ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃទី០២ សីហា ២០១៨នេះ ប្រជាពលរដ្ឋនៅស្រុករមាសហែក សប្បាយរីករាយយ៉ាងខ្លាំង ខណៈដែលដំឡូងមីរបស់ពួកគាត់មានទីផ្សារ និងមានតម្លៃខ្ពស់នៅឆ្នាំ២០១៨នេះ ហើយដំណាំដំឡូងមីដែលប្រជាពលរដ្ឋស្រុករមាសហែកដាំដុះបានលើផ្ទៃដីជិត៤០០០ហិកតា ហើយបានប្រមូលផលរួចលក់នាំចេញទៅកាន់ទីផ្សារប្រទេសវៀតណាម (ពោលលក់បានទាំងសើម) ។
បើតាមលោក ប៉ែន សាម៉េត ជាកសិករដាំដំឡូងមីនៅឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង បានឲ្យដឹងថា ដំឡូងមីប៉ុន្មានឆ្នាំកន្លងមកនេះ គឺមិនសូវមានទីផ្សារនោះទេដោយ១គីឡូលក់ចេញបានតែតម្លៃ១០០ ទៅ១៥០រៀលប៉ុណ្ណោះ ដែលធ្វើឲ្យពួកគាត់គ្មានកម្លាំងចិត្តក្នុងការបង្កបង្កើនផលដំណាំដំឡូងមីមួយនេះ ។
លោកបានបន្តទៀតថា រហូតមកបច្ចុប្បន្ននេះដោយមានការគិតគូពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ជួយរកទីផ្សារនាំចេញដំឡូងមី ហើយបានតម្លៃថ្លៃគួរសម គឺលក់បានក្នុង១គីឡូចាប់ពី៣៥០ទៅ៤០០រៀល ដែលធ្វើឲ្យពួកគាត់មានកម្លាំងចិត្តបន្តការដាំដុះលើដំណាំដំឡូងមីបន្តទៀត ។
ក្រៅពីការងារធ្វើស្រែចម្ការដែលធ្វើឲ្យជីវភាពរបស់ពួកគាត់បានល្អប្រសើរជាងមុនមួយកម្រិតថែមទៀត ។ លោក ប៉ែន សាម៉េត ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានជួយរកទីផ្សារទិញនូវកសិផលរបស់ពួកគាត់ និងសូមឲ្យរាជរដ្ឋាភិបាលជួយរកទីផ្សារបន្ថែមទៀតមិនថា ក្នុងស្រុក ឬក្រៅស្រុកក៏ដោយ ជាពិសេស គឺរោងចក្រសហគ្រាសដែលទទួលទិញដំឡូងមី ។
បើតាមលោក ចាប ណុល អភិបាលរងស្រុករមាសហែកបានឲ្យដឹងថា នៅលើផ្ទៃដី៣,៣៧៩ហិកតា ដែលប្រជាពលរដ្ឋបានដាំដុះដំឡូងមី ហើយនាពេលបច្ចុប្បន្ននេះ គឺមានទីផ្សារលក់ចេញបានតម្លៃថ្លៃគួរសម ដែលប្រជាកសិករទទួលយកបាន គឺខុសពីឆ្នាំមុនៗដែលមានតម្លៃទាបធ្វើឲ្យកសិករជាអ្នកបង្កបង្កើនផលខាតបង់ស្ទើរគ្មានទីផ្សារទិញផង ។
លោកអភិបាលរងស្រុករមាសហែកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវខិតខំបន្តការងារបង្កបង្កើនផលបន្ថែមទៀត ព្រោះរដូវវស្សាចូលមកដល់ហើយ ត្រូវមានការប្រុងប្រយ័ត្ន ជាពិសេសនូវពេលមេឃភ្លៀងមានរន្ទះខ្យល់កន្ត្រាក់ជាដើម ត្រូវរកទីទួលសុវត្ថិភាព ៕
ចែករំលែកព័តមាននេះ