ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្កើត​មណ្ឌល​សេវា​កម្ម​យុត្តិធម៌​​និង​យន្ត​ការ​ដោះ​ស្រាយ​​វិវាទ​ក្រៅ​តុលាការ

15 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ លោក​សេង សុវណ្ណារ៉ា ​អនុ​រដ្ឋ​លេខា​ធិការ​​ក្រសួង​យុតិ្ត​ធម៌​​​បានថ្លែង​​ថា ក្នុង​រយៈ​ពេល​៣​ឆ្នាំ ​គិត​ពី​ខែ​មករា២០០៧ ​ដល់​ឆ្នាំ២០១០ ​បន្ទាប់ពី​ក្រសួង​យុតិ្ត​ធម៌​​បង្កើត​មណ្ឌល​សេវា​កម្ម​​យុត្តិធម៌​សាក​ល្បង​​ថ្នាក់​ក្រុង-ស្រុកចំនួន២០​មក ​​​យើង​​​ទទួល​បានវិវាទ​ចំនួន ​៦.១០៦​ករណី ​ក្នុង​នោះ​​សម្រុះ​សម្រួល​ផ្សះ​ផ្សា​បានសម្រេច​​ចំនួន​២.៣១៩​ករណី មិន​បាន​សម្រេច​២៧០​ករណី ​បញ្ជូន​តាមនីតិ​វិធី​១៨៦​ករណី ដកពាក្យ​​បណ្តឹង​២៥​ករណី និង​ទំនាស់ កំពុង​ចាត់ការ​​ចំនួន​៣.៣០៦​ករណី ។ ​

លោក​សេង សុវណ្ណារ៉ា បាន​ថ្លែង​ឱ្យ​ដឹង​បែប​នេះក្នុង​ពេល​​​លោក​អញ្ជើញ​ចូល​រួម​ជា​អធិបតីក្នុង​​ពិធី​ផ្សព្វ​ផ្សាយ​​ពី​ការបង្កើត​មណ្ឌល​សេវា​កម្ម​យុត្តិ​ធម៌ ​និងយន្ត​ការ​​ដោះស្រាយ​​វិវាទ​ក្រៅ​ប្រព័ន្ធ​​តុលា​​ការ​​ នៅ​សាលា​រាជ​ធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃទី១០ មីនា ២០១០ ។ ​លោក​អនុ​រដ្ឋ​លេខា​ធិការបាន​ឱ្យ​ដឹង​ទៀត​ថា ​ក្នុង​ចំណោម​វិវាទ​ ឬទំនាស់​ខាងលើនោះ​មាន​ទំនាស់ដីធ្លីចំនួន​២.៤៥២ករណី បរិហារ​កេរិ៍្ត​​ ឬជេរប្រមាថ​ ​​៧៧៤​​ករណី អំពើ​ហិង្សា​ក្នុង​គ្រួសារ​១.០០១​ករណី សុំ​លែង​លះ​​៣៩៧​ករណី ​ជំពាក់​ប្រាក់​៨១១ករណី មរតក​៤៩​​ករណី​ធ្វើ​ឱ្យ​ខូច​ទ្រព្យ​សម្បត្តិ​​​១៥០​ករណី ​ទំនាស់​​បិទ​ផ្លូវ​ និង​ព្រំ​ដី​១៥៦​ករណី ទាម​ទារ​អាហារ​កិច្ច​ចិញ្ចឹម​កូន​៣៩​ករណី​ ផ្តាច់ពាក្យ​រៀបអាពាហ៍​ពិពាហ៍​​២២​ករណី​​ និង​ទំនាស់​តូច​តាច​ចំនួន​២៥៥​ករណី ។

​លោក​អនុ​រដ្ឋ​លេខា​ធិការ​សេង សុវណ្ណរ៉ា ​បាន​​បញ្ជាក់​ថា ក្រសួង​យុត្តិ​ធម៌​ និងក្រសួង​មហា​ផ្ទៃ​​ដែល​ជា​​សេនា​ធិការ​ឱ្យរាជរដ្ឋាភិបាល​​បាន​បង្កើត​​ឱ្យ​មាន​មណ្ឌល​សេវា​កម្ម​យុត្តិធម៌​​ថ្នាក់​ក្រុង ស្រុក​ សាក​ល្បង​ចំនួន២០ និងគណៈ​កម្មា​ធិការ​ដោះ​ស្រាយ​​ទំនាស់​ឃុំ-សង្កាត់​​ចំនួន​៥៦​ នៅ​ក្នុង​​ខេត្ត​ចំនួន៦ មាន​​ខេត្ត​កំពង់ស្ពឺ កំពង់ឆ្នាំង បាត់​ដំបង សៀម​រាប រតនគិរី​ និងខេត្ត​​មណ្ឌល​គិរី ។ ​ដោយ​ឡែក​​ក្នុង​ឆ្នាំ​២០១០ ក្រសួង​យុត្តិធម៌​​បាន​បង្កើត​​សេវា​កម្ម​យុតិ្តធម៌​បន្ថែម​ចំនួន១០ក្រុង​-ខណ្ឌ​ គឺ​ក្រុង​កំពត​នៃខេត្ត​កំពត ក្រុង​ព្រៃ​វែង នៃខេត្ត​ព្រៃ​វែង ​និង​រាជ​ធានីភ្នំពេញ​មានខណ្ឌ​ចំនួន៨ ដែល​ត្រូវ​ផ្សព្វផ្សាយ​​នាពេលនេះ ។ ​នៅក្នុងឱកាសនោះ ​លោកប៉ា សុជាតិវង្ស អភិបាល​​រង​រាជធានីភ្នំពេញ​បាន​មាន​​ប្រសាសន៍​​ថា នេះ​ជា​ការ​​​បង្ខិត​សេវាយុត្តិធម៌​ឱ្យ​កាន់តែ​ជិត​ប្រជាពលរដ្ឋ ដើម្បី​រួមចំណែក​​កាត់​បន្ថយភាព​ក្រីក្រ ជូនប្រជាពលរដ្ឋ​ ជាពិសេស​កាត់បន្ថយ​​ការ​កក​ស្ទះ​​សំណុំ​រឿង​​​តូច​តាច​នៅ​តាម​សាលាដំបូង​រាជ​ធានី-ខេត្ត និងអាជ្ញា​ធរ​មូលដ្ឋាន​ឱ្យកាន់​តែ​ប្រសើរឡើង៕