ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ានដល់ម្លុឹង! លួច​ទឹក​ថ្នាំ​ជ្រលក់​ដៃ​បោះ​ឆ្នោត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកគ្រូ​បង្រៀន​នៅ​អនុ​វិទ្យាល័យ​ហ៊ុន​សែន​ជម្ពូ​វ័ន​ម្នាក់​ និង​ជា​អនុប្រធាន​ការិយាល័យ​បោះ​ឆ្នោត​ផង​នោះ ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង ធ្វើការ​ចាប់ខ្លួន​នាំ​យក​ទៅ​សាកសួរ បន្ទាប់​ពី​គាត់​លួច​យក​ទឹក​ថ្នាំ​ជ្រលក់​ដៃ​បោះ​ឆ្នោត​១​ដប ចេញពី​ការិ យាល័យ​ដែល​គាត់​គ្រប់គ្រង​។…

រាជធានី​ភ្នំពេញ ៖ អ្នកគ្រូ​បង្រៀន​នៅ​អនុ​វិទ្យាល័យ​ហ៊ុន​សែន​ជម្ពូ​វ័ន​ម្នាក់​ និង​ជា​អនុប្រធាន​ការិយាល័យ​បោះ​ឆ្នោត​ផង​នោះ ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង ធ្វើការ​ចាប់ខ្លួន​នាំ​យក​ទៅ​សាកសួរ បន្ទាប់​ពី​គាត់​លួច​យក​ទឹក​ថ្នាំ​ជ្រលក់​ដៃ​បោះ​ឆ្នោត​១​ដប ចេញពី​ការិ
យាល័យ​ដែល​គាត់​គ្រប់គ្រង​។ ប៉ុន្តែ​ត្រូវ​បែក​ការណ៍​ទើបត្រូវ​ចាប់ខ្លួន​នាំ​ទៅ​សាកសួរ និង​កសាង​សំណុំរឿង​នៅ​ផ្នែក​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បន្ទាប់​មក​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់ការ​តាម​ច្បាប់​។

ពេល​នោះ​គាត់​បាន​ប្រាប់​នគរបាល​ថា ការ​ដែល​គាត់​លួច​យក​ទឹកខ្មៅ​នោះ​គឺ​ដើម្បី​ចែកចាយ​ឲ្យ​ក្រុម​គ្រួសារ និង​សាច់ញាតិ​ប្រើប្រាស់​ក្នុង​ការ​ជ្រលក់​ដៃ​ដោយ​មិន​ចាំបាច់​ទៅ​បោះ​ឆ្នោត ។​មិនតែប៉ុណ្ណោះ​គាត់​ធ្វើ​បែប​នេះ ក៏​ព្រោះតែ​ខឹង​នឹង​លោក​អនុប្រធាន​ភូមិ​របស់​គាត់​ម្នាក់​តែង​មើល​រំលង​គាត់​ដែល​ជា​សមាជិក​គណបក្ស​ប្រជាជន​ម្នាក់​ដែរ មិន​ដែល​ឲ្យ​គាត់​ចូល​ប្រជុំ​ការងារ​បក្ស​ដើម្បី​បាន​លុយ​២​ម៉ឺន​រៀល​ដូច​ជា​អ្នក​ដទៃ​ៗ​ទៀត​។
ការ​ចាប់ខ្លួន​នោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ក្នុង​កា​រិ​យា​ល័​បោះ​ឆ្នោត​លេខ​១៤០១ ស្ថិត​នៅ​ក្នុង​សាលា​បឋម​សិក្សា​ត្រពាំង​ក្រសាំង ភូមិ​ត្រពាំង​អណ្ដូង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

អ្នកគ្រូ​ជាប់ចោទ​ខាងលើ​ឈ្មោះ​ជា សុធា​រី អាយុ​៤៦​ឆ្នាំ ជា​គ្រូបង្រៀន​នៅ​វិទ្យាល័យ​ហ៊ុន​សែន​ជម្ពូ​វ័ន​ផង​និង​ជា​អនុប្រធាន​ការិយាល័យ​បោះ​ឆ្នោត​លេខ​១៤០១​នោះ​ផង​ដែរ សព្វថ្ងៃ​មាន​ទីលំនៅ​ក្នុងភូមិ​សាមគ្គី​២ សង្កាត់​ត្រពាំង​ក្រសាំង ។

នគរបាល​បាន​ឲ្យ​ដឹង​ថា អ្នកគ្រូ​រូប​នេះ​ត្រូវ​បាន​ចាត់តាំង​ឲ្យ​ធ្វើ​ជា​អនុប្រធាន​ការិយាល័យ​បោះ​ឆ្នោត​លេខ​១៤០១ ស្ថិត​នៅ​ក្នុង​សាលា​បឋម​សិក្សា​ត្រពាំង​ក្រសាំង លុះដល់​ពេល​កើតហេតុ​គាត់​បាន​ធ្វើ​សកម្មភាព​លួច​យក​ទឹក​ថ្នាំ​ជ្រលក់​ដៃ​បោះ​ឆ្នោត​ចេញពី​ការិយាល័យ​ខាងលើ​១​ដប​ដាក់​នៅ​ក្នុង​កាបូបស្ពាយ​របស់​គាត់​បម្រុង​គេចខ្លួន ប៉ុន្តែ​ខណៈនោះ​ត្រូវ​បាន​បែក​ការណ៍​មាន​អ្នក​ប្រទះ​ឃើញ​បាន​រាយការណ៍​ជូន​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ពេល​នោះ​លោក​អភិបាលរង​ខណ្ឌ​ធិ៍​សែន​ជ័យ​ម្នាក់​ដឹកនាំ​កម្លាំង​ចុះ​ទៅ​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ត្រពាំង​ក្រសាំង​ចុះ​ទៅ​ចាប់ខ្លួន​ភ្លាម​ៗ​តែ​ម្ដង​។

ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​ពេល​ចាប់ខ្លួន​ធ្វើការ​ត្រួតពិនិត្យ​បាន​រក​ឃើញ​ទឹក​ថ្នាំ​ជ្រលក់​ដៃ​១​ដប​នៅ​ក្នុង​កស​បូ​ប​ស្ពាយ​របស់​គាត់ ហើយ​ដៃ​របស់​គាត់​ក៏​មាន​ប្រឡាក់​ទឹក​ថ្នាំ​នោះ​ផង​ដែរ​។​បន្ទាប់​មក​កម្លាំង​បាន​បញ្ជូន​ស្ត្រី​រូប​នេះ​ទៅ​កាន់​ផ្នែក​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​។​ប៉ុន្តែ​មិន​ទាន់​ដឹង​ថា​តើ​តុលាការ​សម្រេច​បែប​ណា​នៅឡើយ​ទេ​ចំពោះ​ទ​ង្វើ​របស់​គាត់​ខាងលើ​នេះ​។

ក្រោយ​ពេល​ដែល​កម្លាំង​នគរបាល​សួរនាំ​ពី​គោលបំណង​នៃ​ការ​លួច​យក​ទឹក​ថ្នាំ​ជ្រលក់​ដៃ​ចេញពី​ការិយា
ល័យ​បោះ​ឆ្នោត​នេះ ត្រូវ​បាន​អ្នកគ្រូ​រូប​នេះ​សារភាព​ថា គាត់​ពិតជា​បាន​ប្រព្រឹត្ត​បែប​នេះ​មែន ហើយ​គាត់​មិនមែន​ជា​សកម្មជន​អតីត​បក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ គាត់​គឺជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ទាំង​ប័ណ្ណសម្គាល់ខ្លួន​បក្ស​ត្រឹមត្រូវ​ទៀត​ផង​។ ប៉ុន្តែ​មូលហេតុ​ដែល​គាត់​ធ្វើ​បែប​នេះ​គឺ​ដោយសារ​តែ​គាត់​ខឹងសម្បារ​នឹង​លោក​អនុប្រធាន​ភូមិ​ម្នាក់ ដែល​មើល​រំលង​រូប​គាត់​។

កន្លង​មក​ពេល​ប្រជុំ​បក្ស​តែង​បាន​របប​លុយ​២​ម៉ឺន​រៀល​រាល់​លើក ប៉ុន្តែ​លោក​អនុប្រធាន​ភូមិ​មិន​ដែល​ឲ្យ​គាត់​ទៅ​ប្រជុំ​បាន​លុយ​នឹង​គេ ឬ​ឲ្យ​លុយ​របប​នេះ​មក​គាត់​ម្ដងណា​ឡើយ ។ ទើប​គាត់​ខឹង​លួច​យក​ទឹក​ថ្នាំ​ជ្រលក់​ដៃ​នេះ​ក្នុង​បំណង​យក​ទៅ​ឲ្យ​បងប្អូន​សាច់ញាតិ និង​ក្រុម​គ្រួសារ​ប្រើប្រាស់​ជ្រលក់​ដៃ​ដោយ​មិន​ចាំបាច់​ទៅ​បោះ​ឆ្នោត​ឡើយ ប៉ុន្តែ​មិន​នឹក​ស្មានថា​ត្រូវ​បែក​ការណ៍ និង​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បែប​នេះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ