ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណាំ​ពោតក្រហម​ចាប់ផ្តើម​ឡើងថ្លៃធ្វើ​ឱ្យ​ពលរដ្ឋ​សប្បាយចិត្ត​និង​សម្រុក​ប្រមូល​ផល(មានវីដេអូ)

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​ដំណាំ​ពោតក្រហម​ធ្លាក់​ថ្លៃ​អស់​ប៉ុន្មាន​ខែ​កន្លង​ទៅ​រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​០៦ ខែសីហា ឆ្នាំ​២០១៨​នេះ​ឈ្មួញ​នៅ​តាម​ស្តង់​មួយ​ចំនួន​ចាប់ផ្តើម​តម្លើង​ថ្លៃ​វិញ​ហើយ ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មានការ​សប្បាយ​រីករាយ​ប្រញាប់​នាំ​គ្នា​ប្រមូល​ផល​ជួល​រថយន្ត​ដឹក​យក​ទៅ​លក់​បាន​ប្រាក់​សម្រាប់​សង​ជំពាក់​បំណុល​គេ និង​សល់​មួយ​ចំនួន​ទុក​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ។ តាម​ការ​រៀបរាប់​ពី​កសិករ​ម្នាក់​ឈ្មោះ ង៉ែត…

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​ដំណាំ​ពោតក្រហម​ធ្លាក់​ថ្លៃ​អស់​ប៉ុន្មាន​ខែ​កន្លង​ទៅ​រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​០៦ ខែសីហា ឆ្នាំ​២០១៨​នេះ​ឈ្មួញ​នៅ​តាម​ស្តង់​មួយ​ចំនួន​ចាប់ផ្តើម​តម្លើង​ថ្លៃ​វិញ​ហើយ ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មានការ​សប្បាយ​រីករាយ​ប្រញាប់​នាំ​គ្នា​ប្រមូល​ផល​ជួល​រថយន្ត​ដឹក​យក​ទៅ​លក់​បាន​ប្រាក់​សម្រាប់​សង​ជំពាក់​បំណុល​គេ និង​សល់​មួយ​ចំនួន​ទុក​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ។

តាម​ការ​រៀបរាប់​ពី​កសិករ​ម្នាក់​ឈ្មោះ ង៉ែត សុផល អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិបរ​តាំង​ស៊ូ សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន​បានឱ្យ​ដឹង​ថា នៅ​ឆ្នាំ​២០១៨​នេះ​គាត់​បាន​ដាំពោត​ចំនួន​១៧​ហិ​កតា ហើយ​ក៏​បាន​ប្រមូល​ផល​ដឹក​លក់​ជា​ណ្តើ​រ​ៗ​ផង​ដែរ ។ លោក​បន្ត​ទៀត​ថា បន្ទាប់​ពី​តម្លៃ​ទីផ្សារ​ពោតក្រហម​ធ្លាក់​ថ្លៃ​អស់​រយ​:​ពេល​ប្រហែល​២​ទៅ​៣​ខែ​កន្លង​ទៅ​ធ្វើ​ឱ្យ​ម្នាក់​ៗ​មានការ​លំបាក​ក្នុង​ការ​លក់ដូរ​យ៉ាង​ខ្លាំង ។

លោក​បន្ត​ទៀត​ថា កាលពីដើម​ដំបូង ពោតក្រហម​១​គីឡូក្រាម ឈ្មួញ​ទិញ​តម្លៃ​៥​បាត (​ប្រាក់​ថៃ​) ជាង​៥០០​រៀល លុះ​ក្រោយមក ខណ​:​ប្រជាពលរដ្ឋ​នាំ​គ្នា​ប្រមូល​ផល​កាន់តែ​ច្រើន​ស្រាប់ តែ​តម្លៃ​មានការ​ធ្លាក់​ចុះ​រហូត​ដល់​១​គីឡូក្រាម​ឈ្មួញ​ទិញ​ត្រឹមតែ​៤​បាត ឬ​៣.៨​បាត​ប៉ុណ្ណោះ​។ ប៉ុន្តែ​នៅ​ពេល​នេះ​តម្លៃ​ពោតក្រហម​ចាប់ផ្តើម​ឡើងជា​បណ្តើរ​ៗ​វិញ​ហើយ ដោយ​១​គីឡូក្រាម ឈ្មួញ​ទិញ​តម្លៃ​៤.២​បាត ទៅ​៤.៣​បាត គឺ​ស្តង់​មួយ​កន្លែង​ស្ថិត​នៅ​ក្នុងភូមិ​អូរ​អណ្តូង ឃុំ​អូរ​អណ្តូង ស្រុក​សាលា​ក្រៅ ។ តែបើ​ស្តង់​នៅ​ក្បែរ​ចម្ការ​របស់​គាត់​មិន​ទាន់​ឡើងថ្លៃ​នោះ​ទេ ដោយ​មួយ​គីឡូក្រាម​គេ​ទិញ​ត្រឹមតែ​៤​បាត​ប៉ុណ្ណោះ ។

គាត់​បញ្ជាក់​ថា ថ្លៃ​ឈ្នួល​កម្មករ​ដើរ​ប្រមូល​ផល​តាម​ចម្ការ​បច្ចុប្បន្ន​នេះ​ឡើងថ្លៃ​ជាង​មុន​ៗ​ដោយ​១​បាវ​គេ​ទារ​៧០០០​រៀល ហើយ​ជួល​អ្នក​លី​សែង​ដាក់​ក្នុង​រថយន្ត​ក្នុង​១​តោន​១​ម៉ឺន​រៀល និង​ថែម​ទាំង​ជួល​រថយន្ត​គេ​ដឹក​ទៅ​លក់​នៅ​តាម​ស្តង់ ក្នុង​១​តោន​១​ម៉ឺន​៥០០០​រៀល​ផង​ដែរ ។ ដូច្នេះ​ទូរ​ទាត់​ទៅ បន្ទាប់​ពី​ប្រមូល​ផល​រួចរាល់ បើសិនជា​តម្លៃ​ពោតក្រហម​ឡើងថ្លៃ​ចាប់ពី​៤.២​ទៅ​៤.៥ ឬ​រហូត​ដល់​៥​បាត​នោះ​អាច​នឹង​សល់​ខ្លះ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ។

គាត់​ក៏​សំណូមពរ​ដល់​មន្ទីរ​ពាក់ព័ន្ធ ក៏​ដូច​ជា​អាជ្ញាធរ​ខេត្ត ឱ្យ​ជួយ​រក​ទីផ្សារ សម្រាប់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន ឱ្យ​ទីផ្សារ​កសិផល​ដំឡូង​មី ក៏​ដូច​ជា​ពោតក្រហម​មានការ​ឡើងថ្លៃ​ផង ដែរ ព្រោះ​ពួក​គាត់​គ្មាន​អ្វី​ទីពឹង​ក្រៅពី​ចម្ការ​នោះ​ឡើយ ហើយ​បើសិនជា​ឈ្មួញ​បន្ថោក​តម្លៃ​រហូត​នោះ ពួក​គាត់​កាន់តែ​ជំពាក់​បំណុល​គេ​ច្រើន​ឡើង​ៗ ។

ចំណែក​បុរស​ម្នាក់ ឈ្មោះ ណៃ នុ​ន អាយុ​៤៦​ឆ្នាំ ជា​ម្ចាស់​រថយន្ត​ច្នៃ​ដឹក​ផ្លែ​ពោត​បានឱ្យ​ដឹង ថា រហូត​មក​ដល់​ពេល​នេះ​ទីផ្សារ​ពោតក្រហម​ឡើង​ជាង​មុន​បន្តិច​វិញ​ហើយ ដូច្នេះ​គាត់​ក៏​មានការ សប្បាយ​រីករាយ​ក្នុង​ចិត្ត​ជួស​ឱ្យ​កសិករ​ផង​ដែរ ។ គាត់​បន្ត​ទៀត​ថា ការ​ស៊ីឈ្នួល​ដឹក​ពោតក្រហម​នេះ​ក្នុង​១​រថយន្ត​បាន​ថ្លៃ​១៥​ម៉ឺន​រៀល ដោយ​ចេញពី​ប៉ៃលិន​ឆ្ពោះទៅ​លក់​នៅ​ស្រុក​សាលា​ក្រៅ​ចម្ងាយ​ជិត​១០​គីឡូម៉ែត្រ បើ​ជិត​ជាង​នោះ​ក៏​តម្លៃ​ទាប​ផង​ដែរ ។

គាត់​បន្ត​ទៀត​ថា កាលពី​ឈ្នួ​ញ​ថៃ​ចូល​ទិញ​ដល់​ក្នុង​ចម្ការ​តម្លៃ​ហាក់ដូចជា ប្រសើរ​ជាង​នេះ លុះ​គេ​ធ្វើ​ស្តង់​ពោត​កាន់តែ​ច្រើន​ឱ្យ​ឈ្មួញ​ខ្មែរ​ទិញ​ដោយ​ពួក​គាត់​ដឹក​ដល់​ស្តង់​ហើយ នៅ​តែ​តម្លៃ​ទាប​គួរ​ឱ្យ​កត់សម្គាល់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ