ឡុ​ង សុ​ភី ពន្យារពេល​បូជាសព​ម្ដាយ


រាជធានី​ភ្នំពេញ ៖ តាំងពី​ថ្ងៃ​បោះ​ឆ្នោត ទី​២៩ កក្កដា ម្ដាយបង្កើត​របស់​កីឡាករ​ល្បីឈ្មោះ ឡុ​ង សុ​ភី ដែល​មានឈ្មោះ​ថា នី សុ​ភី បាន​ទទួលមរណភាព​ដោយ​រោគាពាធ​ក្នុង​ជន្មាយុ​៦៦​ឆ្នាំ ប៉ុន្តែ​លោក​មិនប្រញាប់ប្រញាល់​បូជាសព​ម្ដាយ​ទេ ដោយ​គ្រោង​តម្កល់​ធ្វើបុណ្យ​ឱ្យ​បាន​យូរ​បន្តិច​ទោះបី​គ្រួសារ​លោក​មាន​ជីវភាព​មិនសូវ​ជា​ធូរធារ​ប៉ុន្មាន​ក្ដី​។

ឡុ​ង សុ​ភី និយាយ​ថា លោក​ពិតជា​មានការ​រន្ធត់​ចិត្ត​យ៉ាង​ខ្លាំង ពេល​ម្ដាយ​របស់​លោក​ទទួលមរណភាព​បន្ទាប់​ពី​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​ក្នុង​មន្ទីរពេទ្យ ។ លោក​ថា ម្ដាយ​របស់​លោក​មាន​ជំងឺលើសឈាម​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​សភាព​ធ្វើទុក្ខ​ទើបតែ​កើត​មាន​ខ្លាំង​កាលពីមុន​បោះ​ឆ្នោត ដោយសារ​គាត់​ដួល​ហើយ​ដាច់​សរសៃឈាម​ខួរក្បាល​ឈាន​ដល់​ស្លាប់​មួយ​ចំហៀង​ខ្លួន ។

លោក​ថា ម្ដាយ​របស់​ខ្លួន​មុន​ទទួលមរណភាព​ស្ថិត​ក្នុង​បន្ទ​ប់សង្គ្រោះបន្ទាន់​ច្រើន​ថ្ងៃ ដោយ​ក្នុង​ពេល​ព្យាបាល ក៏​មាន​សប្បុរសជន​ទាំង​ក្នុង​ផ្នែក​កីឡា និង​មិនមែន​កីឡា​ច្រើន​នាក់​ចូលរួម​ឧបត្ថម្ភ​ម្ដាយ​របស់​លោក​ផង​ដែរ ។

លោក​ថា ម្ដាយ​របស់​លោក​មាន​ជំងឺលើសឈាម ដោយ​បាន​ដួល​សន្លប់​ដាច់​សរសៃ​ឈាម​​ខួរក្បាល​ចំនួន​បី​កន្លែង​កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​២០ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ឯ​ខេត្តបាត់ដំបង ដោយ​ចូល​សម្រាក​ព្យាបាល​ប្រមាណ​ជាង​មួយ​អាទិត្យ​ក៏​ទទួល​មរណ​ភាព​កាលពី​ថ្ងៃ​បោះ​ឆ្នោត​។

លោក​ថា បើ​តាមតែ​ជីវភាព​គ្រួសារ​សព្វថ្ងៃ​មិន​អាច​តម្កល់សព​ធ្វើបុណ្យ​យូរ​ទេ ប៉ុន្តែ​ដោយ​សារ​តែ​លោក​យល់​ថា បើ​បូជាសព​ម្ដាយ​លឿន​ពេក​ពិបាក​ទទួលយក​អារម្មណ៍​ក្នុង​ការ​បាត់បង់ ទើប​លោក និង​បង​ៗ​ទាំងអស់ សម្រេច​ជ្រើស​យក​ពេលវេលា​បូជា​ឱ្យ​បាន​យូរ​បន្តិច ។

លោក​ថា ការ​បូជាសព​ម្ដាយ​ត្រូវ​ពន្យារពេល​រហូត​ដល់​ព្រឹក​ថ្ងៃ​ពុធ ទី​១ សីហា ដោយ​សម្រេច​យក​ម៉ោង​៥​ទៀប​ភ្លឺ នៅ​ដើមខែ​ថ្មី​នោះ ដើម្បី​ឱ្យ​បងប្អូន ក្រុម​គ្រួសារ​និង​អ្នក​រាប់អាន​លោក​ទាំងអស់ បាន​ចូលរួម​ធ្វើបុណ្យ​ឱ្យ​បាន​ច្រើន ។

លោក​ថា ការ​ពន្យារពេល​បូជាសព​ម្ដាយ នឹង​ធ្វើ​ឱ្យ​គ្រួសារ​លោក​ប្រឈម​នឹង​ការ​ចំណាយ​​ច្រើន ប៉ុន្តែ​លោក​ថា មិន​មាន​ជម្រើស​នោះ​ទេ ដើម្បី​ឱ្យ​កូនចៅ​ទាំងអស់​បានឃើញ​មុខ​ម្ដាយ​របស់​លោក​យូរ​បន្តិច​ក្រោយ​ទទួលមរណភាព​។

លោក ឡុ​ង សុ​ភី និយាយ​ថា ម្ដាយ​របស់​លោក មិន​សម​នឹង​ចាកចោល​កូនចៅ​លឿន​ពេក​បែប​នេះ​ទេ ដោយសារ​តែ​មុន​បាត់បង់​ជីវិត​ប៉ុន្មាន​ម៉ោង ម្ដាយ​របស់​លោក​មាន​សុខ​ភាព​ល្អ​ប្រសើរ ដែល​លោក​បាន​ហៅ​ស្ថានភាព​នោះ​ថា គួរតែ​មាន​សង្ឃឹម ។

លោក​សម្ដែង​​អារម្មណ៍​រន្ធត់​ចិត្ត​នៅ​ពេល​អ្នក​ម្ដាយ​ដែល​ធ្លាប់តែ​ជា​កម្លាំងចិត្ត ស្រាប់តែ​បាត់បង់​ទៅ តែ​លោក​ប្រកាស​ថា លោក​មិន​បាក់ទឹកចិត្ត និង​មិន​ដកខ្លួន​ពី​ការ​ប្រដាល់​នោះ​ទេ ដោយសារ​តែ​ការ​ប្រដាល់​ក៏​ជា​ចំណូល​ចិត្តធំ​មួយ​របស់​ខ្លួន ។ លោក​ថា​ខ្លួន​នឹង​ទទួលយក​ការ​ប្រដាល់​វិញ ក្រោយ​ពេល​ធ្វើបុណ្យ​ម្ដាយ​ចប់​សព្វគ្រប់ នៅ​ខេត្តបាត់ដំបង ទាំង​ពិធី​បូជាសព និង​ពិធីបុណ្យ​៧​ថ្ងៃ​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ