តាម​ពិត​មូល​ហេតុ​នេះ ទើបអេ ភូ​ថង ប្ដូរ​ជំហរ​​ជំរុញ​កូនស្រីឱ្យ​បោះបង់​ប្រដាល់​


រាជធានី​ភ្នំពេញ ៖ ខុស​ពី​ពេល​កន្លង​មក ដែល​លោក អេ ភូ​ថង រមែង​ប្រកាន់​ជំហរ​មិន​ឱ្យ​កូនស្រី​ដកខ្លួន​ពី​ការ​ប្រដាល់​រហូត​ដល់​ថ្នាក់​កូនស្រី​ដុះ​ឆន្ទៈ​មិន​អាច​បោះបង់​ការ​ប្រដាល់​បាន​មែន ស្រាប់តែ​ពេល​នេះ​លោក​បែរជា​បង្គាប់​ឱ្យ​កូនស្រី​បោះបង់​ការ​ប្រដាល់​ទៅ​វិញ ធ្វើ​ឱ្យគ្រាប់ពូជ​ក្នុង​ពិភព​ប្រដាល់​មួយ​នេះ​ផុយ​ស្រួយ​ងាយ​នឹង​បាត់បង់ ។

ជំហរ​នេះ​បាន​កើត​មាន​ទន្ទឹង​នឹង​អេ យ៉ា​នុ​ត ដែល​ជា​កូនស្រី​សំណព្វចិត្ត​លោក​ទទួល​បាន​ឱកាស​សម្ដែង​ក្នុង​ខ្សែភាពយន្ត​ភាគ​ធំ​មួយ​របស់​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥ ក្រោម​ចំណង​ជើង​ថា​«​កញ្ញា​ជើង​ខ្លាំង​» ដោយ​នាង​ត្រូវ​បាន​គេ​ឱ្យ​សម្ដែង​ជា​តួ​អ្នក​ប្រដាល់​ស្រី​។

ក្នុង​ពិធី​ក្រុង​ពាលី កាលពី​ថ្ងៃ​ទី​២៤ កក្កដា នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ កីឡាការិនី អេ យ៉ា​នុ​ត បាន​អះអាង​ថា ខ្លួន​មិន​បោះបង់​ការ​ប្រដាល់​នោះ​ទេ ប៉ុន្តែ​ភ្លាម​ៗ​ក្រោយ​ការ​ប្រកាស​ជំហរ​បែប​នេះ​នាង​បែរជា​ប្រាប់​វិញ​ថា នាង​គ្រោង​ដើរ​ចេញពី​ការ​ប្រដាល់​ដោយ​សារ​តែ​ឪពុក​របស់​នាង​បាន​ជំរុញ និង​លើកទឹកចិត្ត​ឱ្យ​នាង​ឈប់​ពី​អាជីព​នេះ ។

នាង​ថា លោក អេ ភូ​ថង កាលពីមុន​បាន​ប្រកាស​យ៉ាង​ដាច់អហង្ការ​ឱ្យ​នាង​បន្ត​តំណែង ពោល​គឺ​បន្ត​ស្នង​តំណែង​របស់​លោក ដើម្បី​ឱ្យ​ក្នុង​មួយ​ត្រកូល​អេ នៅ​មាន​ឈាមជ័រ​ជា​អ្នក​ប្រដាល់​បន្តវេន ។ នាង​ត្រូវ​បាន​បណ្ដុះ​ឱ្យ​ស្រឡាញ់ និង​យកចិត្តទុកដាក់​លើ​ការ​ប្រដាល់​​ចង់​ខ្លាំង​ជាង​ការ​សិក្សា​ផង រហូត​ដល់​ថ្នាក់​ធ្វើ​ឱ្យ​លែង​ចង់​ទទួលយក​ជំនាញ​ផ្សេង​ក្រៅពី​ការ​ឡើង​រេញ ដែល​ជា​ការ​ជំរុញ និង​លើកទឹកចិត្ត​របស់​លោកឪពុក និង​អ្នក​ម្ដាយ ។ ក្នុង​នោះសូ​ម្បី​តែ​ម្ដាយ​របស់​នាង​ដែល​ជា​គ្រូបង្វឹក​និង​ជា​អាជ្ញាកណ្ដាល​នៅ​ប៉ុស្ដិ៍​បាយ័ន ក៏​មិនឱ្យ​នាង​បោះបង់​ការ​ប្រដាល់​ដែរ ដោយសារ​តែ​ស្រឡាញ់ និង​ចង់ឱ្យ​នាង​បន្ត​អាជីព​មួយ​នេះ ឱ្យ​ក្លាយជា​កីឡាការិនី​កាន់តែ​ល្បី​ទៅ​ថ្ងៃ​អនាគត​។

នាង​ថា ការ​ប្រដាល់​នា​ពេល​កន្លង​មក បើ​ទោះជា​មាន​ចំណូលចិត្ត​ផ្សំ តែ​ក៏​មានការ​ជំរុញ​ពី​ឪពុក​ម្ដាយ​មួយ​ផ្នែក​ផង​ដែរ ស្របគ្នា​ដែល​នាង​ក៏​ចង់បាន​ប្រាក់​ចំណូល​ផ្ទាល់ខ្លួន ដើម្បី​បន្ថយ​បន្ទុក​របស់​គ្រួសារ​។ អ៊ីចឹង​ហើយ​ទើប​នាង​ត្រូវ​មានឈ្មោះ​ជា​អ្នក​ប្រដាល់ ដោយ​សុខចិត្ត​បែក​មុខ​បែក​មាត់ សូ​ម្បី​តែ​ក្នុង​វ័យ​កាន់តែ​ធំ​នា​ពេល​នេះ ក៏​នៅ​តែ​តស៊ូ ។ នាង​ថា ការ​ប្រដាល់​មិនសូវ​ទទួល​បានការ​គោរព​ពី​អ្នក​ជុំវិញ​ខ្លួន​ទេ​ជា​ពិសេស​មិត្តភក្តិ​ដែល​រៀន​ថ្នាក់​ជាមួយ​គ្នា ដោយសារ​តែ​នាង​គឺជា​នារី​តែ​បែរជា​ចាប់​អាជីព​ប្រដាល់​។

យ៉ាងណាមិញ នាង​ថា លោក អេ ភូ​ថង ដែល​ជា​អ្នកមាន​ឥទ្ធិពល​ជាងគេ​នៅ​ក្នុង​ជីវិត​របស់​នាង បាន​កែប្រែ​ជំហរ​ហើយ បន្ទាប់​ពី​នាង​ស្រាប់តែ​ត្រូវ​បាន​ប៉ុស្ដិ៍​លេខ​៥​ផ្ដល់​ឱកាស​​ឱ្យ​សម្ដែង​ជា​តួ​សំខាន់​មួយ​ក្នុង​រឿង​«​កញ្ញា​ជើង​ខ្លាំង​» ដែល​ក្នុង​រឿង​នេះ នាង​មាន​ប្លង់​សម្ដែង​ច្រើន ហើយ​បើ​និយាយ​ពី​ប្រាក់​ចំណូល​ក៏​គួរសម​។ នាង​អះអាង​ថា លោក អេ ភូ​ថង បាន​ជំរុញ​ឱ្យ​នាង​លាឈប់​ពី​ការ​ប្រដាល់ ហើយ​ឈោង​ចាប់​អាជីព​សម្ដែង​ឱ្យ​ម៉ត់​ចត់ ដោយ​នាង​ប្រាប់​ថា នេះ​ជា​ជំហរ​ថ្មី​មួយ​ដែល​នាង​មិន​ធ្លាប់​ឮ​ចាប់តាំងពី​នាង​បាន​ក្លាយជា​កីឡាការិនី​មួយ​រូប ។

នាង​ថា​សប្បាយចិត្ត​ដែល​លោក​អេ ភូ​ថង បាន​បង្គាប់​ឱ្យ​នាង​ប្រឹង​សម្ដែង​ឱ្យ​មាន​ទីផ្សារ ហើយ​លាឈប់​ពី​ការ​ប្រដាល់​ទៅ ដោយសារ​តែ​លោក​ក៏​មិន​ចង់​ឃើញ​នាង​បន្ត​ឈរជើង​នៅ​លើ​សង្វៀន​ដែល​ប្រឈម​នឹង​ការ​បែក​មុខ​បែក​មាត់​ពេល​ប្រកួត​ម្ដង​ៗ ។

នាង​និយាយ​ថា​៖«​ខ្ញុំ​ចម្លែក​ចិត្ត​ដែរ ពី​មុន​ប៉ា​អត់ឱ្យ​ចោល​ប្រដាល់​ទេ តែ​ឥឡូវ​គាត់​ថាឱ្យ​ឈប់​ប្រដាល់​ទៅ ធំ​ហើយ​បែក​មុខ​បែក​មាត់អាក្រក់​មើល​ណាស់ អ៊ីចឹង​ហើយ​ទើប​ខ្ញុំ​សប្បាយចិត្ត ព្រោះ​ប៉ា​គាត់​លើកទឹកចិត្ត​ឱ្យ​ខ្ញុំ​ងាក​មក​ចាប់​អាជីព​សម្ដែង​វិញ​ចឹ​ង​!»​។

យ៉ាងណាមិញ នាង​ថា​ខ្លួន​មិន​ទាន់​ប្រាកដ​ថា​នឹង​បោះបង់​ការ​ប្រដាល់​១០០​ភាគរយ​នោះ​ទេ ដោយសារ​តែ​នាង​នៅ​តែ​មិន​ដាច់​អាល័យ​ការ​ប្រដាល់​ធំ​ៗ​ដែល​អាច​ជួយ​ឱ្យ​នាង​រក្សា​បាន​កេរ្តិ៍ឈ្មោះ និង​រកបាន​ប្រាក់​ចំណូល​ខ្ពស់ ។ នាង​ថា ការ​ជំរុញ​របស់​ឪពុក នឹង​ធ្វើ​ឱ្យ​នាង​កាន់តែ​មានការ​សម្រេចចិត្ត​បោះ​ការ​ប្រដាល់ ហើយ​ងាក​ទៅ​ចាប់​អាជីព​មួយ
ផ្សេង​​បើ​ទោះ​មិនមែន​ជា​ការ​សម្ដែង ក៏​អាច​នឹង​ជា​អាជីព​មួយ​ផ្សេង​ដែរ នៅ​ពេល​ឪពុក​បើកផ្លូវ​បែប​ហ្នឹង​។

មិន​ខុស​គ្នា​ដែរ លោក អេ ភូ​ថង បាន​អះអាង​ថា កាលពីមុន​លោក​មិនដឹង​ថា​កូនស្រី​នឹង​អាច​ជំរុញ​ឱ្យធ្វើ​អ្វី អ៊ីចឹង​លោក​ចេះ​តែ​ឱ្យ​ប្រឡូក​ការ​ប្រដាល់​ទៅ​ដើម្បី​កសាង​កេរ្តិ៍ឈ្មោះ និង​រក​ចំណូល​ផង ប៉ុន្តែ​នៅ​ពេល​ដឹង​ថា​កូនស្រី​ចាប់ផ្ដើម​មានឱកាស​សម្ដែង​ភាពយន្ត ដែល​អាច​រក​ចំណូល​បាន​ដែរ ទើប​លោក​យល់​ថា បើ​បោះបង់​ការប្រដាល់​គឺជា​រឿង​សម​ស្រប​ដែល​គួរតែ​កើតឡើង ក្នុង​ពេល​កូនស្រី​កាន់តែ​ធំ​ពេញវ័យ ។

លោក​និយាយ​ថា​៖«​ពី​មុន​ខ្ញុំ​ចេះ​តែ​ឱ្យ​កូន​ប្រដាល់​ទៅ​គ្រាន់​បាន​លុយ​ទប់​គ្រួសារ ប៉ុន្តែ​បើ​គាត់​មាន​គេ​ហៅ​ថត ឬ​មានការ​អី​ផ្សេង មិន​ឱ្យ​គាត់​បន្ត​ទេ ព្រោះ​កូន​យើង​កាន់តែ​ធំ ពិបាក​ដែរ​​រឿង​ប្រដាល់​ហ្នឹង​!»​។

លោក​ថា ខ្លួន​នៅ​មានកូន​ប្រុស​២​នាក់​បន្ថែម​ទៀត ដើម្បី​ស្នង​អាជីព​ប្រដាល់ ហើយ​បើ​ទោះជា​កូនប្រុស​របស់​ខ្លួន​នៅ​ស្ទើរ និង​នៅ​តូច​មិន​ទាន់​អាច​ជំនួស​​តំណែង​អេ យ៉ា​នុ​ត បាន​តែ​លោក​ប្រាប់​ថា ខ្លួន​នៅ​តែ​មាន​អ្នក​ស្នង​សម្រាប់​អាជីព​ប្រដាល់ បើ​ទោះជា អេ យ៉ា​នុ​ត​បោះបង់​ការ​ប្រដាល់ ។ លោក​ទទូច​ឱ្យ​ផលិតករ​ផ្ដល់​ឱកាស​ឱ្យ​កូនស្រី​លោក​ប្រឡូក​ការ​សម្ដែង​ឱ្យ​បាន​ច្រើន ដើម្បី​ឱ្យ​នាង​អាច​រកបាន​ចំណូល​​មួយ​ខ្ពស់ ហើយ​បោះបង់​ការ​ប្រដាល់​បាន​ទាំងស្រុង​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ