ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ប្រឈម​បញ្ហា​មួយ​ចំនួន ខណៈ​ភ្ញៀវ​ទេសចរ​កើនឡើង​ខ្លាំង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ការ​មក​ដល់​នៃ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​កំពុង​មាន​កំណើន​ខ្លាំង ពិសេស​ភ្ញៀវ​ទេសចរ​ចិន ធ្វើ​ឲ្យ​កម្ពុជា​កំពុង​ប្រឈម​នឹង​កង្វះខាត​ការ​ផ្គត់ផ្គង់​សេវា​មួយ​ចំនួន​ដូច​ជា សណ្ឋាគារ​, ម្ហូបអាហារ និង​សេវា​ដឹក​ជញ្ជូន ជាដើម ។…

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ការ​មក​ដល់​នៃ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​កំពុង​មាន​កំណើន​ខ្លាំង ពិសេស​ភ្ញៀវ​ទេសចរ​ចិន ធ្វើ​ឲ្យ​កម្ពុជា​កំពុង​ប្រឈម​នឹង​កង្វះខាត​ការ​ផ្គត់ផ្គង់​សេវា​មួយ​ចំនួន​ដូច​ជា សណ្ឋាគារ​, ម្ហូបអាហារ និង​សេវា​ដឹក​ជញ្ជូន ជាដើម ។ នេះ​បើ​តាម​អនុប្រធាន​នាយកដ្ឋាន​សិក្សា​ទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍​ក្រៅប្រទេស​បាន​លើក​ឡើង ។

ក្នុង​ពិធី​ដាក់​ឲ្យ​ប្រើប្រាស់ «​មជ្ឈមណ្ឌល​ផ្សព្វផ្សាយ និង​ផ្ដល់​ព័ត៌មាន​ទេសចរណ៍​ខេត្ត​ក្វា​ង​ស៊ី​» ប្រចាំ​នៅ​កម្ពុជា លោក ប្រាក់ វុ​ទ្ធី អនុប្រធាន​នាយកដ្ឋាន​សិក្សា​ទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍​ក្រៅប្រទេស បាន​ឲ្យ​ដឹង​ថា កាលពី​ឆ្នាំ​២០១៧ ការ​មក​ដល់​នៃ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មាន​ប្រមាណ​៥,៦​លាន​នាក់ ក្នុង​នោះ​អ្នកទេសចរ​ចិន​មាន​រហូត​ទៅ​ដល់​១,២​លាន​នាក់ កើនឡើង​រហូត​ដល់​៤៧,៩% ហើយ​ឆ្នាំ​នេះ កម្ពុជា​រំពឹង​ថា ភ្ញៀវ​ទេសចរ​ចិន​នឹង​កើនឡើង​ដល់​២​លាន​នាក់​។ កំណើន​នេះ បាន​ធ្វើ​ឲ្យ​កម្ពុជា​កំពុង​ជួប​បញ្ហា​ប្រឈម​ខ្លះ​ដែរ ពិសេស​គឺ​ការ​ផ្គត់ផ្គង់​សេវា​មួយ​ចំនួន​ដូច​ជា បន្ទប់​ស្នាក់​នៅ​, ម្ហូបអាហារ និង​មធ្យោបាយ​ធ្វើ​ដំណើរ ។ ទោះបី​យ៉ាងណា តាម​រយៈ​វិស័យ​ឯកជន​ដែល​ជា​ដៃគូ​មិន​អាច​ខ្វះ​បាន កំពុង​តែ​ផ្ដោត​លើ​ការ​សាងសង់​សណ្ឋាគារ​, រមណីយដ្ឋាន និង​ភោជនីយដ្ឋាន​នានា ដើម្បី​ឆ្លើយ​តប​នឹង​កំណើន​នេះ ។

លោក ប្រាក់ វុ​ទ្ធី មាន​ប្រសាសន៍​ថា ៖«​អ្នកទេសចរ​ចិន​មានការ​កើនឡើង​យ៉ាង​ខ្លាំង ធ្វើ​ឲ្យ​កម្ពុជា​យើង​បាន​ជួប​ប្រទះ​នូវ​បញ្ហា​មួយ​ចំនួន​ផង​ដែរ ដោយ​យើង​មិនមែន​ទទួល​តែ​ទេសចរ​ចិន​មួយ​ទេ គឺ​ទេសចរ​ពី​ប្រទេស​ផ្សេង​ទៀត ហើយ​បញ្ហា​ដែល​ជួប​នោះ​មាន ការ​ស្នាក់​នៅ​, ការ​ហូប​ចុក និង​ការ​ធ្វើ​ដំណើរ​ផ្សេង​ៗ​ទៀត » ។
ទោះបី​យ៉ាងនេះ​ក្ដី លោក​ថា ៖« កម្ពុជា​យើង​កំពុង​កសាង​សណ្ឋាគារ​ផ្សេង និង​កំពុង​អភិវឌ្ឍន៍ ព្រមទាំង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី​ៗ​បន្ថែម​ទៀត ដូច​ជា រមណីយដ្ឋាន​, ភោជនីយដ្ឋាន និង​អាកាសយានដ្ឋាន ជាដើម ដើម្បី​ឆ្លើយ​តប​នឹង​កំណើន​នេះ » ។ លោក​បន្ដ​ថា នៅ​ឆ្នាំ​២០១៨​នេះ ក៏​ជា​ខួប​នៃ​ទំនាក់ទំនង​ការទូត​លើក​ទី​៦០​រវាង​កម្ពុជា​-​ចិន ផង​ដែរ ក្នុង​នោះ​កម្ពុជា​បាន​ក្លាយជា​ប្រទេស​កិត្តិយស​ក្នុង​ការ​ចូលរួម​តាំងពិព័រណ៍​អាស៊ាន​-​ឆាយ​ណា អុ​ី​ច​ស្ពូ​រ លើក​ទី​១៥ ដែល​នេះ​ជា​សញ្ញា​មួយ​ដ៏​សំខាន់ ក្នុង​ការ​ជំរុញ​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​មាន​កំណើន​ថែម​ទៀត ។

អគ្គនាយករង​នៃ​គណៈកម្មាធិការ​ទេសចរណ៍​ចិន ខេត្ត​ក្វា​ង​ស៊ី លោកស្រី HU JING BO បាន​មាន​ប្រសាសន៍​ដែរ​ថា កម្ពុជា​ជា​ប្រទេស​មាន​វប្បធម៌​វ័យ​ចំណាស់ និង​មាន​សក្ដានុពល​ទេសចរណ៍​សម្បូរ​បែប ដូច​ជា បឹង​ទន្លេសាប ដែល​លាតសន្ធឹង​ល្វឹងល្វើយ​, ប្រាសាទអង្គរវត្ត ដែល​មានកេរ្តិ៍ឈ្មោះ​ល្បី​ពេញ​សកលលោក ព្រមទាំង​មាន​ឆ្នេរ​ដ៏​ស្រស់​ស្អាត ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ក៏​មាន​តំបន់​ទេសចរណ៍ធម្មជាតិ​ដែល​គួរ​ឲ្យ​ទាក់ទាញ​ជា​ច្រើន​ទៀត ហើយ​កម្ពុជា​ជា​ប្រទេស​ដែល​សម្បូរ​ទៅ​ដោយ​ធនធាន​រ៉ែ និង​ជា​តំបន់​ត្រូ​ពិ​ក​ផង​ដែរ ។ លោកស្រី​ថ្លែង​ថា ៖« ប្រទេស​កម្ពុជា​គឺជា​មិត្តភក្តិ​ដ៏​ល្អ ស្មោះត្រង់ ក៏​ដូច​ជា​ដៃគូ​សហការ​ដ៏​ល្អ​មួយ ហើយ​សម្រាប់​តំបន់​ស្វយ័ត​ក្វា​ង​ស៊ី ជា​តំបន់​មួយ​ស្ថិត​នៅ​ភាគ​និរតី​នៃ​ប្រទេស​ចិន ជិត​ព្រំប្រទល់​ប្រទេស​វៀតណាម មាន​ទេសភាព​ស្រស់​ស្អាត ស្រស់បំព្រង ហើយ​ខេត្ត​ក្វា​ង​ស៊ី ក៏​ជា​តំបន់​មួយ​ដែល​មាន​ផ្ទៃក្រឡា​ជាប់​នឹង​តំបន់​ធនធាន និង​ទេសចរណ៍​សម្បូរ​បែប​ដែរ​។ ដូច្នេះ ការ​បើក​មជ្ឈមណ្ឌល​ផ្សព្វផ្សាយ និង​ផ្ដល់​ព័ត៌មាន​ទេសចរណ៍​ខេត្ត​ក្វា​ង​ស៊ី នា​ពេល​នេះ នឹង​ជួយ​ឲ្យ​ទំនាក់ទំនង​កម្ពុជា​-​ចិន កាន់តែ​ជិត​ស្និទ្ធ ពិសេស​ជួយ​ឲ្យ​វិស័យ​ទេសចរណ៍​នៃ​ប្រទេស​ទាំង​ពីរ​មាន​កំណើន​ឡើង​ថែម​មួយ​កម្រិត​ទៀត​»​។

លោកស្រី​ថ្លែង​ថា ៖« ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ ខេត្ត​ក្វា​ង​ស៊ី​បាន​យកចិត្តទុកដាក់​ទៅ​លើ​ការ​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍ និង​បាន​ចាត់​ទុក​វិស័យ​ទេសចរណ៍​ក្នុង​ការ​អភិវឌ្ឍ មានការ​ដើរ​កម្សាន្ត​តាម​សមុទ្រ​ចិន​, ដំណើរ​កម្សាន្ត​បែប​អេកូឡូស៊ី​ទេសចរណ៍ ដែល​បាន​ធ្វើ​ឲ្យ​កិត្តិនាម​ខេត្ត​ក្វា​ង​ស៊ី​ល្បីឈ្មោះ​ពេញ​ពិភពលោក » ។

គួរ​កត់​សម្គាល់ថា ចំនួន​អ្នកទេសចរ​មក​ទស្សនា​នៅ​ខេត្ត​ក្វា​ង​ស៊ី និង​ស្នាក់​នៅ​កាលពី​ឆ្នាំ​២០១៧ មាន​ចំនួន​៥​លាន​នាក់ ហើយ​កម្ពុជា ក៏​ជា​ប្រភព​ទេសចរ​ដ៏​សំខាន់​មួយ​ដែរ ។ ក្នុង​នោះ ភ្ញៀវ​ទេសចរ​កម្ពុជា​ទៅ​កាន់​ខេត្ត​ក្វា​ង​ស៊ី​មាន​ចំនួន​ជាង​១,៣​ម៉ឺន​នាក់ មាន​កំណើន​៥៨,១% ហើយ​នៅ​ពាក់កណ្តាល​ដើមឆ្នាំ​២០១៨​នេះ មាន​ចំនួន​៨.៨១៥​នាក់ ស្មើនឹង​កំណើន​៤៤,៨%

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ