៦​ចំណុច​ដូច​ជា ព្រះ​អង្គ​ព្រះ​នាម ប៊ូ ចាន់​មុន្នី ហៅ ណេ​ង បាន​ញុះញង់​បំបែកបំបាក់​សាមគ្គី​រវាង​ពុទ្ធបរិស័ទ និង​ពុទ្ធបរិស័ទ​,​មិន​ស្តាប់​អាជ្ញាធរ ភូមិ ឃុំ បង្ករ​លក្ខណៈ​ច្របូកច្របល់​,​បង្កើត​ជម្លោះ​នៅ​ក្នុង​វត្ត​ដែល​មិន​ធ្លាប់​មាន​,​ចាក់ទឹក​ប្រោះ​ព្រហ្ម បោក​ក្អម និង​ចោល​របស់​ផ្សេង​ៗ​ក្នុង​វត្ត​,​ធ្វើ​អ្វី​ៗ​អន្ត​នោម​តិ​ដោយ​ខ្លួនឯង​,​មាន​ថេរ​ដីកា គំរោះគំរើយ​គ្មាន​សីលធម៌​ជា​សង្ឃ និង ប្រើ​មន្តអាគម​ន៍​អរូបី​យ៍​នៅ​ក្នុង​វត្ត​អារាម ធ្វើ​ឲ្យ​អាប់ឱន​ព្រះពុទ្ធ​សាសនា និង​បង្ករឿង​គ្រប់​បែប​យ៉ាង​។

ប្រជាពលរដ្ឋ​សំណូមពរ​និមន្ត​ព្រះ​ង​អង្គ​នោះ​ចេញពី​វត្ត និង​សុំ​រើ អាសនៈ ដែល​មិនមែន​បម្រើ​ឲ្យ​វិស័យ​ព្រះពុទ្ធ សាសនា​ជាដើម​។ ក្រៅពី​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ​ខាងលើ មន្ត្រី​សង្ឃ​គ្រប់​ឋានានុក្រម​បាន​លើក​ឡើង ពី​វិន័យ​សង្ឃ និង​កំហុស​ខុសឆ្គង​ផ្សេង​ទៀត ដែល​ព្រះ​អង្គ ប៊ូ ចាន់​មុន្នី បាន​ប្រព្រឹត្ត​ខុស​វិន័យ​សង្ឃ ដូច​ជា​បាន​ផ្សាយ​ផ្ទាល់​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​មាន​ថេរ​ដីកា ចោទ​មន្ត្រី​សង្ឃ​ស្រុក​ថា បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ប្រកាន់​បក្ខពួក ប្រមាថ​អាជ្ញាធរ​ភូមិ​ឃុំ និង​ផ្សាយ​ផ្ទាល់​ពេល​ស្រោច​ទឹក​ប្រោះ​ព្រហ្ម សូត្រ​ផ្លុំ​មន្តអាគម បង្ហោះ​តាម​ហ្វេ​ស​បុក និង​មើលជំងឺ តាំងខ្លួន​ជា​អ្នក​ខ្លាំងពូកែ​កាប់​មិន​មុត​។​ល​។ មិន​ទទួល ស្គាល់​ការ​ចាត់តាំង​របស់​ព្រះ​អង្គ នៅ ចក់ ជា​ចៅអធិការ​ស្តីទី​វត្ត​សិរី របស់​មន្ត្រី​សង្ឃ​ស្រុក​ជាដើម​។

ព្រះ​អង្គ ប៊ូ ចាន់​មុន្នី ហៅ​ណេ​ង នៅ​ក្នុង​អង្គប្រជុំ​នោះ ដំបូង​ឡើយ​បាន​បដិសេធ​ទាំងស្រុង​នូវ​ពាក្យបណ្តឹង ថា​ព្រះ​អង្គ​មិន​បាន​ប្រព្រឹត្ត​ខុស​ដូច​ពាក្យបណ្តឹង​ចោទប្រកាន់​ឡើយ ព្រះ​អង្គ​សុំ​តទល់​ផ្ទាល់​ចំពោះ​មុខ​ម្ចាស់​បណ្តឹង និង​ថា​ពាក្យបណ្តឹង​មាន​មេដៃ​ក្លែងក្លាយ​ទៀត​ផង​។ ប៉ុន្តែ​ក្រោយ​ពី​ព្រះ​វិន័យធរ អនុគណ​ស្រុក​ព្រមាន​ខ្លាំង​ៗ នៅ​ក្នុង​អង្គប្រជុំ​រួច​មក ព្រមទាំង​បង្ហាញ​ភស្តុ​តាង ក្នុង​ទូរ​សព្ទ័​ដៃ​ជា​ច្រើន​មក មានការ​មើលជំងឺ​ប៉ះពាល់​ដល់​មនុស្ស​ស្រី ខុស​វិន័យ​សង្ឃ​ជាដើម ទើប​ព្រះ​អង្គ ប៊ូ ចាន់​មុន្នី ព្រម​ទួល​ស្គាល់​កំហុស​ខ្លះ និង​ព្រម​កែប្រែ​ខ្លួន ប៉ុន្តែ​នៅ​ប្រឆាំង​ដាច់ខាត​មិន​ព្រម រើ​អាសនៈ​ជា​ដាច់ខាត​។

នៅ​ចំពោះ​មុខ អ្នក​សារព័ត៌មាន ព្រះ​អង្គ ប៊ូ ចាន់​មុន្នី ហៅ​ណេ​ង បាន​មាន​ថេរ​ដីកា​រថា ព្រះ​អង្គ​ទទួលកំហុស​ខ្លះ និង​មិន​ទទួលកំហុស​ខ្លះ ដូច​ជា​សូម​ទទួលស្គាល់​ការ​ប្រកាស​តែងតាំង​ព្រះ​អង្គ នៅ ចក់ ជា​ចៅអធិការ​ស្តីទី , ព្រមទាំង​ឈប់​ឡាយ​តាម​បណ្តាញ​សង្គម ហ្វេ​ស​ប៊ុ​ក ប្រមាថមើលងាយ​មន្ត្រី​សង្ឃ​ទៀត​ហើយ​។ ប៉ុន្តែ​ចំណុច​រើ​អាសនៈ និង​ចំណុច​ថា ព្រះ​អង្គ​មក​បំបែកបំបាក់ ពុទ្ធបរិស័ទ​ក្នុង​វត្ត លោក​មិន​ទទួលយក​បាន​ឡើយ​។

យ៉ាងនេះ​ក្តី លោក អៀម វន មេ​ភូមិ​សិរី និង​លោក ចាន់ អាន មេឃុំ​ខុន​រ៉​ង ក៏​បាន​ផ្តល់​កិច្ច​សម្ភាសន៍​ថា ការ​ដោះស្រាយ​នេះ អាជ្ញាធរ​ភូមិ​ឃុំ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​មិន​ទទួលយក​បាន​ឡើយ ដោយសារ​តែ​មិន​ព្រម​រើ អាសនៈ ដោយនៅ​តាំងខ្លួន​ជា​គ្រូហ្ម មើល​អ្នកជំងឺ​ក្នុង​វត្ត​បង្ក​ឲ្យ​មាន​មនុស្ស​ចេញចូល​ស្នាក់​នៅ ក្នុង​វត្ត អាជ្ញាធរ​មិន​អាច​គ្រប់គ្រង អ្នក​ស្នាក់​នៅ បង្ក​ឲ្យ​ប៉ះពាល់​ដល់​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​។

ម្យ៉ាងវិញទៀត ព្រះសង្ឃ​អង្គ​នោះ មាន​ពាក់​អង្កាំ​រយីងរយោង មើលទៅ​សង្ឃ​មិន​ចំ​សង្ឃ តាបស​មិន​ចំ​តាបស ឥសី​មិន​ចំ​ឥសី វា​ទៅ​ជា​ព្រហ្មញ្ញសាសនា មិនមែន​ព្រះពុទ្ធ​សាសនា​ឡើយ​។ ហើយ​រឿង​សំខាន់​មួយទៀត ព្រះ​អង្គ​បាន​យក​រូប សម្តេច​ហ៊ុន សែន មក​ស្គែ​ន​ដាក់​ជាមួយ​រូបថត​របស់​ខ្លួន គឺ​ក្នុង​ចេតនា​ឲ្យ​យ​ខ្លួន​មាន​ឥទ្ធិពល គឺ​សុទ្ធតែ​ខុស​ទាំងអស់​មិន​អាច​ទទួលយក​បាន​ឡើយ ហើយ​ការ​ដោះស្រាយ​នេះ នឹង​មិន​ចប់​ទេ ប្រជាពលរដ្ឋ មិន​អាច​ទទួលយក​បាន​ឡើយ​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សន្ដិសុខ​សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ