ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​មួយ​ចំនួន​ដែល​មានប្រតិកម្ម​ញឹកញាប់​តាម​ហ្វេ​ស​ប៊ុ​ក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​បច្ចុប្បន្ន​ដោយសារ​តែ​បច្ចេកវិទ្យា​កាន់តែ​ទំនើប ជា​ពិសេស​បណ្តាញ​សង្គ​ម​ហ្វេ​ស​ប៊ុ​ក​កំពុង​តែ​ពេញ​និយម​នោះ មាន​តារា​ជា​ច្រើន​ប្រើប្រាស់​បណ្តាញ​មួយ​នេះ​សម្រាប់​បញ្ចេញ​រឿងរ៉ាវ ផ្សេង​ៗ ។ មាន​តារា​ខ្លះ​បាន​យក​ហ្វេ​ស​ប៊ុ​ក​បញ្ចេញ​កំហឹង​ដាក់​គ្នា​ជាមួយនឹង​អ្នកសិល្បៈ​ដូច​គ្នា និង​មហាជន​ផង​ដែរ ។…

រាជធានី​ភ្នំពេញ ​៖ ​បច្ចុប្បន្ន​ដោយសារ​តែ​បច្ចេកវិទ្យា​កាន់តែ​ទំនើប ជា​ពិសេស​បណ្តាញ​សង្គ​ម​ហ្វេ​ស​ប៊ុ​ក​កំពុង​តែ​ពេញ​និយម​នោះ មាន​តារា​ជា​ច្រើន​ប្រើប្រាស់​បណ្តាញ​មួយ​នេះ​សម្រាប់​បញ្ចេញ​រឿងរ៉ាវ ផ្សេង​ៗ ។ មាន​តារា​ខ្លះ​បាន​យក​ហ្វេ​ស​ប៊ុ​ក​បញ្ចេញ​កំហឹង​ដាក់​គ្នា​ជាមួយនឹង​អ្នកសិល្បៈ​ដូច​គ្នា និង​មហាជន​ផង​ដែរ ។

ខុស​ប្លែក​កាលពី​មិន​ទាន់​មាន​ហ្វេ​ស​ប៊ុ​ក តារា​ភាគច្រើន​តែងតែ​យក​វិ​ទិ​កា ផ្សេង​ៗ​តាម​រយៈ​ស្ថានីយទូរទស្សន៍ ដើម្បី​បកស្រាយ ឬ​តប​តទៅ​កាន់​មហាជន ជុំវិញ​ព័ត៌មាន​ដែល​បាន​កើតឡើង​ចំពោះ​ខ្លួន ។ ប៉ុន្តែ​មក​ដល់​សម័យនេះ​តារា​ភាគច្រើន​បាន​ប្រើប្រាស់​បណ្តាញ​​សង្គម​ដ៏​ទាន់​សម័យមួយ​នេះ​ជា​ការ​ឆ្លើយ​តប ឬ​បកស្រាយ​បញ្ហា​នានា​ដែល​បាន​កើតឡើង រហូត​ដល់​ពេល​ខ្លះ​ពួក​គេ​បាន​យក​វេទិកា​នេះ​វាយប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក​ផង​ដែរ​។

តារាចម្រៀង​ដ៏​ល្បី​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា មួយ​រយៈ​នេះ​ត្រូវ​គេ​មើលឃើញ​ថា បាន​យក​វេទិកា​ហ្វេ​ស​ប៊ុ​ក​វាយបក​ទៅ​វិញ​ទៅ​មក​ជុំវិញ​ការ​ចោទប្រកាន់​មួយ​ចំនួន​ដែល​បាន​កើត​ចំពោះ​អ្នក​នាង ។ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​អ្នក​នាង​ពេ​ជ្ជ​តា​បាន​វាយប្រហារ​យ៉ាង​ចាស់​ដៃ​ទៅ​កាន់​នារី​អាណិកជន​ខ្មែរ​មួយ​រូប​ដែល​បាន​ប្រមាថមើលងាយ​មក​លើ​នាង​ជុំវិញ​ការ​គាំទ្រ​គណបក្ស​នយោបាយ ក្នុង​ពេល​ដែល​នាង​ក៏​បាន​វាយប្រហារ​ទៅ​កាន់​បុរស​អាណិក​ជន​ខ្មែរ​មួយ​រូប​ផង​ដែរ ជុំវិញ​ការ​ប្រឌិត​រឿង​ចោទប្រកាន់​មក​លើ​នាង​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ។

អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ប្រតិកម្ម​ទៅ​លើ​អ្នក​សិល្បៈ​ដូច​គ្នា​ផង​ដែរ​កាលពី​ពេល​កន្លង​ទៅ បន្ទាប់​ពី​មានការ​ចោទប្រកាន់ និង​ការ​ប៉ះ​សំដី​គ្នា ។

អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា​បាន​យក​វេទិកា​ហ្វេ​ស​ប៊ុ​កមក​ប្រើប្រាស់​ច្រើន​សម្រាប់​ការ​បក​ស្រាយ​ទៅ​លើ​បញ្ហា ផ្សេង​ៗ ក្នុង​ពេល​ដែល​មួយ​រយៈ​ចុង​ក្រោយ​នេះ​អ្នក​នាង​ហាក់​មិនសូវ​ជា​បាន​ផ្តល់​កិច្ច​សម្ភាសន៍​ណាមួយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​ទេ ។

តារា​សម្តែង​ជើង​ចាស់ និង​បច្ចុប្បន្ន​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា ក៏​ត្រូវ​បាន​គេ​មើលឃើញ​ថា ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដើម្បី​ឆ្លើយ​តប និង​វាយបក​ទៅ​កាន់​មនុស្ស​មួយ​ចំនួន​ដែល​បាន​ជេរ​ប្រមាថ និង​រិះគន់​លើ​រូប​នាង​ផង​ដែរ ។

ជា​រឿយ​ៗ​ប្រធាន​សមាគម​សិល្បករ​រូប​នេះ​តែងតែ​បង្ហោះ​សារ និង​ចេញ​ជា​វី​ដេ​អូ​ឃ្លី​ប​ឆ្លើយ​​តប​វិញ ភ្លាម​ៗ​ទៅ​កាន់​បុគ្គល​ណាមួយ​ដែល​បាន​វាយប្រហារ​មក​លើ​រូប​នាង​តាម​រូបភាព ផ្សេង​ៗ ។ អ្នក​នាង​ល​ក្ខិ​ណា បាន​ធ្លាប់​វាយប្រហារ​យ៉ាង​ចាស់ដៃ​ទៅ​លើ​បុរស​ខ្មែរ​អាណិក​ជន​មួយ​រូប​ដែល​បាន​ចោទប្រកាន់​រូប​នាង​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ពាក់ព័ន្ធ​ទៅ​នឹង​ចំណង​ស្នេហ៍​ជាមួយ​លោក​ហេង ឡុ​ង និង​ការ​ទាក់ទង​ជាមួយ​មន្ត្រី​ថ្នាក់​ធំ ។

ការ​វាយបក​តាម​ហ្វេ​ស​ប៊ុ​ក​របស់​តារា​រូប​នេះ​បាន​កើត​ឡើងជា​បន្តបន្ទាប់ មិន​ថា​បុគ្គល​ដែល​រស់នៅ​ក្រៅប្រទេស ឬ​ក៏​ជា​អ្នកសិល្បៈ​ដូច​គ្នា​នោះ​ឡើយ ប្រសិនបើ​ករណី​នោះ​ត្រូវ​បាន​អ្នក​នាង​យល់​ថា មិន​មាន​ភាព​ត្រឹមត្រូវ និង​អយុត្តិធម៌​ចំពោះ​រូប​នាង ។

តារា​សម្តែង​នាង​ដេ​ន​នី ក្វា​ន់ ក៏​បាន​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដើម្បី​វាយបក ភ្លាម​ៗ​​ទៅ​កាន់​បុគ្គល​ណាមួយ ដែល​តែងតែ​រិះគន់​ចំពោះ​ប​ញ្ហ​សិច​ស៊ី​របស់​នាង ។ ដេ​ន​នី ក្វា​ន់ តែងតែ​បង្ហោះ​សារ និង​ចេញ​ជា​វី​ដេ​អូ​ឃ្លី​ប​ជា​បន្តបន្ទាប់​វាយប្រហារ​ដោយ​ពាក្យ​សម្តី​មិន​សំចៃមាត់ ចំពោះ​ការ​រិះគន់​នានា​ពី​ទស្សនិកជន ដែល​តែងតែ​រិះគន់​រូប​នាង​ចំពោះ​ការ​ចូល​ចិត្ត​សម្ញែង​ភាព​សិច​ស៊ី ។ ដេ​ន​នី ក្វា​ន់ ហាក់​មិន​ខ្លាចរអា​ណាមួយ ចំពោះ​ការ​ប្រើ​ប្រាស់​ពាក្យ​សម្តី​យ៉ាង​អសុរោះ​វាយប្រហារ​ចំពោះ​បុគ្គល​ណាមួយ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នេះ​ឡើយ ក្នុង​ពេល​ដែល​នាង​គឺជា​តារា​មួយ​រូប​ដែល​មិនសូវ​មាន​ទីផ្សារ​ក្នុង​សិល្បៈ​ច្រើន​ជាង​ការ​ធ្វើ​មុខ​ជំនួញ​នោះ​ឡើយ ។

តារាចម្រៀង​ដែល​ត្រូវ​បាន​គេ​ផ្តល់​រហស្សនាម​ថា តារា​ពូកែ​ទើស​លោក​ម៉ៃ សុគន្ធ បាន​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​រិះគន់ វាយប្រហារ ដោយ​មិន​រើសមុខ ដោយ​មិន​ថា អ្នក​នោះ​ជាតា​រា ឬ​ក៏​ជា​ទស្សនិកជន​ឡើយ ។ ភាគច្រើន​នៃ​ការ​រិះគន់​របស់​លោក​ម៉ៃ សុគន្ធ គឺ​ស​ម្តៅ​តែ​ទៅ​លើ​តារា​ដូច​គ្នា ក្នុង​ពេល​ដែល​តារា​ទាំងនោះ​បាន​ធ្វើ​រឿង ផ្សេង​ៗ ដែល​លោក​គិត​ថា មិន​សក្តិ​សម​គឺ​លោក​នឹង​បញ្ចេញ​សារ ឬ​ជា​វី​ដេ​អូ​ឃ្លី​ប​រិះគន់​ភ្លាម ។

លោក​ម៉ៃ សុគន្ធ បាន​វាយប្រហារ​មិន​ត្រឹមតែ​តារា ថ្មី​ៗ​នោះ​ទេ ប៉ុន្តែ​លោក​ក៏​បាន​វាយ​ប្រហារ​តារា ល្បី​ៗ​មួយ​ចំនួន​តួយ៉ាង​ដូច​ជា​លោក​ខេមរៈ សិរីមន្ត ដែល​លោក​បាន​វាយប្រហារ​ថា​បាន​យក​ស្ទីល​តាម​តារា​បរទេស​។

លោក​ម៉ៃ សុគន្ធ តែងតែ​បន្ត​ការ​រិះគន់​ជា​បន្តបន្ទាប់​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ក្នុង​ពេល​ដែល​មាន​តារាចម្រៀង​ណាមួយ​បាន​យក​បទ​ចម្រៀង​ពី​បរទេស​មក​ច្រៀង ហើយ​អះអាង​ថា ជា​បទ​និពន្ធ​ដោយ​ស្នាដៃ​ខ្លួនឯង ។

អាចារ្យ​ធំ​ក៏​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជាតា​រា​មួយ​រូប​ដែល​ចូល​ចិត្ត​យក​វេទិកា​នៃ​បណ្តាញ​ហ្វេ​ស​ប៊ុ​កមក​វាយប្រហារ និង​រិះគន់​ទៅ​កាន់​បុគ្គល​មួយ​ចំនួន និង​អ្នកសិល្បៈ​ដូច​គ្នា​ផង​ដែរ​។ អាចារ្យ​ធំ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​អ្នក​រិះគន់​ដោយ​គ្មាន​ញញើត ដោយ​លោក​តែងតែ​ចេញ​មុខ​រិះគន់ ចំ​ៗ​តែ​ម្តង ក្នុង​ករណី​ណា​ដែល​បាន​កើតឡើង ដែល​លោក​យល់​ថា ជា​រឿង​មិន​សក្តិ​សម ។

តារា​រូប​នេះ​បាន​យក​វេទិកា​ហ្វេ​ស​ប៊ុ​ក​ចេញ​ជា​វី​ដេ​អូ​ឃ្លី​ប ឬ​បង្ហោះ​សារ ផ្សេង​ៗ​រិះគន់ និង​បកស្រាយ​ពី​បញ្ហា​សង្គម​នានា ដោយ​មិនសូវ​ជា​ខ្លាច​ញញើត​ចំពោះ​បុគ្គល​នោះ​ថា ជា​អ្នក​ណា​ឡើយ ។ ជា រឿយ​ៗ​លោក​តែងតែ​សហការ​គ្នា​ជាមួយ​លោក​តាន់ គឹ​ម​សួរ ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​អ្នក​ពូកែ​ខាង​រិះគន់​ម្នាក់​ដែរ​នោះ រិះគន់​មិន​សំចៃមាត់​ទៅ​កាន់​បុគ្គល​នានា​ដែល​បាន​ចោទប្រកាន់​មក​លើ​រូប​លោក ហើយ​ក្នុង​នោះ​ក៏​មាន​អ្នកសិល្បៈ​ដូច​គ្នា​ផង​ដែរ ។

អាចារ្យ​ធំ​ភាគច្រើន​តែងតែ​រិះគន់​បញ្ហា​នានា​នៅ​ក្នុង​សង្គម​ដែល​អសកម្ម ក្នុង​ន័យ​ចូលរួម​ដោះស្រាយ និង​ស្ថាបនា ជា​ជាង​ការ​វាយប្រហារ​គ្នា​ជា​លក្ខណៈ​បុគ្គល និង​បុគ្គល​។

តារា​ដែល​បាន​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ធ្វើ​ជា​វេទិកា​ឆ្លើយឆ្លង​គ្នា​មិនមែន​តែ​ប៉ុន្មាន​នាក់​នោះ​ទេ ពោល​ក៏​មាន​តារា​មួយ​ចំនួន​ទៀត​ផង​ដែរ ប៉ុន្តែ​គ្រាន់តែ​តារា​ខ្លះ​មិន​សូវ​មានរឿង​អ្វី​លេចធ្លោ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ