ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងថាម៉េចក៏​មាន​រូប​បុរស​ឈរ​​ជាប់​ផ្លូវ​រទេះភ្លើងទេ… ​គេ​ហៅថា «ពូរ៉េតៗ»

5 ឆ្នាំ មុន
  • កំពត

ខេត្ត​កែប ​៖ រូបសំណាក​ប្រធាន​កម្មករ​ធ្វើ​ផ្លូវ​រថភ្លើង​ឈរ​កាន់​ប៉ែល​ជាប់​នឹង​ផ្លូវ​រទេះភ្លើង គឺជា​រូប​អនុស្សាវរីយ៍​បន្សល់​ទុក​ច្រើន​ឆ្នាំ​មក​ហើយ ។ រូបសំណាក​នេះ​ស្ថិត​នៅ​ខាងជើង​ស្ថានីយ​រថភ្លើង​ដំណាក់​ចង្អើរ​ចម្ងាយ​២០​ម៉ែត្រ ក្នុងភូមិ​ដំណាក់​ចង្អើរ ឃុំ​ព្រៃធំ ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប…

ខេត្ត​កែប ​៖ រូបសំណាក​ប្រធាន​កម្មករ​ធ្វើ​ផ្លូវ​រថភ្លើង​ឈរ​កាន់​ប៉ែល​ជាប់​នឹង​ផ្លូវ​រទេះភ្លើង គឺជា​រូប​អនុស្សាវរីយ៍​បន្សល់​ទុក​ច្រើន​ឆ្នាំ​មក​ហើយ ។ រូបសំណាក​នេះ​ស្ថិត​នៅ​ខាងជើង​ស្ថានីយ​រថភ្លើង​ដំណាក់​ចង្អើរ​ចម្ងាយ​២០​ម៉ែត្រ ក្នុងភូមិ​ដំណាក់​ចង្អើរ ឃុំ​ព្រៃធំ ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ។

ទាក់ទិន​នឹង​ប្រវត្តិ​រូបសំណាក បើ​តាម​អ្នក​រស់នៅ​ក្បែរ​នោះ​ជា​ច្រើន​គ្រួ​សារបាន​និយាយ​ឲ្យ​ដឹង​កាលពី​ពេលថ្មី​ៗ​កន្លង​មក​ថា ​សម្ដេចព្រះ​នរោត្តម សីហ​នុ កសាង​ឡើង​ចន្លោះ​ឆ្នាំ​១៩៥៨ និង​រួចរាល់​នៅ​ឆ្នាំ​១៩៦២ ឬ​១៩៦៣​។ នៅ​អំឡុង​ឆ្នាំ​នោះ​សម្ដេចព្រះ​នរោត្តម សីហ​នុ បាន​យាង​ទៅ​សម្ពោធ​ស្ថានីយ​រថភ្លើង និង​រូបសំណាក​ឈរ​កាន់​ប៉ែល ។ ក្នុង​កម្ម​វិធី​សម្ពោធ​នោះ​សម្ដេចព្រះ​នរោត្តម សីហ​នុ បាន​យាង​តាម​ព្រះរាជ​ទីនាំង​រថយន្ដ​ដ៏​ទំនើប និង​មាន​ក្រុម​សិល្បៈ​ប្រចាំ​រាជវាំង​ចូលរួម​សម្តែង​ផង​ដែរ ។

អ្នក​ភូមិចាស់​ៗ​ជា​ច្រើន​នាក់​មាន​ប្រសាសន៍ដូច​ៗ​គ្នា​ទៀត​ថា នៅ​ពេល​សម្ដេចព្រះ​នរោត្តម សីហ​នុ យាង​ចូលរួម​កម្មវិធី​សម្ពោធ​នោះ​បាន​មាន​ព្រះរាជ​បន្ទូល​ថា ចំពោះ​រូបសំណាក​បុរស​ឈរ​កាន់​ប៉ែល​នោះ​ដាក់​ឈ្មោះ​ថា ​«​ពូ​រ៉េ​ត​» ​ជា​ប្រធាន​កម្មក និង​ជា​ប្រធាន​ផ្នែក​កសាង​ផ្លូវ​រទេះភ្លើង​ទូ​ទាំង​ប្រទេស ។ បច្ចុប្បន្ន​នេះ​​ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​កែប​បាន​ហៅ​រូបសំណាក​ឈរ​កាន់​ប៉ែល​ថា​ «​ពូ​រ៉េ​ត​ៗ» ​គ្រប់​គ្នា ។

ដូច​ជា​គ្មាន​ឯកសារ​ច្បាស់លាស់​ទេ ក្រៅពី​ប្រជា​ល​ព​រដ្ឋ​និទាន​ពី​ប្រវត្តិ​នៃ​រូបសំណាក​នោះ​។ ចំពោះ​ក្មេង​ៗ​ស្រករ​ក្រោយ​តែងតែបាន​លឺ ចាស់​ៗ និយាយ​ត​គ្នា​រហូត​បច្ចុប្បន្ន ។
អ្នក​​ភូមិ​បាន​បន្ត​ទៀត​ថា ​រូបសំណាក​ពូ​រ៉េ​ត​បាន​រង​គ្រាប់កាំភ្លើង​ចំ​ផ្ទៃមុខ និង​ក្បាល​ជា​ច្រើន​​គ្រាប់​កាលពី​នៅ​មាន​សង្គ្រាម​ជាមួយ​ពួក​ខ្មែរក្រហម​អំឡុង​ក្រោយ​ឆ្នាំ​១៩៧៩ ។

ពួក​ទាហាន​ខ្មែរក្រហម​បាន​បាញ់​ស៊ី​បលេង​ទៅ​លើ​រូបសំណាក​ពូ​រ៉េ​ត ។ រហូត​ដល់​សព្វ​ថ្ងៃនេះ​ពូ​រ៉េ​ត​នៅ​មាន​ស្នាម​របួស​ពេញ​ផ្ទៃមុខ និង​ដងខ្លួន ។ ប្រជា​ពលរ​ដ្ផ​ដែល​រស់នៅ​ក្បែរ​​រូបសំណាក​ពូ​រ៉េ​ត​ចង់ឱ្យ​អាជ្ញាធរ​ដែនដី​ជួសជុល​រូបសំណាក​ពូ​រ៉េ​ត ឲ្យ​ស្អាត​ឡើង​វិញ។

បច្ចុប្បន្ន​រូបសំណាក​ពូ​រ៉េ​ត ត្រូវ​ព្រៃ​ដុះ​ព័ទ្ធ​ជុំវិញ ។ ចំណែក​ស្ថានីយ​រថភ្លើង​ក៏​បែកបាក់​ខូចខាត​អស់​ដែរ​នៅ​ជំនាន់​ប៉ុ​ល ពត ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ