មានមនុស្សមិនតិចនាក់ទេ ដែលស្វែងរកនូវមង្គលគឺដើររកគ្រប់ទីកន្លែង នៅតែរកមិនបាន ចំណែកមនុស្សខ្លះទៀត ដោយអំណាចចង់បានសេចក្ដីសុខផ្ទាល់ខ្លួនហ៊ានប្រព្រឹត្តអ្វីៗសព្វបែបយ៉ាងក៏មានដែរ ។
តាមពិតទៅមង្គលដែលនាំឲ្យយើងមានសេចក្ដីសុខពិតប្រាកដនោះ គឺមិនចាំបាច់ទៅរកនៅទីណានោះទេ វាស្ថិតនៅតែនឹងខ្លួនយើងហ្នឹងឯងខាងក្រោមនេះជាមង្គលទាំង ៣៨ ប្រការដែលនាំមកនូវសេចក្ដីសុខពិតប្រាកដ និងមានផលច្រើនទៀតផង
១-កិរិយាមិនសេពគប់នូវបុគ្គលពាលទាំងឡាយ ២-កិរិយាសេពគប់នូវបុគ្គលជាបណ្ឌិតទាំងឡាយ ៣-កិរិយាបូជាដល់បុគ្គលដែលគួរបូជាទាំងឡាយ ៤-កិរិយានៅក្នុងប្រទេសដ៏សមគួរ ៥-ភាវៈនៃបុគ្គលបានធ្វើបុណ្យទុកហើយក្នុងកាលមុន ៦-កិរិយាតម្កល់ខ្លួនដោយប្រពៃ ៧-ភាវៈនៃបុគ្គលបានស្ដាប់ បានរៀនហើយដោយច្រើន ៨-សិល្ប៍សាស្ត្រគឺសេចក្ដីឆ្លៀវឈ្លាសក្នុងហត្ថកម្មរបស់អ្នកបួស និងគ្រហស្ថ ៩-វិន័យដែលបុគ្គលសិក្សាដោយប្រពៃ ១០-វាចាដែលបុគ្គលសិក្សាដោយប្រពៃ ១១-កិរិយាបម្រើនូវមាតា ១២-កិរិយាបម្រើនូវបិតា ១៣-សេចក្ដីសង្គ្រោះដល់បុត្រ និងភរិយា ១៤-ការងារទាំងឡាយដែលមិនច្របូកច្របល់ ១៥-កិរិយាបរិច្ចាគទាន ១៦-កិរិយាប្រព្រឹត្តនូវធម៌ ១៧-សេចក្ដីសង្គ្រោះដល់ញាតិទាំងឡាយ ១៨-ការងារទាំងឡាយដែលមិនមានទោស ១៩-កិរិយាមិនត្រេកអរក្នុងបាប និងកិរិយាវៀរចាកបាប ២០-សេចក្ដីសង្រួមចាកកិរិយាផឹកនូវទឹកស្រវឹង ២១-សេចក្ដីមិនប្រមាទក្នុងធម៌ទាំងឡាយ ២២-សេចក្ដីគោរពចំពោះបុគ្គលដែលគួរគោរព ២៣-កិរិយាប្រព្រឹត្តបន្ទាបខ្លួន ២៤-សេចក្ដីត្រេកអរចំពោះរបស់ដែលមាន ២៥-ភាវៈនៃបុគ្គលអ្នកដឹងនូវឧបការៈដែលអ្នកដទៃធ្វើហើយដល់ខ្លួន ២៦-កិរិយាស្ដាប់នូវធម៌តាមកាល ២៧-សេចក្ដីអត់ធន់ ២៨-ភាវៈនៃបុគ្គលដែលគេប្រដៅបានដោយងាយ ២៩-កិរិយាបានឃើញ បានជួបនូវសមណៈទាំងឡាយ ៣០-កិរិយាសន្ទនាទៅវិញទៅមកនូវធម៌តាមកាល ៣១-សេចក្ដីព្យាយាមដុតនូវបាបធម៌ ៣២-កិរិយាប្រព្រឹត្តនូវធម៌ដ៏ប្រសើរ ៣៣-កិរិយាឃើញនូវអរិយសច្ចទាំងឡាយ ៣៤-កិរិយាធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាន ៣៥-ចិត្តរបស់បុគ្គលឯណាដែលលោកធម៌ទាំងឡាយពាល់ត្រូវហើយមិនរំភើបញាប់ញ័រ ៣៦- មិនមានសេចក្ដីសោក ៣៧-មានធូលី គឺរាគៈទៅប្រាសហើយ ៣៨-ជាចិត្តក្សេមក្សាន្ត ។
មង្គលទាំង ៣៨ ប្រការនេះហើយដែលធ្វើឲ្យអ្នកប្រតិបត្តិបានសុខចម្រើនពិតប្រាកដឲ្យតែយើងចេះសាងនូវមង្គលទាំងអស់នេះច្បាស់លាស់ ។
ចែករំលែកព័តមាននេះ