ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជ្រូក​ឡើងថ្លៃ សមាគម​អំពាវនាវ​ឱ្យ​កសិករ​ចិញ្ចឹម​ឡើង​វិញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ តម្លៃ​ជ្រូក​ក្នុងស្រុក​បាន​ងើប​ឡើងជា​បន្តបន្ទាប់ និង​បាន​ធ្វើ​ឲ្យ​កសិករ​ដែល​នៅ​សេសសល់​ការ​ចិញ្ចឹម​កាលពីមុន​នោះ ទទួល​បាន​ផល​ជា​បណ្ដើរ​ៗ ដែល​អាច​និយាយ​បាន​ថា​កាក់កប​ឡើង​វិញ ហើយ​សមាគម​ក៏​បាន​អំពាវនាវ​ឲ្យ​មានការ​ចិញ្ចឹម​ពី​បណ្ដា​កសិករ និង​ម្ចាស់​កសិដ្ឋាន​ងាក​មក​ចិញ្ចឹម​ឡើង​វិញ ដើម្បី​រក​ចំណូល​បន្ថែម…

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ តម្លៃ​ជ្រូក​ក្នុងស្រុក​បាន​ងើប​ឡើងជា​បន្តបន្ទាប់ និង​បាន​ធ្វើ​ឲ្យ​កសិករ​ដែល​នៅ​សេសសល់​ការ​ចិញ្ចឹម​កាលពីមុន​នោះ ទទួល​បាន​ផល​ជា​បណ្ដើរ​ៗ ដែល​អាច​និយាយ​បាន​ថា​កាក់កប​ឡើង​វិញ ហើយ​សមាគម​ក៏​បាន​អំពាវនាវ​ឲ្យ​មានការ​ចិញ្ចឹម​ពី​បណ្ដា​កសិករ និង​ម្ចាស់​កសិដ្ឋាន​ងាក​មក​ចិញ្ចឹម​ឡើង​វិញ ដើម្បី​រក​ចំណូល​បន្ថែម ។

បើ​តាម​លោក ជេ​ត ភី​រម្យ អនុប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា បាន​លើក​ឡើង​ថា តម្លៃ​ជ្រូក​រស់​ក្នុងស្រុក​បាន​ងើបឡើង​វិញ​ចាប់តាំងពី​ខែមេសា​ឆ្នាំ​នេះ បន្ទាប់​ពី​បាន​ជួប​វិបត្តិ​អស់​រយៈពេល​ជិត​២​ឆ្នាំ និង​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ចិញ្ចឹម​ជ្រូក​បោះបង់​ចោល​ជា​បណ្ដើរ​ៗ និង​មាន​កសិករ​ខ្លះ​ទៀត​ត្រូវ​រុះរើ​ទ្រុង​ចោល ព្រោះតែ​មិន​អាច​ទប់ទល់​នឹង​ការ​ចំណាយ និង​ការ​ខាតបង់​បាន ។ លោក​បន្ត​ថា រហូត​មក​ដល់​ពេល​នេះ តម្លៃ​ជ្រូក​បាន​ងើបឡើង​រហូត​ដល់​៩.៤០០​រៀល​ក្នុង​១​គីឡូក្រាម ខណៈ​តម្លៃ​អ​ប្បរមា​សម្រាប់​លក់​ក្នុងស្រុក គឺ​ត្រឹមតែ​៨.៦០០​រៀល​ក្នុង​១​គីឡូក្រាម ។ លោក​ថា ៖« បើ​តាម​ទស្សនៈ​របស់ខ្ញុំ តម្លៃ​ជ្រូក​រស់​ដែល​បាន​ឡើង​ខ្ពស់​បែប​នេះ នឹង​មាន​ស្ថិរភាព​រយៈពេល​យូរ​ទៀត ព្រោះតែ​តម្លៃ​ជ្រូក​នៅ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន ដូច​ជា នៅ​ប្រទេស​ថៃ ចិន ជា​ពិសេស វៀតណាម ដែល​ជា​អ្នក​ផ្គត់ផ្គង់​ជ្រូក​មួយ​សំខាន់​នោះ បាន​ងើបឡើង​ថ្លៃ​ដែរ ដូចនេះ វា​នឹង​មិន​ចុះថ្លៃ​ក្នុង​រយៈពេល​ខ្លី​នោះ​ទេ » ។

លោក​បន្ថែម​ថា ៖« ក្រៅពី​តម្លៃ​ល្អ​ប្រសើរ​ហើយ​នោះ ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​បរិភោគ នៅ​កម្ពុជា ក៏​នឹង​ទទួល​បាន​សាច់​ជ្រូក​ដែល​ល្អ និង​មាន​សុវត្ថិភាព ដែល​សារ​តែ​មានការ​ផ្គត់ផ្គង់​ត្រឹមត្រូវ​ពី​ក្នុង​ប្រទេស​ផង និង​នាំ​ចូល​ជ្រូក​ល្អ​ផង​ដែរ ព្រោះ​បើកាលណា​ជ្រូក​មាន​តម្លៃ​ខ្ពស់ ឈ្មួញ​នាំ​ចូល​នឹង​រឹត​បន្តឹង និង​ពិនិត្យ​ត្រឹមត្រូវ ខុស​កាលពី​តម្លៃ​ជ្រូក​ទាប ឈ្មួញ​ពុំ​សូវ​ខ្វល់​ពី​គុណភាព ឲ្យ​តែ​ថ្លៃ​ទាប ដឹង​តែ​នាំ​ចូល​ហើយ ។ ម្យ៉ាងទៀត ឈ្មួញ​ដែល​ដើរ​ចាប់​ជ្រូក​ផ្គត់ផ្គង់​តាម​កុងស៊ី ក៏​បាន​ងាក​មក​រក​ជ្រូក​ក្នុងស្រុក​ផ្គត់​ផ្គត់​វិញ​ដែរ ដោយ​កាត់​បន្ថយ​ការ​នាំ​ចូល​ពី​ក្រៅប្រទេស » ។

លោក​បញ្ជាក់​ថា ស្រប​ពេល​ទីផ្សារ​វៀតណាម​បាន​ឡើង​ខ្ពស់​ដូចនេះ បច្ចុប្បន្ន វៀតណាម​បែរជា​ព្រួយបារម្ភ​ពី​ការ​នាំ​ចូល​ជ្រូក​ពី​ប្រទេស​ក្រៅ​ទៅ​វិញ ដូច​ជា នាំ​ចូល​ពី​សហរដ្ឋអាមេរិក និង​ប្រទេស​ផ្សេង​ៗ ពីព្រោះ​ការ​ឡើងថ្លៃ​ជ្រូក​នៅ​ប្រទេស​វៀតណាម ជា​ឱកាស​សម្រាប់​ប្រទេស​ផ្សេង​ៗ​ជា​ដៃគូ ។ វា​ក៏​មិន​ខុស​ពី​កម្ពុជា​ដែរ ពេល​នេះ តម្លៃ​បាន​ងើបឡើង ក៏​ជា​ឱកាស​របស់​ប្រទេស​ជិតខាង ដែល​មាន​តម្លៃ​ទាប​ជាង​កម្ពុជា ។
ដោយឡែក លោក ស្រ៊ុ​ន ពៅ ប្រធាន​សមាគម​វិញ ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា តម្លៃ​ជ្រូក​រស់នា​ពេល​បច្ចុប្បន្ន​នេះ វា​ល្អ​ប្រសើរ​ណាស់​ទៅ​ហើយ​ចំពោះ​អ្នក​ចិញ្ចឹម​ក្នុងស្រុក ព្រោះថា​កន្លង​មក ពួក គាត់​ប្រាថ្នា​ត្រឹមតែ​ពី​៧.០០០​រៀល​ទៅ​៨.០០០​រៀល​ក្នុង​១​គីឡូក្រាម តែ​ពេល​នេះ តម្លៃ​បាន​ឡើង​លើស​ពី​អ្វី​ដែល​ពួក​គាត់​ប្រាថ្នា​ទៅ​ហើយ ។

លោក​បន្ត​ថា ដល់​ដំណាក់កាល​នេះ កសិករ​ដែល​បាន​បោះបង់​ការ​ចិញ្ចឹម​ជ្រូក​កាលពីមុន​នោះ គួរតែ​ងាក​មក​ចិញ្ចឹម​វិញ ដើម្បី​ផ្គត់ផ្គង់​នៅ​លើ​ទីផ្សារ​ក្នុងស្រុក និង​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ក្នុងស្រុក​បាន​ទទួល​សាច់​ជ្រូក​ក្នុងស្រុក​បរិភោគ ហើយ​អាច​ធ្វើ​ឲ្យ​ពួក​គាត់​មាន​ទំនុកចិត្ត​ខ្ពស់​ជាង​សាច់​ជ្រូក​ដែល​នាំ​ចូល​ពី​ប្រទេស​ជិតខាង ។ ប៉ុន្តែ​ទោះជា​យ៉ាងណា ការ​ផ្គត់ផ្គង់​ក្នុងស្រុក​មិន​អាច​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​បរិភោគ​ពី​ប្រជាពលរដ្ឋ​នោះ​ទេ ដូចនេះ ត្រូវ​ពឹង​លើ​ការ​នាំ​ចូល​ពី​ប្រទេស​ជិតខាង ។ លោក​ថា ៖« កាលពីមុន យើង​នាំ​ចូល​ជ្រូក​រស់​ពី​ប្រទេស​វៀតណាម​មក​ផ្គត់ផ្គង់ តែ​ក្រោយ​ពេល​តម្លៃ​ជ្រូក​វៀតណាម​បាន​ឡើងថ្លៃ​ខ្ពស់​ហួស​ពី​ការ​ស្មាន បាន​ជំរុញ​ឲ្យ​ឈ្មួញ​ក្នុងស្រុក​បង្វែរ​ការ​នាំ​ចូល​ពី​ប្រទេស​វៀតណាម ទៅ​នាំ​ចូល​ពី​ប្រទេស​ថៃ ជំនួស​វិញ » ។

គួរ​បញ្ជាក់​ថា បើ​តាម​របាយការណ៍​ស្រាវជ្រាវ​របស់​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា កន្លង​មក​ថា ក្នុងអំឡុងពេល​តម្លៃ​ជ្រូក​រស់​ក្នុងស្រុក​ធ្លាក់​ចុះ​បាន​ធ្វើ​ឲ្យ​អ្នក​ចិញ្ចឹម ដូច​ជា កសិករ និង​ក្រុមហ៊ុន​តូច​ធំ ត្រូវ​ខាតបង់​ប្រាក់​សរុប​ប្រមាណ​១៥០​លាន​ដុល្លារ​អា​មេ​រិ​ក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ