ដោយសារ​ការ​ស្រឡាញ់​ទើប​ក្លាយជា​អាជីវករ​មាន​អតិថិជន​ត្រូវការ​ច្រើន


ខេត្តកំពង់ឆ្នាំង ៖ អ្នក​ប្រកប​របរ​លក់រ​ទះ​គោ​ចាស់​ៗ​បុរាណ​មួយ​កន្លែង​ទៀត​ដែល​គាត់​អះអាង​ថា ដោយ​មាន​ទឹកចិត្ត​ស្រឡាញ់​រទេះគោ​ចាស់​ៗ​បុរាណ​ដែល​ធ្វើ​អំពី​ឈើប្រណិត​ៗ ក៏​បែកគំនិត​ទិញ​យក​មក​ដាក់​តាំង​មុខ​ផ្ទះ ក្រោយមក​ក៏​មាន​អ្នក​មក​មក​សុំ​ទិញ​ទើប​គាត់​ក្លាយជា​អ្នក​ជួញ​ជំនួញ​រទេះគោ​ចាស់​ៗ​បុរាណ​តែ​ម្តង ។

លោក សួន ស៊ី​ណេ​ត ជា​អាជីវក​រលក់រ​ទះ​គោ​ចាស់​ៗ​មាន​ទីលំនៅ​ភូមិ​ដំបូក​កកោះ​ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ បាន​និយាយ​ឲ្យ​ដឹង​ថា ដោយ​មានចិត្ត​ស្រលាញ់​នូវ​រទេះគោ​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​របស់​បុព្វបុរស​ខ្មែរ ដែល​បច្ចុប្បន្ន​ស្ទើរតែ​បាត់​អស់ទាំង​ស្រុង​ទៅ​ហើយ ដោយសារ​តែ​គ្មាន​ការ​ផលិត​ឡើង​វិញ ព្រោះតែ​ប្រជាពលរដ្ឋ​បាន​បោះបង់​រទេះគោ​ធ្វើ​ពី​ឈើ និង​អូស​ទាញ ដោយ​សត្វ​គោ ក្របី ហើយ​ងាក​មក​ប្រើ​កម្លាំង​ម៉ាស៊ីន សម្រាប់​ការងារ កសិកម្ម ការ​អូស​ទាញ និង​ដឹក​ជញ្ជូន​ដូច​ជា គោ​យន្ត និង​ត្រាក់ទ័រ ជំនួស​វិញ ទើប​លោក​ពី​ដំបូង​ឡើង​គ្រាន់តែ​មានគំនិត​ទិញ​រទេះគោ​ចាស់​ៗ​ពីរ​បី​គ្រឿង​មក​ដាក់​តាំង​មុខ​ផ្ទះ​តែ​ប៉ុណ្ណោះ ។ ប៉ុន្តែ​ក្រោយមក​ក៏​មាន​បងប្អូន​អ្នក​ធ្វើ​ដំណើរ​បានឃើញ​មាន​ទឹកចិត្ត​ស្រឡាញ់​ដូច​គាត់​ដែរ ក៏​សុំ​ទិញ​បន្ត​ពី​គាត់ ។

ក្រោយមក​គាត់​ក៏​ចាប់ផ្ដើម​បែកគំនិត​ទិញរ​ទះ​គោ​ចាស់​ៗ ប៉ុន្តែ​កម្រ​ទិញ​បាន​ទាំងមូល​ណាស់ គឺ​ទិញ​បានជា​បំណែក​ៗ​យក​មក​ជួសជុល និង​ផ្គុំ​គ្នា​តម្លើង​បានជា​រទេះ ដាក់​តាំង​លក់​តែ​ម្ដង ។ គាត់​យល់​ថា រទេះគោ​ចាស់​ៗ គឺ​ផលិត​ឡើង​ពី​ឈើប្រណិត​ៗ មាន​ដូច​ជា សុ​ក្រំ ធ្នង់ នាងនួន និង​ពេល​ខ្លះ​គាត់​ទិញ​បាន​ដល់​ទៅ​ឈើ​គ្រញូង​ជាដើម ដែល​ធ្វើ​ឲ្យ​គាត់​កាន់តែ​មាន​កម្លាំងចិត្ត​ប្រមូល​ទិញ​បន្ថែម​ទៀត ។

អតិថិជន​ដែល​បាន​ទិញ​រទេះគោ​ពី​បុរាណ​ពី​គាត់ គឺ​ភាគច្រើន​ទិញ​យក​ទៅ​ដាក់​តាំង​លំអ​នៅ​មុខ​ផ្ទះ នៅ​តាម​មុខ​ភោជនីយដ្ឋាន អាហារ​ដ្ឋា​ន ឬ​ក៏​តាម​ស្ថានីយ​លក់​ប្រេងឥន្ធនៈ​ជាដើម ។ មាន​អ្នកទិញ​យក​ទៅ​ប្រើប្រាស់​តិចតួច​ដែល​គាត់​ត្រូវធ្វើ​ឲ្យ​បាន​មាំទាំ​ជាង​រទេះគោ​ដាក់​តាំង ។

បច្ចុប្បន្ន​មាន​អតិថិជន​ខេត្តបាត់ដំបង​កុម្ម៉ង់​ឲ្យ​គាត់​កែ​ច្នៃ​រទេះ​នោះ​ឲ្យ​មាន​សោ​ភ័​ណ្ឌ​ភាព​ថែម​ទៀត​ដូច​ជា ធ្វើ​ជា​ក្បាល​នាគ សម្រាប់​ដាក់​នៅ​តាម​ចុង​ព្រែក ចុង​ភ្នាក់ដៃ និង​នៅ​ចុង​ចន្ទោល ដែល​ការ​តុបតែង​បែប​នេះ គឺ​អ្នកទិញ​យក​ទៅ​សម្រាប់​បម្រើ​ឲ្យ​កម្មវិធី​បំបួស​នាគ ពិធីបុណ្យ​ទាន​ផ្សេង​ៗ និង​អាពាហ៍ពិពាហ៍​ជាដើម ។
លោក ហឺ​ន សំ​បឿន ជា​ជាង​ជួសជុល​រទេះ​ឲ្យ​ម្ចាស់ផ្ទះ​ខាងលើ​ក៏​បាន​និយាយ​ដែរ​ថា លោក​ត្រូវ​បាន​អ្នកលក់​រទេះគោ​ឲ្យ​គាត់​កែ​ច្នៃ​ប៉ះប៉ូវរ​ទះ​ឈើ​ចាស់​ៗ​ទាំងនោះ​ដែល​បាក់បែក​ត​ភ្ជាប់​គ្នា គឺ​មានការ​លំបាក​ខ្លះ​ៗ​ដែរ ដោយសារ​ថា ឈើ​ខ្លះ​បាក់បែក​ទៅ​ហើយ យើង​យក​មក​កែ​ច្នៃ​ត​ភ្ជាប់​គ្នា​ទម្រាំ​តែ​ចេញ​បាន​រទេះ គឺ​ជួប​ការ​លំបាក​ខ្លាំង​ណាស់​ដែរ ។

ចុង​ក្រោយ​អ្នកលក់រ​ទះ​គោ​ខាងលើ​សូម​អំពាវនាវ​ដល់​លោកយាយ​លោកតា អុំ​ពូ​មីង ដែល​មាន រទេះ​ចាស់​ៗ​ទុក​ចោល​តាម​ភូមិ តាម​ព្រៃ សូម​មេត្តា​យក​មក​រក្សា​ទុក​នៅ​កន្លែង​ដែល​មាន​សុវត្ថិភាព​ឱ្យ​បាន​គង់វង្ស ដើម្បី​ជា​វត្ថុ​បុរាណ​ឲ្យ​កូនចៅ​បាន​ស្គាល់​ទៅ​ថ្ងៃក្រោយ ហើយ​បើ​បងប្អូន​ណា​ចង់បាន​រទេះ​បុរាណ​ដូច​បាន​រៀបរាប់​ខាងលើ​សូម​ទំនាក់ទំនង​ជាមួយ​គាត់​នៅ​ភូមិ​ដំបូក​កកោះ ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ ។
សូម​រំលឹក​ដែល​ថា រទេះគោ​ដែល​អាជីវករ​ខាងលើ​តម្លើង​លក់​មាន​តម្លៃ​ពី​៣០០​ទៅ​៤៥០​ដុល្លារ​ហើយ​បើ​ចង់​ថែម​គ្រឿង​លំអ​មាន​ចង្ក្រម​ធ្វើ​ពី​ស្ពាន់ ស ស្ពាន់​ក្រហម ដើម្បី​ឲ្យ​កាន់តែ​ស្អាត​ថែម​ទៀត ត្រូវ​បន្ថែម​៥០​ដុល្លារ​ពីលើ​នេះ​ទៀត ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

វប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ