ខេត្តបាត់ដំបង ៖ នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨នេះ មានការបំពាក់ឋានន្តរសក្កិ និងប្រគល់មុខងារដល់នាយទាហានដល់អង្គភាពកងការពារព្រំដែនលេខ៥០៤ ស្ថិតនៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ លោកឧត្តមសេនីយ៍ទោ ឯក សំអូន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ ព្រមទាំងមេបញ្ជាការរងប្រចាំទិសទាំងអស់ មន្ត្រីនគរបាល អាវុធហត្ថតាមព្រំដែន សរុបចំនួន៩៦នាក់។
ដោយបានស្តាប់អំពីរបាយការណ៍ពីលោកវរៈសេនីយ៍ឯក យ៉យ ស៊ីដូ មេបញ្ជាការកងការបារព្រំដែនលេខ៥០៤រួចមក លោកឧត្តមសេនីយ៍ត្រី ប៊ិន សារ៉ន នាយការិយាល័យ ទី១បានអានសេចក្តីប្រកាសតែងតាំងផ្លាស់ប្តូរដល់នាយទាហានចំនួន០៤នាក់ សេចក្តីសម្រេចបំពាក់ ឋានន្តរសក្កិដល់នាយទាហាន នាយទាហានរង ឋានៈអនុសេនីយ៍ឯកចំនួន១៦នាក់ អនុសេនីយ៍ទោ ចំនួន០៦នាក់ ឋានៈអនុសេនីយ៍ត្រីចំនួន១៦នាក់ នាយចំណង់២៦នាក់ ដែលសរុបរួម ចំនួន៦៨នាក់ ក្នុងកម្មវិធីនោះដែលដាច់ស្រយាលនៅតាមព្រំដែននៅក្នុងភូមិសាស្ត្រយោធភូមិភាគទី៥។
លោកឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ បានបញ្ជាក់ថា នេះជាការឆ្លុះបញ្ចាំងអំពីទឹកចិត្ត ឆន្ទៈ ស្មារតីដែលបងប្អូនយើងបានគោរពស្រឡាញ់ ប្រទេសជាតិយើងឲ្យមានសុខសន្តិភាពកន្លងមក តែដោយសារការកែទម្រង់ សម្រួលកងអង្គភាព ដែលបានបង្រួមបង្រួមជាតិកន្លងមក បានច្របាច់បញ្ចូលគ្នាពីក្បាលអង្គភាពធំៗ រហូតដល់អង្គភាពតូចៗ រក្សាកងកម្លាំងយើងដែលមានស្នាដៃកន្លងមក ទើបមានបងប្អូនយើងមួយចំនួនមិនបានដំឡើងសក្កិ ឲ្យបានសមស្រប ទៅតាមតម្រូវការទឹកចិត្តបងប្អូនដែលបានតស៊ូដើម្បីប្រទេសជាតិកន្លងមក។
តែអ្វីៗនៅក្នុងអង្គភាពយោធភូមិភាគទី៥ យើងតែងតែមានអារម្មណ៍ គិតគូរដល់បងប្អូនមុនគេជានិច្ច ទូទាំងប្រទេសតាមរយៈក្រសួងការពារជាតិ និងរាជរដ្ឋាភិបាលបានដាស់តឿនឲ្យមានការចងចាំជានិច្ច ចំពោះកាតព្វកិច្ចរបស់បងប្អូនដែលមានស្នាដៃ និងបានអនុវត្តកែទម្រង់ទៅមុនគេនៅក្នុងប្រទេសកម្ពុជា។ លោកឧត្តមសេនីយ៍ឯកបានចាប់អារម្មណ៍ផងដែរចំពោះនាយទាហានខ្លះដែលមានអាយុលើសពី៦០ឆ្នាំ ត្រូវចូលនិវត្តន៍ តែពេលនេះទើបតែបានបំពាក់ឋានន្តរសក្កិត្រឹមអនុសេនីយ៍ត្រី និងនាយចំណង់ ដែលមានបងប្អូនយើងបានបម្រើ ការពារប្រទេសពីជាង២០ឆ្នាំរហូតដល់៣០ឆ្នាំកន្លងមកនេះ គឺមកពីបងប្អូនទាំងអស់ស្រឡាញ់សុខសន្តិភាព មិនចង់ជួបប្រទេសដែលមានសង្គ្រាមរ៉ាំរ៉ៃ ដែលមាននៅក្នុងប្រទេសកម្ពុជាយើងមានរាប់សិបឆ្នាំកន្លងមកហើយនោះទេ។
ហើយរាជរដ្ឋាភិបាលយើងក៏បានលើកទឹកចិត្តដល់បងប្អូនយើងដែលបានចូលនិវត្តន៍ទៅហើយនោះ ក៏ត្រូវបានទទួលការដំឡើងឋានន្តរសក្កិ ប្រាក់បៀវត្សឧបត្ថម្ភបន្ថែមទៀតដល់បងប្អូន ជាការតបស្នង សងគុណក្នុងកិច្ចការបម្រើ ការពារកសាងប្រទេសជាតិយើងបានរីកចំរើន រហូតដល់សព្វថ្ងៃនេះដែរ សំខាន់បទពិសោធន៍ជាប្រវត្តិសាស្ត្រដល់ក្មេងបន្តវេនជំនាន់ក្រោយ ជួយថែររក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិកុំឲ្យលិចលង់ទៅក្នុងភ្នក់ភ្លើងសង្គ្រាមជាបន្តទៅទៀត។ ចុងក្រោយលោកឧត្តមសេនីយ៍ឯក បានមើលឃើញទឹកចិត្តស្រឡាញ់បងប្អូន មិនចង់ឲ្យអង្គភាពជួបការលំបាកក្នុងកម្មវិធីនេះ បានជួយឧបត្ថម្ភជាថវិកាចំនួន៣លានរៀល និងអង្គភាពផ្សេងៗទៀតតាមទឹកចិត្តជួយឧបត្ថម្ភគ្នាដល់បងប្អូនកងទ័ពនៅតាមព្រំដែនកុំឲ្យជួបការលំបាកឡើយ៕
ចែករំលែកព័តមាននេះ