ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូបង្រៀន​សាលា​ជម្ពូ​វ័ន​២​នាក់​លួច និង​សមគំនិត​លួច​ទឹក​ថ្នាំ​ខ្មៅ គ​.​ជ​.​ប ជាប់​ទោស​ម្នាក់​៦​ខែ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សាកសួរ​លោកគ្រូ និង អ្នកគ្រូ​២​នាក់​ចប់ ពាក់ព័ន្ធ​ពី​បទលួច និង​សមគំនិត​លួច​ទឹកខ្មៅ​របស់ គ​.​ជ​.​ប នៅ​វេលា​ម៉ោង​ប្រមាណ…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សាកសួរ​លោកគ្រូ និង អ្នកគ្រូ​២​នាក់​ចប់ ពាក់ព័ន្ធ​ពី​បទលួច និង​សមគំនិត​លួច​ទឹកខ្មៅ​របស់ គ​.​ជ​.​ប នៅ​វេលា​ម៉ោង​ប្រមាណ ៦​ល្ងាច ថ្ងៃ​ទី​៣១ កក្កដា ជន​ត្រូវ​ចោទ​គឺ​លោកគ្រូ​ម្នាក់ និង​អ្នកគ្រូ​ម្នាក់ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ បើក​ការ​ជំនុំជម្រះ​ផ្ទាល់ ហើយ​បាន​ប្រកាស​សាលក្រម​ភ្លាម​ៗ ផ្តន្ទាទោស​ម្នាក់​៦​ខែ តែ​ទោស​នោះ​ត្រូវ​បាន​ព្យួរ​ទាំងអស់ ពោល​គឺ​គ្រូបង្រៀន​ទាំង​ពីរ​នាក់ មិន​ត្រូវ​បាន​ឃុំខ្លួន​ទេ ពេល​បិទ​សវនាការ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​មាន​សេរីភាព​វិញ​។

ជនជាប់ចោទ​ម្នាក់​ឈ្មោះ ទែន រតនា ភេទ​ប្រុស អាយុ​៤២​ឆ្នាំ និង​ម្នាក់​ឈ្មោះ ជា សុធា​រី ភេទ​ស្រី អាយុ​៤៦​ឆ្នាំ ជា​គ្រូបង្រៀន​នៅ​អនុ​វិទ្យាល័យ ជម្ពូ​វ័ន សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ជន​ជាប់​ឈ្មោះ ជា សុធា​រី ត្រូវ​បាន​តំណាង​អយ្យការ​ចោទប្រកាន់​ពី​បទ​លួច ចំណែក​ជន​ជាប់​ឈ្មោះ ទែន រតនា ចោទប្រកាន់​ពី​បទ​.​សមគំនិត​ក្នុង​អំពើ​លួច​(​លួច​ទឹកខ្មៅ​ជ្រលក់​ចង្អុលដៃ​របស់ គ​.​ជ​.​ប​)​។ ប្រ​ភ​ព័ត៌មាន​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ត្រូវ​បាន​គេ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​៣១ កក្កដា សមត្ថកិច្ច​នគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ បាន​បញ្ជូន​គ្រូបង្រៀន ដែល​ជា​ជនជាប់ចោទ​២​នាក់ ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ប្រគល់​ជូន​តំណាង​អយ្យការ​ធ្វើការ​សាកសួរ រឿង​លួច​ទឹកខ្មៅ​ជ្រលក់​ចង្អុលដៃ​របស់ គ​.​ជ​.​ប​។

ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា ដំបូង​សមត្ថកិច្ច​បាន​ធ្វើការ ឃាត់ខ្លួន​អ្នកគ្រូ ជា សុធា​រី តែ​ម្នាក់​ទេ ប៉ុន្តែ​ក្រោយមក​ការ​សាកសួរ​យក​ចម្លើយ អ្នកគ្រូ​បាន​ជាប់​ពាក់ព័ន្ធ ទៅ​នឹង​លោកគ្រូ​ម្នាក់​ទៀត ទើប​តំណាង​អយ្យការ​តំរូវ​ឲ្យ​សមត្ថកិច្ច​មក​ទាំង​ពីរ​នាក់​។ នៅ​សាលា ដំបូង​រាជធានី​ភ្នំពេញ បាន​សង្កេត​ឃើញ​លោកគ្រូ និង​អ្នកគ្រូ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ទៅ​អង្គុយ​ជិត​គ្នា រង់ចាំ​ការ​សាកសួរ​ពី​សំណាក់​លោក​ព្រះរាជអាជ្ញា​រង​កាន់​សំណុំរឿង​នោះ​។ ពេល​ពួក​គាត់​អង្គុយ​ក្បែរ​គ្នា ឮ​តែ​សំឡេង​ជជែក​គ្នា​ខ្លាំង​ៗ អ្នកគ្រូ​បាន​ដាក់បន្ទុក​ទៅ​លោកគ្រូ​ថា បានជា​គាត់​លួច​យក​ទឹកខ្មៅ គ​.​ជ​.​ប នោះ ដោយសារ​លោកគ្រូ​បាន​ពឹងពាក់​ឲ្យ​គាត់​ជួយ​យក​ដប​ទឹក​ថ្នាំ​ខ្មៅ​នោះ​មក​ជ្រលក់​ដៃ ព្រោះ​លោកគ្រូ​ជាប់រវល់​មិន​បាន​ទៅ​បោះ​ឆ្នោត​នឹង​គេ និង​មិន​មាន​ស្នាម​ទឹកខ្មៅ​ជាប់​ចង្អុលដៃ​ដូច ដូច្នោះ​បានជា​គាត់​យក​ឲ្យ​។ ចំណែក​លោកគ្រូ​វិញ​បាន​បដិសេធ​ទៅ​នឹង​សម្ដី​អ្នកគ្រូ ដែល​ចោទប្រកាន់​យ៉ាង​ដូច្នោះ​។

ហើយ​លោកគ្រូ​ក៏​បាន​តប​ទៅ​អ្នកគ្រូ​វិញ​ថា ខ្ញុំ​គ្រាន់តែ​និយាយ​ថា បើសិនជា​ខ្ញុំ​មិន​បាន​ទៅ​បោះ​ឆ្នោត ខ្ញុំ​អាច​សុំ​ទឹក​ថ្នាំ​ខ្មៅ​របស់ គ​.​ជ​.​ប មក​ជ្រលក់​ចង្អុលដៃ​បាន​អត់ ?​។ សំឡេង​លោកគ្រូ និង​អ្នកគ្រូ​ជជែក​គ្នា​ហូរហែ​ច្រើន​ជាង​នេះ​ទៀត ដែល​ម្នាក់​ៗ​ចង់​ដោះ​បន្ទុក​រៀងខ្លួន​។ ទោះជា​យ៉ាងណា​ក្តី​ការ​រក​ឃើញ​នូវ​ទោស​កំហុស ដែល​លោកគ្រូ និង​អ្នកគ្រូ​បាន​ប្រព្រឹត្ត តំណាង​អយ្យការ​បាន​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ និង​បាន​ចាត់​បញ្ជូន​ទៅ​ខាង​ចៅក្រម​ស៊ើបសួរ រហូត​ដល់​វេលា​ម៉ោង​ប្រមាណ​៦​ល្ងាច ថ្ងៃ​ដដែល​។ សំណុំរឿង​នេះ​ត្រូវ​បាន​បើក​សវនាការ​ភ្លាម​ៗ និង បាន​ផ្តន្ទាទោស​ជនជាប់ចោទ​ទាំង​ពីរ​នាក់ ដូច​បាន​រៀបរាប់​ខាងលើ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ