ខេត្តសៀមរាប ៖ ថ្លែងក្នុងឱកាសចុះជួបធ្វើការសំណេះសំណាល និងថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋនៅឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ប្រមាណជាង៤០០នាក់នៅនឹងបរិវេណព្រះអង្គធំ ខ្នងភ្នំគូលែន នាចុងសប្តាហ៍ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៨ របស់លោក បណ្ឌិត ឃឹម ប៊ុនសុង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការនៃ គណបក្សប្រជាជនខេត្ត និងជាអភិបាលនៃគណៈអភិបាលខេត្តសៀមរាប ។
ដោយបានធ្វើការបញ្ជាក់ថា តំបន់ភ្នំគូលែន គឺជារមណីយដ្ឋានវប្បធម៌ធម្មជាតិ ដែលសម្បូរទៅដោយរូបចន្លាក់ប្លែកៗនៅតាមប្រាសាទដែលបានបង្កប់នៅក្នុងព្រៃភ្នំនេះសំខាន់ព្រះអង្គធំ ខ្នងភ្នំគូលែនដែលជាទីកន្លែងទីសក្ការៈបូជារបស់បងប្អូនប្រជាពុទ្ធបរិស័ទខ្មែរយើងក៏ដូចជា ភ្ញៀវជាតិ អន្តរជាតិ ចូលមកគោរពបូជាផងដែរ ។ ម្យ៉ាងទៀតតំបន់ភ្នំគូលែនបានកំពុងធ្វើការទាក់ទាញអារម្មណ៍ដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលមកទស្សនាសិក្សាស្វែងយល់អំពីអរិយធម៌របស់ខ្មែរយើង តាំងពីសម័យបុរេប្រវត្តិមក ។
ក្នុងនោះលោក បណ្ឌិត ក៏បានគូសបញ្ជាក់ថា ភ្នំគូលែន គឺជាតំបន់ផ្តល់នូវ ប្រភពទឹកស្រោចស្រព ដែលហូរនាំទៅតាមដងស្ទឹងប្រវត្តិសាស្ត្រ សៀមរាប ក្នុងការចញ្ចឹមដល់មនុស្ស សត្វ រុក្ខជាតិ សំខាន់លើការងារកសិកម្ម ។ លោកបណ្ឌិត ឃឹម ប៊ុនសុង ក៏បានលើកឡើងថា ការធ្វើឲ្យបាត់បង់វិនាសមហន្តរាយនៃធនធានធម្មជាតិនៅលើខ្នងភ្នំគូលែនដែលបង្កឡើងដោយកត្តាមនុស្ស និងធម្មជាតិដែលធ្វើឲ្យប៉ះពាល់ដល់ប្រាង្គប្រាសាទបុរាណ សំខាន់ប្រាសាទអង្គរវត្ត នៅពេលដែលធ្វើឲ្យបាត់បង់ប្រភពទឹកនៅភ្នំគូលែនដែលជាប្រភពផ្គត់ផ្គង់ទឹកក្នុងការទ្រទ្រង់គ្រឹះប្រាសាទអង្គរវត្តឲ្យបានរឹងមាំគង់វង្សជាប្រភពសេដ្ឋកិច្ចមិនចេះរីងស្ងួនរបស់ជាតិ ។ ការធ្វើឲ្យបាត់បង់ប្រភពទឹកភ្នំគូលែន គឺបណ្តាមកពីការវិនាសបាត់បង់ព្រៃឈើលើខ្នងភ្នំ ដែលបណ្តាលពីការកាប់ព្រៃរានយកដីធ្វើស្រែចម្ការរបស់បងប្អូន និងជនខិលខូចមួយចំនួនដែលមិនបានគិតដល់ពីការបាត់បង់ធនធានធម្មជាតិ តើយើងគ្រប់រូបត្រូវទទួលរងនូវអ្វីខ្លះសម្រាប់ពេលទៅអនាគត ។
លោក បណ្ឌិត ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋនៅលើខ្នងភ្នំគូលែនក៏ដូចប្រជាពលរដ្ឋទូទៅត្រូវចូលរួមការពារថែរក្សាបរិស្ថានធនធានធម្មជាតិនៅលើខ្នងភ្នំគូលែន ក្នុងការថែទាំនូវមរតកវប្បធម៌ដូនតាខ្មែរយើងឲ្យបានគង់វង្សយូរអង្វែងសម្រាប់កូនចៅជំនាន់ក្រោយ ។ ក្នុងនាមរាជរដ្ឋាភិបាលក៏ដូចជា គណបក្សប្រជាជនកម្ពុជាលោក បណ្ឌិត ឃឹម ប៊ុនសុងក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងបានសម្តែងនូវការថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋនៅឃុំខ្នងភ្នំក៏ដូចទូទាំង ខេត្តសៀមរាប ដែលបានអញ្ជើញចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៦ លើសពីការស្មានសំខាន់បានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីជ្រើសតាំងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាជានាយករដ្ឋមន្ត្រីនីតិកាលទី៦ ក៏ដូចនៅអាណត្តិក្រោយៗជាបន្តទៀតផង ។
លោក បណ្ឌិតក៏បានគូសបញ្ជាក់ថា ដោយកត្តាសន្តិភាពនេះហើយបានធ្វើឲ្យតំបន់ខ្នងភ្នំគូលែនមានការអភិវឌ្ឍន៍ ។ ហើយទាំងនេះដែរក៏ស្តែងចេញមកពីបងប្អូនប្រជាពលរដ្ឋដែលមានការជឿជាក់លើភាពដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែនជាប្រមុខបានដឹកនាំនាវាកម្ពុជាឆ្ពោះទៅដល់ត្រើយសុភមង្គល ។ លោក បណ្ឌិតក៏បានឲ្យដឹងផងដែរថា រមណីយដ្ឋានភ្នំគូលែនប្រមុខរាជរដ្ឋាភិបាលបានកំពុងរៀបចំធ្វើការដាក់បញ្ចូលនៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនៅពេលឆាប់ខាងមុខ ។
ដោយកត្តានេះហើយសូមបងប្អូនដែលរស់នៅលើខ្នងភ្នំ សូមចូលរួមក្នុងការថែរក្សា អភិរក្សសម្បត្តិធនធានធម្មជាតិនៅលើខ្នងភ្នំឲ្យបានគង់គង្ស ដែលជាប្រភពចំណូលប្រចាំថ្ងៃរបស់បងប្អូននៅក្នុងមូលដ្ឋាននេះផងដែរ ។ ក្នុងឱកាសនោះលោក បណ្ឌិត និងលោកជំទាវក៏បាននាំយកនូវវត្ថុអនុស្សាវរីយ៍កំដរដៃជូនដល់បងប្អូនទាំង៤០០នាក់ ដោយម្នាក់ៗ២ម៉ឺនរៀល ។ ឆ្លៀតឱកាសនោះលោក បណ្ឌិត និងលោកជំទាវ និងអ្នកអមដំណើរបានអញ្ជើញធ្វើការបូជាទៀនធូក ផ្កាភ្ញី ថ្វាយព្រះអង្គធំផងដែរ ៕
ចែករំលែកព័តមាននេះ