ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​ឆមាស​ទី​១​ឆ្នាំ​នេះ CDC​ អនុម័ត​គម្រោង​វិនិយោគ​ជាង​១០០គម្រោង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ឆមាស​ទី​១​ឆ្នាំ​២០១៨​នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ដែល​ជា​ស្ថាប័ន​ផ្ដល់​អាជ្ញាប័ណ្ណ​អនុញ្ញាត​ឲ្យ​វិនិយោគិន​បណ្ដាក់ទុន​រកស៊ី​នៅ​កម្ពុជា​នោះ បាន​យល់ព្រម​អនុម័ត​គម្រោង​វិនិយោគ​សរុប​ចំនួន ១០៦​គម្រោង ក្នុង​នោះ​គម្រោង​ថ្មី​សុទ្ធសាធ ចំនួន​៩៧…

រាជធានី​ភ្នំពេញ ៖ ក្នុង​ឆមាស​ទី​១​ឆ្នាំ​២០១៨​នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ដែល​ជា​ស្ថាប័ន​ផ្ដល់​អាជ្ញាប័ណ្ណ​អនុញ្ញាត​ឲ្យ​វិនិយោគិន​បណ្ដាក់ទុន​រកស៊ី​នៅ​កម្ពុជា​នោះ បាន​យល់ព្រម​អនុម័ត​គម្រោង​វិនិយោគ​សរុប​ចំនួន ១០៦​គម្រោង ក្នុង​នោះ​គម្រោង​ថ្មី​សុទ្ធសាធ ចំនួន​៩៧ និង​គម្រោង​ពង្រីក​ផលិតកម្ម​ចំនួន​៩ គម្រោង ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​នេះ​បាន​បញ្ជាក់​ថា ក្នុង​ចំណោម​គម្រោង​វិនិយោគ​ទាំង​១០៦​គម្រោង​នេះ មាន​ទុន​វិនិយោគ​សរុប ចំនួន​៣.៥០០​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​ក្នុងស្រុក​បាន​ចំនួន​ប្រមាណ​ជិត​១០​ម៉ឺន​កន្លែង ។  តាម​តួលេខ​វិនិយោគ​នៅ​កម្ពុជា​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៨ បើ​ធៀប​នឹង​ឆមាស​ទី​១ ឆ្នាំ​២០១៧ មានការ​កើនឡើង​ចំនួន​១៩​គម្រោង ខណៈ​ដែល​ទំហំ​ទុន​វិនិយោគ​កើនឡើង​ចំនួន​១៤% ជា​ពិសេស ការ​វិនិយោគ​លើ​វិស័យ​កសិកម្ម និង​ក​សិ​-​ឧស្សាហកម្ម កើនឡើង​ខ្លាំង រហូត​ដល់​ទៅ​៧៧% ។  ជាមួយ​គ្នា​នេះ ការ​វិនិយោគ​ក្នុង​វិស័យ​ឧស្សាហកម្ម និង​កម្មន្តសាល កើន​ទ្បើ​ង​២២% ក្នុង​នោះ​គម្រោង​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​កើន​ទ្បើ​ង​ចំនួន​៨​គម្រោង ពី​១៥​គម្រោង​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៧ មក​២៣​គម្រោង​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៨ ។ ជា​រួម តួលេខ​វិនិយោគ​នេះ​បាន​បង្ហាញ​ឱ្យ​ឃើញ​នូវ​និន្នាការ​នៃ​ការ​វិនិយោគ​កើនឡើង​នៅ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៨​នេះ ដោយ​មិន​មាន​សញ្ញា​នៃ​ការ​រារែក ឬ​ការ​បង្អែបង្អង់​ក្នុង​ការ​បណ្តាក់ទុន​វិនិយោគ​ឡើយ ។

បើ​តាម​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា ក៏​បាន​លើក​ឡើង​ថា ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស ក៏​ដូច​ជា​ការ​បណ្ដាក់ទុន​វិនិយោគ​ពី​សំណាក់​វិនិយោគិន​ក្នុងស្រុក​ក្នុង​ប្រទេស​កម្ពុជា នឹង​នៅ​តែ​មាន​ជា​ហូរហែ ព្រោះ​មាន​លក្ខខណ្ឌ​ជា​ច្រើនដែល​វិនិយោគិន​បរទេស​និង​ក្នុងស្រុក​បណ្ដាក់ទុន​វិនិយោគ ដើម្បី​រក​ប្រាក់​ចំណេញ ឬ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ។

លោក ភឿ​ង សុ​ភ័​ណ្ឌ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​លើក​ឡើង​ថា កម្ពុជា​ប្រៀប​បីដូច​ជា​នំ​មួយ​ដុំ​ដ៏​គួរ​ឲ្យ​ចង់​ញ៉ាំ​ពី​សំណាក់​វិនិយោគិន ជា​ពិសេស​វិនិយោគិន​ក្រៅប្រទេស ។ ជាក់ស្ដែង ស្ថានភាព​ទាំង​សេដ្ឋកិច្ច នយោបាយ និង​បរិយាកាស​ធម្មជាតិ សុទ្ធតែ​អំណោយផល​ដល់​ការ​វិនិយោគ​។ លោក​ថា ៖« កម្ពុជា​មិន​ដែល​មាន​គ្រោះ​រញ្ជួយ​ដី ផ្ទុះ​ភ្នំភ្លើង ខ្យល់ព្យុះ​សាហាវ​ៗ ដូច​បណ្ដា​ប្រទេស​ផ្សេង​ៗ​មួយ​ចំនួន​នោះ​ទេ ។​ដូចនេះ វិនិយោគិន​អាច​សង់​អគារ​ខ្ពស់​ៗ ដោយ​មិន​ចាំបាច់​ភ័យ​ព្រួយ​ពី​ការ​បាក់​ស្រុត ឬ​រញ្ជួយ​ដី​ដែរ ។ អីចឹង​ហើយ​ទើប​យើង​ប្រៀបធៀប​ថា កម្ពុជា​ប្រៀប​បីដូច​ជា​នំ​មួយ​ដុំ​ដ៏​គួរ​ឲ្យ​ឆ្ងាញ់​បែប​នេះ » ។

ស្រប​ពេល​ដែល​មានការ​វិនិយោគ​ជា​បន្តបន្ទាប់​ពី​បរទេស ក៏​ដូច​ជា​វិនិយោគិន​ក្នុងស្រុក​ផង​ដែរ​នោះ សេដ្ឋវិទូ​ជាន់ខ្ពស់ ក៏​បាន​ផ្ដល់​ជា​មតិយោបល់​ដល់​កម្ពុជា គួរតែ​បណ្ដុះបណ្ដាល​ជំនាញ និង​សមត្ថភាព​ដល់​ធនធានមនុស្ស​កម្ពុជា ដើម្បី​ឲ្យ​កម្ពុជា​កាន់តែ​ទទួល​បាន​នូវ​កំណើនសេដ្ឋកិច្ច​ខ្ពស់ ។

លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ ក៏​បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ជំរុញ​ឲ្យ​មានការ​បណ្ដុះបណ្ដាល​ជំនាញ និង​សមត្ថភាព​បន្ថែម​ទៀត​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម ដែល​បច្ចុប្បន្ន​នេះ វិស័យ​ឧស្សាហកម្ម​កាត់ដេរ​កំពុង​តែ​នាំមុខ​គេ ។ ដូចនេះ រាជរដ្ឋាភិបាល​បាន​ជំរុញ​ឲ្យ​អ្នក​ពាក់ព័ន្ធ​ត្រូវ​បណ្ដុះបណ្ដាល​កម្មករ​-​កម្មការិនី ដើម្បី​ទទួល​បាន​ប្រាក់​ចំណូល​បន្ថែម​ទៀត ស្រប​ពេល​កម្ពុជា​ក៏​កំពុង​ងាក​ទៅ​រក​ការ​ផលិត​ទំនិញ​ដែល​មាន​តម្លៃបន្ថែម​ខ្ពស់​ជា​បណ្ដើរ​ៗ​ហើយ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ