ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានភាព​ជីវិត​​តារា​កំប្លែង​នាយ​ត្រដក់ និង​ស្រី​ទូច

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​តារា​កំប្លែង​ប្តី​ប្រ​ព​ន្ឋ​មួយគូ​គឺ​នាយ​ត្រដក់ និង​អ្នកស្រី​ជុំ រស្មី ហៅ​ស្រី​ទូច​បាន​សាង​ជីវិត​លើ​វិ​ថី​សិល្បៈ​ប្រកបដោយ​ភាព​ជោគជ័យ ។ ទោះជា​យ៉ាងណា​ក្តី​អ្នក​ទាំង​ពីរ​បាត់​វត្តមាន​ពី​ពិភព​សិល្បៈ​ជា​ច្រើន​ឆ្នាំ ដោយ​ងាក​ទៅ​ធ្វើ​ជា​ថៅកែ​ហាង ។…

រាជធានី​ភ្នំពេញ ​៖ ​តារា​កំប្លែង​ប្តី​ប្រ​ព​ន្ឋ​មួយគូ​គឺ​នាយ​ត្រដក់ និង​អ្នកស្រី​ជុំ រស្មី ហៅ​ស្រី​ទូច​បាន​សាង​ជីវិត​លើ​វិ​ថី​សិល្បៈ​ប្រកបដោយ​ភាព​ជោគជ័យ ។ ទោះជា​យ៉ាងណា​ក្តី​អ្នក​ទាំង​ពីរ​បាត់​វត្តមាន​ពី​ពិភព​សិល្បៈ​ជា​ច្រើន​ឆ្នាំ ដោយ​ងាក​ទៅ​ធ្វើ​ជា​ថៅកែ​ហាង ។

ទាំង​២​នាក់​ប្តី​ប្រ​ព​ន្ឋ​នាយ​ត្រដក់ និង​អ្នក​នាង​ស្រី​ទូច បាន​សាង​ស្នាដៃ​ក្នុង​ពិភព​សិល្បៈ​ច្រើន​តាំងពី​អំឡុង​ទស​វត្ស​៩០​ជំនាន់​សិល្បៈ​ភាពយន្ត​ខ្មែរ​មានការ​ពេញ​និយម រួម​ទាំង​ចម្រៀង​ខារ៉ាអូខេ ។

ភរិយា​នាយ​ត្រដក់​អ្នកស្រី​ជុំ រស្មី​ហៅ​ស្រី​ទូច មាន​រាង​តូច​ច្រឡឹង​ដូច​ឈ្មោះ តែបើ​និយាយ​​ពី​ទេព​កោសល្យ​សិល្បៈ​វិញ​ល្អ​ណាស់ ។​ស្រី​ទូច​ក្រៅពី​ចាប់​ដៃគូ​កំប្លែង​ជាមួយ​ស្វាមី​ក៏​ជា​តួកំប្លែង​ដ៏​សំខាន់​ជាមួយ​នាយ​ក្រឹម និង​នាយ​កុយ​ផង​ដែរ​ដោយ​សាច់​រឿង នីមួយ​ៗ​ដែល​អ្នកស្រី​ចូលរួម​សម្តែង​គឺ​សុ​ទ្ឋ​តែ​ទទួល​បានការ​គាំទ្រ ។ អ្នកស្រី​ជុំ រស្មី ហៅ​ស្រី​ទូច​មិន​ត្រឹមតែ​ចេះ​កំប្លែង​ប៉ុណ្ណោះ​ទេ​ក៏​ចេះ​ច្រៀង​ដោយ​មាន​ទឹកដម​សំឡេង​យ៉ាង​ពីរោះ​មិន​ចាញ់​អ្នកចម្រៀង​អាជីព​ប៉ុន្មាន​ទេ ។ ស្រី​ទូច​បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ចូល​ចិត្ត​តាម​រយៈ​ការ​ច្រៀង​បទ​«​ខ្ញុំ​ជា​យក្ខិនី​»​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ផ្សាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ជាតិ ដោយ អ្នក​ណា​ៗ​ក៏​សើច​សប្បាយ ដោយ​នាង​ច្រៀង​ផង​ក្លែមពាក្យ​ផង ។

ឆ្លង​ឆ្លើយ​ជាមួយ​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​កាលពី​ពេល ថ្មី​ៗ​កន្លង​មក តារា​កំប្លែង​នាយ​ត្រដក់​បាន​រៀបរាប់​ពី​ស្ថានភាព​ជីវិត​សិល្បៈ​និង​ជីវិត​ឯកជន​ឲ្យ​មហាជន​ដឹង​ថា សព្វ​ថ្ងៃនេះ​នាយ​មាន​វ័យ​ជាង​៦០​ឆ្នាំ ចំណែកឯ​ភរិយា​ជុំ រស្មី​ហៅ​ស្រី​ទូច​មាន​អាយុ​៥១​ឆ្នាំ​។ ការ​បាត់​មុខ​ពី​ពិភព​សិល្បៈ​កន្លង​ទៅ​ច្រើន​ឆ្នាំ​ដោយសារ​ការ​បើក​ជំនួញ​រក​សុ​ី​រវល​ពេក ហើយ​ចេះ​តែ​អាក់ខាន​រហូត​ដល់​ពេល​បិទ​ជំនួញ​ក៏​នៅ​ឆ្ងាយ​ពី​សិល្បៈ ។ ក្នុងអំឡុងពេល​នោះ​នៅ​មើលថែ​ទាំ​គ្រួសារ កូនចៅ ។

មក​ទល់​ពេល​នេះ​អ្នកស្រី​ជុំ រស្មី ហៅ​ស្រី​ទូច សម្រេចចិត្ត​ចាក​ចេញពី​ពិភព​សិល្បៈ​ទាំង​ស្រុង តែ​ម្តង​ដោយសារ​តែ​ឈឺ​ច្រើន ពិសេស​បេះដូង​។ ណាមួយ​នៅ​មើលថែ​ផ្ទះ និង​ចៅ។  ក្រុម​គ្រួសារ​នាយ​ត្រដក់ មានកូន​ស្រី​៣​នាក់​ក្នុង​នោះ​ក្នុង​ប្រុស​១ ។ ពួក​គេ​រៀប​ការ​រួច​បី​នាក់ នៅ​តែ​កូនប្រុស​ម្នាក់​ប៉ុណ្ណោះ ។ នាយ​ត្រដក់​មាន​ចៅ​២​នាក់ ។

ទាក់ទិន​ការ​វិល​ចូល​អាជីព​សិល្បៈ​វិញ​នាយ​ត្រដក់ និយាយ​ថា​«​ដោយសារ​តែ​នាយ​ក្រឹម​ហៅ​ណាមួយ​ចិត្ត​ខ្ញុំ​មិន​ដាច់​អាល័យ ព្រោះ​នៅ​មិន​សុខ ចេះ​តែ​កន្ត្រាក់​ចង់​តែ​សម្តែង ទើប​សម្រេចចិត្ត​ថា​វិល​មក​ទីតាំង​សិល្បៈ​វិញ​ទាន់​នៅ​មាន​កម្លាំង ។​ក្នុង​ចិត្ត​មិន​ចង់​ប្រជែង​ជា​មួយ​អ្នក​ណា ចង់​ល្បី​ជាមួយ​អ្នក​ណា​ទេ គឺ​កើត​ពី​ការ​ស្រឡាញ់​តែ​ប៉ុណ្ណោះ ។

ខ្ញុំ​ទទួល​សម្តែង​ទាំងអស់​មិន​ថា​កំប្លែង និង​ថត​ភាពយន្ត​ទេ​ឲ្យ​តែ​មាន​អ្នក​ហៅ ខ្លាច​តែ​គេ​មិន​ហៅ ហើយ​ខ្ញុំ​សូម​អរគុណ​ដល់​បងប្អូន​ទាំងអស់​តែងតែ​ស្រឡាញ់​គាំទ្រ​ខ្ញុំ និង​ភរិយា​ពិតជា​មិន​អាច​បំភ្លេច​បាន »​។

ក្នុង​ប្រវត្តិ​ជីវិត​សិល្បៈ​នាយ​ត្រដក់​ធ្លាប់​ទៅ​សម្តែង​នៅ​អា​មេ​រិ​ក បារាំង និង​អូស្ត្រាលី ។
បច្ចុប្បន្ន​នាយ​ត្រដក់ ចូលរួម​សម្តែង​ជាមួយ​នាយ​ក្រឹម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ