ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​បញ្ជ​ឲ្យ​អនុរក្ស​ពន្ធនាគារ​នាំ​ខ្លួន​មេទ័ព​ក្បាល​ខ្លា​មក​បើក​កា​រស៊ើប​អង្កេត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០១៨ បាន​បញ្ជា​ទៅ​អនុរក្ស​ពន្ធនាគារ​ឲ្យ​នាំ​ខ្លួន​ប្រធាន​ចលនា​បង្កើត​កម្លាំង​កងទ័ព​ក្បាល​ខ្លា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ដោយ​ខុសច្បាប់​គឺ​ទណ្ឌិត សោម ឯក ហៅ ជា…

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០១៨ បាន​បញ្ជា​ទៅ​អនុរក្ស​ពន្ធនាគារ​ឲ្យ​នាំ​ខ្លួន​ប្រធាន​ចលនា​បង្កើត​កម្លាំង​កងទ័ព​ក្បាល​ខ្លា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ដោយ​ខុសច្បាប់​គឺ​ទណ្ឌិត សោម ឯក ហៅ ជា គឹ​ម​ហួ​ន មក​ធ្វើការ​សាកសួរ​លើ​សំណុំរឿង​ថ្មី​មួយទៀត​គឺ​បទល្មើស​«​លួច​រត់គេច​ចេញពី​ការ​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​» ដើម្បី​បិទ​បញ្ចប់​ការ​ស៊ើបអង្កេត​ឈាន​ដល់​សវនាការ​ផ្តន្ទាទោស​លើ​ជនជាប់ចោទ ។ ក្រោយ​ពី​បញ្ចប់​ការ​សាកសួរ លោក​ចៅក្រម​ស៊ើប​បាន​ឲ្យ​អនុរក្ស​ពន្ធនាគារ​នាំ​ខ្លួន​ទណ្ឌិត​រូប​នោះ​ទៅ​ដេក​ក្នុង​គុក​វិញ ។

ជនជាប់ចោទ​ឈ្មោះ សោម ឯក ហៅ ជា គឹ​ម​ហ៊ួ​ន អាយុ​៤៨​ឆ្នាំ ជា​មេ​ចលនា​បង្កើត​កងកម្លាំងប្រដាប់អាវុធ​បម្រុង​ផ្តួលរំលំ​រដ្ឋាភិបាល​កាលពី​វេលា​ម៉ោង​ប្រមាណ​១១​យប់ ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០១៦ បាន​លួច​រត់គេច​ខ្លួន​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​(​ពេទ្យ​រុ​ស្ស៊ី​) នៅ​ពេល​ក្រុម​អនុរក្ស​ដែល​នាំ​ទៅ​ព្យាបាល​ជម្ងឺ​ដេក​លង់លក់ ។

ទណ្ឌិត សោម ឯក គឺជា​ជនជាប់ចោទ​ខាង​នយោបាយ​បង្កើត​ចលនា​កម្លាំង​ទ័ព​នៅ​លើ​ទឹកដី​ទល់​ដែន​​កម្ពុជា​-​ថៃ​ដែល​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង ក្រសួងមហាផ្ទៃ ចាប់ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៦ នៅ​លើ​ភ្នំ​មួយ​ក្នុង​ខេត្តសៀមរាប បន្ទាប់​ពី​ទណ្ឌិត សោម ឯក រត់គេច​ចេញពី​មន្ទីរពេទ្យ​ទៅ​លាក់ខ្លួន​នៅ​ទីនោះ ។

សូម​រំលឹក​ថា ទណ្ឌិត សោម ឯក ហៅ ជា គឹ​ម​ហ៊ួ​ន អតីត​ជា​មន្ត្រី​បម្រើ​ការ​ជា​យោធា​នៅ​ក្រសួងការពារជាតិ ក្នុង​អំឡុង​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​២០០៣ ។ បន្ទាប់​មក​ទណ្ឌិត សោម ឯក បាន​លួច​ទៅ​បង្កើត​ក្រុម​ចលនា​តស៊ូ​ខុសច្បាប់​ដែល​មាន​រហ័ស​នាម​ហៅ​ថា​«​ក្រុម​ក្បាល​ខ្លា​»​ហើយ​ត្រូវ​បាន​កម្លាំង​រដ្ឋាភិបាល​នគរបាល​កម្ពុជា សហការ​ជាមួយ​អាជ្ញាធរ នៃ​ប្រទេស​ថៃ ចាប់ខ្លួន​កាលពី​អំឡុង​ឆ្នាំ ២០១០ និង ២០១១ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ បើក​សវនាការ​ជំនុំជម្រះ​ទោស​ជា​បន្តបន្ទាប់ និង​ច្រើន​សំណុំរឿង ដូច​ជា​ករណី បង្កើត​ចលនា​កងទ័ព​ក្បាល​ខ្លា​ដោយ​ខុសច្បាប់​, បទល្មើស​ធ្វើ​ភេរវកម្ម​ដាក់​គ្រាប់​បំផ្ទុះ នៅ​មុខ​ក្រសួងការពារជាតិ កាលពី​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០០៩ និង​នៅ​ជិត​ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម មុខ​វត្ត​មុទុ​ម​វ​តី សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ដែល​សុទ្ធ​សឹង​ជា​បទល្មើស​ឧក្រិដ្ឋ ប្រឆាំង​រាជរដ្ឋាភិបាល ។

ហើយ​មេ​បង្កើត​ចលនា​ទ័ព​ក្បាល​ខ្លា​រូប​នោះ​ត្រូវ​បាន​សាលក្រម​ប្រកាស​ផ្តន្ទាទោស​សរុប​ជាប់​ពន្ធនាគារ​កំណត់​៤៦​ឆ្នាំ នេះ​មិន​ទាន់​បូក​បញ្ចូល​បទល្មើស​រត់គេច​ខ្លួន​ចេញពី​មន្ទីរពេទ្យ ដែល​ខ្លួន​កំពុង​នៅ​អនុវត្ត​ទោស​នោះ​នៅឡើយ​ទេ ។ ដូច្នេះ​ចៅក្រម​ស៊ើបសួរ​តម្រូវ​ឲ្យ​អនុរក្ស​នាំ​ទណ្ឌិត សោម ឯក មក​សាកសួរ ដើម្បី​ផ្តន្ទាទោស​លើ​បទល្មើស​ថ្មី​មួយ​នេះ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ