ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រឿងបាត់គោ-ក្របីរកវិញអត់ដែលឃើញ គឺមានក្រុមហ៊ុនចាំ​​យក

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ បច្ចុប្បន្ន​នេះ ប្រជាពលរដ្ឋ​បាន​បង្ហាញ​នូវ​ការ​ព្រួយបារម្ភ​ជុំវិញ​ការបាត់​សត្វពាហនៈ​រក​មិន​ដែល​ឃើញ​ដោយសារចោរលួច ។ ពួក​គាត់​មាន​មន្ទិល​ថា ដោយសារមាន​ក្រុមហ៊ុន​នាំគោ​ក្របី​ចេញ​ទៅ​លក់​នៅប្រទេស​វៀតណាម​ គ្មាន​ការ​ត្រួតពិនិត្យ​ពី​មន្ត្រីជំនាញ​ច្បាស់លាស់ ទើប​ជា​ការ​ចន្លោះ​ប្រហោងមួយ​ ដែល​អាច​ឱ្យ​ក្រុម​ចោរលួច​គោក្របី​អ្នកស្រុក…

ខេត្តស្វាយរៀង ៖ បច្ចុប្បន្ន​នេះ ប្រជាពលរដ្ឋ​បាន​បង្ហាញ​នូវ​ការ​ព្រួយបារម្ភ​ជុំវិញ​ការបាត់​សត្វពាហនៈ​រក​មិន​ដែល​ឃើញ​ដោយសារចោរលួច ។ ពួក​គាត់​មាន​មន្ទិល​ថា ដោយសារមាន​ក្រុមហ៊ុន​នាំគោ​ក្របី​ចេញ​ទៅ​លក់​នៅប្រទេស​វៀតណាម​ គ្មាន​ការ​ត្រួតពិនិត្យ​ពី​មន្ត្រីជំនាញ​ច្បាស់លាស់ ទើប​ជា​ការ​ចន្លោះ​ប្រហោងមួយ​ ដែល​អាច​ឱ្យ​ក្រុម​ចោរលួច​គោក្របី​អ្នកស្រុក ​បន្លំ​លក់​ឱ្យ​ឈ្មួញ​តាម​រយៈ​ក្រុមហ៊ុន ដែល​គេ​ឃើញ​ដឹក​តាម​រថយន្ត​យក​​ទៅ​តំបន់​ព្រំដែន រួច​ដឹក​ចេញ​តាម​ច្រករបៀង​ក្នុង​មួយ​ថ្ងៃ​ៗ​ពី​២០​ ទៅ​៣០​ក្បាល ។

ជាក់ស្តែង កាលពី​ថ្ងៃ​ទី​២ ខែសីហា​កន្លង​ទៅ ឈ្មួញ​បាន​ដឹក​ក្របី​ជាង​២០​ក្បាល​តាម​រថយន្ត​២​គ្រឿង ចុះ​នៅ​ចំណុច​វត្ត​តាឡុ​ក ស្ថិត​ក្នុងភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត ដែល​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ចំណុះ​២​តោន​កន្លះ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ៣B-០៣៤៨ និង​មួយ​គ្រឿង​ទៀត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ចំណុះ​២​តោន​កន្លះ​ដូច​គ្នា ពណ៌​ស មិន​មាន​ផ្លា​ក​លេខ ។

ទាក់ទង​នឹង​ការ​នាំ​ក្របី​ចេញ​ទៅ​ប្រទេស​វៀតណាម​នេះ លោក ឈិ​ន សៅ មន្ត្រី​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្ត និយាយ​ថា បញ្ហា​ឈ្មួញ​នាំ​ក្របី​ចេញ​ទៅ​ប្រទេស​វៀតណាម​តាម​ច្រករបៀង​វត្ត​តាឡុ​ក ក្រុង​បា​វិត​នេះ លោក​មិន​បានដឹង​ទេ ។ កន្លង​មក មាន​ក្រុមហ៊ុន​យុវ​ពាណិជ្ជ​ជា​អ្នកគ្រប់គ្រង​ការ​នាំ​ក្របី​ឆ្លងកាត់​និង​គ្រប់គ្រង​ប្រមូល​ទិញ​គោក្របី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក ឬ​ឡ​សត្តឃាត​ក្នុង​ខេត្ត​ប៉ុណ្ណោះ ឯ​រឿង​នាំគោ​ក្របី​ចេញ​លោក​អត់​បានដឹង​ទេ ។

ពាក់ព័ន្ធ​នឹង​ករណី​នាំគោ​ក្របី​ចេញ​ទៅ​ប្រទេស​វៀតណាម​នេះ​ដែរ តំណាង​ក្រុមហ៊ុន​យុវ​ពាណិជ្ជ​បានឱ្យ​ដឹង​ថា បញ្ហា​ច្បាប់ទម្លាប់​គាត់​មិនសូវ​ដឹង​ទេ ព្រោះ​គាត់​គ្រាន់តែ​ជា​អ្នក​មើល​ការងារ​ឱ្យ​ក្រុមហ៊ុន​នាំ​ក្របី​ឆ្លងកាត់​ប៉ុណ្ណោះ ។ រីឯ​គោក្របី​ក្នុង​ខេត្តស្វាយរៀង គឺ​មាន​អាជីវករ​ដើរ​ប្រមូល​ទិញ​តាម​ភូមិ​ស្រុក​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក ហើយ​លើស​ពី​ការ​ផ្គត់ផ្គង់​ក្នុងស្រុក អាជីវករ​សុំ​នាំ​ចេញ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ពី​១០​ក្បាល​ទៅ​២០​ក្បាល គាត់​ក៏​ជួយ​សម្រួល​ទៅ ។

ចំណែក​ក្រុម​អ្នក​ប្រមូល​ទិញ​គោក្របី​នៅ​ភូមិ​ព្រៃ​ផ្តៅ សង្កាត់​បា​វិត ក្រុង​បា​វិត និយាយ​ថា ពួក​គេ​ប្រមូល​ទិញ​គោក្របី​ពី​ប្រជាពលរដ្ឋ​លក់​ឱ្យ​វៀតណាម គឺ​គេ​មក​ទិញ​ដល់​ក្រោល ហើយ​ជួល​រថយន្ត​ដឹក​ទៅ​ទម្លាក់​នៅ​តាម​ព្រំដែន​ដោយ​បង់​ឱ្យ​លោក ស្នា តំណាង​ក្រុមហ៊ុន ក្របី​តូច​១​ក្បាល​បង់​៥​ម៉ឺន​រៀល ក្របី​ធំ​១​ក្បាល ១០​ម៉ឺន​រៀល ក្នុង​នោះ​វៀតណាម​ក៏​បាន​បង់​ឱ្យ​សមត្ថកិច្ច​យាម​នៅ​ច្រករបៀង​និង​ពេទ្យសត្វ​ដែរ ក៏​ប៉ុន្តែ​មិនដឹង​១​ក្បាល​ប៉ុន្មាន​ទេ ។

រីឯ​ស្ត្រី​កសិករ​ឈ្មោះ លឹ​ម ពិសិដ្ឋ អាយុ​៤០​ឆ្នាំ នៅ​ភូមិ​ថ្នល់កែង ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយ​ទាប ឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៣ ខែកក្កដា​កន្លង​មក វេលា​ម៉ោង​២​រសៀល មាន​ចោរលួច​គោ​របស់​គាត់​មួយ​ក្បាល ដែល​ចងឱ្យ​ស៊ី​ស្មៅ​នៅ​ស្រែក្រោយ​ផ្ទះ​ចម្ងាយ​ប្រមាណ​២០០​ម៉ែត្រ ។ លុះក្រោយមក​ស្រាប់តែ​ឃើញ​គេ​ដឹក​តាម​រ៉ឺ​ម៉ក ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​ដេញ​តាម​រហូត​ដល់​មុខ​រោងចក្រ​សាន​តុង ស្ថិត​ក្នុងភូមិ​ជ្រៃ​ធំ សង្កាត់​ព្រៃ​អង្គញ់ ក្រុង​បា​វិត ទើប​ស្ទាក់​ចាប់​បាន ។

ជនសង្ស័យ​ឈ្មោះ ប៉ុន វុន ភេទ​ប្រុស អាយុ​៧៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដើម​ពោធិ៍ ឃុំ​ស្វាយ​តា​យាន ស្រុក​កំពង់​រោទ៍ ត្រូវ​បាន​ចាប់​ប្រគល់​ឱ្យ​សមត្ថកិច្ច​សង្កាត់​ព្រៃ​អង្គញ់​ដោះស្រាយ ។ ប៉ុន្តែ​នគរបាល​ប៉ុស្តិ៍​ព្រៃ​អង្គញ់ បាន​បញ្ជូន​ជនសង្ស័យ​ទៅ​ប៉ុស្តិ៍​ឃុំ​ស្វាយ​តា​យាន​ធ្វើការ​សាកសួរ ។ ជនសង្ស័យ​បាន​ឆ្លើយ​ថា រូបគេ​គ្រាន់តែ​ជា​អ្នកស៊ីឈ្នួល​ដឹក​ឱ្យ​ក្រុមហ៊ុន​ប៉ុណ្ណោះ ហើយ​ករណី​នេះ​សមត្ថកិច្ច​ថា​កំពុង​ស្រាវជ្រាវ​បន្ត ។

កន្លង​មក គោក្របី​ប្រជាពលរដ្ឋ​បាត់​រក​មិន​ដែល​ឃើញ​ទេ ដូច្នេះ​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​សុវត្ថិភាព​សត្វពាហនៈ​របស់​ពួក​គាត់ ដោយសារ​មាន​ឈ្មួញ​ដើរ​ប្រមូល​ទិញ​គោក្របី​នាំ​ទៅ​ប្រទេស​វៀត​ណាម ដោយ​យក​ផ្លា​ក​ក្រុមហ៊ុន​មក​ប្រមូល​ទិញ​ពី​អ្នកស្រុក រីឯ​ចោរ​ឆ្លៀតឱកាស​លួច​គោក្របី​អ្នកស្រុក​ទាំង​ថ្ងៃ​នាំ​ទៅ​វៀតណាម ។ ចំណែក​មន្ត្រី​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បង្ហើប​ឱ្យ​ដឹង​ថា សមត្ថកិច្ច​តាម​ច្រក​របៀង​​​មិន​ហ៊ាន​ជាមួយ​តំណាង​ក្រុមហ៊ុន​ទេ គេ​និយាយ​យកឈ្មោះ​អ្នកធំ​មក​លាប ទើប​សមត្ថកិច្ច​សុំ​តែ​លុយ​ថ្លៃ​បាយ​មួយ​ក្បាល​៥​ម៉ឺន​ដុ​ង​ប្រាក់​វៀតណាម​ប៉ុណ្ណោះ ៕​

អត្ថបទសរសេរ ដោយ