ក្លិប​ប្រដាល់​មរតក​យុទ្ធ​គុន​ខ្មែរ​ប្រឈម​នឹង​ការ​បិទ​បណ្ដោះអាសន្ន


រាជធានី​ភ្នំពេញ ៖ ក្លិប​ប្រដាល់​មរតក​យុទ្ធ​គុន​ខ្មែរ មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​៤ សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌឫស្សីកែវ ពេល​នេះ​កំពុង​ប្រឈម​នឹង​ការ​បិទ​ជា​បណ្ដោះអាសន្ន​បន្ទាប់​ពី​បើក​ដំណើរការ​ទទួល​សិស្ស​ហ្វឹកហាត់​បាន​ជាង​មួយ​ឆ្នាំ​មក​ដោយសារ​តែ​ចាប់​គូប្រកួត​មិន​បាន ។

លោក ម៉ាត់ សា​រ៉​ន ប្រធាន​ក្លិប​ប្រដាល់​មរតក​យុទ្ធ​គុន​ខ្មែរ បាន​ប្រាប់​កោះសន្ដិភាព​កាល​ពេល​ថ្មី​ៗ​កន្លង​មកនេះ​ថា ក្លិប​ប្រដាល់​របស់​លោក​បាន​បើក​ដំណើរការ​ហ្វឹកហាត់​នៅ​ថ្ងៃ​ទី​១៣ មេ​សា ឆ្នាំ​២០១៧ គិត​រហូត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​ជាង​មួយ​ឆ្នាំ​ហើយ ដោយ​មាន​សិស្ស​កំពុង​ហ្វឹកហាត់​ប្រមាណ​១៥​នាក់​ក្នុង​នោះ​មាន​៨​នាក់​បាន​ស្នាក់​នៅ​ហ្វឹកហាត់​ហូប​ចុក​ជា​ប្រចាំ​នៅ​ទី​នេះ​តែ​ម្ដង ។

លោក​ថា ក្លិប​ប្រដាល់ដែល​លោក​បង្កើត​ឡើង​នេះ​គឺ​កើត​ចេញពី​ការ​ស្រឡាញ់ និង​ចង់​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡាប្រដាល់​គុន​ខ្មែរ​ឱ្យ​កាន់តែ​មានការ​រីក​ចម្រើន ទើប​លោក​សុខចិត្ត​ចំណាយ​ថវិកា​ខ្ទង់ពាន់​ដុល្លារ​សាងសង់​ក្លិប​ប្រដាល់​ដែល​មាន​លក្ខណៈ​ស្ដង់ដារ​នេះ​ឡើង ។ ចំណែក​ដី​សម្រាប់​សាងសង់​ក្លិប​នេះ លោក​បាន​ជួល​គេ​ក្នុង​១​ខែ​៥០០​ដុល្លារ ដោយ​មិន​ទាន់​គិតដល់​ថ្លៃ​ចំណាយ​លើ​ការ​ហូប​ចុក​ប្រចាំ​ថ្ងៃ​របស់​កីឡាករ​នៅឡើយ ។

ម្យ៉ាង​ប្រាក់​ដែល​លោក​យក​មក​សាងសង់​ក្លិប​ហ្វឹកហាត់​នេះ​ជា​កម្លាំង​ញើស​ឈាម​ដែល​លោក​ទៅ​បង្ហាត់​នៅ​ជប៉ុន​ជិត​២​ឆ្នាំ ។ ចំពោះ​សម្ភារ​ហ្វឹកហាត់​វិញ​បាន​មិត្តភក្ដិ​នៅ​ប្រទេស​ជប៉ុន​ជួយ​ខ្លះ​និង​មួយ​ចំនួន​ទៀត​ទិញ​ខ្លួនឯង ប៉ុន្តែ​ទីបំផុត​បែរជា​ជួប​បរាជ័យ​ធ្វើ​ឱ្យ​រូប​លោក​ខកចិត្ត​យ៉ាង​ខ្លាំង​។

លោក ម៉ាត់ សា​រ៉​ន បានឱ្យ​ដឹង​បន្ថែម​ថា លោក​បង្កើត​ក្លិប​ប្រដាល់​នេះ​ឡើង​មិន​មាន​បំណង​​ចង់​ធ្វើ​មាន​ធ្វើ​បាន​នោះ​ទេ គឺ​គ្រាន់តែ​ចង់ឱ្យ​ក្មេង​ៗ​ដែល​ស្រឡាញ់​ចូល​ចិត្ត​កីឡា​មួយ​នេះ​បាន​មក​ហ្វឹកហាត់​ដើម្បី​សុខភាព​ចៀស​ឆ្ងាយ​ពី​គ្រឿង​ញៀន និង​រក​កម្រៃ​បាន​ខ្លះ​ពី​ការ​ទទួល​ឱកាស​ចាប់​គូប្រកួត​ពី​អ្នក​រៀបចំ​កម្មវិធី​ប្រដាល់​ប្រចាំ​សង្វៀន​ទូរទស្សន៍​នានា​ដើម្បី​ជួយ​ទ្រទ្រង់​ជីវភាព​គ្រួសារ​ប៉ុណ្ណោះ ។

លោក​ក៏​មិន​លោភលន់​ចង់​បានការ​ចាប់​គូ​សិស្ស​លោក​ច្រើន​នោះ​ដែរ ក្នុង​មួយ​ខែ​៣​ទៅ​៤​គូ​​ក៏​បាន ។ ប៉ុន្តែ​ខែ​ខ្លះ​បាន​ខែ​ខ្លះ​អត់ ហើយ​កូនសិស្សលោក​ភាគច្រើន​ឡើង​ប្រកួត​បាន​ត្រឹម​​ជា​គូ​បើក​ឆាក​ដែល​មាន​តម្លៃ​ខ្លួន​ឈ្នះ​បាន​១៥​ម៉ឺន​រៀល បើ​ចាញ់​បាន​ត្រឹមតែ​១០​ម៉ឺន​រៀល​ប៉ុណ្ណោះ ។ ដូច្នេះ​ហើយ​ទើប​លោក​ចង់​បិទ​ក្លិប​នេះ​មួយ​រយៈ​សិន​ចាំ​រក​ទីតាំង​ជួល​បាន​តម្លៃ​ថោក​ជាង​នេះ​នឹង​បើក​ឱ្យ​សិស្ស​ហ្វឹកហាត់​បន្ត​ទៀត ។

លោក ស៊ី​ថូ ណា​ថា​ន់ អ្នកគ្រប់គ្រង​កម្មវិធី​កីឡា​ប្រចាំ​ស្ថានីយទូរទស្សន៍​CBS បាន​ឆ្លើយ​​តប​នឹង​ការ​លើក​ឡើង​នេះ​ថា ស្ថានីយទូរទស្សន៍​របស់​លោក​មិន​ដែល​រើសអើង​ក្លិប​ប្រដាល់​​ណា​មួយ​ឡើយ ប៉ុន្តែ​ការ​ចាប់​គូប្រកួត​មុន​ពេល​ផ្សាយ​ផ្ទាល់​ក៏​ត្រូវ​ពិភាក្សា​ជាមួយ​ម្ចាស់​ឧបត្ថម្ភ​កម្មវិធី​ដែរ ។ លោក​ថា បើ​ផ្ដោត​តែ​លើ​សង្វៀន ​CBS ​មួយ​គឺ​មិន​អាច​ជួយ​បំពេញ​តម្រូវការ​របស់​កីឡាករ​ក៏​ដូច​ជា​ម្ចាស់​ក្លិប​ប្រដាល់​បាន​នោះ​ទេ ដូច្នេះ​ពួក​គាត់​គួរ​តែ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​សង្វៀន​ទូរទស្សន៍​ផ្សេង​ៗ​ទៀត ។

មួយវិញទៀត យើង​ក៏​ត្រូវ​គិត​ពី​គុណភាព​កីឡាករ​ផង​ដែរ ឧទាហរណ៍​បើ​ម្ចាស់​ឧបត្ថម្ភ​កម្មវិធី​ត្រូវការ​កីឡាករ​ល្អ​ប្រកួត​ពេញ​ម៉ោង តែ​ម្ចាស់​ក្លិប​ប្រដាល់​មិន​អាច​ផ្ដល់​ឱ្យ​តាម​តម្រូវ​ការ​របស់​គេ វា​ក៏​ជា​រឿង​មួយ​ពិបាក​ដែរ ។

លោក មាស វណ្ណ​ឌី ជា​មន្ត្រី​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ក៏​មាន​អារម្មណ៍​ថា​ ពិបាក​ដែរ ព្រោះ​ក្លិប​ដែល​មាន​កីឡាករ​ថ្មី​ច្រើន​ពុំ​សូវ​មាន​ទីផ្សារ​ដូច​កីឡាករ​ល្បី​ៗ​នោះ​ទេ ។ លោក​គិត​ថា សម្រាប់​ម្ចាស់​ក្លិប​ដែល​ជួល​ទីតាំង​គេ​គឺ​មាន​បញ្ហា​ប្រឈម​ច្រើន​ណាស់ ។ ម្ចាស់​ក្លិប​​មួយ​ចំនួន​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​លើក​ឡើង​ថា សហព័ន្ធ​គួរតែ​ផ្ដល់​ឱកាស​ដល់​កីឡាករ​ក្មេង​ៗ​ប្រកួត​ឱ្យ​បាន​ច្រើន ព្រោះ​ពួក​គេ​មាន​អនាគត​វែង​ឆ្ងាយ និង​ជា​ក្ដី​សង្ឃឹម​​សម្រាប់​ការ​ប្រកួត​កីឡា​សី​ុ​ហ្គេ​ម​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ