ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រុក​៦​​រង​ផល​ប៉ះពាល់​ដោយ​ទឹកជំនន់ ខណៈ​៤​ស្រុក​ផ្សេង​ទៀត​ជួប​គ្រោះ​រាំង​ស្ងួត (មានវីដេអូ)

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ យោង​តាម​របាយការណ៍​របស់​គណៈកម្មការ​គ្រោះ​មហន្តរាយ​ខេត្តព្រៃវែង​បានឱ្យ​ដឹង​ថា គិត​មក​ដល់​ត្រឹម​ថ្ងៃ​ទី​៥ សីហា ទឹកជំនន់​បាន​បង្ក​ផល​ប៉ះពាល់​ដល់​ស្រុក​ចំនួន​៦​ក្នុង​ខេត្តព្រៃវែង ​បាន​ធ្វើ​ឱ្យ​ផ្លូវ សាលារៀន ផ្ទះសម្បែង និង​ផលដំណាំ​របស់​ប្រជាពលរដ្ឋ​រាប់រយ​ហិ​កតា​ជន់​លិច…

ខេត្តព្រៃវែង ៖ យោង​តាម​របាយការណ៍​របស់​គណៈកម្មការ​គ្រោះ​មហន្តរាយ​ខេត្តព្រៃវែង​បានឱ្យ​ដឹង​ថា គិត​មក​ដល់​ត្រឹម​ថ្ងៃ​ទី​៥ សីហា ទឹកជំនន់​បាន​បង្ក​ផល​ប៉ះពាល់​ដល់​ស្រុក​ចំនួន​៦​ក្នុង​ខេត្តព្រៃវែង ​បាន​ធ្វើ​ឱ្យ​ផ្លូវ សាលារៀន ផ្ទះសម្បែង និង​ផលដំណាំ​របស់​ប្រជាពលរដ្ឋ​រាប់រយ​ហិ​កតា​ជន់​លិច និង​រង​ការ​ខូចខាត​។

ប្រភព​ដដែល​នេះ​បាន​បញ្ជាក់​ថា ស្រុក​ដែល​រង​ផល​ប៉ះពាល់​នោះ​រួម​មាន ១-​ស្រុក​ពាម​រក៍​ប៉ះពាល់​ចំនួន​៨​ឃុំ ២-​ស្រុក​ស៊ី​ធរ​កណ្តាល​ប៉ះពាល់​ចំនួន​១០​ឃុំ ៣-​ស្រុក​ព្រះស្តេច​ប៉ះពាល់​១​ឃុំ ៤-​ស្រុក​កំចាយមារ​ប៉ះពាល់​ចំនួន​៤​ឃុំ ៥-​ស្រុក​ពារាំង​ប៉ះពាល់​ចំនួន​៥​ឃុំ និង​៦-​ស្រុក​ពោ​ធ៌​រៀង​ប៉ះពាល់​ចំនួន​៤​ឃុំ​។ ក្នុង​នោះ​ទឹកបាន​លិច​ចូល​ក្រោមផ្ទះ​អ្នកស្រុក​ចំនួន​៤៥៨​ខ្នង ជម្លៀស​ប្រជាពលរដ្ឋ​ទៅ​កាន់​ទីទួល​សុវត្ថិភាព​១​គ្រួសារ ប៉ះពាល់​ផ្លូវ​ប្រវែង​២៨៥៦៦​ម៉ែត្រ លិច​ចូល​សាលារៀន​ចំនួន​១១​កន្លែង មណ្ឌល​សុខភាព​១​កន្លែង វត្ត​១​កន្លែង ប៉ះពាល់​ស្រូវ​ចំនួន​៦៧១៣៥​ហិ​កតា ដំណាំ​ផ្សេង​ៗ​ចំនួន​១៧​ហិ​កតា និង​ជម្លៀស​សត្វ​គោក្របី​ទៅ​រក​ទីទួល​សុវត្ថិភាព​ចំនួន​៦៨​ក្បាល​។

ឆ្លើយ​តប​ចំពោះ​បញ្ហា​ទឹកជំនន់​នេះ អាជ្ញាធរ​ខេត្ត និង​អាជ្ញាធរ​ស្រុក​នីមួយ​ៗ​បាន​ចុះ​ពិនិត្យ និង​តាមដាន​ពី​ស្ថានភាព​ជាប់​ជា​ប្រចាំ និង​បាន​ចុះ​ជួយ​អន្តរាគមន៍​ជា​បន្តបន្ទាប់ ដូច​ជា​ការ​ចុះ​ជួយ​ទប់​ទំនប់ ការ​ទប់​និង​ជួសជុល​ផ្លូវ​ដែល​ទឹក​ហូរ​ដាច់ ព្រមទាំង​ត្រៀម​ស្បៀង​បង្ការ​សំរាប់​ជួយ​ដល់​ជន​រង​គ្រោះ​ដែល​ខ្វះខាត​ស្បៀង​ផង​ដែរ ដោយឡែក​ក្រុម​មន្ត្រី​ជំនាញ ក៏​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច ក្នុង​ការ​ចុះ​ជួយ​ប្រជាពលរដ្ឋ​នៅ​តាម​ភូមិ​ឃុំ​ដែល​រង​ផល​ប៉ះពាល់​ដោយ​ទឹកជំនន់ ជា​ពិសេស​គឺ​ពេទ្យ​សម្រាប់​ព្យាបាល​មនុស្ស និង​ពេទ្យ​សម្រាប់​ព្យាបាល​សត្វ​។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ នៅ​ក្នុងស្រុក​ចំនួន​៤​ផ្សេង​ទៀត​នៃ​ខេត្តព្រៃវែង គឺ​១-​ស្រុក​កំពង់ត្របែក ២-​ស្រុក​ស្វាយ​អ​ន្ទ​រ ៣-​ស្រុក​ព្រះស្តេច និង​៤-​ស្រុក​បាភ្នំ កំពុង​ជួប​ប្រទះ​នូវ​គ្រោះ​រាំង​ស្ងួត​ជា​ខ្លាំង បណ្តាល​ឱ្យ​ស្រែ​ស្រូវ​របស់​បងប្អូន​ប្រជា​កសិករ​សរុប​ចំនួន​១២.៥៧៣​ហិ​កតា កំពុង​ប្រឈម​នឹង​បញ្ហា​ស្វិត​ងាប់​ដោយសារ​ខ្វះ​ទឹក ហើយ​បច្ចុប្បន្ន​នេះ​អាជ្ញាធរ​ខេត្ត​បាន​សហការ​ជាមួយ​អង្គភាព​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន កំពុង​ចុះ​ជួយ​អន្តរាគមន៍​បូមទឹក​ជួយ​សង្គ្រោះ​ស្រូវ​ទាំង​អស់នោះ​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ