ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សិត​សៗក្នុង​​ជ្រក់ ​និង​ស្រា ខ្លាំង​ជាង​មេរោគ​ទៅ​ទៀត​ក្នុង​ការ​ធ្វើ​ឱ្យ​កើត​មហារីក​ថ្លើម

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រូពេទ្យ​បាន​ព្រមាន​ថា ក្រៅពី​មេរោគ​នោះ អាហារ​ជ្រក់ និង​ស្រា អាច​រួមចំណែក​នាំ​ឱ្យ​ប្រជាជន​កម្ពុជា​កើត​មហារីក​ថ្លើម​ដ៏​កាច​សាហាវ​ដែល​បាន​សម្លាប់​មនុស្ស​ជា​ច្រើន​នាក់​។ លោក​វេជ្ជបណ្ឌិត អ៊ា​វ សុខា…

រាជធានី​ភ្នំពេញ ៖ គ្រូពេទ្យ​បាន​ព្រមាន​ថា ក្រៅពី​មេរោគ​នោះ អាហារ​ជ្រក់ និង​ស្រា អាច​រួមចំណែក​នាំ​ឱ្យ​ប្រជាជន​កម្ពុជា​កើត​មហារីក​ថ្លើម​ដ៏​កាច​សាហាវ​ដែល​បាន​សម្លាប់​មនុស្ស​ជា​ច្រើន​នាក់​។

លោក​វេជ្ជបណ្ឌិត អ៊ា​វ សុខា ប្រធាន​ផ្នែក​មហារីក និង​ជំងឺ​ឈាម​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​និយាយ​ថា មហារីក​ថ្លើម​បង្ក​ឡើង​ដោយ​មូលហេតុ​ច្រើន ។ មូលហេតុ​ទី​១ គឺ​ទាក់ទង​នឹង​ម្ហូប​​ប្រចាំ​ថ្ងៃ ។ របប​អាហារ​ប្រភេទ​ជា​ជ្រក់ ដូច​ជា​ទឹក​ត្រសក់​ត្រាំ​ង ជ្រក់​អស់​នឹង​មាន​ដុះ​ផ្សិត​ស​ៗ ដែល​នោះ​គឺជា​មូលហេតុ​ចំបង​នៃ​ការ​កើត​ជំងឺមហារីក​ថ្លើម​។

វេជ្ជបណ្ឌិត អ៊ា​វ សុខា បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ផ្សិត​ស​ៗ​នឹង​គឺ​សាហាវ​ណាស់​។ គេ​រក​ឃើញ​ថា វា​មាន​សារធាតុ​គីមី​ពុល​មួយ​ដែល​ដុះ​ក្នុង​ផ្សិត​នឹង មិនមែន​មាន​ន័យ​ថា គេ​ដាក់​គីមី​ក្នុង​ជ្រក់​ទេ ។ តែ​ផ្សិត​ស​ៗ​នឹង​គឺ​មាន​សារធាតុ​គីមី​ពុល​ម្យ៉ាង​ដែល​មានឈ្មោះ B. Aflatoxin ដែល​សាហាវ​ជាង​មេរោគ​រលាក​ថ្លើម បេ និង សេ បូក​ចូល​គ្នា ៣៣២ ដង​។ មាន​​ន័យ​ថា វា​ធ្វើ​ឲ្យ​កើត​មហារីក​ថ្លើម​ខ្ពស់​ជាង មេរោគ​រលាក​ថ្លើម​បេ និង​សេ បូក​បញ្ចូល​គ្នា ៣៣២ ដង​។

នៅ​អាស៊ី​អាគ្នេយ៍​យើង​នឹង រួម​ទាំង​ចិន​ផង នាំ​គ្នា​ហូប​អា​នឹង​ច្រើន​ណាស់ ។ នៅ​លើ​ពិភព​លោក​គេ​ឃើញ​ថា តំបន់​អាស៊ី​អាគ្នេយ៍​យើង​នឹង បូក​ទាំង​ប្រទេស​ចិន​ភាគ​ខាងត្បូង​នឹង គឺជា​តំបន់ Top area ដែល​កើត​ជំងឺមហារីក​ថ្លើម​ខ្ពស់​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក គឺ​ដោយសារ​កត្តា​ចំណីអាហារ​នឹង​ឯង ។ នេះ​ជា​មូលហេតុ​ធំ​សម្រាប់​មហារីក​ថ្លើម​នៅ​ប្រទេស​កម្ពុជា​យើង ហើយនឹង​តំបន់​អាស៊ី​អាគ្នេយ៍​»​។

លោក​បាន​ផ្តល់​យោបល់​ថា មុន​បរិភោគ​អាហារ​ជ្រក់ គេ​ត្រូវ​យក​វា​ទៅ​លាង​ទឹក​ឲ្យ​ស្អាត កុំ​ឲ្យ​មាន​ជាប់​ផ្សិត​ដើម្បី​ការពារ​អាយុជីវិត​យើង​បាន​។

លោក​បន្ត​ទៀត​ថា ប៉ុន្តែ​នៅ​ក្នុង​នោះ​មូលហេតុ​នៃ​ជំងឺមហារីក ក៏​ជាប់​ពាក់ព័ន្ធ​នឹង​ការ​មាន​មេរោគ​រលាក​ថ្លើម បេ ។ យ៉ាងណាមិញ គ្រូពេទ្យ​ជំនាញ​បញ្ជាក់​ថា តែ​មិនមែន​ការ​រលាក​ថ្លើម បេ ទាំងអស់​សុទ្ធតែ​កើត​មហារីក​ទេ ។ ប៉ុន្តែ​អាច​មាន​ពី ១ ទៅ ២ ភាគរយ ដែល​វា​វិវត្ត​ទៅ​ជា​ក្រិន ហើយ​អាច​វិ​វត្ត​ទៅ​រក​មហារីក ។

នេះ​ជា​ការ​លើក​ឡើង​របស់​វេជ្ជបណ្ឌិត អ៊ា​វ សុខា ដែល​មានបទពិសោធន៍​ខាង​ផ្នែក​ជំងឺ​មហារីក​ទាំង​ក្នុង និង​ក្រៅប្រទេស​ជាង ២០ ឆ្នាំ​មាន​ប្រសាសន៍​ថា ​ក្រសួង​សុខា​ភិបាល​បាន​បង្កើត​ឲ្យ​មានការ​ចាក់​វ៉ាក់សាំង​លើ​កុមារ បើសិនជា​កូនង៉ា (​ទារក​ទើប​កើត​) មក​គឺ​យើង​ចាក់​វ៉ាក់សាំង​រលាក​ថ្លើម បេ ឥឡូវ​កន្លែង​ណា​ក៏​មាន​ចាក់​ដែរ សូ​ម្បី​តែ​នៅ​មណ្ឌល​សុខភាព ។

វេជ្ជបណ្ឌិត អ៊ា​វ សុខា មាន​ប្រសាសន៍​បន្ត​ថា កាលណា​យើង​ចាក់​វ៉ាក់សាំង​ការពារ​ទៅ​មេរោគ​រលាក​ថ្លើម បេ វា​ចូល​ក្នុង​ខ្លួន​អ្នកជំងឺ (​មនុស្ស​) អត់​កើត ព្រោះ​វា​មាន​អង់ទីគ័រ ការ​ពារ​ខ្លួន ដល់​អ​ញ្ចឹ​ង​ទៅ​យើង​ត្រូវ​បាន​ទទួល​ការ​ការពារ អ​ញ្ចឹ​ង​យើង​អត់​កើត​មហារីក ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា យ៉ាងណាមិញ ការ​ចាក់​វ៉ាក់សាំង​នេះ គឺ​បាន​តែ​មេរោគ​រលាក​ថ្លើម បេ ខណៈ​មេរោគ​រលាក​ថ្លើម សេ គឺ​អត់​មាន​វ៉ាក់សាំង​ទេ ប៉ុន្តែ​មេរោគ​រលាក​ថ្លើម​សេ គឺ​អាច​លេបថ្នាំ​ជា​បាន ។ យើង​ទៅ​ព្យាបាល​លេបថ្នាំ​ទៅ​គឺជា​ហើយ គឺ​លេបថ្នាំ​ត្រឹមតែ ៣ ខែ ។

លោក​វេជ្ជបណ្ឌិត​បន្ថែម​ថា ប៉ុន្តែ​យើង​ខ្លាច​ត្រង់​ថា អ្នក​កើត​មហារីក​រាល់​ថ្ងៃនេះ ខ្លះ​គាត់​ឆ្លង​មេរោគ​រលាក​ថ្លើម បេ និង សេ ពី​មុន ហើយ​ឥត​មានបាន​ចាក់​វ៉ាក់សាំង​ទេ​កាលពី​ក្មេង ហើយ​រលាក​ថ្លើម សេ នឹង​ក៏​គាត់​អត់​បាន​ព្យាបាល ដល់​អ​ញ្ចឹ​ង​ការ​ព្យាបាល​គាត់​គឺ​អត់​ជា ដល់​ពេល​អត់​ជា វា​វិ​វត្ត​ទៅ​ដល់​ក្រិន​ន រួច​បន្ទាប់​ពី​ក្រិន​ន​រួច​កើតជា​មហារីក​តែ​ម្តង។

បញ្ហា​សំខាន់​មួយទៀត​នោះ គឺ​ពាក់ព័ន្ធ​នឹង​អ្នក​ផឹកស្រា​។ អូ​! គឺ​មនុស្ស​មួយ​ចំនួន ផឹកស្រា ផឹក​សាហាវ​ណាស់ ។ ខ្ញុំ​និយាយ​បែប​នេះ អាច​ធ្វើ​ឲ្យ​បងប្អូន​អ្នក​ផឹក​នឹង​ខឹង​ពេទ្យ ថា​ស្តី​ឲ្យ​។ តែ​ការ​ពិត គឺ​ចង់​ឲ្យ​បងប្អូន​មាន​សុខភាព​ល្អ ។ ប៉ុន្តែ​ចង់​និយាយ​ថា បើ​អាច​កាត់​បន្ថយ​បាន​កាត់​បន្ថយ​ទៅ កុំ​ឲ្យ​ផឹក​យក​ស្លាប់​រស់​អ​ញ្ចឹ​ង ។ យូរ​ៗ​ម្តង ផឹក​ប៊ី​យ៉ែ​រ​មួយ​កំប៉ុង​បាន កុំ​ឲ្យ​តែ ១​កេះ ៣ នាក់ ផឹក​ល្មម​បាន​ហើយ បើ​អត់​ផឹក​រឹតតែ​ល្អ ។

លោក វេជ្ជបណ្ឌិត​និយាយ​ថា បញ្ហា​សំខាន់​មួយទៀត​គឺ​ទាក់ទង​នឹង​ទន្លេមេគង្គ​។ តាម​ដង​ទន្លេមេគង្គ​យើង ម្តុំ​ក្រចេះ ស្ទឹង​ត្រែង ឡើង​ទៅ​ប្រទេស​ឡាវ​នឹង គឺថា​មាន​សត្វល្អិត​មួយ ដែល​នៅ​ក្នុង​ចង្វែក​ថ្ម ជួនកាល​ទៅ​វា​ជ្រាប​ចូល​ទៅ​ក្នុង​ខ្ចៅ ខ្យង ឬ​ត្រី​។ ត្រី​ទឹកសាប​យើង​ពេល​យើង​វះ​ទៅ គឺ​ឃើញ​មាន​ខ្មៅ​ៗ (​ខ្លះ​ហៅ​ជាតិ​) ការ​ពិតជា​បា​រ៉ា​ស៊ី​ត ។ សត្វល្អិត​នោះ ពេល​ប្រជាពលរដ្ឋ​ចុះ​ងូតទឹក វា​ជ្រាប​ចូល​តាម​ចង្វែកជើង ចន្លោះ​ជើង ចូល​ទៅ​ចរន្ត​ឈាម វា​ចូល​ទៅ​ដល់​ក្នុង​សាច់​ថ្លើម វា​ទៅ​ទុំ ហើយ​យូរ​ទៅ​ឲ្យ​កើតជា​មហារីក​ថ្លើម​។

លោកគ្រូ​ពេទ្យ​បញ្ជាក់​ថា កន្លង​មក​ក៏​មាន​ព័ត៌មាន​ផ្សព្វផ្សាយ​ដែល​មាន​កុមារ​តូច​ៗ​នៅ​ក្រចេះ ស្ទឹង​ត្រែង គឺ​គាត់​កើត​មហារីក​ថ្លើម​ដោយសារ​តែ​ប៉ារ៉ាស៊ីត​នេះ ។ វា​នឹង​មាន​តែ​នៅ​ទន្លេមេគង្គ​យើង​ទេ ៕

អត្ថបទ​នេះ​នាំ​ជូន​មក​ដោយ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជីវិត AIA

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ