ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​រយៈពេល​6​ខែ​ដើមឆ្នាំ​នេះ ធ្លាក់​ចុះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​សរុប​នៅ​កម្ពុជា​រយៈពេល​៦​ខែ​ដើមឆ្នាំ​នេះ មាន​ប្រមាណ​ជាង​២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ធ្លាក់​ចុះ​ជាង​៥០% បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៧ មាន​ប្រមាណ​ជិត​៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់…

រាជធានី​ភ្នំពេញ ៖ ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​សរុប​នៅ​កម្ពុជា​រយៈពេល​៦​ខែ​ដើមឆ្នាំ​នេះ មាន​ប្រមាណ​ជាង​២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ធ្លាក់​ចុះ​ជាង​៥០% បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៧ មាន​ប្រមាណ​ជិត​៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ ។

យោង​តាម​របាយការណ៍​បាន​បញ្ជាក់​ថា ក្នុង​រយៈពេល​៦​ខែ ឆ្នាំ​២០១៨ ទាំង​សមត្ថកិច្ច​ក្រសួង និង​រាជធានី​-​ខេត្ត បាន​ផ្ដល់​លិខិតអនុញ្ញាត​សាងសង់​ចំនួន​១.៦៤៣​គម្រោង ដែល​មាន​ផ្ទៃក្រឡា​សំណង់​សរុប​៥.៣៥២.៤២២​ម៉ែត្រការ៉េ មាន​តម្លៃ​ប៉ាន់ស្មាន​២.១៥៣.២១១.១១៨​ដុល្លារ​អា​មេ​រិ​ក ។

បើ​តាម​លោក​បណ្ឌិត គី​ម ហ៊ា​ង ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​ឲ្យ​ដឹង​ថា សកម្មភាព​សាងសង់ និង​វិនិយោគ​លើ​វិស័យ​សំណង់​មិន​ធ្លាក់​ចុះ​ទេ គឺ​សកម្មភាព​នៅ​តែ​ដំណើរការ​ដដែល មិន​មានការ​ផ្អាក ឬ​រារាំង​ណាមួយ​ឡើយ ។

លោក​ថា ៖« សូមកុំ​មើល​តែ​តួលេខ តែ​ត្រូវ​មើល​មក​លើ​ស្ថានភាព​ជាក់ស្ដែង​ពី​ការ​វិនិ​យោគ និង​អភិវឌ្ឍន៍​វិស័យ​សំណង់​វិញ ។ គម្រោង​នីមួយ​ៗ​ត្រូវការ​ពេលវេលា​យូរ​ដើម្បី​អភិវឌ្ឍន៍ និង​សាងសង់ ។ ជាក់ស្ដែង កាលពី​២-៣​ឆ្នាំ​មុន មាន​គម្រោង​ថ្មី​ៗ​ជា​ច្រើន​ត្រូវ​បាន​ស្នើ​សុំ​សាងសង់ និង​អភិវឌ្ឍន៍​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​រហូត​មក​ដល់​ពេល​នេះ គម្រោង​ទាំង​អស់នោះ ក៏​មិន​ទាន់​បាន​បញ្ចប់​ដែរ នៅ​តែ​ដំណើរការ​សាងសង់​ដដែល គ្រាន់​តែ​គម្រោង​ថ្មី​ៗ​មិន​មាន​ច្រើន​ដូច​កាលពីមុន​ប៉ុណ្ណោះ » ។

លោក​បន្ត​ថា កាលពី​ឆ្នាំ​២០១៧ ទុន​វិនិយោគ​មាន​ទឹកប្រាក់​ប្រមាណ​ជិត​៥​ពាន់​លាន​ដុល្លារ ហើយ​ឆ្នាំ​នេះ ទើបតែ​មាន​ជាង​២​ពាន់​លាន​ដុល្លារ​មែន ក៏​ប៉ុន្តែ​ដំណើរការ​សាង​សង់ និង​វិនិយោគ​គម្រោង​កន្លង​មក​នៅ​តែ​ដដែល ហើយ​វិនិយោគិន​បរទេស​នានា​នៅ​តែ​សម្លឹង​មើល​កម្ពុជា និង​ត្រៀម​វិនិយោគ​បន្ថែម​ទៀត​នៅ​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ​នេះ ។

ប្រធាន​សមាគម​រូប​នេះ​បាន​បន្ថែម​ថា បច្ចុប្បន្ន វិនិយោគិន​បរទេស​ដែល​មក​បណ្ដាក់ទុន​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា មិនមែន​មាន​តែ​ចិន ដែល​គ្រប់​គ្នា​បានឃើញ​នោះ​ទេ តែ​ធាតុ​ពិត មាន​វិនិយោគិន​មក​ពី​បណ្ដា​ប្រទេស​ជា​ច្រើន​ដូច​ជា មក​ពី​កូរ៉េ ជប៉ុន ម៉ា​ឡេ​ស៊ី សិង្ហ​បុរី និង​បណ្ដា​ប្រទេស​អឺរ៉ុប​ជា​ច្រើន​ផង​ដែរ ប៉ុន្តែ​គ្រាន់តែ​ចិន​មាន​សកម្មភាព​វិនិ​យោគ​ច្រើន​ជាងគេ​ប៉ុណ្ណោះ ។

លោក​បញ្ជាក់​ថា វិនិយោគិន​បរទេស​ជា​ច្រើន​នឹង​មក​កម្ពុជា ដើម្បី​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ និង​វិស័យ​ផ្សេង​ៗ​ជា​ច្រើន​ទៀត ។ ជាក់ស្ដែង ដូច​បានឃើញ​ស្រាប់​ហើយ បច្ចុប្បន្ន​នេះ កម្ពុជា​មាន​វិស័យ​ជា​ច្រើន​ដែល​មាន​សក្ដានុពល​សម្រាប់​ផ្ដល់​ជូន​ការ​វិនិយោគ​ដល់​វិនិយោគិន​ក្នុង និង​ក្រៅប្រទេស ។

លោក ឡៅ ទិព្វ​សីហា អនុរដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​មាន​ប្រសាសន៍​ថា ក្រៅពី​រាជធានី​ភ្នំពេញ កម្ពុជា​ក៏​មាន​ប៉ូ​ល​សំខាន់​ៗ​មួយ​ចំនួន​ទៀត​សម្រាប់​អភិវឌ្ឍន៍​វិស័យ​សំណង់​ដែរ ។ ជាក់ស្ដែង បច្ចុប្បន្ន​នេះ គេ​មើលឃើញ​ថា នៅ​ខេត្ត​ព្រះ​សីហ​នុ និង​ខេត្តសៀមរាប ក៏​មាន​សកម្មភាព​ផុសផុល​ផង​ដែរ ក្នុង​ការ​វិនិយោគ​លើ​វិស័យ​សំណង់ ជា​ពិសេស សំណង់​អគារ​ខ្ពស់​ៗ ។

លោក​បន្ត​ថា ក្រៅពី​អគារ​ខ្ពស់​ៗ កម្ពុជា​ក៏​មាន​សំណង់​បុរី​លំនៅ​ឋាន​ជា​ច្រើន​ផង​ដែរ​នៅ​ក្នុង​វិស័យ​សំណង់ ។ ជាក់ស្ដែង សព្វ​ថ្ងៃនេះ បុរី​លំនៅ​ឋាន​មាន​ចំនួន​២១៣​ទីតាំង ហើយ​ក្នុង​រយៈពេល​៥​ខែ​ដើមឆ្នាំ​២០១៨​នេះ ក៏​មានការ​ស្នើ​សុំ​សាងសង់​បុរី​ចំនួន​២៦​ទីតាំង​ដែរ នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ