ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ទះស្នេហ៍ស្រវឹង​​​វ័យ​ចំណាស់ទាំងទ្វេ​… ផ្អើលអស់ដង​ផ្លូវ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្នេហ៍​វ័យ​ចំណាស់​មួយគូ បាន​ឈ្លោះប្រកែក​គ្នា​តាម​ដងផ្លូវ​​ក្នុង​ភាព​ស្រវឹង​ជោក​រៀង​ៗ​ខ្លួន រហូត​ឈាន​ដល់​វាយតប់​គ្នា បណ្តាល​ឱ្យ​ខាងស្រី​ដែល​ជា​ប្រពន្ធ​ទី​២​បែកក្បាល​ហូរ​ឈាម​សន្លប់ បង្ក​ជា​ការ​ភ្ញាក់ផ្អើល​ពេញ​ដងផ្លូវ ។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​០៨…

រាជធានី​ភ្នំពេញ ៖ ស្នេហ៍​វ័យ​ចំណាស់​មួយគូ បាន​ឈ្លោះប្រកែក​គ្នា​តាម​ដងផ្លូវ​​ក្នុង​ភាព​ស្រវឹង​ជោក​រៀង​ៗ​ខ្លួន រហូត​ឈាន​ដល់​វាយតប់​គ្នា បណ្តាល​ឱ្យ​ខាងស្រី​ដែល​ជា​ប្រពន្ធ​ទី​២​បែកក្បាល​ហូរ​ឈាម​សន្លប់ បង្ក​ជា​ការ​ភ្ញាក់ផ្អើល​ពេញ​ដងផ្លូវ ។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​០៨ ​និង​៤០​នាទី​យប់​ថ្ងៃ​ទី​៣០ ​កក្កដា នៅ​តាម​ផ្លូវ​លេខ​២១៧ ទល់មុខ​វត្ត​ស្ទឹង​មាន​ជ័យ សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ ។  បុរស​ជា​ប្តី​ឈ្មោះ ប៉ែន វី​រៈ អាយុ​៥៣​ឆ្នាំ អតីតមន្ត្រី​នគរបាល ចំណែក​ប្រពន្ធ​ទី​២​ឈ្មោះ នួន ហៅ​ដួង អាយុ​៣៣​ឆ្នាំ ស្នាក់​នៅ​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។

ប្រភព​ពី​អ្នក​រត់​ម៉ូតូ​កង់​បី​ ដែល​បានឃើញ​ហេតុការណ៍​និយាយ​ថា ប្តី​ប្រពន្ធ​នេះ​មិនដឹង​មកពីណា​ទេ បាន​ឈប់​ម៉ូតូ​ហើយ​ឈ្លោះប្រកែក​គ្នា ដោយ​ប្រពន្ធ​ទន់​ទ្រេត​ទ្រោត​ស្រែក​ឡូឡា​ដាក់​ប្តី​ដែល​ទន់​ខ្លួន​ដូច​គ្នា និង​បានរ​ត់ទៅ​វាយ​ប្តី​ទៀត​ផង ។ ប៉ុន្តែ​ប្តី​បាន​ច្រាន​ចេញ​បណ្តាល​ឱ្យ​ដួល ហើយ​ប្រពន្ធ​បាន​ងើបរ​ត់ទៅ​វាយ​ប្តី​ទៀត ក៏​ត្រូវ​ប្តី​ទះ​មួយ​ដៃ​ចំ​មួក​ការពារ​បណ្តាល​ឱ្យ​ដួល​និង​មានការ​ភ្ញាក់ផ្អើល​ដល់់​អ្នកដំណើរ​ជួយ​អន្តរា
គមន៍ ។

បុរស​ជា​ប្តី​បាន​និយាយ​ទាំង​ស្រវឹង​ថា «គាត់មាន​ប្រពន្ធ​និង​កូន​រួច​ហើយ ឯ​ស្ត្រី​ដែល​ឈ្លោះប្រកែក​គ្នា​នេះ​ជា​ប្រពន្ធ​ទី​២ ដែល​នាង​ជា​ស្ត្រី​មេម៉ាយ​មានកូន» តែ​មិន​បាន​បញ្ជាក់​ថា​ មានកូន​ប៉ុន្មាន​នាក់​ទេ ។ មុន​កើតហេតុ គាត់​បាន​ហូប​ស្រា​នៅ​ម្តុំ​ផ្សារ​ឌុ​យ​ម៉ិច ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា លុះ​ពេល​ស្រវឹង​បាន​ចេញពី​ទីនោះ​ដោយ​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១GH-៧០៩២ ជូន​នាង​ទៅ​ផ្ទះ​វិញ​នៅ​សៀមរាប​កន្ទួត ក្នុងស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។

បុរស​រូប​នេះ​និយាយ​ទៀត​ថា គាត់​ឃាត់​ឱ្យ​ស្នាក់​នៅផ្ទះ​សំណាក់​នៅ​ភ្នំពេញ​មួយ​យប់​សិន​តែ​នាង​មិន​ព្រម និង​បាន​ខឹង​រករឿង​គាត់​នៅ​លើ​ម៉ូតូ​រហូត ទាល់តែ​គាត់​ព្រម​ជូន​ទៅ​ផ្ទះ ។ នាង​ឱ្យ​គាត់​ទៅ​តាម​ផ្លូវ​ចំការ​ដូង តែ​គាត់​ប្រាប់​ថា​ ទៅ​តាម​ផ្លូវជាតិ​លេខ​៣​វិញ ដើម្បី​ឈប់​ហូប​អីនៅ​រោង​លក់​សាច់ក្រក​តាម​ផ្លូវ តែ​នាង​មិន​ព្រម
រឹតតែ​ខឹង​គាត់ និង​ស្រែក​ឡូឡា​វាយ​គាត់​ពីក្រោយរហូត ហើយ​គាត់​ក៏​ព្រមទៅ​តាម​ផ្លូវ​លេខ​២១៧ ឆ្លងកាត់​ចំការ​ដូង ។

ខណៈ​ធ្វើ​ដំណើរ​មក​ដល់​វត្ត​ស្ទឹង​មាន​ជ័យ ស្រាប់តែ​នាង​ទាញ​គាត់​រហូត​បើក​ម៉ូតូ​លែង​កើត​ប៊ិះ​នឹង​ដួល​ទៀត ហើយ​គាត់​ក៏​ឈប់ ។ ភ្លាមនោះ នាង​បាន​ស្រែក​ជេរ​គាត់​ទាំង​ភាព​ស្រវឹង​ដូច​គ្នា ថែម​ទាំង​ស្ទុះ​ទៅ​វាយ​គាត់ ហើយ​ក៏​ប្រវាយប្រតប់​គ្នា ។ គាត់​ក៏​មិនដឹង​ថា នាង​ត្រូវ​គាត់​ច្រាន​ដួល​ឬ​ក៏​គាត់​វាយ​ដួល​នោះ​ទេ ព្រោះ​ស្រវឹង​ដាប​ធ្លាក់​ភ្នែក​ដូច​គ្នា ទើប​បណ្តាល​ឱ្យ​បែកក្បាល​ហូរ​ឈាម​ដួល​សន្លប់​បែប​នេះ ហើយ​ភ្លាម​ៗ​នោះ ក៏​មាន​វត្តមាន​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​ចេញ​មក​ជួយ​អន្តរាគមន៍ ។

ក្រោយ​កើតហេតុ ស្ត្រី​ដែល​សន្លប់​ត្រូវ​បានសមត្ថកិច្ច​ដឹក​តាម​រ៉ឺ​ម៉ក​កង់​បី​យក​ទៅ​ព្យាបាល​របួស​នៅ​មន្ទីរ​ពេទ្យ ។ ចំណែក​បុរស​ជា​ប្តី​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល ទើប​ប្រពន្ធដើម​និង​កូន​ៗ​ទៅ​ជួយ​ដោះស្រាយ​ផង​ដែរ ។ ប៉ុន្តែ​ដោយ​ខាង​ភាគី​រង​គ្រោះជា​ប្រពន្ធ​ទី​២​ស្រវឹង​និយាយ​ស្តាប់​គ្នា​មិន​បាន មិន​អាច​ដោះស្រាយ​បាន​ភ្លាម​ៗ ទើប​រង់ចាំ​គាត់​ស្វាង​នឹង​ស្តាប់​ការ​សម្រេចចិត្ត​របស់​ជន​រង​គ្រោះ ក៏​ទុក​ឱ្យ​ដេក​នៅ​ប៉ុស្តិ៍​ទះមូស​មួយ​យប់​សិន​ទៅ ៕

អត្ថបទសរសេរ ដោយ