ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​​ឈ្នះ​ឆ្នោត ​ពួក​ប្រឆាំង​បះបោរ​តវ៉ា

5 ឆ្នាំ មុន

ប្រទេស​ហ្ស៊ីម​បា​វេ ៖ លោក​ EMMERSON MNANGAGWA អតីត​ដៃស្ដាំ​របស់​លោក​រ៉ូ​ប៊ែត​​មូ​ហ្គា​បេ ត្រូវ​បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ហ្ស៊ីម​បា​វេ តាំងពី​ការ​បោះ​ឆ្នោត​ជុំ​ទី​មួយ ដែល​នោះ​ជា​ជ័យជម្នះ​ត្រូវ​បាន​ពួក​ប្រឆាំង​បដិសេធ​ភ្លាម​ៗ​ កាលពី​ថ្ងៃ​ទី​៣…

ប្រទេស​ហ្ស៊ីម​បា​វេ ៖ លោក​ EMMERSON MNANGAGWA អតីត​ដៃស្ដាំ​របស់​លោក​រ៉ូ​ប៊ែត​​មូ​ហ្គា​បេ ត្រូវ​បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ហ្ស៊ីម​បា​វេ តាំងពី​ការ​បោះ​ឆ្នោត​ជុំ​ទី​មួយ ដែល​នោះ​ជា​ជ័យជម្នះ​ត្រូវ​បាន​ពួក​ប្រឆាំង​បដិសេធ​ភ្លាម​ៗ​ កាលពី​ថ្ងៃ​ទី​៣ ​សីហា ញ៉ាំង​​ឲ្យ​មានការ​បារម្ភ​ដល់​ភាព​តានតឹង​ថ្មី​ៗ​ក្នុង​ប្រទេស​មួយ​ដែល​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​កង​យោធា​។

លោក​ EMMERSON MNANGAGWA ដែល​ដឹកនាំ​ហ្ស៊ី​ម​បា​វេ ចាប់តាំងពី​ការ​ផ្ដួលរំលំ​លោក​រ៉ូ​ប៊ែ​ត​មូ​ហ្គា​បេ កាលពី​ខែវិច្ឆិកា​ ក្រោយ​ការ​កាន់​អំណាច​រយៈពេល​៣៧​ឆ្នាំ ទទួល​បាន​សំឡេង​៥០,៨% ទល់​នឹង​៤៤,៣%​សម្រាប់​គូប្រជែង​សំខាន់​លោក NELSON CHAMISA​។

លោក​ EMMERSON MNANGAGWA ​អាយុ​៧៥​ឆ្នាំ​ បាន​សម្ដែង​ការ​អបអរសាទរ​ចំពោះ​ជ័យជម្នះ​នោះ​ដែល​លោក​ថា​ ជា​ការ​បោះ​ជំហាន​ថ្មី ហើយ​លោក​អំពាវនាវ​ឲ្យ​មាន​ឯក​ភាព​​ជាតិ ​ដើម្បី​កសាង​ប្រទេស​ហ្ស៊ីម​បា​វេ​ថ្មី​មួយ​សម្រាប់​ទាំងអស់​គ្នា​។

ចាប់តាំងពី​ទទួល​បាន​ឯករាជ្យ​ពី​ឆ្នាំ​១៩៨០​មក ប្រទេស​ហ្ស៊ី​ម​បា​វេ​មាន​ប្រធានាធិបតី​តែ​២​រូប​ដែល​សុទ្ធតែ​ចេញ​មក​ពី​គណបក្ស ZANU-PF ​គឺ​លោក​រ៉ូ​ប៊ែ​ត​មូ​ហ្គា​បេ ដែល​ដឹកនាំ​ប្រទេស​ក្នុង​កណ្ដាប់ដៃ​ដែក​រយៈពេល​៣៧​ឆ្នាំ​ និង​លោក ​EMMERSON MNANGAGWA ឡើង​កាន់​អំណាច​ក្រោយ​រដ្ឋប្រហារ​យោធា​មួយ​។

ក្រោយ​ការ​ប្រកាស​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នា​យប់​ថ្ងៃ​ទី​២ ​មក​ទី​៣​ សីហា តាម​ដង​វិ​ថី​នានា​នៃ​រដ្ឋធានី​ហា​រ៉ា​រេ ​និង​នៃ​ទីក្រុង​បា​ឡា​វ៉ា​យូ​ មូលដ្ឋាន​របស់​ពួក​ប្រឆាំង មាន​សភាព​ស្ងាត់ជ្រងំ​។​ កង​យោធា​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ទីក្រុង​ហា​រ៉ា​រេ ។

កាលពី​ថ្ងៃ​ទី​១ ​សីហា​ រដ្ឋាភិបាល​បាន​ព្រមាន​ថា នឹង​មិន​អត់អោន​ដល់​ការ​តវ៉ា​ណាមួយ​ឡើយ ក្រោយ​ការ​ស្លាប់​មនុស្ស​៦​នាក់ នា​ឱកាស​នៃ​បាតុកម្ម​មួយ​របស់​ពួក​ប្រឆាំង​ដែល​ត្រូវ​បង្ក្រាប​ដោយ​កង​យោធា​។ ហើយ​​ពួក​បាតុករ​បាន​បរិហារ​ពី​ការ​ក្លែងបន្លំ​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​។

កងកម្លាំង​ប៉ូលិស​កាលពី​ថ្ងៃ​ទី​២ ​សីហា ​បាន​ឡោម​ព័ទ្ធ​ទីស្នាក់ការ​របស់​គណបក្សប្រឆាំង​ចលនា ​ដើម្បី​ការ​ផ្លាស់​ប្ដូរ​ប្រជាធិបតេយ្យ​ MDC ហើយ​លុក​ចូល​ក្នុង​ទីស្នាក់ការ​នេះ​នាទី​ក្រុង​ហា​រ៉ា​រេ ព្រមទាំង​ចាប់ខ្លួន​មនុស្ស​១៦​នាក់​។ រីឯ​​ប៉ូលិស​លុក​ចូល​ក្នុង​ការិយាល័យ​ពួក​ប្រឆាំង​ជាមួយ​ដីកាឆែកឆេរ​ និង​រឹបអូស​។ ហើយប៉ូលិស​ចង់​ប្រមូល​យក​កុំព្យូទ័រ​ទាំង​ឡាយ​។

មុន​ប្រកាស​ពី​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី គណៈកម្មាធិការ​បោះ​ឆ្នោត​បាន​ប្រកាស​រួច​ហើយ លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​សភា​ដែល​ធ្វើ​ដំណាលគ្នា​ដោយ​គណ​បក្ស​កាន់អំណាច​ទទួល​បាន​កៅអី​២​ភាគ​៣​ ក្នុង​សភា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ