ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆមាស​ទី​1​ឆ្នាំ​នេះ គយ​និង​រដ្ឋាករ រក​ចំណូល​បាន​ជាង​1​ពាន់​លាន​ដុល្លារ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ដែល​ជា​ស្ថាប័ន​សំខាន់​មួយ​ក្នុង​ការ​រក​ចំណូល​សម្រាប់​ទ្រទ្រង់​ប្រទេស​ជាតិ បាន​ប្រកាស​ពី​ប្រាក់​ចំណូល​របស់​ខ្លួន ក្នុង​រយៈពេល​មួយ​ឆមាស​ដំបូង​ឆ្នាំ​២០១៨​នេះ ដោយ​ប្រមូល​ចំណូល​សរុប​ប្រមាណ​ជាង​១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ពី​ការ​បង់ពន្ធ​នានា​ដែល​ពាក់ព័ន្ធ ។ យោង​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​គយ…

រាជធានី​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ដែល​ជា​ស្ថាប័ន​សំខាន់​មួយ​ក្នុង​ការ​រក​ចំណូល​សម្រាប់​ទ្រទ្រង់​ប្រទេស​ជាតិ បាន​ប្រកាស​ពី​ប្រាក់​ចំណូល​របស់​ខ្លួន ក្នុង​រយៈពេល​មួយ​ឆមាស​ដំបូង​ឆ្នាំ​២០១៨​នេះ ដោយ​ប្រមូល​ចំណូល​សរុប​ប្រមាណ​ជាង​១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ពី​ការ​បង់ពន្ធ​នានា​ដែល​ពាក់ព័ន្ធ ។

យោង​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ឆមាស​ទី​១ ដើមឆ្នាំ​២០១៨​នេះ បាន​ប្រមូល​ចំណូល​សរុប​ប្រមាណ​៤.៧៣៦​ប៊ី​លាន​រៀល ឬ​ស្មើ​ប្រមាណ​១.១៧២​លាន​ដុល្លារ​អា​មេ​រិ​ក ស្មើនឹង​ប្រមាណ​៥៦,៧% នៃ​ផែនការ​កំណត់​ដោយ​ច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ក្នុង​ឆ្នាំ​២០១៨ ។ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៧​កន្លង​ទៅ មាន​កំណើន​ប្រមាណ​២៧,៨% ។

លោក គុណ ញឹ​ម ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បាន​ឲ្យ​ដឹង​ថា សម្រាប់​ចំណូល​ក្នុង​រយៈពេល​១​ឆមាស​ដើមឆ្នាំ​២០១៨​នេះ ចំណូល​បាន​មក​ពី​ការ​បង់ពន្ធ​នាំ​ចូល​យានយន្ត​មាន​កំណើន​ច្រើន​ជាងគេ ដែល​កំណើន​រហូត​ដល់​៤០,៥% ខណៈ​ចំណូល​បាន​មក​ពីមុខ​ទំនិញ​ប្រេង និង​ថាមពល កើនឡើង​ប្រមាណ​១០,៥% គ្រឿងសំណង់​កើនឡើង​ប្រមាណ​២៦,៦% និង​ទំនិញ​ផ្សេង​ៗ​ទៀត មាន​កំណើន​ប្រមាណ​២៧% ។

លោក​បន្ត​ថា ប្រភេទ​ពន្ធ និង​អាករ​សំខាន់​ៗ​ដែល​ប្រមូល​ដោយ​គយ​មាន ពន្ធគយ (​ពន្ធ​នាំ​ចូល​), អាករ​ពិសេស និង​អាករ​លើ​តម្លៃបន្ថែម (VAT) ។ លោក​ថា ៖« នៅ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៨​នេះ បើ​ធៀប​នឹង​ឆមាស​ទី​១​ឆ្នាំ​២០១៧ លទ្ធផល​ចំណូល​តាម​ប្រភេទ​ពន្ធ​មានការ​ប្រែប្រួល ដូច​ជា ពន្ធគយ​មាន​កំណើន​ជិត​១៦%, អាករ​ពិសេស​មាន​កំណើន​៣៩,៤% ហើយ VAT មាន​កំណើន​២៧% ។ ដោយឡែក តួលេខ​បណ្ដោះអាសន្ន​នៃ​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ ក្នុង​ឆមាស​ទី​១​ឆ្នាំ​២០១៨ បើ​ធៀប​នឹង​ឆមាស​ទី​១ ឆ្នាំ​២០១៧ មាន​កំណើន​គួរសម​ដែរ ក្នុង​នោះ​តម្លៃ​នាំ​ចូល​សរុប​មាន​កំណើន ១៧% ខណៈ​តម្លៃ​នាំ​ចេញ​សរុប​មាន​កំណើន​ជាង​៧% ក្នុង​នោះ​តម្លៃ​ផលិតផល​កាត់ដេរ​នាំ​ចេញ​កើនឡើង​ជិត​១៣% និង​តម្លៃ​ផលិតផល​ស្រូវ និង​អង្ករ កើនឡើង​៥៣% » ។

លោក​បញ្ជាក់​ថា កំណើន​ពាណិជ្ជកម្ម​អន្តរជាតិ និង​កំណើន​ចំណូល​ពន្ធ និង​អាករ​គយ ដែល​សម្រេច​បាន​ក្នុង​កម្រិត​ខ្ពស់​គួរ​ឲ្យ​កត់សម្គាល់​នេះ គឺ​ដោយសារ​កត្តា​មួយ​ចំនួន ក្នុង​នោះ​កត្តា​សំខាន់ គឺ​ស្ថិរភាព​នយោបាយ​ក្នុង​ប្រទេស ដែល​ជា​មូលដ្ឋាន​គ្រឹះ​គាំទ្រ និង​ធានា​ប្រក្រតី​ភាព​នៃ​សកម្មភាព​ពាណិជ្ជកម្ម វិនិយោគ ផលិតកម្ម សេវាកម្ម និង​ការ​ប្រើប្រាស់​ជា​ទូទៅ ដែល​ប្រការ​ទាំងនេះ​បាន​ជំរុញ​ឲ្យ​មាន​កំណើន​ការ​នាំ​ចូល​នូវ​មុខទំនិញ​ផ្សេង​ៗ​ឆ្លើយ​តប​នឹង​តម្រូវការ និង​ការ​ផ្គត់ផ្គង់​ក្នុងស្រុក ។

លោក​អគ្គនាយក​បាន​ប្ដេជ្ញា​ថា នឹង​ខិតខំ ប្រមូល​ចំណូល​ឲ្យ​បាន​គ្រប់​ទៅ​តាម​ផែនការ​នៃ​ច្បាប់​ស្ដី​ពី​ហិរញ្ញវត្ថុ​កំណត់​ដោយ​រដ្ឋ ក្នុង​គោលដៅ​ធ្វើ​យ៉ាងណា ឲ្យ​មានការ​គោរព​ច្បាប់ពាណិជ្ជកម្ម​ពី​សំណាក់​ឈ្មួញ​នាំ​ចូល​នានា ។ ក្នុង​ន័យ​នេះ លោក​ចង់​បញ្ជាក់​ថា ៖« អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ នឹង​ព្យាយាម​លុប​បំបាត់​នូវ​អំពើ​គេចពន្ធ​នានា​ពី​សំណាក់​ឈ្មួញ​នាំ​ចូល​ពី​ក្រៅប្រទេស​មក​កាន់​ប្រទេស​កម្ពុជា ដើម្បី​ឲ្យ​មានការ​ធ្វើ​អាជីវកម្ម​ដោយ​ស្មើភាព​គ្នា » ។ លោក​ក៏​បាន​លើក​ឡើង​អំពី​លទ្ធផល​ល្អ​នៃ​ការ​អនុវត្ត​ការងារ​កំណែទម្រង់ និង​ទំនើប​កម្ម​គយ និង​ផែនការ​សកម្មភាព​ឆ្នាំ​២០១៨​ផង​ដែរ ដែល​ក្នុង​នោះ​មានការ​ពង្រឹង​ប្រសិទ្ធភាព​ការងារ​បច្ចេកទេស​គយ​, ការ​បង្ការ​និង​បង្ក្រាប​អំពើ​រត់គេច​ពន្ធ និង​ការ​លើកកម្ពស់​អភិបាលកិច្ច​ល្អ​ទាំង​ក្នុង​អង្គភាព​គយ និង​វិស័យ​ឯកជន ជាដើម ។

គួរ​បញ្ជាក់​ថា ប្រភព​ចំណូល​ពន្ធ និង​អាករ​សំខាន់​ៗ​មាន យានយន្ត​និង​គ្រឿងចក្រ​ដែល​ដើរតួ​នាទី​សំខាន់ បាន​រួមចំណែក​ប្រមាណ​ជា​៤២%​នៃ​ចំណូល​សរុប ខណៈ​ប្រេងឥន្ធនៈ​និង​ថាមពល រួមចំណែក​ប្រមាណ​២០%​នៃ​ចំណូល​សរុប និង​ក្រៅពី​នេះ ចំណូល​បាន​មក​ពី​ទំនិញ​ចម្រុះ និង​គ្រឿងសំណង់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ