ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​គាំទ្រ​ការ​ដាក់បញ្ចូល​ចំណេះដឹង​ផ្នែកហិរញ្ញវត្ថុ​ទៅ​ក្នុង​កម្មវិធីសិក្សា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ធនាគារជាតិ​នៃ​កម្ពុជា និង​ក្រសួង​អប់រំ យុវជន និង​កីឡា ត្រៀម​ដាក់​បញ្ចូល​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ទៅ​ក្នុង​កម្មវិធី​សិក្សា​របស់​រដ្ឋ ចាប់ពី​កម្រិត​បឋម​ដល់​មធ្យមសិក្សា​ទុតិយភូមិ ដែល​នឹង​ត្រូវ​អនុវត្ត​ចាប់ពី​ឆ្នាំ​២០១៩​ខាង​មុខ​តទៅ ដើម្បី​បញ្ជ្រាប​ចំណេះដឹង​វិស័យ​នេះ​ឲ្យ​មាន​លក្ខណៈ​ទូលំទូលាយ…

រាជធានី​ភ្នំពេញ ៖ ធនាគារជាតិ​នៃ​កម្ពុជា និង​ក្រសួង​អប់រំ យុវជន និង​កីឡា ត្រៀម​ដាក់​បញ្ចូល​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ទៅ​ក្នុង​កម្មវិធី​សិក្សា​របស់​រដ្ឋ ចាប់ពី​កម្រិត​បឋម​ដល់​មធ្យមសិក្សា​ទុតិយភូមិ ដែល​នឹង​ត្រូវ​អនុវត្ត​ចាប់ពី​ឆ្នាំ​២០១៩​ខាង​មុខ​តទៅ ដើម្បី​បញ្ជ្រាប​ចំណេះដឹង​វិស័យ​នេះ​ឲ្យ​មាន​លក្ខណៈ​ទូលំទូលាយ និង​ចីរភាព​សម្រាប់​ធនធានមនុស្ស ខណៈ​បច្ចុប្បន្ន មាន​ប្រជាពលរដ្ឋ​ខ្មែរ​តិចតួច​ណាស់​ដែល​យល់​ដឹង​ពី​ផ្នែក​ហិរញ្ញវត្ថុ​នេះ ។

បើ​តាម​លោក​ជំទាវ ជា សិរី អគ្គនាយក​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា មាន​ប្រ សាសន៍​ថា ដើម្បី​ជំរុញ​ការ​យល់​ដឹង​ផ្នែក​ហិរញ្ញវត្ថុ​ឲ្យ​កាន់តែ​ទូលំទូលាយ និង​មាន​ចីរភាព​ជាង​នេះ ធនាគារជាតិ​បាន​បញ្ចូល​ចំណេះដឹង​ផ្នែក​នេះ​ទៅ​ក្នុង​កម្មវិធី​សិក្សា​ចំណេះដឹង​ទូទៅ តាំងពី​ថ្នាក់​ទី​១​ដល់​ថ្នាក់​ទី​១២ ហើយ​ពេល​នេះ ធនាគារជាតិ​កំពុង​តែ​រៀបចំ​សៀវភៅពុម្ព​ដើម្បី​ដាក់​ឱ្យ​ប្រើប្រាស់​នៅ​ដើមឆ្នាំ​២០១៩ ។

លោក​ជំទាវ​បញ្ជាក់​ថា ៖« ចាប់ពី​ឆ្នាំ​២០១៩​តទៅ កូនសិស្ស​ពី​ថ្នាក់​ទី​១ រហូត​ដល់​ថ្នាក់​ទី​១២ នឹង​បាន​យល់​ដឹង​អំពី​ផ្នែក​ហិរញ្ញវត្ថុ​ច្បាស់​ជាង​មុន ដូច​ជា ចេះ​គិតគូរ​អត្រា​ការ​ប្រាក់​, កម្ចី​ជា​អ្វី និង​ការ​សន្សំ​លុយ​ជា​អ្វី ជាដើម ។ នេះ​ជា​ការ​ចូលរួម​ចំណែក​លើក​ស្ទួយ​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ​ដែរ ដើម្បី​ឱ្យ​ពួក​គាត់​យល់​ដឹង​ថា តើ​គាត់​ត្រូវធ្វើ​យ៉ាងម៉េច ត្រូវ​សន្សំ​លុយ​សិន ទើប​យក​ទៅ​វិនិយោគ ឬ​ក៏​យ៉ាងណា » ។

នាយក​ប្រតិបត្តិ​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា លោក យន់ សុ​វ​ណ្ណា បាន​លើក​ឡើង​ថា ការ​បញ្ជ្រាប​ចំណេះដឹង​ហិរញ្ញវត្ថុ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​តាំងពី​វ័យក្មេង​នេះ គឺជា​ដំណើរការ​ល្អ ដែល​នឹង​ចូលរួម​បង្កើន​ការ​យល់​ដឹង​ផ្នែក​ហិរញ្ញវត្ថុ​ដល់​សាធារណជន ។ លោក​ថា ៖« និរន្តរភាព​នៃ​ការ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​កម្ពុជា ត្រូវការ​ចូលរួម​ពី​ក្មេង​ៗ​។ ដូច្នេះ ការ​អប់រំ​ដល់​ពួក​គេ​ពី​វិស័យ​នេះ គឺជា​ការ​ចាំបាច់ » ។

ទីប្រឹក្សា​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន​Emerging Markets Consulting លោក ង៉ែត ជូ បាន​គាំទ្រ​ចំពោះ​ផែនការ​ដាក់​បញ្ចូល​ជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​នេះ​ទៅ​ក្នុង​កម្មវិធី​សិក្សា​ទូទៅ​របស់​រដ្ឋ ដែល​នឹង​ជួយ​ឲ្យ​យុវជន​ជំនាន់​ក្រោយ​ៗ​មានការ​យល់​ដឹង​ផ្នែក​ហិរញ្ញវត្ថុ​ច្បាស់លាស់ ។ លោក​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​៥ សីហា ថា ៖« បើ​យើង​អត់​មានចំណេះ​ដឹង​ផ្នែក​ហិរញ្ញវត្ថុ យើង​នឹង​មាន​បញ្ហា​ច្រើន​ដូច​នា​ពេល​បច្ចុប្បន្ន​អីចឹង ប៉ុន្តែ​បើ​យើង​បាន​អប់រំ​ក្មេង​ៗ​តាំងពី​តូច​មក​គឺជា​រឿង​ល្អ ធ្វើ​ឱ្យ​ពួក​គាត់​មានចំណេះ​ដឹង​មូលដ្ឋាន​ហិរញ្ញវត្ថុ​នេះ ឱ្យ​ពួក​គាត់​ចេះ​ប្រើ​លុយ​, ចេះ​ប្រើ​កម្ចី​, ប្រើ​ការ​សន្សំ​, មាន​ប្រសិទ្ធ​ភាពល្អ និង​ជួយ​ជំរុញ​ឱ្យ​សេដ្ឋកិច្ច​កាន់តែ​ល្អ » ។

លោក​បញ្ជាក់​ថា ៖« បច្ចុប្បន្ន​នេះ អ្នកមាន​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ គឺ​មាន​តិច​ណាស់ ប្រហែលជា​១៨% ។ អីចឹង បើ​យើង​បាន​បញ្ចូល​ចំណេះដឹង​ផ្នែក​នេះ​តាំងពី​បឋម​មក ពិតជា​រឿង​ល្អ គ្រាន់តែ​ផល​នេះ វា​មិន​ទាន់​បាន​ភ្លាម​ទេ ទាល់តែ​១០​ទៅ​២០​ឆ្នាំ​ទៀត » ។ លោក​ថា ៖«​នៅ​ពេល​ពលរដ្ឋ​យល់​ដឹង​ផ្នែក​ហិរញ្ញវត្ថុ​កាន់តែ​ច្រើន ធ្វើ​ឱ្យ​គាត់​ចេះ​គ្រប់គ្រង​លុយ​មាន​ប្រសិទ្ធភាព និង​ចំណេញ​ច្រើន » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ