ភ្លើងទោសៈនឹងឆេះឡើងភ្លាម បើកាលណាបុគ្គលមានសេចក្តីក្រោធនៅក្នុងចិត្តនោះ ហើយបើចង់បញ្ឈប់សេចក្តីក្រោធមិនមែនជារឿងងាយប៉ុន្មានទេ តែក៏មិនមែនដល់ទៅពិបាករហូតរំលត់ភ្លើងក្រោធមិនបាននោះដែរ សំខាន់គឺនៅត្រង់ថា យើងត្រូវតាំងចិត្តបញ្ឈប់ក្រោធខឹងឱ្យបានតែប៉ុណ្ណោះ ។
មានវិធីសម្រាប់សេចក្តីក្រោធខ្លះៗខាងក្រោមនេះ លោកអ្នកអាចសាកល្បងបាន ឬបើមានវិធីផ្សេងក្រៅពីនេះហើយ ក៏មិនជាបញ្ហាអ្វីដែរ សំខាន់គឺ ឱ្យតែឈប់ខឹងក្រោធទៅវាស្រេចហើយ ។
ខាងក្រោមនេះជាវិធី៧យ៉ាងដែលគួរពិចារណាដើម្បីរំលត់ក្រោះគឺៈ
១-មានយល់ឃើញត្រូវ គឺចិត្តសស្អាត ពិចារណាឱ្យឃើញទោសនៃសេចក្តីក្រោធ និងផលអាក្រក់ដែលកើតពីការខឹងក្រោធ ឬពិចារណាតាមពុទ្ធវចនៈផ្សេងៗទៀតឱ្យបានច្បាស់ រហូតដល់យល់ថា សេចក្តីក្រោធមានទោសអាក្រក់មែន។
២-ត្រូវពិចារណាឱ្យឃើញផលប្រយោជន៍ដ៏មហាសាល ដែលនឹងកើតមកអំពីការដែលមិនខឹងក្រេវក្រោធ ។
៣-ប្រើវិធីទន្ទេញ ឬភាវនាខ្សឹបៗ ប្រាប់ខ្លួនឯងថា កុំខឹង កុំខឹង កុំខឹង មិនខ្ចីខឹង មិនខ្ចីខឹង កុំទៅខឹងៗ ខឹងបានការអ្វីៗ ឱ្យបានជាប់ជានិច្ចរាល់ឥរិយាបថ រាល់កិច្ច និងរាល់ពេលដែលអារម្មណ៍ក្រោធចូលមកប៉ះចិត្ត ។
៤-មានទស្សនៈទៅលើអ្វីៗក្នុងន័យជាល្អ ជាវិជ្ជមាន កុំសូវគិតទៅលើរឿងអាក្រក់ឥតប្រយោជន៍ពេក ។
៥-មានរបៀបរម្ងាប់សេចក្តីក្រោធតាមបែបថា នៅពេលយើងខឹងគេ ហើយចង់ឈ្លោះតតបវិញ ត្រូវរាប់លេខឱ្យបានចំនួន១០០០ នោះនឹងអាចឈប់ខឹងហើយ ។
៦-វិធីមួយដែលគេឯងប្រើមានប្រសិទ្ធភាព គឺការធ្វើសមាធិនៅពេលខឹង។ ឧទាហរណ៍ បើយើងខឹងអ្នកណាមួយខ្លាំង គប្បីបិទភ្នែក ឬមិនបាច់បិទក៏បាន ហើយដកដង្ហើមឱ្យបានវែងៗជាទីបំផុតចំនួន១០ដង។ នៅពេលកំពុងដកដង្ហើមវែងៗនោះ ភ្នែក ឬចិត្ត ត្រូវសម្លឹងមើលចុងច្រមុះជាកន្លែងដែលខ្យល់រត់ចេញរត់ចូលប៉ះនឹងរឹមច្រមុះ កុំឱ្យចិត្តងាកបែរទៅណាឱ្យសោះ។ ធ្វើដូច្នេះកម្លាំងរបស់សេចក្តីក្រោធនឹងថយចុះជាលំដាប់រហូតបាត់អស់ជាមិនខាន ។
៧-ចម្រើនមេត្តាកម្មដ្ឋាន ពោលគឺផ្សាយមេត្តា នឹកស្រមៃក្នុងចិត្តថា សូមឱ្យមនុស្សសត្វទាំងអស់បានសេចក្តីសុខ កុំបីមានពៀរវេរារវាងគ្នានិងគ្នាឡើយ ។
វិធីទាំង៧ប្រការនេះជាគន្លឹះយ៉ាងសំខាន់ជួយរំលត់ភ្លើងក្រោធទោសៈចេញពីចិត្ត និងនាំឱ្យចិត្តស្ងប់ ត្រជាក់ សុខស្រួលជាប្រក្រតី ។
ចែករំលែកព័តមាននេះ