ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ​ទៅ​មើល អ៊ុ​ង វិ​រៈ សាក​កណ្ដាប់ដៃ​ជាមួយ​កីឡាករទម្ងន់​យក្ស​ទាំងអស់​គ្នា​!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​៤ សីហា ស្អែក​នេះ ស្ថានីយទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥​នឹង​បន្ត​ការ​ប្រដាល់​ជា​លក្ខណៈ​អន្តរជាតិ​ដូច​សព្វដង​នៅ​ក្នុង​ទីតាំង​របស់​ខ្លួន​ដែល​ស្ថិត​នៅ​ព្រែក​កំ​ពិស ម្ដុំ​ព្រែក​ហូរ ជាយ​រាជធានី​ភ្នំពេញ បន្ទាប់​ពី​កាលពី​ស​ប្ដា​ហ៍​មុន​សង្វៀន​មួយ​នេះ…

រាជធានី​ភ្នំពេញ ៖ នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​៤ សីហា ស្អែក​នេះ ស្ថានីយទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥​នឹង​បន្ត​ការ​ប្រដាល់​ជា​លក្ខណៈ​អន្តរជាតិ​ដូច​សព្វដង​នៅ​ក្នុង​ទីតាំង​របស់​ខ្លួន​ដែល​ស្ថិត​នៅ​ព្រែក​កំ​ពិស ម្ដុំ​ព្រែក​ហូរ ជាយ​រាជធានី​ភ្នំពេញ បន្ទាប់​ពី​កាលពី​ស​ប្ដា​ហ៍​មុន​សង្វៀន​មួយ​នេះ បាន​ផ្អាក​ការ​ប្រដាល់​អន្តរជាតិ​មួ​យស​ប្ដា​ហ៍​ដើម្បី​ឱ្យ​កីឡាករ និង​គណៈកម្មការ​បាន​ទៅ​ចូលរួម​បោះ​ឆ្នោត ។

ការ​ប្រកួត​អន្តរជាតិ​លើក​នេះ ម្នាក់​ៗ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ដោយសារ​តែ​ម្ចាស់​ខ្សែក្រវាត់​ល្បីឈ្មោះ អ៊ុ​ង វិ​រៈ ត្រូវ​គេ​ឱ្យ​ប៉ះ​គ្នា​ជាមួយ​កីឡាករ​ថៃ​មាឌ​យក្ស ដែល​គេ​មើល​ឃើញ​មាឌ​និង​កម្ពស់​មិន​ស៊ីគ្នា តែ​ទម្ងន់​ត្រូវ​គ្នា​។

ការ​ប្រកួត​ដែល​បាន​ប្ដូរ​ទៅ​ម៉ោង​៦​ល្ងាច​វិញ​នេះ ត្រូវ​គេ​ឃើញ​មានការ​រំពឹង​ខ្ពស់​មិន​ខុស​ពី​ការ​ប្រកួត​អន្តរជាតិ​មុន​ៗ​នោះ​ទេ ដោយសារ​តែ​ភាព​ជាក់ស្ដែង​គឺ​ព្រឹត្តិការណ៍​ដំណើរ​ការ​ចំ​ពេល​ល្ងាច​ថ្ងៃ​សម្រាក ដែល​ជា​ថ្ងៃ​មនុស្ស​ម្នា​នៅ​តំបន់​ព្រែក​កំ​ពិស​និយម​មក​ទស្សនា​​កកកុញ ស្របគ្នា​ដែល​នៅ​តំបន់​ប៉ុស្ដិ៍​លេខ​៥​ក៏​មាន​កំណើន​អ្នក​រស់នៅ​ច្រើន​ឡើង ក្រោយ​មាន​វត្តមាន​សំណង់​បុរី​ព្រោងព្រាត​ប្រដេញ​គ្នា ។

កីឡាករ​កម្ពុជា​ត្រូវ​បាន​គេ​ចាប់អារម្មណ៍​ហួសប្រមាណ​ក្រោយ​ពី​មានការ​ប្រកាស​ថា តម្រូវ​ឱ្យ​ស្វាគមន៍​ម្ចាស់​ខ្សែក្រវាត់​ល្បីឈ្មោះ​នៅ​ក្នុង​ប្រទេស​ថៃ ឈ្មោះ Krak Boe Lek ដែល​កីឡាករ​រូប​នេះ ក្រៅពី​ជា​ម្ចាស់​ខ្សែក្រវាត់​ល្បីឈ្មោះ​នៅ​ក្នុង​ប្រទេស​ថៃ ក៏​មាន​ថ្វីដៃ​បំបាក់​កីឡាករ​បរទេស និង​កីឡាករ​ថៃ​ដូច​គ្នា​រាប់​មិន​អស់​ផង​ដែរ ។ អ្នក​ទាំង​ពីរ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៩០​គីឡូក្រាម គឺ​បន្ទាប់​ពី​កីឡាករ​អ៊ុ​ង វិ​រៈ បាន​បណ្ដោយ​ឱ្យ​ឡើង​ទម្ងន់​ដល់​៩០​គីឡូក្រាម ហើយ​ពិបាក​រក​ដៃគូ​មក​ប្រកួត​ជាមួយ ។

អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា នៅ​ក្នុង​ថ្ងៃ​នោះ​កីឡាករ​កម្ពុជា​ចំនួន​៤​រូប​ក៏​ត្រូវ​ប៉ះ​គ្នា​ក្នុង​លក្ខណៈ​ប្រកួត​ចាញ់​ធ្លាក់​ៗ​សម្រាប់​ជុំ​ទី​២​ផង​ដែរ ដោយ​នោះ​គឺជា​ការ​ប្រកួត​ជម្រុះ​១៦​នាក់​យក​៨​នាក់​ដែល​ជា​វគ្គ​សំខាន់ ។ វត្តមាន​កីឡាករ​កម្ពុជា និង​ថៃ ក្នុងស​ប្ដា​ហ៍​​នេះ មិន​ថា ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ ឬ​ការ​ប្រកួត​ជា​លក្ខណៈ​មិត្តភាព​ក្នុងស្រុក​ទេ ពិតជា​ធ្វើ​ឱ្យ​អ្នក​ស្នេហា​វិស័យ​ប្រដាល់​មានការ​ចាប់អារម្មណ៍ ជា​ពិសេស​គឺ​ការ​ប្រកួត​ទម្ងន់​យក្ស​របស់​អ៊ុ​ង វិ​រៈ និង​កីឡាករ​ថៃ​តែ​ម្ដង ។ វត្តមាន​របស់​សមាសភាព​គូ​អន្តរជាតិ ក៏​ត្រូវ​បាន​សម្រាំង​យ៉ាង​ពិសេស​ផង​ដែរ ដើម្បី​ឱ្យ​អ្នក​ទស្សនា​កាន់តែ​កន្ត្រាក់​អារម្មណ៍​នៅ​ពេល​កីឡាករ​ប្រកួត​គ្នា​។

លោក សេង ក​ដិ​កា បញ្ជាក់​ថា សមាសភាព​ខាង​កម្ពុជា សម្រាប់​ការ​ប្រកួត​ជាមួយ​ថៃ លោក​ជឿជាក់​ខ្លាំង​លើ​កីឡាករ អ៊ុ​ង វិ​រៈ ដោយសារ​តែ​កីឡាករ​រូប​នេះ ធ្លាប់​មាន​ស្នាដៃ​រាប់​មិន​អស់ ទើប​លោក​សម្រេច​ដាក់​ឱ្យ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ ។ លោក​ប្រកាស​ថា វត្ត​មាន​ចុះ​មក​របស់​កីឡាករ​ថៃ Krak Boe Lek មាន​តែ​អ៊ុ​ង វិ​រៈ ម្នាក់​ប៉ុណ្ណោះ ដែល​លោក​សម្លឹង​​ឃើញ​ថា​មានបទពិសោធន៍ និង​មាន​សមត្ថភាព​គ្រប់គ្រាន់​អាច​ឱ្យ​ប្រកួត​ជាមួយ​បាន ជា​ពិសេស​គឺ​អ្នក​ទាំង​ពីរ​មាន​ប្រភេទ​ទម្ងន់​ត្រូវ​គ្នា ។

លោក​ក៏​បាន​កំណត់​ឱ្យ​កីឡាករ​កម្ពុជា​រូប​នេះ ហ្វឹកហាត់​ជាប់លាប់​មិន​តិច​ជាង​១​ស​ប្ដា​ហ៍​ផង​ដែរ​មុន​ពេល​ផ្គូរ​ផ្គង ទើប​លោក​យល់​ថា សមាសភាព​របស់​កីឡាករ​កម្ពុ​ជាមួយ​នេះ គ្រប់គ្រាន់​សម្រាប់​ឱ្យ​ប៉ុស្តិ៍​លេខ​៥​ដាក់​ឱ្យ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​នៅ​ថ្ងៃ​សៅរ៍​នេះ​បាន​។ លោក​ថា កីឡាករ​កម្ពុជា និង​ថៃ សុទ្ធតែ​ត្រូវ​បាន​អះអាង​ថា មានការ​ត្រៀមខ្លួន​ច្បាស់លាស់ ដោយសារ​តែ​ភាគី​ម្ខាង​ៗ​ចង់​ឈ្នះ​ការ​ប្រកួត​រៀងខ្លួន និង​មិន​ចង់​បាត់បង់​ក្រេ​ឌី​ត​ក្រោយ​ពេល​ប៉ះ​គ្នា ។ មួយគូ​នេះ មានការ​ចាប់អារម្មណ៍​ភាគច្រើន ថា​នឹង​មាន​អ្នក​ស្នេហា​វិស័យ​ប្រដាល់​ជក់ចិត្ត ដោយសារ​ជា​បទ​ពិសោធន៍ កីឡាករ អ៊ុ​ងវិ​រៈ មិនសូវ​មាន​ទម្លាប់​ឡើង​វ៉ៃ​លាក់​ដៃ​ស្រាប់​ទៅ​ហើយ ។

លោក សេង ក​ដិ​កា បន្ត​ថា ជំនួប​អន្តរជាតិ​ដែល​បាន​ធ្វើ​ឡើង​នៅ​ប៉ុស្តិ៍​លេខ​៥ មិនមែន​សុទ្ធតែ​រន្ថើន​ព្រឹត្តិការណ៍​ជើងឯក​ឱ្យ​អ្នក​ទស្សនា​កាន់តែ​មាន​អារម្មណ៍​កញ្ជ្រោល​នោះ​ទេ ប៉ុន្តែ​សម្រាប់​ជំនួប​រវាង​កីឡាករ​ទាំង​២ លោក​ជឿជាក់​ថា​នឹង​កក្រើក ដោយសារ​កីឡាករ​ថៃ​លោក​ស្គាល់​ថ្វីដៃ​ច្បាស់​ហើយ​ថា មិនធម្មតា ហើយ​កីឡាករ​កម្ពុជា ក៏​ល្អ​ស្ថិត​ក្នុង​ទំនុក​ចិត្ត​លោក​តាំងពី​មុន​ផ្គូផ្គង ។

បើ​ទោះជា​កីឡាករ​កម្ពុជា​ត្រូវ​ប្រឈម​នឹង​កីឡាករ​ថៃ​ជា​​គូប្រកួត​ល្អ ក៏​លោក​នៅ​តែ​ប្រកាស​​លើកទឹកចិត្ត​ចំពោះ អ៊ុ​ង វិ​រៈថា មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​តតាំង និង​មាន​សង្ឃឹម​ឈ្នះ​ច្រើន ពោល​គឺ​ល្អ​ជាង​ការ​ផ្គូផ្គង​ដាក់​កីឡាករ​កម្ពុជា​ផ្សេង​ឱ្យ​ជំនួស ។ ជំនួប​រវាង​ពួក​គេ​លោក​នៅ​តែ​ថា​មិនមែន​ជា​រឿង​ចៃដន្យ និង​មិនមែន​ជា​រឿង​ធម្មតា ដោយសារ​មានការ​ព្រាង​ទុក​ពី​សំណាក់​រូប​លោក​ដែល​ជា​អ្នក​ផ្គូផ្គង​នៅ​ប៉ុស្តិ៍​លេខ​៥ និង​ការ​រៀបចំ​ទុក​ពី​សំណាក់​អ្នកដឹកនាំ​កីឡាករ​ថៃ​មក​តែ​ម្ដង​។

លោក​ថា មួយគូ​នេះ អ្នក​ណា​ឈ្នះ​ក្រៅពី​ទទួល​បាន​ទឹកប្រាក់​ច្រើន​ជាង​ក៏​ទទួល​បាន​ទំនុក​ចិត្ត​ពី​អ្នកគាំទ្រ​កាន់តែ​ខ្លាំង​ផង​ដែរ ។ ផ្ទុយ​ទៅ​វិញ បើ​ចាញ់​ការ​ប្រកួត​ហើយ​ជា​កីឡាករ​កម្ពុជា​ទៅ​ទៀត គឺ​មិន​ត្រឹមតែ​អាម៉ាស់​ប៉ុណ្ណោះ​ទេ​ក៏​នឹង​មានការ​រិះគន់​ធ្ងន់ធ្ងរ​នៅ​ក្នុង​ស្រទាប់​អ្នក​ចូល​ចិត្ត​កីឡា​ព្រោះតែ​ថា​ប្រកួត​លែង​កើត ឬ​ធ្លាក់ដៃ ក្រោយ​ពី​ឡើង​កូដ​មួយ​ប្រាវ ។ យ៉ាងណាមិញ កីឡាករ​កម្ពុជា​ដ្បិតថា​រូប​លោក និង​អ្នកគាំទ្រ​ទុកចិត្ត​ពី​សមត្ថ​ភាព​យ៉ាងហ្នឹង តែបើ​គេ​ប្រកួត​មិនល្អ ឬ មិន​អស់ពី​សមត្ថភាព ក៏​ពិតជា​រង​ការ​រិះគន់​មិន​តិច​ដែរ​។

លោក​ថា ជំនួប​របស់​ពួក​គេ​ត្រូវ​បាន​ដាក់​យ៉ាង​ពិសេស​សម្រាប់​ថ្ងៃ​សៅរ៍​ស​ប្ដា​ហ៍​នេះ តែ​ក៏​ទាមទារ​ឱ្យ​ប្រឹងប្រែង​ណាស់​ដែរ គឺ​មិន​អាច​សំអាង​ត្រឹម​ថា​ជា​កីឡាករ​ល្បី​ស្រាប់ មានការ​គាំទ្រ​ស្រាប់ ហើយ​ក៏​ខ្វះ​ការ​ប្រឹង​ប្រឹង​នោះ​ទេ​។ លោក​នៅ​តែ​ចាត់​ទុក​ថា អ៊ុ​ង វិ​រៈ នៅ​តែ​ជា​កីឡាករ​ដែល​ខ្លាំង​បើ​ទោះជា​បាត់​មុខ​មួយ​រយៈ​។

លោក សេង ក​ដិ​កា បញ្ជាក់​ថា ការ​ប្រកួត​របស់​ប៉ុស្តិ៍​លេខ​៥ កាន់តែ​មានការ​ចាប់​អារម្មណ៍ ដោយសារ​តែ​នៅ​ស​ប្ដា​ហ៍​នេះ ក៏​មានការ​ប្រកួត​វគ្គ​ជម្រុះ​ជើងឯក​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ដែល​ឈាន​ដល់​វគ្គ​កាន់តែ​សំខាន់​ក្នុង​ចំណោម​កីឡាករ​ជម្រើស​ទាំង​១៦​រូប ដើម្បី​ស្វែងរក​ម្ចាស់​កៅអី​៨​នាក់​នៅ​ប៉ុស្ដិ៍​លេខ​៥៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ