ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​មើលឃើញការ​ប្រើ​ផ្លូវ​ទឹកជា​មធ្យោបាយដឹក​ជញ្ជូន​ថ្មី​ ដើម្បី​ជំរុញសេដ្ឋកិច្ច

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​បាន​ផ្តល់​អនុសាសន៍​ឱ្យ​ពិនិត្យ​ឡើង​វិញ​នូវ​ការ​ប្រើ​ប្រាស់​ផ្លូវទឹក ដើម្បី​បង្កើត​ជា​ប្រព័ន្ធ​ដឹក​ជញ្ជូន​មួយ​ដែល​មាន​ភាព​ប្រទាក់ក្រឡា​គ្នា ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ទាំងឡាយ​នៃ​ខឿនសេដ្ឋកិច្ច​សង្គម ។ នេះ​បើ​តាម​ការ​ថ្លែង​របស់​មន្ត្រីជាន់ខ្ពស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន កាលពី​ថ្ងៃ​ទី​១ សីហា…

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​បាន​ផ្តល់​អនុសាសន៍​ឱ្យ​ពិនិត្យ​ឡើង​វិញ​នូវ​ការ​ប្រើ​ប្រាស់​ផ្លូវទឹក ដើម្បី​បង្កើត​ជា​ប្រព័ន្ធ​ដឹក​ជញ្ជូន​មួយ​ដែល​មាន​ភាព​ប្រទាក់ក្រឡា​គ្នា ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ទាំងឡាយ​នៃ​ខឿនសេដ្ឋកិច្ច​សង្គម ។ នេះ​បើ​តាម​ការ​ថ្លែង​របស់​មន្ត្រីជាន់ខ្ពស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន កាលពី​ថ្ងៃ​ទី​១ សីហា ម្សិល​មិញ។

ក្នុង​ពិធី​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​នាវា​ដឹក​ជញ្ជូន​អ្នកដំណើរ​សាធារណៈ​ពី​ព្រែក​ព្នៅ​ទៅ​តា​ខ្មៅ លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន មាន​ប្រសាសន៍​ថា ៖ « ក្នុង​គោលបំណង​ធ្វើ​ឱ្យ​វិស័យ​ដឹក​ជញ្ជូន​មាន​ច្រើន​ជម្រើស សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្តល់​អនុសាសន៍​ណែនាំ​ដល់​យើងខ្ញុំ​ឱ្យ​ពិនិត្យ​ឡើង​វិញ​នូវ​ការ​ប្រើប្រាស់​ផ្លូវទឹក ដើម្បី​បង្កើត​ជា​ប្រព័ន្ធ​ដឹក​ជញ្ជូន​មួយ​ដែល​មាន​លក្ខណៈ​ប្រទាក់ក្រឡា​គ្នា មិន​អាច​ខ្វះ​បាន សម្រាប់​ជួយ​ដល់​ការ​កសាង​អភិវឌ្ឍ​វិស័យ​ទាំងឡាយ​នៃ​ខឿនសេដ្ឋកិច្ច និង​សង្គម ជំរុញ​ធ្វើ​ឱ្យ​ជីវភាព​រស់នៅ​របស់​ប្រជាជន​រីក​ចម្រើន​កាន់តែ​ប្រសើរ​ឡើង ដោយហេតុ​ថា ការ​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក អាច​ដឹក​បាន​ច្រើន​ក្នុង​តម្លៃ​ទាប ប្រកបដោយ​សុវត្ថិភាព និង​ទៀងទាត់​ពេលវេលា ដោយ​មិន​មានការ​កកស្ទះ​ចរាចរណ៍ » ។

លោក​ទេស​រដ្ឋមន្ត្រី​គូសបញ្ជាក់​ថា ៖«​ក្នុង​ជំហាន​បន្ត ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​រីក​ចម្រើន​របស់​ប្រទេស​ជាតិ និង​តម្រូវការ​ប្រើប្រាស់​ជាក់ស្តែង សម្រួល​ដល់​ការ​ធ្វើ​ដំណើរ ក៏​ដូច​ជា​ដឹក​ជញ្ជូន​កសិផល​ដែល​ចាំបាច់​បម្រើ​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ ក្រសួង​គ្រោង​រៀបចំ​ពង្រីក​ឱ្យ​មាន​សេវា​ចំណត​នាវា និង​ប្រតិបត្តិការ​នាវា​ដឹក​អ្នកដំណើរ​របៀប​នេះ​ជា​បន្ត​ទៀត នៅ​តាម​ភូមិសាស្ត្រ​ផ្សេង​ទៀត​ដូច​ជា​ទន្លេសាប (​ព្រែក​ព្នៅ​-​ពញាឮ​), ទន្លេ​បាសាក់ (​ស្អាង​), ទន្លេមេគង្គ​លើ (​ស្ពាន​ព្រែក​តា​មា​ក់​) និង​ទន្លេមេគង្គ​ក្រោម (​ដីឥដ្ឋ​)​។

ទន្ទឹម​នឹង​នេះ ក្រសួង​បាន​សហការ​ជាមួយ​KOICA​ក្នុង​ការ​បញ្ចប់​ការ​សិក្សា​ផែនការមេ នៃ​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក​ពី​ភ្នំពេញ​ទៅ​ក្រចេះ ដើម្បី​ជំរុញ​ការ​ប្រើប្រាស់​ឱ្យ​អស់​លទ្ធភាព​នូវ​សក្តានុពល​នៃ​ទន្លេ​របស់​កម្ពុជា សំដៅ​អភិវឌ្ឍន៍​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវទឹក និង​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង » ។

បើ​តាម​លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល ចំណត​នាវា​ដឹក​អ្នកដំណើរ ដែល​ដាក់​ឱ្យ​ដំណើរការ​មាន​៥​កន្លែង ក្នុង​នោះ​ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​មាន​៤​កន្លែង គឺ​ចំណត​ឫស្សី​កែវ​, ផ្សារ​ចាស់​, ចតុមុខ និង​ច្បារ​អំពៅ និង​មួយ​កន្លែង​ផ្សេង​ទៀត ស្ថិត​នៅ​សួនច្បារ​តា​ខ្មៅ ខេត្តកណ្តាល ។

លោក​បន្ដ​ថា បន្ទាប់​ពី​ដាក់​ឱ្យ​ប្រើប្រាស់​ជា​បណ្តោះអាសន្ន​នូវ​ការ​ធ្វើ​ប្រតិបត្តិការ​ដឹក​អ្នក​ដំណើរ​ដោយ​ឥត​គិតថ្លៃ ចាប់ពី​ថ្ងៃ​ទី​៦ មេ​សា ២០១៨ រហូត​ដល់​ថ្ងៃ​ទី​១ សីហា ២០១៨ គឺ​ប្រើប្រាស់​នាវា​ដឹក​អ្នកដំណើរ​ចំនួន​៤​គ្រឿង (២​គ្រឿង​ទិញ​ពី​ប្រទេស​វៀតណាម និង​២​គ្រឿង​ទៀត​ជួល​ពី​ក្រុមហ៊ុន Royal Express Boat)​ដែល​នាវា​នីមួយ​ៗ​មាន​សមត្ថភាព​ផ្ទុក​អ្នកដំណើរ​បាន​៥៤​ដល់​៦០​នាក់ និង​មាន​ល្បឿន​ជា​មធ្យម​៤០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង។

បើ​តាម​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន នាវា​ដឹក​អ្នកដំណើរ​សាធារណៈ​ពី​ព្រែក​ព្នៅ ទៅ​តា​ខ្មៅ គិត​ចាប់ពី​ថ្ងៃ​ដាក់​ដំណើរការ​បណ្តោះអាសន្ន រហូត​ដល់​ថ្ងៃ​ទី​២៣ កក្កដា ២០១៨ មាន​អ្នកដំណើរ​សរុប​៣០.៦៤៧​នាក់ ដែល​ជា​មធ្យម​មាន​អ្នកដំណើរ​ប្រមាណ​២០០​នាក់​ក្នុង​១​ថ្ងៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ