ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​គ្រោង​នាំ​ចេញ​ចេក​ទៅ​កាន់​ប្រទេស​ចិន​ដោយ​ផ្ទាល់​នៅ​ចុងឆ្នាំ​នេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម បានឱ្យ​ដឹង​ថា កម្ពុជា​អាច​នាំ​ចេញ​ចេកអំបូង​លឿង​ទៅ​កាន់​ប្រទេស​ចិន​ដោយ​ផ្ទាល់​យ៉ាង​យូរ​នៅ​ចុងឆ្នាំ​២០១៨​នេះ បន្ទាប់​ពី​ភាគី​ទាំង​ពីរ​បាន​ចុះហត្ថលេខា​លើ​ពិធីសារ​កាលពី​ថ្ងៃ​ទី​២ សីហា រួច​មក ។ ប្រាប់​ក្រុម​សារព័ត៌មាន​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ពិធីសារ…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម បានឱ្យ​ដឹង​ថា កម្ពុជា​អាច​នាំ​ចេញ​ចេកអំបូង​លឿង​ទៅ​កាន់​ប្រទេស​ចិន​ដោយ​ផ្ទាល់​យ៉ាង​យូរ​នៅ​ចុងឆ្នាំ​២០១៨​នេះ បន្ទាប់​ពី​ភាគី​ទាំង​ពីរ​បាន​ចុះហត្ថលេខា​លើ​ពិធីសារ​កាលពី​ថ្ងៃ​ទី​២ សីហា រួច​មក ។

ប្រាប់​ក្រុម​សារព័ត៌មាន​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ពិធីសារ ស្ដី​ពី​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ សម្រាប់​នាំ​ចេក​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន ដែល​ធ្វើ​ឡើង​នៅ​ទីស្តីការក្រសួង លោក​បណ្ឌិត ហ៊ាន វណ្ណ​ហន អគ្គនាយក​កសិកម្ម នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​មាន​ប្រសាសន៍​ថា បន្ទាប់​ពី​កម្ពុជា​-​ចិន ចុះហត្ថលេខា​នៅ​ថ្ងៃនេះ​រួច​ហើយ លោក​រំពឹង​ថា នៅ​ចុងឆ្នាំ​នេះ កម្ពុជា​អាច​នាំ​ចេញ​ចេកអំបូង​លឿង​ទៅ​ប្រទេស​ចិន ព្រោះ​បែបបទ និង​ការ​តាំងចិត្ត​របស់​អគ្គនាយកដ្ឋាន​កសិកម្ម ដែល​ជា​សេនាធិការ​របស់​ក្រសួងកសិកម្ម នឹង​ខិតខំ​ប្រឹងប្រែង​ធ្វើ​យ៉ាងណា​ឱ្យ​បាន​លឿន​បំផុត ។ លោក​បណ្ឌិត​បញ្ជាក់​ថា ៖« យើង​ត្រូវការ​ពេល​២​ឬ​៣​ខែ​ទៀត ដើម្បី​ឱ្យ​ខាង​កសិដ្ឋាន​ធំ​ៗ​ដែល​មាន​ដាំចេក មក​ទំនាក់ទំនង​ជាមួយ​អគ្គនាយកដ្ឋាន​កសិកម្ម ហើយ​យើង​នឹង​ណែនាំ រៀបចំ​ធ្វើ​ម៉េច ឱ្យ​ការ​ដាំ​ដុះ​រហូត​ដល់​ពេល​ប្រមូល​ផល និង​ការ​វេច​ខ្ចប់ គោរព​ទៅ​តាម​អនុលោម​ភាព​ជាមួយ​លក្ខខណ្ឌ​ដែល​បាន​កំណត់​ក្នុង​ពិធីសារ » ។

បើ​តាម​អគ្គនាយក​កសិកម្ម កម្ពុជា​ទើបតែនឹង​មាន​ចេក ហើយ​ប្រភេទ​ចេក​ដែល​ធ្វើការ​នាំ​ចេញ​នោះ វា​មិនមែន​ដូច​ចេកណាំវ៉ា ចេកពងមាន់ ឬ​ចេកអំបូង​ខៀវ​នោះ​ទេ វា​ជា​ពូជ​ចេក​ដែល​ធន់​នឹង​ការ​ដឹក​ជញ្ជូន និង​អាច​ទុកដាក់​បាន​យូរ ដែល​នៅ​លើ​ពិភពលោក គេ​និយម​ចេកអំបូង​លឿង​នេះ ។ លោក​បណ្ឌិត​បន្ត​ថា ៖« មក​ដល់​ពេល​នេះ យើង​ពង្រីក​ផ្ទៃដី​បាន​៥​ពាន់​ហិ​កតា ហើយ​ផ្ទៃដី​កសិដ្ឋាន​ទាំង​អស់នោះ​កំពុង​តែ​ពង្រីក​បន្ត​ទៅ​ទៀត ដោយ​ក្នុង​១​ឆ្នាំ យើង​អាច​ប្រមូល​ផល​បាន​៣០​ម៉ឺន​តោន​សម្រាប់​នាំ​ចេញ » ។

ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា លោក ស្យុ​ង ប៉ បាន​មាន​ប្រសាសន៍​ថា ពិធីសារ​ចុះហត្ថលេខា​នៅ​ថ្ងៃនេះ នឹង​បាន​បើកទ្វារ​សម្រាប់​ការ​នាំ​ចេញ​ចេក​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន ដើម្បី​ឱ្យ​អតិថិជន​នៅ​ប្រទេស​ចិន​បាន​ពិសា​ចេក​ដាំ​នៅ​កម្ពុជា ។ លោក​ថា ៖« សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​ស្រឡាញ់ និង​ចូល​ចិត្ត​ផ្លែ​ឈើ​ដាំ​នៅ​ប្រទេស​កម្ពុជា ហើយ​យើង​នឹង​ជំរុញ​ឱ្យ​កសិផល​កាន់តែ​ច្រើន​នាំ​ចេញ​ទៅ​លក់​នៅ​ប្រទេស​ចិន »​។
លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ មាន​ប្រសាសន៍​ថា កម្ពុជា​-​ចិន បន្ត​ឯកភាព​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​ក្រោម​លក្ខខណ្ឌ​ពហុភាគី និង​ថ្នាក់​តំបន់ និង​ជំរុញ​ការ​អនុវត្ត​ពិធីសារ និង​ដំឡើង​កម្រិត​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​ចិន ។

លោក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា ៖« ក្រោម​ក្របខ័ណ្ឌ​កម្ពុជា​-​ចិន​នេះ​ដែរ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​សហការ​ជាមួយ​ភាគី​ចិន​ទាំង​រដ្ឋ និង​វិស័យ​ឯកជន ក្រោម​ការ​អនុវត្ត​អនុស្សរណៈ​យោគយល់​គ្នា​ចំនួន​១៧, កិច្ចព្រមព្រៀង​ចំនួន​៧, ពិធីសារ​និង​លិខិត​ប្តូរ​សារ​ចំនួន​៧ ព្រមទាំង​ផែនការ​សកម្មភាព​៣​ផ្សេង​ទៀត » ។

ស្រប​ជាមួយ​គ្នា​នេះ​ដែរ បើ​តាម​ការ​ចេញផ្សាយ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ឲ្យ​ដឹង​ថា គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ​ជូន​ក្រុមហ៊ុន​ចិន​ធំ​មួយ​ឈ្មោះ LONGMATE AGRICULTURE CO., LTD ដើម្បី​វិនិយោគ​លើ​ដំណាំ​ចេក និង​វេច​ខ្ចប់​សម្រាប់​នាំ​ចេញ ក្រោម​ទុន​វិនិយោគ​ប្រមាណ​ជាង​៣២​លាន​ដុល្លារ មា​នទី​តាំងនៅ​ភូមិ​ដុំ​ផ្តៅ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្តកំពត ដែល​អាច​បង្កើត​ការងារ​ប្រមាណ​ជាង​៥៧២​កន្លែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ